ខ្មែរក្រហម បានចាប់ប្អូនខ្ញុំយកទៅធ្វើទាហាន

ប្រភពរូបថត៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា (រូបតំណាង)

ខ្ញុំឈ្មោះ ទៀង អៀន អាយុ៧១ ឆ្នាំ។[1] ខ្ញុំមានស្រុកកំណើតនៅ ឃុំកំពង់ថ្ម ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឪពុករបស់ខ្ញុំឈ្មោះ ទៀង កុក ចំណែកម្តាយរបស់ខ្ញុំឈ្មោះ អ៊រ អ៊ឹម។ ខ្ញុំមានបងប្អូនចំនួន៨ នាក់ ក្នុងនៅរស់តែ៤ នាក់ទេ រួមមានស្រី១ និងប្រុស៣ ហើយប្អូនៗចំនួន៤នាក់ទៀតបានស្លាប់។ ខ្ញុំជាកូនច្បងនៅក្នុងគ្រួសារ។ ប្តីរបស់ខ្ញុំឈ្មោះ ហ៊ុល ផឹន បានបែកបាក់គ្នាតាំងពីឆ្នាំ ១៩៨០ មកម្ល៉េះ។ ខ្ញុំមានកូនចំនួន២ នាក់ មានឈ្មោះ ហ៊ុល សុភ័ណ្ឌ ភេទប្រុស និងឈ្មោះ ហ៊ុល សុខអ៊ឹម ភេទស្រី។

ខ្ញុំមករស់នៅបុរីអូរស្វាយតាំងពីឆ្នាំ១៩៦៦ មកម្ល៉េះ។ ខ្ញុំមកតាមរយៈការចាត់តាំងរបស់សម្តេចព្រះ នរោត្តម សីហនុ ដែលប្រកាសឲ្យប្រជាជនណា ដែលមានបំណងចង់មករស់នៅទីនេះ។ ឪពុកម្តាយរបស់ខ្ញុំក៏បានស្ម័គ្រចិត្តមករស់នៅតំបន់បុរីអូរស្វាយ។ មុនពេលគ្រួសារខ្ញុំ​មកដល់ ខ្ញុំមានអ៊ំម្នាក់ឈ្មោះ ទៀង ហែម បានមករស់នៅតំបន់នេះមុន។ ប្រជាជនណា ដែលបានមករស់នៅតំបន់អូរស្វាយ ទទួលបាន ដីភូមិ, ផ្ទះកាឡុង និងដីស្រែចំនួន៥ ហិចតា។ មកដល់បុរីអូរស្វាយដំបូង ខ្ញុំបានឃើញហេដ្ឋារចនាសម័្ពន្ធដែលជាស្នាព្រះហស្ថរបស់សម្តេចព្រះ នរោត្តម សីហនុ ដែលមានដូចជា ស្តូប, បន្ទាយទាហាន, សាលារៀន,​  មន្ទីរពេទ្យ និងផ្ទះកាឡុង។ មូលហេតុដែលសម្តេចព្រះ នរោត្តម សីហនុ ចាត់តាំងប្រជាជនឲ្យមករស់នៅតំបន់នេះ ព្រោះព្រះអង្គបារម្ភថាឡាវវាទទីយកដីនៅតាមព្រំដែន។ ព្រះអង្គចាត់តាំងប្រជាជនឲ្យមករស់នៅធ្វើស្រែចម្ការ និងទទួលបានប្រាក់ខែថែមទៀតផង។ ដូច្នេះ ប្រជានជនមកពីគ្រប់ស្រុកគ្រប់ខេត្ត បានរើមករស់នៅតំបន់អូរស្វាយនេះ។

ក្រោយពីវត្តមាននៃរដ្ឋប្រហារបង្កឡើង​ដោយ លន់ នល់ នៅឆ្នាំ១៩៧០ តំបន់នេះមានការទម្លាក់គ្រាប់បែក បណ្ដាលឲ្យការរស់នៅរបស់ប្រជាជនប្រឈមនឹងផលពិបាកជាច្រើន។ មន្ទីរពេទ្យ និងបន្ទាយទាហានជាច្រើន ត្រូវទទួលរងការទម្លាក់គ្រាប់បែកកម្ទេច។ ខ្ញុំបានឃើញទិដ្ឋភាពទម្លាក់គ្រាប់បែកដោយផ្ទាល់ភ្នែក។ គ្រួសារខ្ញុំនិងប្រជាជន បាននាំគ្នារត់ទៅពួននៅក្នុងត្រង់សេរ។ ប្រជាជនមានភាពភ័យខ្លាចជាខ្លាំង និងមិនដែលហ៊ានចេញទៅណាមកណា ដោយសំងំនៅតែក្នុងត្រង់សេរ។

ពេលរបបខ្មែរក្រហមចូលមកដល់នៅក្នុងឆ្នាំ​១៩៧៥ ក៏ចាប់ផ្តើមមានជាការហូបចុករួម និងរស់នៅរួម។ ខ្មែរក្រហមបានបញ្ជូនប្រជាជនទៅតាមសហករណ៍ ដោយចាត់តាំងឲ្យធ្វើស្រែចម្ការ សាមគ្គីរួម និងលែងមានជាក្រដាសប្រាក់សម្រាប់ប្រើប្រាស់ទៀត។ ពេលខ្មែរក្រហមចូលមក ប្រជាជនត្រូវបានជម្លៀសឲ្យចេញទៅក្រៅភូមិរហូតទៅដល់ត្រពាំងទា។ ចំណែកខ្ញុំវិញ ខ្មែរក្រហមបានជម្លៀសនិងឲ្យធ្វើការងារក្នុងកងចល័តនៅឯខេត្តរតនគិរី។ ខ្ញុំ​ត្រូវធ្វើការនៅតាមមន្ទីរបង្កបង្កើនផល ដោយមានដាំពោត, សណ្តែក និងកប្បាស ព្រមទាំងចៀរជ័រកៅស៊ូជាដើម។ ប្រជាជនណា ដែលមិនស្តាប់បង្គាប់ ខ្មែរក្រហមនិងប្រើអំពើហិង្សាទៅលើប្រជាជននោះ ដោយយកទៅសម្លាប់ចោលតែម្ដង។ ខ្ញុំមិនហ៊ានប្រឆាំងនឹងអង្គការឡើយ។ អង្គការប្រើឲ្យធ្វើអ្វី ខ្ញុំត្រូវតែធ្វើដោយមិនហ៊ានតវ៉ាអ្វីទាំងអស់។

ចំពោះការបរិភោគវិញ ប្រជាជនត្រូវបរិភោគរួម ដោយអង្ករ ២៥កំប៉ុងត្រូវ​ដាំលាយជាមួយដំឡូង និងពោត។ មនុស្សមួយសហករណ៍ ត្រូវចែករបបអាហានេះជាមួយគ្នា។​ ខ្ញុំបានឃើញអង្គការធ្វើទារុណកម្មលើប្រជាជន ដោយយកប្រជាជនទៅដាក់គុកដាក់ច្រវាក់។ ពេលខ្លះអង្គការយកប្រជាជនទៅវាយសម្លាប់ចោលតែម្ដង។ ពេលខ្លះទៀត អង្គការបានចាប់អ្នកដែលបានធ្វើខុស យកទៅដាក់ឡានរួច ដឹកឡើងទៅលើភ្នំ ហើយធាក់ទម្លាក់ចូលទៅក្នុងជ្រោះ។ ប្អូនប្រុសរបស់ខ្ញុំត្រូវជាកូនទី២ ក្នុងគ្រួសារ ត្រូវបានបាត់ខ្លួន ដោយសារតែអង្គការចាប់បង្ខំឲ្យទៅធ្វើទ័ពច្បាំងជាមួយវៀតណាម ដែលខ្ញុំ​មិនដែលដឹងថាគាត់ស្លាប់ឬរស់ទេ។ គាត់បានបាត់ដំណឹងរហូតមកទល់សព្វថ្ងៃនេះ។ ប្អូនប្រុសរបស់ខ្ញុំ​ដែលបាត់ខ្លួននោះមានឈ្មោះទៀង កេង។

នៅរបបខ្មែរក្រហមគ្មានអ្វីធ្វើឲ្យខ្ញុំសប្បាយចិត្តឡើយ មានតែការព្រួយបារម្ភជារៀងរាល់ថ្ងៃ។ ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំអាចត្រឹមតែដេកបន់ស្រន់ សូមឲ្យរួចផុតពីរបបនេះប៉ុណ្ណោះ។ នៅក្នុងរដូវបុណ្យចូលឆ្នាំ អង្គការក៏បានឲ្យយើងឈប់សម្រាក់មួយថ្ងៃដែរ។ ជាការអបអរ អង្គការមានរៀបចំលេង របាំប្រជាប្រិយ បោះឈូង។ ប្រជាជននាំគ្នាលេងទាំងភិតភ័យ ក្នុងសម្លៀកបំពាក់ឈុតខ្មៅ និងគ្មានវត្តមានព្រះសង្ឃនោះឡើយ។ បើសិនជាប្រជាជនណា មិនចូលរួមលេងក្នុងពិធីបុណ្យចូលឆ្នាំទេ អង្គការនិងយកទៅកសាងជាមិនខាន។ រឿងដែលខ្ញុំនឹកឃើញមិនដែលភ្លេចមកដល់បច្ចុប្បន្ននេះគឺ បងប្អូនខ្ញុំត្រូវបានខ្មែរក្រហមយកទៅធ្វើជាទាហាន ហើយខ្ញុំមិនដឹងថាពេលនេះ ប្អូនរបស់ខ្ញុំស្លាប់ ឬរស់ឡើយ។

នៅឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយផ្ដួលរលំរបបខ្មែរក្រហម រំដោះប្រទេសកម្ពុជា និងសង្គ្រោះប្រជាជន។[2] ប្រជាជនក៏នាំគ្នារត់ពីខេត្តរតនគិរីទៅដល់ខេត្តព្រះវិហារ ហួសទៅដល់ភ្នំដងរែក។ ក្រោយមក ប្រជាជនក៏បានជួបនឹងទាហានវៀតណាម។ ទាហានវៀតណាមបានប្រកាសប្រាប់ថា៖ “បងប្អូននៅស្រុកណា អាចនាំគ្នាទៅស្រុកកំណើតរៀងៗខ្លួនវិញ។” វៀតណាមបានជូនខ្ញុំមកដល់ខេត្តស្ទឹងត្រែងវិញ។បច្ចុប្បន្ននេះ ខ្ញុំមានជំងឺក្រពះពោះវៀននិងជំងឺផ្សេងៗទៀតជាប្រចាំ ដែលបណ្ដាលឲ្យខ្ញុំពេលខ្លះក៏ឈឺពេលខ្លះក៏ជា។

អត្ថបទដោយ ស្រេង លីដា


[1] បទសម្ភាសន៍ «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ជាមួយ ទៀង អៀន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង ឆ្នាំ២០២៤, សម្ភាសដោយ ស្រេង លីដា, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិឡាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ៖ អនុគណៈកម្មការមុខវិជ្ជឯកទេសប្រវត្តិវិទ្យា, ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin