តាត់ ប៊ុនសុង រំឭកពីបទពិសោធន៍នៅកងកុមារ ក្នុងរបបខ្មែរក្រហម

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្ញុំឈ្មោះ តាត់ ប៊ុនសុង[1] អាយុ៥៥ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ន នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឪពុកខ្ញុំឈ្មោះ តាត់ យិត និងម្ដាយឈ្មោះ អន សឹម ឪពុកម្ដាយខ្ញុំមានស្រុកកំណើត នៅស្រុកបាទី ខេត្តតាកែវ។ កាលនោះ សម្ដេចតាបានឲ្យប្រជាជនមករស់នៅតំបន់សម្បូរព្រៃ កាឡុង ដើម្បីការពារព្រំដែនកុំឲ្យប្រទេសជិតខាងឈ្លានពានយកទឹកដីរបស់យើង។ ពេលខ្ញុំមកដំបូងមានព្រៃច្រើន សម្ដេចតាបានចែកដីកាឡុង និងមានប្រាក់ខែ ឪពុកម្ដាយខ្ញុំ ចាប់ឆ្នោតបានដីនៅអូររុន ហើយផ្ទះដែលខ្ញុំរស់នៅសព្វថៃ្ងជាដីដែលសម្ដេចតាបានចែកឲ្យ។

ខ្ញុំកើតជំនាន់ឆ្នាំ១៩៧០ នៅពេលនោះមានការទម្លាក់គ្រាប់បែក។ ខ្ញុំមិនទាន់ដឹងក្ដីទេ។​ ខ្ញុំទើបដឹងក្តីនៅជំនាន់ខ្មែរក្រហម ហើយមានការជម្លៀសប្រជាជនចេញពីភូមិឲ្យទៅធ្វើការងារនៅតាមសហករណ៍តំបន់មានព្រៃ និងមានដីស្រែ ដែលអាចបង្កបង្កើនផលបាន។ ខ្ញុំរស់នៅកងកុមារ ហើយខ្ញុំរៀនបានអក្សរបន្តិចបន្តួច។ ខ្ញុំត្រូវធ្វើការងារចិញ្ច្រាំស្លឹកទន្ទ្រានខែត្រធ្វើជាជីដោយលាយជាមួយអាចម៌គោ-ក្របី។

ខ្ញុំរស់នៅកងកុមារ ដែលខ្មែរក្រហមរៀបចំគឺមានពីរផ្នែក កុមារនៅតូចៗអាចមកដេកជាមួយឪពុកម្ដាយបាន និងកុមារធំត្រូវដេកនៅកងកុមារ។ ខ្ញុំនៅតូចមកផ្ទះវិញ មិនឆ្ងាយទេពីកងកុមារមកផ្ទះរបស់ខ្ញុំ។ ខ្ញុំត្រូវដើរទៅធ្វើការដោយខ្លួនឯង ខ្មែរក្រហមប្រើឲ្យធ្វើអ្វីត្រូវតែធ្វើ។ នៅពេលព្រឹក ខ្ញុំមិនមានអ្វីហូបទេ  ពេលថ្ងៃត្រង់ហូបបបរ។ ខ្ញុំត្រូវទៅរកអុស ចិញ្ច្រាំដើមទន្ទ្រានខែត្រធ្វើជី។ ខ្ញុំគ្មានបងប្អូនបង្កើតស្លាប់ក្នុងរបបខ្មែរក្រហមទេ ប៉ុន្តែពូមីងខាងឪពុកម្ដាយមានស្លាប់ក្នុងរបបខ្មែរក្រហម។

ខ្ញុំមានបងប្អូនចំនួន៥នាក់ ខ្ញុំជាកូនទី១ ក្នុងគ្រួសារ។ កន្លែងសហករណ៍ខ្ញុំរស់នៅគឺក្នុងព្រៃជ្រៅ​ ឆ្ងាយ​ៗ ដូចគុកចំបក់ នៅខាងនោះផ្លូវតាមព្រៃ។

នៅឆ្នាំ១៩៧៩ ខ្ញុំត្រឡប់មកផ្ទះ។ ឪពុកម្ដាយខ្ញុំប្រកបរបរធ្វើស្រែចម្ការ។ ខ្ញុំ បានចូលរៀននៅតាមផ្ទះ​ប្រជាជន ពីព្រោះគ្រានោះមិនទាន់មានសាលារៀនទេ។​ ខ្ញុំរៀនបានត្រឹមថ្នាក់ទី៨ចាស់ ខ្ញុំឈប់រៀនដោយសារគ្មានកន្លែងស្នាក់នៅឆ្ងាយ ព្រោះពេលនោះអនុវិទ្យាល័យនៅទីរួមខេត្ត និងជីវភាពគ្រួសារក្រលំបាក​ដូច្នេះខ្ញុំឈប់រៀនដើម្បីជួយធ្វើការឪពុកម្ដាយ។ នៅឆ្នាំ១៩៩៥ ខ្ញុំបានរៀបការជាមួយប្រពន្ធឈ្មោះ លី ហួយ  និងមានកូនចំនួន៥នាក់។

បើរំឭកពីជីវិតឆ្លងកាត់សម័យសង្រ្គាមវិញ ខ្ញុំពិតជាមានការលំបាកយ៉ាងខ្លាំង។ កាលនោះខ្ញុំនៅក្មេង។ នៅឆ្នាំ១៩៧៩ ក្រោយរបបខ្មែរក្រហមដួលរំលំខ្ញុំត្រូវដើរដោយជើងទទេទៅព្រំដែន។ នៅពេលមានពិធីបុណ្យទានក្នុងពេលសង្រ្គាមមិនបានប្រារព្ធឲ្យសមរម្យទៅតាមប្រពៃណីទេជាពិសេសពិធីបុណ្យភ្ជុំបិណ្ឌ។

តាមព្រះពុទ្ធសាសនាពិធីបុណ្យភ្ជុំបិណ្ឌ ធ្វើឡើងដើម្បីឧទិ្ទសកុសលជូនដូនតា, សាច់ញាតិ និង វីរកងទ័ពយើង ដែលបានពលីជីវិតដោយសារសង្រ្គាម។ ខ្ញុំយល់ឃើញថាការពលីរបស់វីរកងទ័ព និងការតស៊ូទ្រាំការលំបាកដើម្បីសេចក្ដីសុខរបស់ប្រជាជននៅជួរខាងក្រោយ​។ ខ្ញុំមានតែពាក្យ «ឧទ្ទិសជូនដល់វីរកងទ័ពដែលបានពលីជីវិតដើម្បីការពារមាតុភូមិជាតិយើង»។ ខ្ញុំមានបងប្អូនធ្វើជាទាហាននៅខេត្តស្ទឹងត្រែង។ ប្រជាជនដែលគ្មានគ្រួសារជាកងទ័ព គឺបានជួយរំលែកទុក្ខ និងដឹងគុណវីរកងទ័ពដែលបានពលីដើម្បីប្រទេសជាតិ និងសេចក្ដីសុខរបស់ប្រជាជនខ្មែរ៕

អត្ថបទដោយ លី ដេវីត


[1] បទសម្ភាសន៍ជាមួយ តាត់ ប៊ុនសុង នៅស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង នៅឆ្នាំ២០២៥; បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin