ការរៀបរាប់ជនភៀសសឹកមកពីខេត្តឧត្ដរមានជ័យក្នុងជម្លោះព្រំដែនកម្ពុជា និងថៃ

បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម សម្ភាសន៍ជាមួយ តាយ ជួន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

ខ្ញុំឈ្មោះ តាយ ជួន  អាយុ ៤៨ ឆ្នាំ(កើតនៅឆ្នាំ ១៩៧៧) កើតភូមិឃ្លៃ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។[1] ខ្ញុំរៀបការប្ដីឈ្មោះ ហាក់ ប៊ុនណា និងមានកូនប្រុសស្រីចំនួន៣នាក់។  ឪពុកខ្ញុំឈ្មោះ ប៉ូល សារឿន និងម្ដាយឈ្មោះ តាយ យិត  ហើយមានបងប្អូនប្រុសស្រីចំនួន២នាក់ ខ្ញុំជាកូនទី២ ក្នុងគ្រួសារ។ ខ្ញុំបានរៀនសូត្រត្រឹមថ្នាក់ទី៦ ដោយសារឪពុកស្លាប់នៅរបបខ្មែរក្រហម ហើយម្ដាយខ្ញុំបានស្លាប់ដែល តាំងពីខ្ញុំមានអាយុ១៣ឆ្នាំ បានបងប្អូនជីដូនមួយខ្ញុំយកមកចិញ្ចឹមនៅស្ទឹងជីនិត។

បច្ចុប្បន្នខ្ញុំរស់នៅភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។  នៅពេលមានជម្លោះព្រំដែនកម្ពុជា និងថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ខ្ញុំបានរត់មកស្នាក់នៅក្នុងខេត្តសៀមរាប រយៈពេលចំនួន ៣ យប់។ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ខ្ញុំបានត្រឡប់ទៅផ្ទះវិញ។ នៅក្នុងជម្លោះព្រំដែនកម្ពុជា និងថៃ មានការផ្ទុះអាវុធតាមបណ្ដាខេត្តមួយចំនួននៅតាមព្រំដែនមានដូចជា ឧត្តរមានជ័យ, ខេត្តព្រះវិហារ  និងខេត្តពោធិ៍សាត់។ ខ្ញុំបានភៀសខ្លួនម្ដងទៀត ដោយសារមានការបាញ់ពីកងទ័ពថៃម្ដងទៀត ខ្ញុំរត់ចូលទៅក្នុងកន្លែងភៀសសឹក សាលារៀនអណ្ដូងបី (ឃ្លាំងទិញដំឡូងលឹម ហេន) ស្នាក់​នៅមួយយប់ ដែលស្ថិតនៅភូមិអូរតាមែង ដែលមានជនភៀសសឹកជាច្រើននៅក្នុងស្រុកអន្លង់វែង។ នៅក្នុងពេលនោះ រាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងសប្បុរសជនមានការចែកអំណោយសម្រាប់ជនភៀសសឹកចំនួន៨០០គ្រួសារ។ នៅក្នុងភូមិ, ឃុំខ្ញុំ មិនមានការខូចទ្រព្យសម្បត្តិទេ។  មានពាក្យចចាមអារ៉ាមគេនិយាយថា មានការទម្លាក់គ្រាប់បែកមួយគ្រាប់នៅបន្ទាយទាហាន៤១ ប៉ុន្តែមិនផ្ទុះ នៅក្នុងភូមិអូរស្រឡៅស្រោង។ បន្ទាយនោះមានការសាងសង់សម្រាប់ទាហានហ្វឹកហ្វឺន មានលេនដ្ឋាន និងកន្លែងស្នាក់នៅយ៉ាងស្អាត។ ប្រជាជនរស់នៅស្រុកអន្លង់វែងមិនមានបាត់បង់ជីវិតទេ ប៉ុន្តែកងទ័ពជួរមុខត្រូវបាត់បង់ជីវិតម្នាក់នៅក្នុងស្រុកអន្លង់វែងនៅភូមិដីថ្មី។ នៅក្នុងភូមិសាស្ត្រស្រុកអន្លង់វែង ដែលមានតែច្រកទ្វារអន្ដរជាតិជាំស្រងាំ និងមានប្រាសាទតាក្របី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ។ តាមការយល់ឃើញរបស់ខ្ញុំ ជម្លោះព្រំដែនកម្ពុជា និងថៃ បានប៉ះពាល់ដល់ សេដ្ឋកិច្ច ការរស់នៅ និងជីវភាពប្រចាំថ្ងៃ ត្រូវរត់ចេញពីផ្ទះសម្បែងចុះឡើងមិនបានធ្វើការរកស៊ីអ្វីទេ។ ចំពោះការចាប់ឈ្លើយសឹកទាហានខ្មែរ ២០នាក់ ប្រទេសថៃបានបញ្ជូនសាកសពម្នាក់ និងដោះលែងទាហានកម្ពុជា២នាក់ ដែលមានពិការម្នាក់ និងបាត់បង់សតិអារម្មណ៍។

នៅពេលមានសង្រ្គាមជាមួយប្រទេសថៃដែលមានរយៈពេល៥ថ្ងៃ បានធ្វើឲ្យកងទ័ពកម្ពុជា, ប្រជាជនបាត់បង់ជីវិត និងរងរបួសជាច្រើននាក់។ លើសពីនេះទៅទៀត ប្រទេសកម្ពុជាទទួលរងការបំផ្លិចបំផ្លាញពីកងទ័ពថៃដោយប្រើអាវុធ, យន្ដហោះចម្បាំង និងទម្លាក់គ្រាប់បែក ដែលបណ្ដាលខូចខាតទ្រព្យសម្បត្តិជាតិ, ប្រាសាទព្រះវិហារ, វត្តអារាម, សាលារៀន និងលំនៅឋានប្រជាជន។ ប្រជាជនបានចាកចេញពីផ្ទះសំបែង ដើម្បីរកកន្លែងសុវត្ថិភាពស្នាក់នៅដែលរាជរដ្ឋាភិបាលបានរៀបចំ និងចៀសវាងពីគ្រោះថ្នាក់ដោយសង្រ្គាម។[2]

ក្នុងនាមជាប្រជាជនខ្មែរយើងទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសូមគោរពដល់វិញ្ញាណក្ខន្ធវីរៈបុរសកងទ័ពទាំងអស់ ដែលបានពលីបូជាជីវិត, សាច់ស្រស់, ឈាមស្រស់ ដើម្បីជាតិ មាតុភូមិ និងកូនចៅជំនាន់ក្រោយ ចងចាំគោរពដឹងគុណនូវវីរភាពដ៏អស្ចារ្យមួយជារៀងរហូតទៅ។ សូម ថ្កោលទោសយ៉ាងដាច់អហង្កា និងសូមឲ្យតុលាជាតិ និងអន្ដរជាតិជួយដោះស្រាយ ចំពោះការចង់បាន និងការឈ្លានពានពីសំណាក់ប្រទេសថៃក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។

អត្ថបទដោយ ទូច វណ្ណេត


[1] បទសម្ភាសន៍ តាយ ជួន ជនភៀសសឹក ខេត្តឧត្ដរមានជ័យ

[2] ឯកសារដកស្រង់ពីអ្នកនាំពាក្យក្រសួងការពារជាតិ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin