កុមារឃ្វាល គោក្របី ក្នុងកងកុមារសម័យខ្មែរក្រហម
(ព្រៃវែង)៖ ស៊ីម និយាយថា៖ “ខ្ញុំមិនបានទៅសាលារៀនទេនៅសម័យខ្មែរក្រហម ព្រោះអង្គការតម្រូវឲ្យទៅឃ្វាលគោក្របីនៅក្នុងកងកុមារ”។ ស៊ី ស៊ីម ភេទស្រី អាយុ៥៣ឆ្នាំ(សម្ភាសន៍ឆ្នាំ២០២៤) មានស្រុកកំណើត និងសព្វថ្ងៃរស់នៅ ភូមិចចកទី១ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ស៊ីម ជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូនចំនួន ៨នាក់។ ស៊ីម មានម្តាយឈ្មោះ វ៉ន និងឪពុកឈ្មោះ អ៊ុត។ ក្រោយរបបខ្មែរក្រហម ស៊ីម ក៏មិនបានទៅសាលារៀនដែរ ដោយសារតែជីវភាពខ្វះខាត និងត្រូវជួយការងារឪពុកម្តាយ ព្រមទាំងជួយមើលថែទាំប្អូនៗ។
នៅក្នុងឆ្នាំ១៩៧៥ ពេលដែលរបបខ្មែរក្រហមឡើងកាន់អំណាច ស៊ីម មានអាយុប្រហែល៥ឆ្នាំ។ គាត់មិនសូវចាំរឿងរ៉ាវបានច្រើននោះទេ។ ស៊ីម បានរៀបរាប់រឿងរ៉ាវ ពីអតីតកាលប្រាប់ដល់អ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៨ តាមរយៈការដំណាលប្រាប់របស់ ម្តាយ ឪពុក បងប្អូន និងសាច់ញាតិប្រាប់ក្រោយពីរបបខ្មែរក្រហម និងការដែលគាត់នៅចងចាំបានតិចតួច។ ស៊ីម និយាយថា ពេលនោះអង្គការខ្មែរក្រហមបានតម្រូវឲ្យគាត់ និងគ្រួសាររស់នៅផ្សេងពីគ្នា។ គាត់ត្រូវទៅរស់នៅក្នុងកងកុមារ មិនបានរៀនសូត្រទេ។ ផ្ទុយទៅវិញ គាត់ត្រូវជួយធ្វើការងារដូចជា កើបអាចម៍គោ និងឃ្វាលគោ ក្របី ជាដើម។ ម្តាយរបស់ ស៊ីម ត្រូវអង្គការប្រើឲ្យទៅដក និងស្ទូងស្រូវ។ រីឯឪពុក ត្រូវទៅធ្វើការក្នុងកងចល័ត, ជីក និងរែកដី, ចល័តពីមួយកន្លែងទៅមួយកន្លែង។ លើសពីនេះទៀត ឪពុករបស់ ស៊ីម ត្រូវទៅនេសាទ ត្រី រកខ្ចៅ និងរកខ្ចង ដើម្បីយកមកផ្គត់ផ្គង់រោងបាយរួមរបស់សហករណ៍។ នៅរដូវប្រាំង ឪពុករបស់ ស៊ីម ត្រូវទៅឡើងដើមត្នោតដើម្បីយកទឹកត្នោតមករំងាស់ធ្វើស្ករត្នោតថែមទៀត។ ស៊ីម នៅចាំថាឪពុកតែងតែលាក់លាមលួចយកទឹកត្នោតរបស់អង្គការឲ្យគាត់ផឹក ។
ចំណែការហូបចុកវិញ មួយថ្ងៃ គាត់ហូបអាហារបានពីរពេលគឺ ព្រឹក និងល្ងាច។ ពេលព្រឹកហូបបបរ និងពេលល្ងាចហូបបាយ។ នៅពេលហូបអាហារម្តងៗ អ្នកធ្វើការនៅរោងបាយតែងតែវាយជួងជាសញ្ញាឲ្យ ក្មេងៗ ហូបអាហារមុន។ ចំណែកឯចាស់ៗដែលធ្វើការ នៅការដ្ឋាន ឬក្នុងកងចល័តឆ្ងាយៗ ត្រូវហូបក្រោយ។ អាហារត្រូវបានអ្នកនៅរោងបាយចែកឲ្យស្មើៗគ្នា ម្នាក់មួយកូនចាន។ ហូបអស់ គឺមិនអាចថែមបានទេ។ នៅពេលឈឺជំងឺក្តៅខ្លួន ឬរាគរូស មានតែថ្នាំរាងដូចអាចម៍ទន្សាយប៉ុណ្ណោះត្រូវបានប្រើប្រាស់សម្រាប់ព្យាបាល, ចំណែកឪពុកម្តាយ មិនអាចនៅថែទាំកូនៗបានទេ។
គ្រួសាររបស់ ស៊ីម ត្រូវបានខ្មែរក្រហមជម្លៀសទៅតំបន់ភ្នំឈើកាច់ ស្ថិតនៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង។ គ្រួសាររបស់ ស៊ីម បានធ្វើដំណើរដោយថ្មើរជើងពីស្រុកកំណើតទៅរស់នៅទីនោះបានត្រឹមរយៈពេលខ្លីប៉ុណ្ណោះ របបខ្មែរក្រហមក៏បានដួលរលំ។ ក្រោយមក គ្រួសាររបស់ ស៊ីម បានត្រលប់មករស់នៅស្រុកកំណើតវិញប្រកបរបរធ្វើស្រែរហូតដល់សព្វថ្ងៃ។
សម្ភាសន៍ដោយ វៃ សូរិយ៉ា ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥