តៅ ថូន ៖ កម្មករលីសែងសម្ភារដាក់កប៉ាល់នៅខេត្ត ព្រះសីហនុ

នៅក្នុងឆ្នាំ១៩៧៥ ថូន ជាកងទ័ពម្នាក់ក្នុងចំណោមកងវរសេនាធំឯករាជ្យ ដែលមានតួនាទីការពារ ប្រាសាទអង្គរវត្ត ត្រូវបានបញ្ជូនឲ្យទៅជួយវាយរំដោះទីក្រុងភ្នំពេញ។ បន្ទាប់ពីទទួលបានជ័យជម្នះ ប៉ុល ពត បានបញ្ជូនកងវរសេនាធំឯករាជ្យ ឲ្យទៅធ្វើជាកម្មករលីសែងសម្ភារដាក់កប៉ាល់នៅខេត្ត ព្រះសីហនុ។ ថូន បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖
តៅ ថូន[1] ភេទប្រុស អាយុ៧៩ឆ្នាំ។ សព្វថ្ងៃជាកសិករ។ ថូន មានស្រុកកំណើតនៅភូមិតានៃ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ សព្វថ្ងៃរស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ថូន មានប្រពន្ធឈ្មោះ ពិ ភឿន អាយុ៤២ឆ្នាំ មានមុខរបរជាកសិករ។ ថូន មានកូន៤នាក់( ប្រុស៣នាក់ និងស្រីម្នាក់)។ ថូន មានឪពុកឈ្មោះ ហាប់(ស្លាប់ឆ្នាំ១៩៨៦ ដោយសារជំងឺចាស់ជរា) និងម្ដាយឈ្មោះ ណែប(ស្លាប់ឆ្នាំ១៩៨៦ ដោយសារជំងឺចាស់ជរា)។ ថូន មានបងប្អូន៧នាក់(ប្រុស៤នាក់ ស្រី៣នាក់)។
កាលពីក្មេង ថូន បានរៀនត្រឹមថ្នាក់ទី១០«សង្គមចាស់» នៅសាលាភូមិថ្មី ដែលស្ថិតនៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ថូន ឈប់រៀនដោយសារតែប្រទេសធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិល ក្រោយពេលលោកសេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេច នរោត្ដម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ បន្ទាប់ពីឈប់រៀន ថូន បានស្ម័គ្រចូលបម្រើកងរំដោះខ្មែរក្រហមជាមួយឪពុកម្ដាយដែលមានទីតាំងនៅភូមិអង្គរជុំ ស្រុកពួក ខេត្តសៀមរាប។ ពេលចូលធ្វើកងទ័ពដំបូង ថូន បានមករស់នៅជាមួយឪពុកម្ដាយនៅក្នុងកងវរសេនាធំឯករាជ្យ មានតួនាទីការពារប្រាសាទអង្គរវត្ត ដែលគ្រប់គ្រងដោយឈ្មោះ ឡុន។
នៅឆ្នាំ១៩៧៥ ថូន និងកងវរសេនាធំឯករាជ្យទាំងអស់ត្រូវបានបញ្ជូនឲ្យទៅវាយជាមួយទាហាន លន់ នល់ នៅទីក្រុងភ្នំពេញ។ លុះធ្វើដំណើរដល់ឃុំកំពង់ថ្ម ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានឮដំណឹងថាកងពលទី១ ដែលដឹកនាំដោយ ស៊ូ ម៉េត បានវាយរំដោះបានទីក្រុងភ្នំពេញ ហើយបានគ្រប់គ្រងទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ បន្ទាប់ពីទទួលបានជ័យជម្នះទៅលើទាហានលន់ នល់ ថូន និង ឡុន បានធ្វើដំណើរបន្តចូលមកកាន់ទីក្រុងភ្នំពេញ និងបានស្នាក់នៅភ្នំពេញបានប្រហែលកន្លះខែ ថូន និង ឡុន ត្រូវបាន ប៉ុល ពត ផ្លាស់ឲ្យទៅខេត្តព្រះសីហនុ ដើម្បីធ្វើជាកម្មករលីសែងសម្ភារដាក់កប៉ាល់បញ្ជូនទៅក្រៅប្រទេស ដែលមានទីតាំងនៅកំពង់ផែក្បែរព្រលាន្តយន្តហោះបឹងកេងកង។ នៅពេលធ្វើដំណើរចូលទៅកំពង់ផែបឹងកេងកង ឡុន បានក្រឡាប់ឡានបណ្ដាលឲ្យដាច់ជើងម្ខាង ហើយ ថូន បានបញ្ជូន ឡុន យកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។ បន្ទាប់ពីជាសះស្បើយពីរបួស ឡុន បានមកគ្រប់គ្រងកងវរសេនាធំសាឡើងវិញ ដោយមានតួនាទីត្រួតពិនិត្យទំនិញដែលត្រូវដឹកបញ្ជូនទៅក្រៅប្រទេស និងសម្ភារផ្សេងៗដែលបញ្ជូនមកពីក្រៅប្រទេស។ ការងារដែល ថូន ត្រូវធ្វើជាប្រចាំថ្ងៃគឺ ត្រូវជញ្ជូនកៅស៊ូ អង្ករ ល្ង
ដាក់ក្នុងកប៉ាល់ដើម្បីបញ្ជូនចេញទៅក្រៅប្រទេស។ ចំណែកសម្ភារៈដែលបញ្ជូនមកពីក្រៅប្រទេសមានដូចជា សម្ភារយោធា ដែក និងសម្ភារកសាងប្រទេស។ ថូន និងក្រុមកម្មករទាំងអស់ត្រូវដឹកជញ្ជូនចេញពី កប៉ាល់យកទៅទុកក្នុងឃ្លាំង ដើម្បីដឹកបញ្ជូនទៅតាមតំបន់ផ្សេងៗ។
នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានវាយចូលមកដល់ខេត្តព្រះសីហនុ។ ក្នុងពេលជាមួយគ្នា កងទ័ពខ្មែរក្រហមបានប្រមូលកម្លាំងជាច្រើន ដើម្បីចុះមកវាយយកឈ្នះយកចាញ់ជាមួយកងទ័ពវៀតណាម នៅរោងចក្រស្រាបៀរមួយកន្លែង ស្ថិតក្នុងខេត្តព្រះសីហនុ។ ការប្រយុទ្ធគ្នាមិនយូរប៉ុន្មាន កងទ័ពខ្មែរក្រហមបានអស់គ្រាប់ និងអស់ស្បៀងអាហារ ទើបសម្រេចចិត្តនាំគ្នាទម្លាក់អាវុធរត់ចូលព្រៃដើម្បីលាក់ខ្លួន។ ចំណែក ថូន និងកម្មករដែលរស់នៅក្នុងខេត្តព្រះសីហនុ បន្ទាប់ពីដឹងថាកងទ័ពខ្មែរក្រហមមិនអាចយកឈ្នះជាមួយកងទ័ពវៀតណាម ថូន បានសម្រេចចិត្តរត់ចេញពីខេត្តព្រះសីហនុសំដៅទៅកាន់ខេត្តកោះកុង។ លុះរត់មកដល់ ស្រុកថ្មបាំង ខេត្តកោះកុង កងទ័ពខ្មែរក្រហមបានវាយស្ទាក់ផ្លូវដោយចោទប្រកាន់កម្មករដែលរត់ចេញពីខេត្តព្រះសីហនុថា «សុទ្ធតែក្បត់»។ បន្ទាប់ពីមានការវាយស្ទាក់ផ្លូវនៅថ្មបាំង ថូន និងកម្មករមួយចំនួនធំបានរត់ចែកផ្លូវគ្នា រហូតមកដល់ខេត្តត្រាង ក្នុងទឹកដីថៃ ដែលមានព្រំប្រទល់ជាប់ឡែម ខេត្តបាត់ដំបង។ ពេលចូលមកខេត្តត្រាង ថូន និងកម្មករមួយចំនួនតូចបានស្ម័គ្រចិត្តចូលបម្រើអង្គភាពនៅក្នុងខេត្តត្រាងបានប្រហែលកន្លះខែ ដោយសារតែគ្មានអាហារហូបចុកគ្រប់គ្រាន់ ថូន និងកម្មករផ្សេងទៀត ត្រូវបានអង្គភាពថៃដឹកបញ្ជូនចេញពីខេត្ត ត្រាង មកព្រំដែន ឡែម ខេត្តបាត់ដំបង ដោយប្រើរយៈពេល១ថ្ងៃ។ នៅពេលធ្វើដំណើរចូលមកដល់ច្រកព្រំដែន ឡែម ខេត្តបាត់ដំបង ថូន បានឃើញកងទ័ពខ្មែរក្រហម៥ទៅ៦នាក់មកចាំទទួល ហើយបាននាំ ថូន និងកម្មករផ្សេងទៀត មកចូលរួមជាមួយកងវរសេនាតូច ដែលគ្រប់គ្រងដោយ ឈឹម មន្នី។
នៅឆ្នាំ១៩៨០ ថូន និងកងវរសេនាតូចទាំងអស់ត្រូវបានផ្លាស់មកភ្នំម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមជាមួយកងដឹកជញ្ជូន ដែលគ្រប់គ្រងដោយ តា រ៉េន និង សូរ ហុង ប្រធានកងពល៤៥០។ បន្ទាប់មកទៀត សូរ ហុង បានផ្លាស់ចេញពីភ្នំម៉ាឡៃទៅភ្នំឆ័ត្រ ដោយឲ្យ តា ភាព មកគ្រប់គ្រងជំនួស។ ថូន បាននិយាយបន្តថា ពេលចេញដឹកជញ្ជូនម្ដងៗ ក្នុងមួយកងវរសេនាតូចដែលមានគ្នាប្រហែល២០០នាក់ ត្រូវបែងចែកជាពីរក្រុម ដើម្បីផ្លាស់ប្ដូរវេនគ្នា ដើម្បីដឹកជញ្ជូនសម្ភារយកទៅឲ្យកងទ័ពនៅតាមព្រំដែន និងតំបន់ផ្សេងៗ។ សម្រាប់ផ្នែកដឹកជញ្ជូនកងទ័ពបានយកដំរីចំនួន៥ក្បាលមកជួយដឹកជញ្ជូន ដើម្បីជួយសម្រួលកម្លាំងកងទ័ពចំនួន១០០នាក់ មានទាំងកម្លាំងមនុស្សស្រី និងមនុស្សប្រុស ។ សម្ភារត្រូវដឹកជញ្ជូនយកទៅឲ្យកងទ័ពនៅតាមព្រំដែនឬនៅតាមតំបន់ផ្សេងៗមានដូចជា គ្រាប់កាំភ្លើង អង្ករ និងម្ហូបអាហារ ដែលប្រទេសថៃផ្ដល់ជំនួយដល់ខ្មែរក្រហម។ អំឡុងពេល ថូន នៅកងដឹកជញ្ជូនគឺ ហូបចុកគ្រប់គ្រាន់ មិនសូវខ្វះខាតប៉ុន្មានទេ លុះត្រាតែមានឧបសគ្គតាមផ្លូវដូចជាខែវស្សាទឹកឡើងលិចផ្លូវមិនអាចបន្តដំណើរបាន ទើបកងដាច់បាយ ហើយត្រូវឲ្យហូបបបរ។
នៅឆ្នាំ១៩៨៥ កងទ័ពវៀតណាម និងកងទ័ពរដ្ឋាភិបាលកម្ពុជាបានប្រមូលកម្លាំងវាយចូលស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ខណៈពេលនោះ តា ភាព ដែលជាអ្នកគ្រប់គ្រងកងពល៤៥០ បានបញ្ជាឲ្យកងទ័ពទាំងអស់ប្រមូលកម្លាំង ដើម្បីទៅទប់ទល់ជាមួយកងទ័ពវៀតណាម និងកងទ័ពរដ្ឋាភិបាលកម្ពុជា ដោយកង ទ័ពទាំងពីរមានកម្លាំងច្រើនមិនអាចទប់ទល់បាន តា ភាព បញ្ជាឲ្យកងទ័ពទាំងអស់រត់គេចចេញពីស្រុកម៉ាឡៃភៀសខ្លួនចូលទឹកដីថៃ ដើម្បីលាក់ខ្លួន។ នៅដើមឆ្នាំ១៩៨៩ កងទ័ពវៀតណាមនិងកងទ័ពរដ្ឋាភិបាលកម្ពុជាបានដកកម្លាំងចេញពីស្រុកម៉ាឡៃ។ បន្ទាប់ពីឮដំណឹង ថូន និងកងទ័ពខ្មែរក្រហមដែលរស់នៅក្នុងទឹកដីថៃបានធ្វើដំណើរចេញពីជំរំ៨៥ ត្រឡប់មកទឹកដីខ្មែរវិញ ដោយធ្វើដំណើរឆ្លងកាត់ខ្សែព្រំដែនកម្ពុជា-ថៃ។ ពេលចូលមកដល់ព្រំប្រទល់ស្រុកម៉ាឡៃ ថូន និងកងទ័ពខ្មែរក្រហមជាច្រើនបានជួបការលំបាកជាខ្លាំង ដោយសារតែផ្លូវធ្វើដំណើរចូលមកស្រុកម៉ាឡៃសម្បូរទៅដោយមីន និងគ្រាប់មិនទាន់ផ្ទុះដែលបានបង្កប់ដោយខាងកងទ័ពវៀតណាមនិងកងទ័ពរដ្ឋាភិបាលកម្ពុជា។ បន្ទាប់ពីដោះមីនអស់គ្រួសារកងទ័ពដែលរស់នៅក្នុងដីថៃ បានត្រឡប់ចូលមករស់នៅកន្លែងដែលធ្លាប់រស់នៅពីមុនវិញ ហើយបានកាប់ឆ្ការព្រៃដើម្បីយកដីប្រកបរបរធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៩២ ថូន បានរៀបការជាមួយប្រពន្ធឈ្មោះ ពិ ភឿន ហើយប្រកបរបរអារឈើបន្តិចបន្តួចលក់ឲ្យថៃ ដើម្បីចិញ្ចឹមជីវិត។ នៅក្នុងឆ្នាំ១៩៩៣ ថូន បាននាំប្រពន្ធទៅលេងស្រុកកំណើតដែលស្ថិតនៅភូមិតានៃ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ហើយបានជួបតែបងប្អូន។ ចំណែកឪពុកម្ដាយត្រូវបានស្លាប់ពេលចេញទៅតស៊ូជាមួយកងទ័ពវៀតណាមក្នុងឆ្នាំ១៩៨៦។
នៅឆ្នាំ១៩៩៦ ថូន និងកងទ័ពខ្មែរក្រហមនៅស្រុកម៉ាឡៃបានផ្ដាច់ខ្លួនចូលរួមជាមួយរដ្ឋាភិបាល។ បន្ទាប់ពីដឹងដំណឹង តា ពុធ ដែលជាអ្នកគ្រប់គ្រងនៅស្រុកសំពៅលូន ខេត្តបាត់ដំបង បានបញ្ជាឲ្យកងទ័ពរៀបចំកម្លាំងដើម្បីវាយចូលស្រុកម៉ាឡៃ។ លុះធ្វើដំណើរមកដល់ព្រំប្រទល់ស្រុកម៉ាឡៃ តា ភាព ដែលជាអ្នកគ្រប់គ្រងស្រុកម៉ាឡៃ បានស្នើសុំ តា ពុធ ចចារ។ បន្ទាប់ពីធ្វើការពិភាក្សាគ្នារវាង តាភាព និង តា ពុធ ទើប តា ពុធ បានសម្រេចចិត្តផ្ដាច់ខ្លួនចូលរួមជាមួយកងទ័ពរដ្ឋាភិបាល។ កងទ័ពខ្មែរក្រហមដែលបានផ្ដាច់ខ្លួនភាគច្រើនរស់នៅភូមិថ្មី ភូមិកណ្ដាល និងភូមិវត្តចាប។ ថូន បាននិយាយបន្តទៀតថា បន្ទាប់ពីចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា ប្រជាជនដែលរស់នៅក្នុងស្រុកម៉ាឡៃមានការផ្លាស់ប្ដូរជាច្រើន ប្រជាជនអាចប្រកបរបរចិញ្ចឹមជីវិតបានធម្មតា និងផលដំណាំដែលប្រជាជនធ្វើបានមានឈ្មួញចូលទិញ។ ថូន និងគ្រួសារ បានបន្តរស់នៅស្រុកម៉ាឡៃដោយប្រកបរបរធ្វើស្រែ រហូតមកដល់សព្វថ្ងៃ៕
អត្ថបទដោយ ចាន់ ណារិទ្ធ
[1] មជ្ឈមណ្ឌលឯកសារកម្ពុជាសម្ភាសន៍ជាមួយ ឈ្មោះ តៅ ថូន ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១០ (BMI0044)។