ក្បួនដង្ហែធម្មយាត្រា ទាមទារឱ្យថៃ ដោះលែងវីរកងទ័ពទាំង១៨នាក់មកកម្ពុជាវិញ
ក្បួនដង្ហែធម្មយាត្រា រយៈពេល១ម៉ោងកន្លះ ចាប់ពីម៉ោង ៧ រហូតដល់ម៉ោង ៨:៣០នាទី ព្រឹកនាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ រដ្ឋបាលខេត្តតាកែវ បានរៀបចំក្បួនដង្ហែធម្មយាត្រាពីសួនច្បារមាត់បឹងតាកែវ ឆ្ពោះទៅកាន់វិមានឯករាជ្យ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ។
ការបង្កើតក្បួនដង្ហែនេះ ដើម្បីទាមទារឱ្យថៃដោះលែងវីរកងទ័ពទាំង១៨រូប ឱ្យមកកម្ពុជាវិញ។ ជាពិសេស ថែមទាំងបានរៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពាក់លីនៅសមរភូមិជួរមុខ។ អ្នកចូលរួមមានប្រមាណ៩៩៩៩នាក់ រួមមាន មន្ត្រីរាជការស៊ីវិល, លោកគ្រូអ្នកគ្រូ, ព្រះសង្ឃ និងសិស្ស-និស្សិត ដែលរស់នៅក្នុងខេត្តតាកែវ។ ការដង្ហែក្បួននេះ បញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ទៅលើវីរកងទ័ពកម្ពុជា ដែលត្រូវបានថៃចាប់ឃុំឃាំងខ្លួនកាលពីថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០២៥។ ក្បួនដង្ហែកើតចេញពីកិច្ចសហការរួបរួមសាមគ្គី រវាងថ្នាក់ដឹកនាំខេត្ត-ក្រុង និងជនស៊ីវិល រួមជាមួយប្រជាជនទូទាំងខេត្តតាកែវ។ ខាងក្រោមនេះ គឺជាចំណាប់អារម្មណ៍របស់និស្សិតចំនួន២រូប បន្ទាប់ពីបានចូលរួមក្បួនដង្ហែធម្មយាត្រា៖

១) ខ្ញុំឈ្មោះ សន ផីជីង[1] អាយុ២០ ជានិស្សិតឆ្នាំទី២ មកពី វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ។ សម្រាប់ការចូលរួមក្បួនដង្ហែធម្មយាត្រា ដើម្បីទាមទារសន្តិភាព និងទាមទារឱ្យមានការដោះលែងវីរកងទ័ពកម្ពុជាចំនួន១៨រូបដែលត្រូវបានសៀមចាប់ខ្លួន និងរៀបចំបង្សុកូលជូន ដល់វិញ្ញាណក្ខន្ធកងទ័ពដែលបានពលីជីវិតក្នុងសមរភូមិជួរមុខ។ ក្នុងនាមខ្ញុំជានិស្សិត ហើយក៏ជាយុវជនជំនាន់ក្រោយម្នាក់នៅក្នុងសង្គម ខ្ញុំយល់ថាការបង្កើតកម្មវិធីនេះឡើង ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង គឺធ្វើឱ្យខ្ញុំបានដឹងពីទឹកចិត្តដ៏អង់អាចក្លាហានរបស់ប្រជាជនកម្ពុជា ដោយបង្ហាញពីទឹកចិត្តស្រឡាញ់ជាតិសាសន៍របស់ខ្លួន។ ខ្ញុំ និងប្រជាជនទាំងអស់ សង្ឃឹមថា ពិភពលោកនឹងបានឃើញថាប្រទេសកម្ពុជាស្រឡាញ់សន្តិភាពមិនត្រូវការសង្រ្គាមឡើយ។ អ្វីដែលសំខាន់ជាងគេនោះ គឺខ្ញុំចង់ឱ្យសៀមដោះលែងវីរកងទ័ពខ្មែរទាំង១៨រូប មកឲ្យប្រទេសជាតិវិញនាពេលឆាប់ៗនេះ។

២) ខ្ញុំបាទ ឈ្មោះ អង្គាសីល[2] អាយុ១៩ឆ្នាំ មកពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ។ កម្មវិធីនេះ បង្កើតឡើង ដើម្បីទាមទារឱ្យថៃដោះលែងនូវ វីរកងទ័ពកម្ពុជាទាំង១៨រូប ដែលថៃបានចាប់ខ្លួនទៅកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឱ្យត្រឡប់មកកាន់មាតុភូមិវិញ ប្រកបដោយសុវត្ថិភាព។ នៅក្នុងកម្មវិធីនេះ មានវត្តមានរបស់លោកឯកឧត្តមអភិបាលខេត្តតាកែវ និងអភិបាលរង ព្រមទាំងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សនិសិ្សត និងប្រជាជនទូទាំងខេត្តកែវជាច្រើននាក់ បានចូលរួមដង្ហែក្បួនធម្មយាត្រានេះ។ ខ្ញុំពិតជាសប្បាយរីករាយ និងមានមោទនភាពចំពោះប្រជាជនកម្ពុជាយ៉ាងក្រៃលែង។ ខ្ញុំបានឃើញប្រជាជនគ្រប់ស្រទាប់វណ្ណៈ មិនថាចាស់ មិនថាក្មេង រួបរួមសាមគ្គីគ្នា ដង្ហែជាក្បួនធម្មយាត្រា ដើម្បីទាមទារឱ្យថៃ ដោះលែងវីរកងទ័ពទាំង ១៨រូប ឱ្យត្រឡប់មកកាន់មាតុភូមិវិញ។ ក្នុងនាមខ្ញុំ ជានិស្សិតម្នាក់ ការដង្ហែក្បួនធម្មយាត្រានេះ បានបង្ហាញថាប្រជាជនខ្មែរយើងពិតជាមានភាពសាមគ្គីគ្នា ស្មោះត្រង់ក្នុងការស្រឡាញ់ប្រទេសជាតិរបស់ខ្លួន ស្រឡាញ់សន្តិភាព មិនត្រូវការនូវភ្លើងសង្រ្គាម និងជាគំរូដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយៗទៀត៕
[1] បទសម្ភាសជាមួយសន ផីជីង ជានិស្សិតឆ្នាំ២ មកពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ។ សម្ភាសដោយជីម សុខគា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥។
[2] បទសម្ភាសជាមួយ អង្គាសីល ជានិស្សិតឆ្នាំ២ មកពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ។ សម្ភាសដោយជីម សុខគា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥។