តូច យឺន ទៅធ្វើនេសាទត្រី ដើម្បីផ្គត់ផ្គង់ក្រសួងពាណិជ្ជកម្ម

ទន្លេសាប គឺជាទីកន្លែងជម្រកត្រីគ្រប់ប្រភេទ ហើយក៏ជាជម្រកសម្រាប់មនុស្ស ដូចជាការសង់ផ្ទះបណ្តែតទឹក។ បន្ទាប់ពីរបប លន់ នល់ ដួលរលំ ខ្មែរក្រហមបានឡើងកាន់កាប់អំណាចទាំងស្រុង។ នៅចន្លោះឆ្នាំ១៩៧៥-១៩៧៩ ខ្មែរក្រហមចាត់ទុកទន្លេសាបជាកន្លែងមួយដ៏សំខាន់។ ប្រជាជនមួយចំនួនត្រូវបានអង្គការខ្មែរក្រហមឱ្យទៅនេសាទត្រីតាមដងទន្លេសាប ដើម្បីផ្គត់ផ្គង់តាមសហករណ៍និងក្រសួងនានាដែលបានកំណត់។ ត្រីរកបានរាប់តោន ប៉ុន្តែត្រីទាំងនោះមិនអាចផ្គត់ផ្គង់ដល់សហករណ៍ និងក្រសួងបានឡើយ។
តូច យឺន[1] ភេទប្រុស អាយុ ៥៣ឆ្នាំ(បច្ចុប្បន្នអាយុ៧៤ឆ្នាំ) មានស្រុកកំណើតនៅភូមិត្រើយវត្តអង្គរ ឃុំអង្គរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិតារាម ឃុំឃុំព្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ប្រពន្ធឈ្មោះ អៀង សុផាត អាយុ ៤៩ឆ្នាំ (បច្ចុប្បន្នអាយុ៧០ឆ្នាំ) មានកូនចំនួនពីរនាក់(ប្រុស២) ឪពុកឈ្មោះ រ៉ី ស្លាប់ក្នុងសម័យខ្មែរក្រហម ដោយសារជំងឺ ចំណែកម្តាយឈ្មោះ មឿន ស្លាប់ក្រោយសម័យខ្មែរក្រហម។ ខ្ញុំមានបងប្អូនចំនួន៥នាក់ (ស្រី២) ខ្ញុំកូនទីបី។
កាលពីកុមារខ្ញុំបានចូលរៀនកាលពីសង្គមចាស់ត្រឹមថ្នាក់ទី៧ នៅសាលាគ ខ្ញុំឈប់រៀននៅឆ្នាំ១៩៦៧ ដោយសារសាលាតម្រូវឱ្យប្រលងចូលសាលាអូដារ ប៉ុន្តែខ្ញុំអត់មានលុយបង់សាលាទើបឈប់រៀន។ បន្ទាប់ពីឈប់រៀនខ្ញុំទៅធ្វើស្រែជាមួយម្តាយឪពុក។
នៅឆ្នាំ១៩៧៤ អំឡុងពេលខ្ញុំកំពុងធ្វើការងារនៅស្ទឹងអូរអក្ខរា។ ខាងថ្នាក់លើបានចុះមកកត់ឈ្មោះអ្នកទាំងអស់គ្នាដែលកំពុងធ្វើការនៅស្ទឹងអូរអក្ខរា ទាំងកណ្តាលថ្ងៃត្រង់។ កាលពីមុនហៅថាសង្កាត់ព្រែកគ។ ម្តាយឪពុកខ្ញុំអត់បានដឹងថាខ្ញុំទៅធ្វើជាយោធាទេ ព្រោះពេលវេលាលឿនពេក ខាងថ្នាក់លើទៅកត់ឈ្មោះពេលថ្ងៃត្រង់ ដល់ពេលល្ងាចខ្ញុំត្រូវចាកចេញភ្លាម។ បញ្ជូនខ្ញុំទៅហាត់យោធានៅព្រែកស្រឡៅ ក្នុងស្រុកព្រៃឈរ។ ខ្ញុំចូលហាត់យោធាបានចំនួនកន្លះខែ ក៏បញ្ជូនទៅផ្នែកភស្តុភារក្រោយវត្តស្រុកព្រៃឈរ។ ខ្ញុំត្រូវបានផ្លាស់ប្តូរទៅកាន់កំពង់ថ្ម ភូមិតាភោក ប្រចាំកន្លែងភស្តុភារសម្រាប់ដឹកជញ្ជូនបន្លែ ត្រី សាច់សម្រាប់ធ្វើម្ហូប។ រហូតខ្ញុំគ្រុនចាញ់ ចូលដេកពេទ្យអូកាវ៉ាន់ ខេត្តកំពង់ធំរយៈពេល៦ខែទើបជាសះស្បើយ។
ខ្មែរក្រហមវាយបែកទីក្រុងភ្នំពេញ ឆ្នាំ១៩៧៥ ថ្នាក់លើបានបញ្ជូនខ្ញុំទៅក្រុងភ្នំពេញភ្លាម។ ថ្នាក់លើចាត់តាំងខ្ញុំឱ្យរកត្រីចាប់តាំងពី ឆ្នាំ១៩៧៥ ដល់១៩៧៦។ ក្រសួងពាណិជ្ជកម្មរដ្ឋបញ្ជូនខ្ញុំទៅនេសាទត្រី នៅច្រាំងចំរេះ កន្លែងស្នាក់នៅរោងអាឈើច្រាំងចំរេះ រកនេសាទត្រីចំគីឡូលេខ៩។ អំឡុងពេលទៅរកត្រីមានការចែកជាក្រុមៗ នៅក្នុងមួយក្រុមមានគ្នាចំនួន១២នាក់។ ការនេសាទត្រីសម្រាប់ផ្គត់ផ្គង់ក្រសួងនៅទីក្រុងភ្នំពេញ។ ក្នុងចំណោមក្រុមខ្ញុំមានគ្នាចំនួន១២នាក់ បែងចែកជាពីរវេន គឺរកត្រីពេលថ្ងៃ និងពេលយប់។ ត្រីជំនាន់នោះសម្បូរខ្លាំងណាស់ កន្លែងណាក៏មានត្រីដែរ ប៉ុន្តែកន្លែងច្រាំងចំរេះត្រីសំបូរជាងគេ ហើយត្រីមានគ្រប់ប្រភេទ។ ត្រីដែលរកបានច្រើនជាងគេ នៅក្នុងខែកត្តិក ខែអស្សុជ ខែបុស្ស យើងតែងហៅថារដូវធ្លាក់ខ្យល់ ក្នុងរយៈពេលបីខែនេះត្រីមិនដឹងមកពីខាងណាទេ។ នៅក្នុងមួយថ្ងៃរកត្រីបានយ៉ាងតិចចំនួន១-២តោន។ ចំពោះអាហារហូបចុកមិនពិបាកទេ ឱ្យតែខ្ញុំឃ្លានហូបពេលណាក៏បាន។ កាលពីជំនាន់ខ្ញុំនេសាទត្រីភាគច្រើនប្រើសំណាញ់ អួន មង វិធីសាស្ត្ររកត្រីបែបបុរាណ។ ហេតុនេះត្រីមិនអាចផុតពូជទេ ណាមួយការរកត្រីជំនាន់ខ្មែរក្រហម គឺសម្រុកនេសាទខ្លាំងរយៈពេលបីខែ គឺអំឡុងពេលត្រីកំពុងចុះតាមទឹក។ ចំណែកអ្នកដែលអាចនេសាទត្រីបានទាល់តែអង្គការជាអ្នកចាត់តាំង។ ខ្មែរក្រហមតែងនិយាយថា មិត្តណាមិនស្តាប់ឬធ្វើតាមអង្គការ គឺជាខ្មាំង។ អ្នកទាំងនោះត្រូវបានយកទៅអប់រំឬកសាង។ អ្នកខ្លះអាចត្រឡប់មកកន្លែងវិញឬបាត់តែម្តង។ ណាមួយមនុស្សមានចំនួនតិច ហើយកន្លែងនេសាទត្រីខ្មែរក្រហមជាអ្នកកំណត់។
ឆ្នាំ១៩៧៧ បន្ទាប់រយៈពេលបីខែត្រីក៏ខ្សត់ខ្សោយ អង្គភាពបានដកកម្លាំងប្រុសៗ រួមទាំងខ្ញុំពីកន្លែងនេសាទត្រី ទៅជួយលីសែងសំឡីគនៅផ្សារចាស់ ក្បែរសាសាលាក្រុង និងនៅវត្តទួលទំពូង។ ខែផល្គុន ខែចេត្រ ជាក្តៅខ្លាំង ផ្នែកនេសាទត្រីមិនសូវមានការងារធ្វើ បានជាអង្គភាពបញ្ជូនខ្ញុំទៅរោងចក្របកគ។ ក្រសួងពាណិជ្ជកម្មបកសំឡីគ មិនតម្រូវឱ្យបុរសនិងស្រី្តស្នាក់នៅជាមួយគ្នាទេ គឺស្នាក់នៅដាច់ឡែកពីគ្នា។ កន្លែងខ្ញុំស្នាក់នៅវត្តទួលទំពូង ជាមួយប្រុសៗចំនួន២០នាក់ជាង។ បន្ទាប់ពីបកសំឡីគបានច្រើន ខាងពាណិជ្ជកម្មហៅឡានមកដឹងសំឡីគទៅកាន់រោងចក្រនៅតាខ្មៅ។ ខ្ញុំនិងកម្លាំងប្រុសៗជាអ្នកលីសែងដាក់លើឡាន រីឯស្រីៗគ្រាន់តែបកសំបកគ និងប្រមូលដាក់ក្នុងបាវ។ ការហូបចុកពេលព្រឹកទទួលបាននំប៉័ងមួយកំណាត់ រហូតដល់ពេលល្ងាចបានហូបបាយ។
នៅក្នុងឆ្នាំ១៩៧៨ យឺន ត្រូវបានផ្លាស់ចេញពីរោងចក្របកគនៅតាខ្មៅ ឱ្យត្រឡប់ទៅនេសាទត្រីនៅច្រាំងចំរេះបន្ត។ ថ្ងៃមួយមានកម្មាភិបាលខ្មែរក្រហមឈ្មោះ ធុច និងមានកម្លាំងជាច្រើននាក់ មកទស្សនកិច្ចកន្លែងខ្ញុំនេសាទត្រី។ ខ្ញុំមិនដឹងថានិយាយអ្វីខ្លះទេ គ្រាន់តែដឹងថាឈ្មោះ ធុច មកទស្សនកិច្ច។ ក្រោយពីទស្សនកិច្ចចប់កម្លាំងខ្មែរក្រហមក៏ចាកចេញអស់។ ចំណែកខ្ញុំចុះទៅទន្លេរកត្រីធម្មតា។ ក្នុងឆ្នាំដដែលនេះ ខាងក្រសួងពាណិជ្ជកម្មលែងដឹងស្បៀងអាហារដូចមុន ជាពិសេសស្រូវអង្កសម្រាប់អ្នកនេសាទ។ ចាប់ពីពេលនោះមកក្រុមខ្ញុំទាំង១២នាក់ត្រូវអត់បាយជាច្រើនថ្ងៃ។ ពីមួយថ្ងៃទៅមួយថ្ងៃហូបតែត្រីគ្មានបាយ ធ្វើឱ្យក្រពះមិនស្រួល។ ខ្ញុំចាប់ផ្តើមរាករូសស្ទើរស្លាប់ ទម្រាំខ្ញុំបានធូរស្បើយប្រហែលបីថ្ងៃ។
ក្នុងខែមករា ឆ្នាំ១៩៧៩ ខ្ញុំត្រូបានផ្លាស់ពីច្រាំងចំរេះមកនេសាទនៅមុខព្រះបរមរាជវាំង។ ថ្ងៃរំដោះទីក្រុងភ្នំពេញបាន ខ្ញុំរត់ទៅទិសខាងកើត ដោយសារតែមានការភ័យខ្លាចទើបរកផ្លូវទៅផ្ទះមិនឃើញ។ ណាមួយខ្ញុំបានឮប្រជាជននិយាយថា ខ្មែរក្រហមនឹងកៀរទៅភ្នំឱរ៉ាល់។ ឮបែបនេះភ័យមិនចង់បានអ្វីទេ គឺសំដៅរត់រកទៅផ្ទះភ្លាម។ ចំណែក មានមងរាប់បាវបានចោលកន្លែងខ្ញុំនេសាទ ប្រសិនបើខ្ញុំយកមងនោះតាមខ្លួន ប្រហែលបានលុយច្រើន ព្រោះជំនាន់នោះមងមួយត្បូង ស្មើនិងមាស១ជី ហើយមង មានតម្លៃខ្លាំងជាងរបស់របរមួយចំនួន។ ពេលត្រឡប់ដល់ផ្ទះបានស្តាយក្រោយ។
ក្រឡេកមកចាប់អារម្មណ៍ពីការនេសាទត្រីតាមដងទន្លេសាបពេលបច្ចុប្បន្ននេះ គឺមានភាពខុសគ្នាឆ្ងាយ គឺការប្រើប្រាស់ឧបករណ៍នេសាទ ដូចជាប្រើប្រាស់ឧបករណ៍អគ្គិសនី ប្រើប្រាស់ថ្នាំពុល ដែលបណ្តាលឱ្យត្រីនៅតាមដងទន្លេសាបងាយនឹងបាត់បង់ឬផុតពូជត្រី។ ការនេសាទខុសច្បាស់នៅតែមាន ទោះបីក្រសួងដាក់ចេញវិធានការ ស្តីពីការនេសាទត្រីខុសច្បាប់៕
អត្ថបទដោយ៖ ឈុំ រ៉ា
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, សម្ភាសន៍ដោយ ឡុង ដានី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០០៣ TKCD-Cam3996, ឯកសារលេខ KCI0499។