ខ្មែរក្រហមសម្លាប់បងប្រុសខ្ញុំនៅ “ទួលក្រាំងគ”

(ខេត្តព្រៃវែង) ស៊យ វេ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៨ នៃគម្រោងស្តីពីការលើកកម្ពស់សិទ្ធិ និងសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមថា៖

«ខ្ញុំឈ្មោះ ស៊យ វេ មានអាយុ ៧០ឆ្នាំ ហើយបច្ចុប្បន្នរស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ខ្ញុំមានបងប្អូនចំនួន ៩នាក់។ កាលពីវ័យកុមារខ្ញុំរៀនបានត្រឹមថ្នាក់ទី១១ (សង្គមចាស់)។ បន្ទាប់ពីឈប់រៀនខ្ញុំបានបួសជាព្រះសង្ឃ ​រយៈពេល ២វស្សា និងបានលាចាកសិក្ខាបទដោយសារចូលដល់របបខ្មែរក្រហម។

នៅក្នុងរបបសារធារណរដ្ឋខ្មែរ ចន្លោះពីឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៧៥ គ្រួសារខ្ញុំប្រកបរបរធ្វើស្រែចម្ការ ប៉ុន្តែស្ថានភាពពេលនោះស្ថិតក្នុងភាពភ័យខ្លាច ដោយសារមានការទម្លាក់គ្រាប់បែករបស់ទាហានអាមេរិកកាំង និងទាហានរបប លន់ នល់។ ជារៀងរាល់ពេលមានការទម្លាក់គ្រាប់បែកខ្ញុំ និងប្រជាជនក្នុងភូមិត្រូវរត់ទៅពួនក្នុងរណ្តៅត្រង់សេដើម្បីសុវត្ថិភាព ហើយនៅពេលស្ងប់ស្ងាត់ទើបអាចចេញមកធ្វើស្រែវិញ។ ក្នុងហេតុការណ៍ទម្លាក់គ្រាប់បែកនៅតំបន់ខ្ញុំរស់នៅមិនបណ្តាលឲ្យមនុស្សរងរបួស និងស្លាប់នោះទេ។

ចូលដល់ឆ្នាំ ១៩៧៥ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាចខ្ញុំមានអាយុប្រហែល ២០ឆ្នាំ នៅពេលនោះខ្ញុំបានលាចាកសិក្ខាបទពីព្រះសង្ឃ។ ក្រោយមកអង្គការបានចាត់តាំងខ្ញុំឲ្យធ្វើការងារជាកងចល័ត និងបង្ខំឲ្យធ្វើការងារយ៉ាងធ្ងន់ធ្ងរជាច្រើនផ្សេងទៀត។ ការងារទាំងនោះរួមមាន៖ ធ្វើស្រែ, មើលគោក្របី, ការជីកព្រែក និងការលើកភ្លឺស្រែ ឬធ្វើអ្វីៗទៅតាមការបញ្ជារបស់អង្គការទាំងយប់ទាំងថ្ងៃ។ របបអាហារហូបចុក នៅពេលនោះមានភាពលំ​បាក​វេទនាបំផុតខ្ញុំ និងប្រជាជនត្រូវហូបបបរជាអាហារប្រចាំថ្ងៃ ដែលមានការកំណត់បរិមាណមួយវែកកន្លះ ប៉ុណ្ណោះសម្រាប់មនុស្សម្នាក់ក្នុងមួយពេល។ ប្រសិនបើធ្វើការមិនគ្រប់តាមផែនការ អង្គការនឹងបង្អត់អាហារ ឬយកទៅរៀនសូត្រគឺសម្លាប់ចោល។ ចំពោះបញ្ហា​សុខភាពវិញខ្ញុំមិនសូវមានជំងឺនោះទេ ប៉ុន្តែប្រសិនបើឈឺក៏គ្មានថ្នាំព្យាបាលត្រឹមត្រូវដែរ។ ថ្នាំដែលប្រើប្រាស់គឺមានតែថ្នាំបូរាណ ឬ​ហៅ​ថា “ថ្នាំអាចម៍ទន្សាយ” ដែលចាស់​ៗ​ជាអ្នកផលិតឡើង។ អ្នកជំងឺអាចត្រូវបានអនុញ្ញាតឲ្យសម្រាកលុះត្រាតែឈឺធ្ងន់ពិតប្រាកដ និងធ្វើការងារលែងកើត។

ក្នុងរបបខ្មែរក្រហមខ្ញុំបានបាត់បង់បងប្រុសម្នាក់ដែលធ្លាប់ធ្វើជាទាហាន លន់ នល់។ ខ្មែរក្រហមបានចាប់បងប្រុសខ្ញុំយកទៅសម្លាប់នៅទួលមួយឈ្មោះថា “ទួលក្រាំងគ”។ បើទោះបីជាខ្ញុំមិនបានឃើញសកម្មភាពសម្លាប់ផ្ទាល់ភ្នែក ប៉ុន្តែខ្ញុំបានឃើញហេតុការណ៍ដែលខ្មែរក្រហមបណ្តើរប្រជាជនជាខ្សែៗ ដោយមានទាហានកាន់កាំភ្លើងភ្ជង់ពីក្រោយ និងជួនកាលជិះសេះតាមពីក្រោយដើម្បីនាំយកទៅសម្លាប់។ នៅទួលក្រាំងគ មានរណ្តៅសាកសពដែលមានជម្រៅប្រហែល ២ម៉ែត្រ និងទំហំ ១ម៉ែត្រ ជាច្រើនរណ្តៅ។ ខ្ញុំក៏បានឃើញខ្មែរក្រហមបង្ខំឲ្យប្រជាជន និងមេភូមិបំផ្លាញវត្តអារាម និងសាលារៀន។ ខ្ញុំបានឃើញកងឈ្លបវាយបំផ្លាញរូបព្រះពុទ្ធបដិមា និងយកទៅទម្លាក់ចោលក្នុងស្រះទឹក។ ព្រះសង្ឃត្រូវបានចាប់ផ្សឹកឲ្យទៅធ្វើការងារដូចប្រជាជនធម្មតា ហើយព្រះសង្ឃមួយចំនួនត្រូវយកទៅសម្លាប់ចោល​។ នៅឆ្នាំ១៩៧៧ អង្គការបានរៀបចំពិធីរៀបការឲ្យខ្ញុំ និងមិនបានសួរពីយោបល់ខ្ញុំថាស្រឡាញ់ឬមិនស្រឡាញ់ជាមួយប្រពន្ធខ្ញុំឈ្មោះ សាអ៊ុំ នោះទេ។ ពិធីមង្គលការសមូហភាពមានប្រហែលជា ២០គូ។ ពិធីធ្វើឡើងនៅសាលារៀនដោយប្តីប្រពន្ធដែលត្រូវរៀបការបានឡើងប្តេជ្ញាចិត្ត។ រឿងរ៉ាវដែលខ្ញុំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហមគឺការដែលធ្វើការងារច្រើនប៉ុន្តែហូបមិនគ្រប់គ្រាន់ និងការរស់នៅគ្មានសិទ្ធិសេរីភាព។

ក្រោយរបបខ្មែរក្រហមដួលរលំខ្ញុំបានត្រលប់មករស់នៅស្រុកកំណើតវិញ ដោយប្រកបរបរចិញ្ចឹមជីវិតជាកសិករ, អ្នកធ្លាក់ស៊ីក្លូ ហើយក្រោយមកខ្ញុំបានរកស៊ីដឹកប្រេង, ដឹកស្ករ និងលក់ដូរបន្តិចបន្តួច។ បច្ចុប្បន្នខ្ញុំមានបញ្ហាសុខភាពដូចជា៖ ជំងឺក្រពះ, ជំងឺពោះវៀន និងជំងឺរបេង»៕

សម្ភាសន៍ដោយ តឿ ទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin