ស្វាយ អឿន៖ អតីតកងទ័ពខ្មែរក្រហមរៀនផ្នែកជាងជួសជុលយន្តហោះចម្បាំងនៅប្រទេសចិន

កងកម្លាំងរណសិរ្សរួបរួមជាតិកម្ពុជា ប្រមូលផ្ដុំគ្នានៅក្នុងព្រៃនៅខេត្តសៀមរាបនាឆ្នាំ១៩៧៣។ រណសិរ្សរួបរួមជាតិកម្ពុជា គឺជាក្រុមចម្រុះដែលមានទាំងអ្នកគាំទ្រសម្ដេចព្រះ នរោត្តម សីហនុ និងខ្មែរក្រហម។ ក្រុមនេះរួបរួមគ្នាតស៊ូប្រឆាំងនឹងកងកម្លាំង លន់ នល់។ រូបភាពខាងលើបង្ហាញអំពីកាំភ្លើងយន្ត ដែលដណ្ដើមបានពីទាហាន លន់ នល់។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅក្នុងរបបខ្មែរក្រហម(១៩៧៥-១៩៧៩) មានកងទ័ពខ្មែររាប់រយនាក់ត្រូវបានជ្រើសរើសទៅបណ្តុះបណ្តាលផ្នែកបើកយន្តហោះចម្បាំង, បើកនាវាចម្បាំង, ជាងជួសជុលយន្តហោះចម្បាំង និងនាវាចម្បាំង ដើម្បីត្រៀមធ្វើសង្គ្រាមទ្រង់ទ្រាយធំជាមួយប្រទសវៀតណាម។ ស្វាយ អឿន គឺជាអតីតកងទ័ពខ្មែរក្រហមម្នាក់ក្នុងចំណោមកងទ័ពខ្មែរក្រហមរាប់រយនាក់ផ្សេងទៀត ត្រូវបានជ្រើសរើសឲ្យចូលរៀនផ្នែកជួសជុលយន្តហោះចម្បាំងនៅប្រទេសចិន បានរៀបរាប់ដំណើរជីវិតរបស់ខ្លួនដូចខាងក្រោមថា៖

១. ជីវិតពីកុមារភាព៖ ខ្ញុំឈ្មោះ ស្វាយ អឿន អាយុ៧១ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។ ខ្ញុំរៀនបានថ្នាក់ទី៥«ចាស់» នៅអនុវិទ្យាល័យសម្ដេចឪ ស្ថិតនៅក្នុងស្រុកគងពិសី ដែលបច្ចុប្បន្ននៅក្នុងស្រុកបរសេដ្ឋ។ នៅខែមីនា ឆ្នាំ១៩៧០ មានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ តំបន់ខ្ញុំរស់នៅកើតមានចលនាខ្មែរក្រហម។ បន្ទាប់ពីខ្ញុំឈប់រៀនភ្លាម មេភូមិបានចាត់តាំងឲ្យខ្ញុំបង្រៀនកុមារនៅក្នុងភូមិ។ ក្រៅពីការងារបង្រៀនកុមារក្នុងភូមិ ពេលទំនេរខ្ញុំបានជួយធ្វើស្រែ ចម្ការឪពុកម្តាយ។ ខ្ញុំបង្រៀនកុមារបានជិតមួយឆ្នាំ នៅក្នុងភូមិរបស់ខ្ញុំមានការជ្រើសរើសបុរសឲ្យធ្វើកងទ័ព ខ្ញុំបានសម្រេចចូលបម្រើកងទ័ពខ្មែរក្រហម។

២. ជីវិតចូលបដិវត្តន៍៖ នៅឆ្នាំ១៩៧១ ខ្ញុំបានសម្រេចចិត្តចូលបម្រើកងទ័ព។ ខ្ញុំចូលកងទ័ពដំបូងនៅអង្គភាពកងទ័ពស្រុកគងពិសី។ កាលនោះស្រុកគងពិសី ខ្មែរក្រហមហៅស្រុកលេខ៥៣ មានប្រធានយោធាស្រុក ឈ្មោះតាដោក ដែលជាបញ្ញាជនមកពីភ្នំពេញ។ នៅខែមិថុនា ឆ្នាំ១៩៧២ ខ្ញុំបានឡើងទៅរៀននៅសាលាយោធាតំបន់៣៣ ខេត្តកំពង់ស្ពឺ។ ឈ្មោះឌុច ជាអ្នកបង្រៀននៅសាលាយោធា  និងជាបញ្ញាជនមកពីភ្នំពេញ។ ខ្ញុំរៀនបានរយៈពេលបីខែ ខ្ញុំត្រូវបានបញ្ចូលក្នុងអង្គភាពទ័ពស្រួចរបស់តំបន់៣៣ ស្ថិតនៅក្នុងកងអនុសេនាធំលេខ១៣នៃកងវរសេនាតូចលេខ៤។ បន្ទាប់មកខ្ញុំត្រូវផ្លាស់មកកងពលលេខ២ ដែលមាន សំ ប៊ិត គឺជាស្នងការកងពល និងតារ៉ែន ជាប្រធានយោធា។ នៅក្នុងឆ្នាំ១៩៧២ ដដែល ខ្ញុំបានធ្វើដំណើរដោយថ្មើរជើងទៅប្រយុទ្ធជាមួយទាហាន លន់ នល់ នៅស្រុកអង្គរជ័យ។ នៅស្រុកអង្គរជ័យកងរបស់ខ្ញុំបានទទួលបានជោគជ័យយ៉ាងសម្បើម។ កងយើងបានវាយដណ្ដើមយកកាំភ្លើងធំ កាំភ្លើងតូចបានមួយចំនួន។ បន្ទាប់ពីទទួលបានជោគជ័យ តាម៉ុក បានរៀបចំពិធីធំមួយនៅស្ពានវែង ដើម្បីលើកទឹកចិត្តកងទ័ព។ នៅខែតុលា ឆ្នាំ១៩៧២ ខ្ញុំត្រូវបានផ្លាស់ទៅចូលរួមអង្គភាពកងទ័ពភូមិភាគពិសេស។ អង្គភាពកងទ័ពរបស់ភូមិភាគពិសេសស្ថិតក្រោមការគ្រប់គ្រងរបស់ តាណាត។ ខ្ញុំស្ថិតនៅកងពលលេខ១១ ដែលមាន សូ សារឿន ហៅ០៥ ជាគណៈកងពល។ កងពលរបស់ខ្ញុំឈរជើងនៅស្រុកព្រៃកប្បាស និងស្រុកបាទី ខេត្តតាកែវ។

នៅឆ្នាំ១៩៧៣ អង្គភាពរបស់ខ្ញុំបានមកឈរជើងនៅភ្នំតាម៉ៅ និងធ្វើប្រតិបត្តិការនៅតាមផ្លូវជាតិលេខ២ និងលេខ៣ម្ដុំកន្ទួត។ នៅពេលល្ងាចមួយក្រុមរបស់ខ្ញុំមានគ្នា២០នាក់ កំពុងលេងបាល់ នៅក្នុងព្រៃម្ដុំគោកត្រប់ ក្នុងស្រុកកណ្ដាលស្ទឹង ក៏មានយន្ដហោះទម្លាក់គ្រាប់បេ-៥២ទាំងខ្សែៗ ផ្ទុះចម្ងាយ៥០០ម៉ែត្រខាងត្បូងក្រុមខ្ញុំលេងបាល់។ សំណាងល្អគ្មានអ្នកត្រូវរបួស ប៉ុន្តែទីតាំងផ្គត់ផ្គង់ស្បៀងនៅភូមិវាល ឃុំក្ដាញ់ ស្រុកព្រៃកប្បាសត្រូវឆេះអស់។ ឆ្នាំ១៩៧៤ កងរបស់ខ្ញុំបានផ្លាស់មកនៅជាមួយតាណាត។ ពួកខ្ញុំឈរជើងនៅម្ដុំព្រែកអំបិល មកដល់វត្តឈូងលាភ។ ក្រោយមកកងពល១១ បានបំបែកជាពីរ គឺកងពល១១ និងកងពល១៤។ ពេលនោះខ្ញុំស្ថិតនៅក្នុងកងពល១៤ ដែលមាន សូ សារឿន ហៅ០៥ ជាប្រធានកងពល។ កងពលរបស់ខ្ញុំឈរជើងតាមខ្សែក្រវ៉ាត់ភ្នំពេញរហូតទៅដល់ឧដុង្គ។ កងពលរបស់ខ្ញុំខិតខំប្រឹងវាយឲ្យអស់លទ្ធភាព ព្រោះនៅកៀកនឹងភ្នំពេញ។ នៅពេលប្រយុទ្ធនឹងទាហាន លន់ នល់ នៅស្ពានសិត្ថាជិតឧដុង្គ កងខ្ញុំស្លាប់អស់ចំនួន៣០នាក់។ ដោយសារមានអ្នកស្លាប់ និងរបួសច្រើន កងរបស់ខ្ញុំទទួលបញ្ជាឲ្យត្រឡប់មកភូមិភាគពិសេសវិញ។ ពេលដកមកភូមិភាគពិសេស ខ្ញុំលែងចូលទៅសមរភូមិទៀតហើយ។ ដោយខ្ញុំចេះអក្សរ ក៏ត្រូវបានចាត់តាំងធ្វើជាជំនួយការរបស់ ជា ហាក់ជាគ្រូបង្រៀននៅសាលាបង្រៀនយោធា។

៣. ប្រវត្តិរបស់ខ្ញុំ បន្ទាប់ពីបែកទីក្រុងភ្នំពេញឆ្នាំ១៩៧៥៖ នៅពេលដែលខ្មែរក្រហមទទួលបានជ័យជម្នះទូទាំងប្រទេស ខ្ញុំបានមកតាខ្មៅ រួចជួបបងប្អូនដែលជម្លៀសចេញពីភ្នំពេញនិងមិត្តដែលធ្លាប់រៀនជាមួយគ្នា។ ខ្ញុំបានឈប់ម៉ូតូនិយាយគ្នាមួយភ្លែត រួចផ្ដាំមិត្តភក្តិថាឲ្យទៅស្រុក។ ខ្ញុំស្នាក់នៅតាខ្មៅមួយយប់ទើបបន្តដំណើរមកតាមព្រែកហូរ មករោងចក្រកែវ និងឃើញបងប្អូនជម្លៀសចេញពីទីក្រុងភ្នំពេញទៀត។ ដល់ស្ទឹងមានជ័យ ខ្ញុំឃើញកងកម្លាំងមកពីភូមិភាគបូព៌ាស្លៀកសំលៀកបំពាក់ដូចខោអាវរបស់ទាហាន លន់ នល់ គឺសម្លៀកបំពាក់ខុសគ្នាពីកងទ័ពភូមិភាគនិរតី។ ខោអាវភូមិភាគបូព៌ាពណ៌អាចម៍សេះ ចំណែកកងទ័ពខ្ញុំស្លៀកពាក់ខ្មៅ។ កងទ័ពមកពីភូមិភាគបូព៌ាខ្ញុំមិនសូវស្គាល់ទេ តែខ្ញុំបានដឹងថាកងទ័ពរបស់ ចាន់ ចក្រី។ អង្គភាពរបស់ខ្ញុំប្រចាំការនៅភ្នំពេញ នៅម្ដុំផ្សារអូរឫស្សី និងផ្សារដើមគរ ប៉ុន្តែមិនមានបន្ទាយច្បាស់លាស់ទេ គឺដើរសម្អាតទីក្រុង ពេលដែលប្រជាជនជម្លៀសចេញអស់។ ពេលដែលខ្ញុំចូលចំផ្ទះមួយលក់សៀវភៅ គាប់ជួន វន វ៉ែត មកឃើញ និងនិយាយថា «ប្អូនទុកសៀវភៅទាំងអស់ឱ្យបានល្អ សម្រាប់កូនចៅជំនាន់ក្រោយរៀន»។ ខ្ញុំបានរៀបទុកដាក់សៀវភៅតាមកន្លែងដដែល។ ការងារដែលខ្ញុំធ្វើគឺប្រមូលដូចជា កម្ទេចកម្ទីអេតចាយ, សំបកគ្រាប់ដែលសល់ពីទាហាន លន់ នល់ រួចជញ្ជូនយកទៅទុកដាក់មួយកន្លែង។ ក្រោយមកអង្គភាពខ្ញុំផ្លាស់ទៅធ្វើស្រែនៅរោងចក្រកែវ។ ដោយសារទើបតែចប់សង្គ្រាមហើយថ្មីៗ ពួកយើងអត់មានសត្វគោទេ មានតែយកកម្លាំងមនុស្សជំនួសគោ អូសនង្គ័លភ្ជួរស្រែ។ នៅខែកញ្ញា ឆ្នាំ១៩៧៥ ថ្នាក់លើបានផ្លាស់ខ្ញុំឲ្យមកពោធិ៍ចិនតុង ដើម្បីត្រៀមចេញទៅរៀនប្រទេសចិន។ ខ្ញុំបានទៅប្រទេសចិន ក៏ដោយសារបង ជា ហាក់ គាត់អូសទាញខ្ញុំឲ្យទៅរៀននៅប្រទេសចិនជាមួយគាត់។ ខ្ញុំធ្លាប់ឃើញជំនាញការចិនមកដែរ ប៉ុន្តែខ្ញុំអត់ដែលបានទាក់ទង ឬនិយាយជាមួយទេ។ ចំណែកជើងហោះហើរទៅប្រទេសចិនមានម្តងក្នុងមួយសប្តាហ៍ប៉ុណ្ណោះ។ ការហូបចុកពួកយើង មិនមានខ្វះខាតទេ។ ក្រោយមកក្រុមរបស់ខ្ញុំមានគ្នាជិតមួយរយនាក់ បានទៅពិនិត្យសុខភាពជាមួយជនជាតិចិននៅសណ្ឋាគារព្រះច័ន្ទពេញវង់ ម្ដុំអាងទឹកអូឡាំពិក។ ជំនាញការចិនជាអ្នកធ្វើតេស្ដ និងពិនិត្យសុខភាព។ ចុងក្រោយខ្ញុំបានជាប់ខាងកងទ័ពជើងអាកាស។ ចំណែក ជា ហាក់ ជាប់ជាអ្នកបើកយន្តហោះទម្លាក់គ្រាប់បែក និងរៀនបើកយន្តហោះប្រដេញ។ អៀង វុធ កូនប្រុស អៀង សារី បានទៅរៀនបើកយន្តហោះប្រដេញដែរ។

៤.ជីវិតពេលរៀននៅប្រទេសចិន៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៧៦ ខ្ញុំទៅដល់ប្រទេសចិន គឺភាគឦសានរបស់ប្រទេសចិន ជិតទីក្រុងវូហាន។ សាលារៀនហោះហើរនៅប្រទេសចិនឈ្មោះ ហារ៉ូគិន នៅក្នុងខេត្តហ៊ឺប៉ី។ ក្រុមដែលទៅរៀនចែកចេញជាបីក្រុម៖ ក្រុមទី១ គឺរៀនខាងទម្លាក់គ្រាប់បែក មានឈ្មោះ ជា ហាក់ ជាប្រធានក្រុម។ ក្រុមទី២ រៀនបើកបរយន្តហោះប្រដេញ មានឈ្មោះ ចែម ជាប្រធានក្រុម។ ចំណែកក្រុមទី៣ រៀនខាងផ្នែកជាងជួសជុលយន្តហោះប្រដេញធុន៥, ធុន៦ និងថែទាំយន្ដហោះ មានខ្ញុំ ឈ្មោះ ស្វាយ អឿន ជាប្រធានក្រុម។ ក្រុមរបស់ខ្ញុំមានសមាជិកប្រមាណមួយរយនាក់។ មុននឹងរៀនបច្ចេកទេស ខ្ញុំ និងសមាជិកទាំងអស់ត្រូវរៀនភាសាចិនចំនួន៦ខែ ទើបបញ្ជូនទៅរៀនថែរក្សា និងជួសជុសយន្តហោះ។ សាលារៀនមួយនៅក្នុងខេត្តស៊ានស៊ី ក្រុងសឺនអាន ជាសាលារៀនថែរក្សាយន្ដហោះទម្លាក់គ្រាប់បែកធុន៥(J-5)។ នៅខែមេសា ឆ្នាំ១៩៧៨ ពួកខ្ញុំបានត្រឡប់មកប្រទេសកម្ពុជាវិញ។ ពេលមកដល់គឺស្នាក់នៅម្ដុំអាកាសចរស៊ីវិលសព្វថ្ងៃ។ ខ្ញុំមកដល់ គឺអត់ទាន់មានការងារធ្វើទេ ព្រោះយន្តហោះមិនទាន់ដឹកជញ្ជូនពីប្រទេសចិនមកដល់។ ក្រោយមកយន្តហោះទម្លាក់គ្រាប់បែកធុន៥(J-5)បានមកដល់ចំនួនប្រាំគ្រឿង។ ដូច្នេះ ជា ហាក់ ចាប់ផ្ដើមធ្វើការងារមុនខ្ញុំ។ ពេលត្រឡប់មកដល់ខ្ញុំចង់ទៅលេងស្រុក លេងជាមួយឪពុកម្តាយ តែបងស៊ូ ម៉េត មេបញ្ជាការកងទ័ពជើងអាកាស បាននិយាយថា «ឥឡូវពួកមិត្តស្នាក់នៅកន្លែងនេះហើយ មិនបាច់ត្រឡប់ទៅស្រុកកំណើត ព្រោះសភាពការណ៍នៅស្រុកក៏មិនទាន់ស្រួលបួលទេ។ ចាំពេលណាដែលនៅមូលដ្ឋានមានសភាពការណ៍ស្រួលបួល ចាំទៅលេង»។ ក្នុងពេលដែលបងម៉េត និយាយបែបនេះហើយ ខ្ញុំរវល់ដែរ ក៏មិនបានទៅលេងឪពុកម្តាយឡើយ។

៥.ជីវិតទៅរៀននៅប្រទេសចិនជាលើកទី២៖ នៅខែសីហា ឆ្នាំ១៩៧៨ ខ្ញុំបានត្រឡប់ទៅប្រទេសចិនម្ដងទៀត។ ខ្ញុំទៅប្រទេសចិនមួយថ្ងៃក្រោយគណៈប្រតិភូយោធាដឹកនាំដោយ សុន សេន ទៅទស្សនកិច្ចនៅប្រទេសចិន។ ខ្ញុំទៅរៀននៅសាលាបច្ចេកទេសយន្តហោះដដែល និងមានសមាភាពចំនួនពីរផ្នែកដូចមុន។ ខ្ញុំនៅផ្នែកជួសជុលម៉ាស៊ីនយន្តហោះដដែល។ អ្នកដែលរៀនជំនាន់មុន ហៅថាគ្រូតូច គឺចេះស្ដាប់ភាសាចិនជាងអ្នកដែលទៅរៀនវគ្គក្រោយ។ អ្នកដែលរៀនវគ្គក្រោយមានចំនួនមួយរយនាក់។ ខ្ញុំរៀនមិនទាន់ចប់ ក៏មានព្រឹត្តិការណ៍ថ្ងៃ៧ មករា ឆ្នាំ១៩៧៩។ សិស្សានុសិស្សទាំងអស់ទាំងផ្នែកអាកាស, ជើងទឹក ត្រូវផ្ទេរមករៀនផ្នែកជើងគោកនៅក្នុងខេត្តហ៊ឺណានវិញ។ ផ្នែកជើងគោករួមមាន៖ ផ្នែកវិទ្យុទាក់ទង, ផ្នែកកាំភ្លើងធំ, ផ្នែកឡានដឹកជញ្ជូន និងផ្នែកមីន។

៦.ពេលដែលត្រឡប់មកពីប្រទេសចិន៖ ខ្ញុំរៀននៅប្រទេសចិនរហូតដល់ខែតុលា ឆ្នាំ១៩៨៣ ទើបត្រឡប់មកប្រទេសកម្ពុជាវិញ។ មុនពេលត្រឡប់មកប្រទេសកម្ពុជាវិញ ខ្ញុំបានរៀនបាញ់កាំភ្លើងធំរយៈពេលកន្លះខែ។ ខ្ញុំ រួមទាំងអ្នកបើកយន្តហោះ, អ្នកថតរូប ថតវីដេអូ និងក្រុមជំនាញការ បានចាកចេញពីប្រទេសចិន តាមកំពង់ផែ ចានចាំង ធ្វើដំណើរតាមកប៉ាល់ដឹកជញ្ជូនទំនិញរយៈពេលប្រាំថ្ងៃ ទើបខ្ញុំមកដល់កំពង់ផែ​ សាត់ថាហ៊ីត ប្រទេសថៃ។ ខ្ញុំចុះនៅកន្លែងកងទ័ពជើងទឹកថៃ។ បន្ទាប់ពីចុះនៅកំពង់ផែប្រទេសថៃ ពួកខ្ញុំត្រូវបានដឹកបន្តតាមឡានយោធាថៃមកប្រទេសកម្ពុជា។ ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៨៣ ទើបខ្ញុំមកដល់ចំណុច ច-១ ក្នុងទឹកដីប្រទេសកម្ពុជា។

ពេលមកដល់ទឹកដីកម្ពុជា ខ្ញុំនិងសមាជិកទាំងអស់មានគ្នា៥៣នាក់ បានមករស់នៅភូមិរបស់កងពលលេខ២ របស់តារ៉ែន។ ស្នាក់នៅបានមួយយប់ ព្រលឹមឡើង ចិត ឃឹម បានកាន់កាំបិតបន្ទោះ មកចែកពួកខ្ញុំសម្រាប់បិទចំរ៉ូង និងដាក់មីន។ នេះជារបត់សង្គមមួយដែលបានផ្លាស់ប្តូរយ៉ាងខ្លាំង នៅប្រទេសចិនមានហូបគ្រប់គ្រាន់ មានកន្លែងស្នាក់នៅស្រួលបួល។ រស់នៅច-១ បានប៉ុន្មានថ្ងៃខ្ញុំចាប់ផ្ដើមធ្លាក់ខ្លួនឈឺគ្រុនចាញ់ ព្រោះតំបន់ព្រំដែនពីមុនជាតំបន់គ្រុនចាញ់។ ក្នុងក្រុមរបស់ខ្ញុំមានស្លាប់ម្នាក់។ រយៈពេលប្រាំមួយខែ ទើបខ្ញុំអាចសម្របខ្លួនជាមួយអាកាសធាតុនៅតំបន់ព្រំដែនបាន។ ខ្ញុំបានចូលរួមក្នុងសមរភូមិនៅចំណោត៨៥។

៧.ការសាងសង់ស្ពានប្ដេជ្ញាឈ្នះ៖ ដើមឆ្នាំ១៩៨៤ ប៉ុល ពត បានបញ្ជាឱ្យសាងសង់ស្ពានមួយឆ្លងស្ទឹងមេទឹក។ កម្លាំងដែលចូលរួមធ្វើស្ពានគឺកងពលលេខ២ ,កងពលលេខ៣ និងកម្លាំងកងដឹកជញ្ជូន។ មុនដំបូងគឺចុចម៉្សៅតេ-អ៊ិន-តេ ឱ្យផ្ទុះជារណ្ដៅដើម្បីធ្វើគ្រឹះស្ពាន។ ចំណែកឡានដឹកជញ្ជូន គឺយកមកពីប្រទេសថៃ ដោយដោះគ្រឿង ហើយជញ្ជូនជាចំណែកតូចៗមកក្នុងទឹកដីកម្ពុជា ទើបរៀបផ្គុំឡានឡើងវិញ។ ស្ពាននេះសាងសង់ដោយកម្លាំងមនុស្សសុទ្ធសាធ អត់មានគ្រឿងចក្រជួយសាងសង់ទេ។ ពេលធ្វើស្ពានហើយ ខ្ញុំយាមនៅក្បាលស្ពាន។ ក្នុងថ្ងៃសម្ពោធស្ពាន ខ្ញុំនៅចាំសម្ដីរបស់ ប៉ុល ពត ឈរនៅក្បាលស្ពាន (សព្វថ្ងៃជាកន្លែងកងល្បាតលេខ៦)។ ប៉ុល ពត ដាក់តុអង្គុយ បែរមុខទៅលិច។ ចំណែកកងទ័ពបែរមុខមកកើត។ ជាន័យនយោបាយគឺថាឱ្យសម្រុកមកទិសខាងកើត គឺវាយសម្រុកមកខាងរដ្ឋកម្ពុជា។ ស្ពានហ្នឹងគាត់ដាក់ថា «ស្ពានប្ដេជ្ញាឈ្នះ»។

ទីបញ្ជាការ ប៉ុល ពត ក៏ដូចជាកន្លែងស្នាក់នៅ ប៉ុល ពត, នួន ជា, ខៀវ សំផន, សុន សេន នៅតំបន់អូរសួរស្តី។ នៅតំបន់អូរសួរស្តីក៏មានស្ថានីយវិទ្យុផ្សាយសម្លេងរបស់កម្ពុជាប្រជាធិបតេយ្យមួយដែរ។ ពេលដែលយុទ្ធជនស្លាប់ក្នុងសមរភូមិ គឺដឹកយកសពមកកប់នៅវិមានសព ដែលសាងសង់ពីឈើធំៗ នៅតំបន់អូរសួរស្ដីដែរ។ អ្នកដែលសាងសង់វិមានសព ឈ្មោះតាសួស ជាជាងគំនូរ និងគូរផែនទី។ ចំណែកចំការរួម គឺជាទីតាំងរបស់កងពលលេខ២ ដែលដឹកនាំដោយ ទឹម រ៉ែន។ កងពលលេខ២ គ្រប់គ្រងភូមិសាស្ត្រភ្នំ១៥០០ ទៅដល់តំបន់ពាមតា-សំឡូត។ កងពលលេខ២ មានបីកងវរសេនាតូច កងវរសេនាតូចលេខ១១, កងវរសេនាតូចលេខ១២ និងកងវរសេនាតូចលេខ១៣។ ចំណែកឃ្លាំងគ្រាប់ធំៗនៅតំបន់ច-១ និងច-២គ្រប់គ្រងដោយ លី កេង។ ចំណុចពីថ្មដា មកដល់ភ្នំ១៥០០ មានផ្ទះគ្រួសារកងទ័ព មានកម្លាំងកងដឹកជញ្ជូន និងដល់ចំណុចជាំស្លា ជាមន្ទីរពេទ្យធំមួយរបស់កងពលលេខ២។ ថ្មដា ជាឈ្មោះមូលដ្ឋាន ឬទីតាំងរបស់កងពលលេខ៣ ដែលដឹកនាំដោយ ទឹម សេង។ ថ្មដា ជាកន្លែងប្រតិបត្តិការរបស់កងពលលេខ៣ ចំណុចសព្វថ្ងៃជាអនុវិទ្យាល័យ ហ៊ុនសែន ថ្មដា ទៅដល់ដើមភ្លូ-កោះកុង។ ទឹម សេង និងទឹម រ៉ែន ជាបងប្អូនបង្កើតនឹងគ្នា។

៨. យុទ្ធនាការឆ្នាំ១៩៨៥៖ ក្នុងឆ្នាំ១៩៨៥ មានយុទ្ធនាការទ្រង់ទ្រាយធំមួយរបស់កងទ័ពវៀតណាម និងកងទ័ពសាធារណរដ្ឋប្រជាមានិតកម្ពុជាដើម្បីបោសសំអាតកងកម្លាំងខ្មែរក្រហមនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ពេលនោះខ្ញុំបានទៅដឹកគ្រាប់ពីថៃទាំងយប់ គឺដឹកគ្រាប់ពីក្នុងទឹកដីថៃមកដាក់នៅ កញ្ចែ ដែលជាឃ្លាំងធំរបស់ខ្មែរក្រហម ហើយ ប៉ុល ពត បានបញ្ជាឱ្យកម្លាំងខ្មែរក្រហមដាក់មីនកម្ទេចស្ពានប្ដេជ្ញាឈ្នះ ដើម្បីរារាំងកងកម្លាំងរបស់វៀតណាម និងសាធារណរដ្ឋប្រជាមានិតកម្ពុជាអាចឆ្លងស្ពាននេះបានងាយស្រួល។ បន្ទាប់ពីទទួលបានជ័យជម្នះលើកម្លាំងខ្មែរក្រហម កងទ័ពវៀតណាម និងកងទ័ពសាធារណរដ្ឋប្រជាមានិតកម្ពុជា ក៏បានដាក់ឈ្មោះស្ពាននេះថា «ស្ពានជ័យជម្នះ» ជំនួសវិញ។ បន្ទាប់ពីមានយុទ្ធនាការទ្រង់ទ្រាយធំនេះ កងកម្លាំងរបស់ខ្មែរក្រហម ក៏បានភៀសខ្លួនចូលទៅរស់នៅក្នុងទឹកដីថៃ (ជំរំវ-៤)។

៩.ការរស់នៅក្នុងទឹកដីប្រទេសថៃ៖ ក្នុងឆ្នាំ១៩៨៥ ជាឆ្នាំក្រៀមក្រំមួយ ប៉ុន្តែក៏ជាឆ្នាំ ដែលខ្ញុំបានរៀបការជាមួយប្រពន្ធខ្ញុំ ដែលជាកម្លាំងដឹកជញ្ជូនធ្វើស្ពានជាមួយគ្នានិងបានទៅរស់នៅក្នុងជំរំវ-៤ដែរ។ ក្រោយមកមានUNមកជួយ ហើយក៏បង្កើតជាជំរំមួយទៀត ឈ្មោះជំរំសាយខេ នៅជើងភ្នំ ហៅតំបន់ភូមិថ្មី។ ប៉ុន្តែនៅជំរំវ-៤ ដែលស្ថិតនៅតាមព្រំដែន គឺអត់ស្ថិតនៅក្រោមជំនួយរបស់UNទេ គឺក្រោមជំនួយរបស់កម្ពុជាប្រជាធិបតេយ្យ។ ជំរំវ-៤ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឈ្មោះ សុខ ឈាន។ ថ្នាក់ដឹកនាំមជ្ឈិមដែលទៅរស់នៅប្រទេសថៃ មានបីទីតាំង, ប៉ុល ពត ស្នាក់នៅផ្ទះ៥០ ក្នុងខេត្តត្រាត, ផ្ទះ២០ ជាកន្លែងស្នាក់នៅរស់របស់ខៀវ សំផន និងនួន ជា និង សុន សេន ក៏មានផ្ទះស្នាក់នៅក្នុងខេត្តត្រាតដែរ។ សាលារៀននយោបាយរបស់មជ្ឈិម ហៅថា ក-១៨ ស្ថិតនៅក្នុងខេត្តត្រាត។ បានជាខ្ញុំដឹងច្បាស់រឿងថ្នាក់ដឹកនាំ ព្រោះខ្ញុំបានទៅនៅជាមួយ ប៉ុល ពត ឆ្នាំ១៩៩១ប្រចាំការនៅមន្ទីរ ក-១៨ និងផ្ទះ៥០។ ខ្ញុំមានគ្នាបួននាក់៖ ទី១ឈ្មោះ សេក សំអុល នៅប្រចាំការជាមួយខ្ញុំ។ ទី២ ឈ្មោះ តាកេត ទី៣ឈ្មោះ ចាន់ ជាជំនួយការទទួលខាងកត់ត្រា និងទី៤ រូបខ្ញុំផ្ទាល់។

នៅឆ្នាំ១៩៨៧ កម្ពុជាប្រជាធិបតេយ្យបាននិយាយជាភាគីថៃ រៀបចំកម្លាំងឱ្យមកនៅតំបន់មួយឈ្មោះថា អូរល្ហុង ហួសកញ្ចែមកបន្តិច។ កម្លាំងរបស់ខ្ញុំបានឡើងមកនៅអូរល្ហុង និងបង្កើតជាកងពលលេខ៥ បានកម្លាំងមកពីកងពលលេខ២ និងកងពលលេខ៣បូកបញ្ចូលគ្នា។ តារ៉ែន លែងមានតួនាទីដឹកនាំទៀតហើយ ព្រោះរូបគាត់បរាជ័យនៅឆ្នាំ១៩៨៥ នៅថ្មដា។ តាសេង ក៏លែងកាន់កងពលទី៣ទៀតដែរ ។ ម៉ា ឈឿន(ពិការភ្នែកម្ខាង) សព្វថ្ងៃរស់នៅសំឡូត បានមកកាន់ជាប្រធានកងពលលេខ៥។ ទិសដៅដែលកងពលលេខ៥ធ្វើប្រតិបត្តិការ គឺចេញដំណើរពីប្រទេសថៃមកភ្នំក្បាលឡាន។ ក្រុមរបស់ខ្ញុំ គឺក្រុមជំនួយការសេនាធិការកងពល មិនមែននាយសេនាធិការទេ។ នាយសេនាធិការកងពល គឺ អ៊ុក ណង។

នៅឆ្នាំ១៩៨៩ កងទ័ពវៀតណាមបានដកចេញពីប្រទេសកម្ពុជា។ កម្លាំងខ្មែរក្រហមក៏ចាប់ផ្ដើមទិញគ្រឿងចក្រ ដើម្បីឈូសឆាយផ្លូវចេញពីប្រទេសថៃតាមច្រកអូរល្ហុងរហូតដល់ច្រកពាមតា-សំឡូត បង្កើតបានជាច្រកមួយឈ្មោះច្រក៥០៥។ ច្រក៥០៥ ជាច្រកមួយសម្រាប់ដឹកគ្រាប់ពីប្រទេសថៃទៅខាងក្នុងឱ្យកងពលលេខ៥។

១០.កម្លាំងខ្មែរក្រហមបានប្រែប្រួលក្រោយសន្ធិសញ្ញាទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១៖ នៅពេលមានសន្ធិសញ្ញាទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ គ្រប់ភាគីទាំងអស់ទម្លាក់អាវុធ បញ្ចប់សង្រ្គាម។ កម្ពុជាប្រជាធិបតេយ្យក៏បានសម្រេចឱ្យយកម្លាំងមកពីជំរំក្នុងប្រទេសថៃទាំងអស់មករស់នៅក្នុងទឹកដីខ្មែរវិញ។ ពេលដែលប្រជាជនឡើងមកក៏កើតជាភូមិនៅតាមច្រក៥០៥។ ភូមិពាមតា ជាភូមិមានឃ្លាំងរបស់ លី កេង ភាគច្រើនប្រជាជនដែលរស់នៅ គឺជាកងដឹកជញ្ជូន។ បន្ទាប់ពីភូមិពាមតា មានភូមិវាលរលឹម ជាភូមិរបស់អ្នកសិល្បៈ។ ហួសពីភូមិវាលរលឹម ជាភូមិរបស់ពេទ្យ ដែលគ្រប់គ្រងដោយតាយុំ។ បន្ទាប់ពីភូមិពេទ្យ គឺភូមិអូរននោង ជាភូមិចម្រុះ មានក្រុមគ្រឿងចក្រ ឡានដឹកជញ្ជូន ខ្ញុំក៏នៅក្នុងភូមិអូរននោងដែរ។ ភូមិពាម ជាភូមិរបស់ក្រុមគ្រួសារអតីតកងពលលេខ៣។ ក្រុមគ្រួសាប្រជាជន ក៏ដូចជាកម្លាំងតាមអង្គភាពរស់នៅតាំងពីសំឡូតរហូតមកដល់តំបន់ក្រពើពីរ។

សភាពការណ៍ចាប់ផ្ដើមស្រួល ផ្លូវក៏ធ្វើបានច្រើន ឈ្មួញចាប់ផ្ដើមរកស៊ីទិញលក់ឈើ។ នៅអំឡុងពេលសង្រ្គាមទសវត្សរ៍ឆ្នាំ១៩៨០ និងឆ្នាំ១៩៩០ ខ្មែរក្រហមមិនហៅតំបន់ថ្មដាទេ ខ្មែរក្រហមហៅថាតំបន់កោះកុងលើ។ តំបន់កោះកុងលើចែកចេញជាពីរ គឺច្រក៥០៥ ប្រជាជនមកពីកោះកុងលើ-ថ្មដា និងច្រក៤០៤ ប្រជាជនមកពីសំឡូត អូររថក្រោះ។ ច្រក៥០៥ ជាច្រករបៀងមួយសំខាន់សម្រាប់ផ្គត់ផ្គង់គ្រាប់រំសេវ, សម្ភារៈ និងថ្នាំពេទ្យ ទៅកម្លាំងខ្មែរក្រហមកំពុងប្រយុទ្ធនៅសមរភូមិខាងក្នុងប្រទេស។

ឆ្នាំ១៩៩៣ ក្រោយពីអនុវត្តន៍កិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្រទេសកម្ពុជាបានបង្កើតរាជរដ្ឋាភិបាលថ្មី, ភាគីថៃលែងអនុញ្ញាតឱ្យមេដឹកនាំខ្មែរក្រហមរស់នៅប្រទេសថៃទៀតហើយ។ នួន ជា បានមកនៅប្រចាំនៅពាមតា។ អៀង សារី មានមូលដ្ឋានគ្រឹះនៅខេត្តប៉ៃលិន និងម៉ាឡៃ។ ចំណែក សុន សេន នៅតំបន់រណសិរ្ស២៥០ ដោយសារប្អូនបង្កើតរបស់ សុន សេន ឈ្មោះ នី កន គ្រប់គ្រងនៅរណសិរ្ស២៥០។ ប៉ុល ពត សម្រេចចិត្តទៅស្នាក់នៅភ្នំឆ័ត្រជាមួយនឹងក្មួយបង្កើតរបស់គាត់ឈ្មោះ សូ ហុង។ ឆ្នាំ១៩៩៤ ខ្មែរក្រហមបានបង្កើតអង្គភាពមួយទៀតឈ្មោះ៩០៩ គឺកើតចេញពី៥០៥ បូកនឹង៤០៤។ ៩០៩ គ្រប់គ្រងដោយ មាស មុត ហើយស៊ូ ម៉េត, យឹម ទិត្យ និង សំ ប៊ិត ជាគណៈកម្មាធិការក្នុងអង្គភាព៩០៩។ ពេលនោះខ្ញុំធ្វើជាជំនួយការរបស់ មាស មុត។ ខ្ញុំនៅគ្រប់គ្រងឃ្លាំងមួយដែលទទួលសម្ភារពីប្រទេសថៃសម្រាប់ចែកចាយទៅភូមិផ្សេងៗ។ ខ្ញុំទទួលខុសត្រូវដឹកជញ្ជូនគ្រឿងចក្រពី​ អូរននោងទៅសមរភូមិមុខ ទៅដល់ជាំស្រងាំ កន្លែងរបស់ កែវ ពង្ស។ នៅក្នុងគ្រឿងចក្រអាចដាក់គ្រាប់ និងអង្ករ។

១១.មុនសមាហរណកម្ម និងក្រោយសមាហរណកម្ម៖ នៅពេលតំបន់ប៉ៃលិនចង់ប្រកាសផ្ដាច់ខ្លួន ប៉ុល ពត បានចាត់តាំងឱ្យ សុន សេន និងតាម៉ុក មកគាបសង្កត់តំបន់ប៉ៃលិន។ កម្លាំងរបស់៩០៩ ដាក់នៅខាងត្បូងប៉ៃលិន ភ្នំខៀវ រហូតទៅដល់ភ្នំផល្លី ផល្លា និងខាងកើតផ្លូវជាតិលេខ១០។ ក្រោយពីប៉ៃលិន គ្រប់គ្រងបានរណសិរ្ស ២៥០ រួមមាន៖ កំរៀង, ភ្នំព្រឹក, សំពៅលូន និងសំឡូត។ បន្ទាប់មក នី កន និង សុន សេន បានរត់ពីសំឡូតមកនៅច្រក៩០៩ ជាមួយ នួន ជា នៅពាមតា។ ប៉ុន្តែ សុន សេន នៅតែជឿជាក់ថាកម្លាំងរណសិរ្ស២៥០នៅតែស្មោះស្ម័គ្រនឹងគាត់។ សុន សេន បានចាត់តាំងកម្លាំងរបស់៩០៩ ប្រហែលពីររយនាក់ ចេញទៅសំឡូតតាមផ្លូវជាតិលេខ១០ កាត់តាមកូនដំរី ទៅភ្នំព្រាល ឡើងទៅកំរៀង។ កម្លាំងទាំងពីររយនាក់ដឹកនាំដោយ អៀង ផាន, អ៊ួង យ៉ង់, មាស សាវិន និងអ៊ូ ហឿង។ គំនិតដែលចង់ទៅជួបនឹងកម្លាំងរណសិរ្ស២៥០ មិនមែនទៅគាបសង្កត់ប៉ៃលិនទេ គឺទៅទាក់ទងយកកម្លាំង ប៉ុន្តែការបញ្ចុះបញ្ចូលមិនបាន កម្លាំង៩០៩ ក៏ត្រឡប់មកវិញ។ ប៉ៃលិនទៅទាក់ទងតែមួយព្រឹក កម្លាំងរណសិរ្ស២៥០បានចូលជាមួយខាងប៉ៃលិនអស់។ ចៃដន្យខែតុលា ឆ្នាំ១៩៩៦ ជាខែមិនសូវមានភ្លៀងធ្លាក់ តែឆ្នាំនោះមានភ្លៀងធ្លាក់រហូត ធ្វើឱ្យកម្លាំងខាង៩០៩ដាច់ស្បៀង។ បន្ទាប់ពីចេញពីកម្លាំង២៥០មកវិញតាមផ្លូវ ក៏បានជួបនឹង សុខ ភាព ត្រូវបាន សុខ ភាព ឱ្យចូលប្រជុំនៅសាលាសិនដើម្បីអប់រំនយោបាយថ្មី ដកអាវុធទាំងអស់ ទាំងកាំភ្លើងខ្លី, កាំភ្លើងវែង ឱ្យមកវិញតែខ្លួនទទេ ដែលដឹកនាំដោយ មាស សាវិន។ ចំណែក អ៊ួង យ៉ង់, អៀង ផាន, អ៊ូ ហឿន ត្រូវបាន អ៊ី ឈាន ដឹកឱ្យទៅជួប អៀង សារី និង នី កន នៅប៉ៃលិន។ ពេលដែលទៅដល់ប៉ៃលិន ដូចជាជាប់ឃុំ។ ថ្ងៃទី១៩ ខែតុលា ទើបដោះលែង អៀង ផាន ឱ្យត្រឡប់មកវិញ។ ថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៩៦ ខាងសំឡូតចូលសមាហរណកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ខែវិច្ឆិកា ឆ្នាំ១៩៩៦ ទើបប៉ៃលិនចូលសមាហរណកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាដែរ។ បន្ទាប់ពីសមាហរណកម្ម ខ្ញុំនិងក្រុមគ្រួសារក៏បន្តរស់នៅស្រុកវាលវែងរហូតដល់សព្វថ្ងៃ។

អត្ថបទដោយ៖ ឡុង ដានី

កំណែអក្ខរាវិរុទ្ធដោយ៖ គឹម សុវណ្ណដានី

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin