ស្វាយ ធី បរិភោគមើមក្ដួចដើម្បីរស់

ឈ្មោះខ្ញុំ ស្វាយ ធី[1] អាយុ ៦៦ ឆ្នាំ ភេទប្រុស។ ឪពុកខ្ញុំឈ្មោះ ស្វាយ ណឹន ខណៈម្ដាយខ្ញុំ ខ្ញុំមិនអាចចាំឈ្មោះបានទេ ដោយសារម្ដាយខ្ញុំបានស្លាប់តាំងពីសម័យខ្មែរក្រហម។ ខ្ញុំមានបងប្អូន ៤នាក់ មានស្រី ១នាក់ ហើយខ្ញុំជាកូនទី ៣ ក្នុងចំណោមបងប្អូនទាំងអស់។ ខ្ញុំមានភរិយាយឈ្មោះ ទក់ លី ហើយមានកូនស្រី ២ នាក់។ បច្ចុប្បន្នខ្ញុំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ក្នុងជីវិតខ្ញុំ ខ្ញុំមិនបានសិក្សាអានសរសេរឡើយ ព្រោះខ្ញុំបានធំឡើងនៅក្នុងស្ថានភាពសង្គ្រាម ដែលធ្វើឲ្យការរៀនសូត្យមិនអាចកើតឡើងបាន។

បុរីអូរស្វាយត្រូវបានបង្កើតឡើងដោយសម្ដេចតាបានយកចិត្តទុកដាក់ជាពិសេសដើម្បីការពារទឹកដីខ្មែរ មិនឲ្យបាត់បង់ទៅកាន់ប្រទេសឡាវ។ ដោយការព្រួយបារម្ភពីចំណុចព្រំដែន សម្ដេចតាបានយកទាហានដែលជិតចូលនិវត្តន៍មកឈរជើងការពារនៅតំបន់បុរីអូរស្វាយ។ ព្រះអង្គបានបែងចែកដីធ្លី និងធ្វើផ្ទះការឡុងឲ្យប្រជាជនក្នុងគ្រួសារនីមួយៗដោយមានដីភូមិទំហំ ៤០ ម៉ែត្រ × ៥០ ម៉ែត្រ ដូងខូប្រា ៥ ដើម និងដីស្រែចម្ការទំហំ ៥ ហិចតា។ ក្នុងអំឡុងពេលនោះ មានការអភិវឌ្ឍន៍ជាច្រើនបានកើតឡើងនៅបុរីអូរស្វាយ ដូចជា ផ្សារ សាលាស្រុក ព្រលានយន្តហោះ និងសួនច្បារ។ ខ្ញុំបានឃើញសម្ដេចតាមកបុរីអូរស្វាយម្តង ដើម្បីសម្ពោធទីតាំងនេះ។ នៅពេលនោះ សម្ដេចតាបានយាងមកតាមយន្តហោះ ហើយបោះក្រណាត់សង្គមរាស្រ្តនិយមចេញពីលើយន្តហោះ។ បន្ទាប់មក ព្រះអង្គក៏បានចែកកំណាត់ជូនប្រជាជនទាំងអស់ ដែលបង្ហាញពីការយកចិត្តទុកដាក់របស់ព្រះអង្គដល់ប្រជាជន។ ប្រជាជននៅបុរីអូរស្វាយក្នុងសម័យនោះរស់នៅលំបាកខ្លាំង ផ្នែកសុខភាព ហើយជំងឺគ្រុនចាញ់បានធ្វើឲ្យមានអ្នកស្លាប់ជារៀងរាល់ថ្ងៃ។ តំបន់នេះកាលនោះជាតំបន់ព្រៃសម្បូរទៅដោយសត្វមូស និងសត្វទាក ដែលធ្វើឲ្យមានជំងឺឆ្លងច្រើន។ សម្ដេចតាបានព្យាបាលប្រជាជនដោយមិនគិតថ្លៃ។ នៅពេលមានជំងឺធ្ងន់ធ្ងរ គឺមានសេវាកម្មឡានដឹកទៅពេទ្យខេត្តស្ទឹងត្រែងផងដែរ។

ក្នុងសម័យលន់ នល់ តំបន់អូរស្វាយបានទទួលរងការបំផ្លាញយ៉ាងធ្ងន់ធ្ងនដោយសារការទម្លាក់គ្រាប់បែក។ គ្រួសារខ្ញុំបានជួបឧបសគ្គដ៏ធ្ងន់ធ្ងរ នៅក្នុងស្ថានភាពនោះ។ ដើម្បីសង្រ្គោះជីវិត យើងទាំងអស់គ្នាបាននាំគ្នាជីករណ្ដៅត្រង់សេ ដើម្បីជាកន្លែងគេចខ្លួនពីគ្រោះថ្នាក់។ ការទម្លាក់គ្រាប់បែកបានធ្វើឲ្យហេដ្ឋារចនាសម្ពន្ធទាំងឡាយនៅក្នុងតំបន់ត្រូវបានកម្ទេចស្ទើរតែទាំង  ស្រុង។ ផ្ទះសម្បែង យានជំនិះ និងអគារផ្សេងៗ ដែលជាមូលដ្ឋានសម្រាប់ជីវភាពរស់នៅ និងការងាររបស់ប្រជាជន បានក្លាយជាគំនរបាក់បែក។ ប្រជាជនបានប្រឈមមុខនឹងភាពលំបាកក្នុងការរស់នៅ និងស្ទើរតែគ្មានកន្លែងស្នាក់នៅ។

ក្នុងសម័យខ្មែរក្រហម ខ្ញុំបានរស់នៅក្នុងកងចល័ត និងបានជួបការលំបាកដ៏ធ្ងន់ធ្ងរដែលបណ្ដាលឲ្យជីវិតរបស់ខ្ញុំ និងគ្រួសារមានភាពលំបាក។ មុនដំបូង ខ្មែរក្រហមបានជម្លៀសខ្ញុំ និងគ្រួសារចេញពីភូមិអូរស្វាយ ទៅកាន់ភូមិញើន ដើម្បីធ្វើស្រែ និងលើទំនប់។ បន្ទាប់មក ខ្ញុំត្រូវបានជម្លៀសទៅនៅតំបន់ដក ពរ អូរពួក និងអូរចាប់។ នៅទីនោះ ខ្ញុំត្រូវបានខ្មែរក្រហមប្រើធ្វើការលើកភ្លឺស្រែ និងលើកទំនប់ក្នុងលក្ខណៈដ៏លំបាក។ ជីវភាពប្រចាំថ្ងៃក្នុងសម័យនោះពិតជាលំបាកខ្លាំង ដោយសារបរិភោគមិនបានគ្រប់គ្រាន់។ ខ្ញុំបានមើលឃើញម្ដាយរបស់ខ្ញុំត្រូវបានខ្មែរក្រហមប្រើឲ្យធ្វើការធ្ងន់ក្នុងខណៈម្ដាយខ្ញុំកំពង់ឈឺធ្ងន់ធ្ងរ ដោយសារមានជំងឺស្រ្តី។ ម្ដាយខ្ញុំបានធ្វើការពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់សុខភាពរបស់គាត់មិនអាចទ្រាំទ្របានទៀត និងបានស្លាប់ក្នុងឆ្នាំ ១៩៧៥។ ក្នុងសម័យនេះ ខ្ញុំក៏បានឃើញភាពអាស្រូវ និងភាពឃោរឃៅរបស់ខ្មែរក្រហម។ ខ្មែរក្រហមបានចាប់ទាហានចាស់មួយរូបឈ្មោះសាយ មកសម្លាប់នៅក្រោមដើមស្វាយក្នុងភូមិអូរស្វាយ។ ករណីមួយទៀត ខ្មែរក្រហមបានចាប់បងខេម ទៅសម្លាប់នៅតំបន់គីឡូ ២ ខេត្តស្ទឹងត្រែង ដោយដឹងថាគាត់ត្រូវបានដឹកជញ្ជូនតាមទូកទៅ។ ខ្ញុំក៏ធ្លាប់ឃើញខ្មែរក្រហមបង្ខំឲ្យប្រជាជនរៀបការជាក្រុមពី ៤ ទៅ ១០ គូរួមគ្នា ហើយប្រជាជនត្រូវឡើងប្ដេជ្ញានៅចំពោះមុខក្រុមប្រជាជនថា “យកគ្នាមួយជីវិត” ដោយមិនមានសិទ្ធិជ្រើសរើសមនុស្សដែលខ្លួនស្រឡាញ់ដោយខ្លួនឯងឡើយ។

នៅពេលឃ្លានពេកខ្ញុំបានទៅជីកមើមក្ដួចមកបរិភោគ យកមកត្រាំទឹកមិនទាន់បាត់សាបផងយកមកបរិភោគធ្វើឲ្យពុលតែមិនដល់ថ្នាក់ស្លាប់ទេ។ ដើម្បីធ្វើក្ដួចមិនឲ្យពុលខ្ញុំត្រូវធ្វើតាមវិធីនេះ មុនដំបូងត្រូវទៅជីកមើមក្ដួចមកពីក្នុងព្រៃ បន្ទាប់មកខ្ញុំត្រូវចិតសំបកចេញហើយឈូសជាស្ដើងៗតូចៗហើយយកមកត្រាំទឹកម្ជូរ៣យប់ បន្ទាប់មកយកទៅត្រាំទឹកទន្លេចំនួន៣យប់ទៀត យើងសង្កេតឃើញថាមានកូនត្រី ឬកូនកំពឹសមកស៊ីហើយ ទើបយើងលើកពីទឹកមកអប់ទុកមួយយប់ឡើងទៅយើងអាចយកមកបរិភោគបានហើយ យើងអាចយក មកចំហុយ ស្ងោរ និងឆឹងជាមួយស្ករជាដើម។ ខ្ញុំក៏ធ្លាប់លួចស្រូវរបស់អង្គការដែរមានគ្នាប្រហែល ៦-៧នាក់លួចបានហើយយកមកបុកហើយដាំបរិភោគទាំងយប់ ទំហំឆ្នាំងលេខ១០ មិនមានអ្វីបរិភោគជាមួយក៏នាំគ្នាទៅលួចប្រហុកមកចំហុយបរិភោគជាមួយទៀតតែមិនរាល់ថ្ងៃទេយូរៗម្ដង។ ការដាំបាយក្នុងបំពង់ឫស្សីខ្ញុំក៏ធ្លាប់ដាំដែរវាមិនខុសគ្នានិងយើងដុតក្រឡានទេ។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមចូលមករំដោះ ខ្ញុំមិនបានទៅជាមួយប្រជាជនដទៃទៀតទេ ខ្ញុំនៅគុជចំបកជាខ្មែរក្រហម នៅពេលដែលប្រទេសបានរំដោះខ្ញុំបានចូលរួមជាមួយប្រជាជនដទៃទៀត បានវិលត្រលប់មករស់នៅភូមិអូរស្វាយវិញ៕

ដោយ ស្រេង លីដា


[1] បទសម្ភាសន៍ «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»​ ជាមួយ ស្វាយ ធី អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin