ខ្ញុំហូបបានគ្រប់គ្រាន់ក្នុងរបបខ្មែរក្រហម(១៩៧៥-១៩៧៩)

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ក្នុងរបបខ្មែរក្រហម​(១៩៧៥-១៩៧៩) ប្រជាជនកម្ពុជាភាគច្រើនលើសលប់ត្រូវបានបង្ខំឲ្យធ្វើការងារពលកម្មហួសកម្លាំង និងមិនមានអាហារហូបគ្រប់គ្រាន់។ ក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ នៃការនៃដឹកនាំរបស់ខ្មែរក្រហមបានបណ្តាលឲ្យប្រជាជនជាង២លាននាក់បានស្លាប់ដោយការសម្លាប់ ធ្វើការងារពលកម្មហួសកម្លាំង ឈឺគ្មានថ្នាំព្យាបាល និងការអត់ឃ្លាន[1]។  ចំណែកមេដឹកនាំខ្មែរក្រហម និងកម្មាលភិបាលភាគច្រីនដែលបម្រើការងារនៅក្នុងរបបនោះមិនមានការអត់ឃ្លានដូចប្រជាជនឡើយ។ ទេព ហ៊ឺ[2] អតីតកម្មាបាលខ្មែរក្រហមម្នាក់បានរៀបរាប់ពីបទពិសោធន៍ក្នុងការរស់នៅ និងការធ្វើការងារក្នុងរបបខ្មែរក្រហមដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ ទេព ហ៊ឺ អាយុ ៧១ឆ្នាំ មានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ ដែលបច្ចុប្បន្នរស់នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ កាលពីនៅក្មេងៗខ្ញុំបានរៀនដល់ថ្នាក់ទី៩«ចាស់» នៅសាលាបឋមសិក្សាវត្តផ្ចឹកជ្រុំ។ ខ្ញុំបានឈប់រៀនព្រោះតែមានការទម្លាក់គ្រាប់បែកចូលក្នុងភូមិរបស់ខ្ញុំ បើតាមការនិយាយតៗគ្នាថា ទាហាន លន់ នល់បានមកស៊ើបការណ៍ដឹងថា មានទីតាំងកងទ័ពខ្មែរក្រហមនៅម្តុំភូមិខ្ញុំរស់នៅ និងបានបញ្ជាឲ្យយន្តហោះមកទម្លាក់គ្រាប់បែកមិនថាក្នុងភូមិ ឬក៏ព្រៃឡើយ។ ពេលនោះខ្មែរក្រហមភាគច្រើនបានកើតចេញពីកូនប្រជាជនប្រមូលបានគ្នាច្រើនក៏ចាប់ផ្ដើមហាត់ក្បួនកងទ័ពនៅក្នុងភូមិ។ ខ្ញុំបានស្ម័គ្រចិត្តចូលមប្រើខ្មែរក្រហមនៅឆ្នាំ១៩៧២។ ខ្ញុំចេញពីផ្ទះដំបូងទៅធ្វើជានីរសារយាយខុម (កូនស្រីតាម៉ុក) ដែលជាលេខាស្រុកត្រាំកក់ តំបន់១៣ ភូមិភាគនិរតី។ ចំណែកតាម៉ុក គឺជាលេខាភូមិភាគនិរតី។ ចំណែកប្តីយាយខុមមានឈ្មោះ មាស មុត ជាអនុលេខាតំបន់១៣ លេខាកងពលទី៣ ភូមិភាគនិរតី និងក្រោយមកលេខាកងពល១៦៤ ដែលជាកងទ័ពជើងទឹកនៃរបបខ្មែរក្រហម(១៩៧៥-១៩៧៩)។

នៅពេលនោះ ខ្ញុំមានតួនាទីជាអ្នករត់សំបុត្ររបស់ យាយខុម ទៅឱ្យតាមឃុំនានាក្នុងស្រុកត្រាំកក់ ដោយធ្វើដំណើរថ្មើរជើងចេញពីមន្ទីរស្រុកទៅតាមឃុំ។ ទីតាំងមន្ទីរស្រុកត្រាំងកក់ស្ថិតនៅឃុំត្រពាំងធំ (បច្ចុប្បន្ន)។ ឃុំដែលខ្ញុំត្រូវដើរឆ្ងាយជាងគេ គឺឃុំលាយបូរ និងឃុំស្រែននោង។ ខ្ញុំធ្វើជានីរសារយាយ ខុម រហូតដល់ពេលដែលខ្មែរក្រហមទទួលបានជ័យជម្នះទូទាំងប្រទេសនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។

បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះនៅឆ្នាំ១៩៧៥ យាយខុម ក្រុមនារី និងនីរសារនៅស្រុកត្រាំកក់ទាំងអស់បានផ្លាស់ទៅធ្វើការនៅកំពង់សោមជាមួយយាយខុម។ យាយ ខុម បានផ្លាស់ពីស្រុកត្រាំកក់ទៅតាម មាស មុត ដែលបានក្លាយមេទ័ពជើងទឹក (កងពល១៦៤) ប្រចាំនៅកំពង់សោម។ ពេលដែលមកនៅកំពង់សោម ខ្ញុំ បានបែកចេញពីយាយខុម ដោយខ្ញុំបានទទួលតួនាទីជាអ្នកធ្វើបាយ ធ្វើម្ហូប រៀបចំកន្លែងស្នាក់នៅ និងទទួលភ្ញៀវចិន។ ចំណែកម្ហូបអាហារ ត្រីសាច់ គឺមានផ្នែកសេដ្ឋកិច្ចជាអ្នករកមកដាក់កន្លែងចុងភៅ។ ទីតាំងមន្ទីរចុងភៅរបស់ខ្ញុំ ស្ថិតនៅក្បែរផ្សារលើ គឺស្ថិតនៅក្បែរនឹងមន្ទីកងពល១៦៤របស់ មាស ម៉ុត ដែរ។ នៅក្នុងរបបខ្មែរក្រហមមានភ្ញៀវចិនមកធ្វើការងារនៅកំពង់សោមជាប្រចាំ ដូចជាជួសជុលកប៉ាល់ និងបង្រៀនសិក្ខាកាមអំពីនាវាជើងទឹក។ នៅកន្លែងមន្ទីរចុងភៅរបស់កងពល១៦៤ មានយាយ រឹម ជាប្រធានមន្ទីរ និងអនុប្រធានឈ្មោះ ទូច។ ចំពោះការទទួលភ្ញៀវចិនធម្មតា គឺស្លៀកពាក់អាវខ្មៅ ខោខ្មៅ ឬសារុងពុម្ព តែបើមានភ្ញៀវចិនពិសេសគឺស្លៀកហូល ផាមួង អាវស។ មានពេលខ្លះដែលភ្ញៀវចិនចង់ទៅបូកគោ ឬទៅលេងកោះ គឺមានប្រុសៗជាអ្នកបើកទូក ឬបើកឡាន ហើយនារីៗនៅក្នុងកងខ្ញុំ គឺវេចខ្ចប់បាយសម្រាប់ភ្ញៀវ។ ចំពោះការហូបចុក ខ្ញុំហូបបានគ្រប់គ្រាន់ ខ្ញុំចង់ហូបអ្វីក៍បានអាចហូបបានដែរ ពីព្រោះខ្ញុំធ្វើការងារខាងចុងភៅ។

យាយខុម បានស្លាប់នៅឆ្នាំ១៩៧៧ ដោយសារជំងឺលើសសម្ពាធឈាម។ ខ្ញុំ បានរៀបការនៅឆ្នាំ១៩៧៧ ដោយអង្កការខ្មែរក្រហមជាអ្នករៀបចំឱ្យ ពេលខ្ញុំរៀបការមាន៣គូ។ កាលរត់ឆ្នាំ១៩៧៩ ខ្ញុំ និងប្តីបានរត់បែកគ្នា អត់បានជួបគ្នាទេ។ ខ្ញុំមានកូនម្នាក់បានស្លាប់នៅឆ្នាំ១៩៧៩ ព្រោះកើតបានកន្លះខែក៏រត់ពេលវៀតណាមចូលមកដល់ប្រទេសកម្ពុជា និងអត់មានទឹកដោះបំបៅកូន។ នៅពេលដែលវៀតណាមចូលមកដល់ ខ្ញុំ រត់មកតាមកោះកុងរហូតធ្លាក់មកដល់ជំរំនៅក្នុងទឹកដីថៃ ឈ្មោះជំរំម៉ៃរ៉ូត។ ខ្ញុំរស់នៅក្នុងជំរំបានរយៈពេលជាងមួយឆ្នាំ ក៏បានទទួលដំណឹងប្តីខ្ញុំពីឈ្មោះឆុននៅខាងថ្មដា។ ពេលហ្នឹងខ្ញុំបានពុះពារធ្វើដំណើរមករកប្តីដល់ថ្មដា ប៉ុន្តែមិនបានជួបទេ ហើយខ្ញុំមិនវិលត្រឡប់ទៅរស់នៅជំរំវិញទេ សម្រេចចិត្តរស់នៅថ្មដា។

ពេលមកដល់ថ្មដាដំបូង ខ្ញុំនៅក្នុងកងដឹកជញ្ជូន គឺស្ពាយជញ្ជូនគ្រាប់រំសេវ និងថ្នាំពេទ្យដោយថ្មើរជើងពីព្រំដែនយកមកឲ្យកងទ័ពខ្មែរក្រហមរហូតមកដល់កំពង់សោម ស្រែអំបិល។ ស្ពាយជញ្ជូនគ្រាប់រំសេវ និងថ្នាំពេទ្យម្តងៗត្រូវចំណាយពេលទាំងទៅទាំងមកប្រហែល១ខែកន្លះ។ ពេលធ្វើដំណើរដឹកជញ្ជូនម្តងៗត្រូវដាក់ស្បៀងសម្រាប់ហូបតាមផ្លូវ មានដូចជាអង្ករ អំបិល ប្រហុក ជាដើម។ ក្នុងពេលដឹកជញ្ជូនក៏មានជួបជាមួយកងទ័ពវៀតណាម និងមានការប្រយុទ្ធគ្នាខ្លះ តែអត់ដែលត្រូវរបួសទេ។

នៅឆ្នាំ១៩៨៥ ខ្ញុំបានរៀបការម្តងទៀតជាមួយនឹងកងទ័ពខ្មែរក្រហមឈ្មោះ សុខ ង៉ុន ហើយមានកូន៤នាក់ ស្រី២នាក់ និងប្រុស២នាក់ និងរស់នៅជាមួយគ្នារហូតដល់សព្វថ្ងៃ។

ពេលមករស់នៅថ្មដាដំបូង គឺសុទ្ធតែព្រៃជុំជិត ខ្ញុំធ្វើខ្ទមសម្រាប់រស់នៅ តែមិនមានប្រជាជនច្រើនទេ គឺមានតែ៣គ្រួសារ និងមិនសូវមានជំងឺដង្កាត់ទេ។  ពេលមករស់នៅ គ្មានឈ្មោះភូមិដែរ ហើយផ្លូវមុខផ្ទះខ្ញុំ គឺជាផ្លូវដែលពលករ ក-៥ ជាអ្នកកាប់ព្រៃធ្វើផ្លូវដើរ។ ក្រោយមកទើបមានប្រជាជនចេះតែមករស់នៅបន្តគ្នា។ នៅពេលកងទ័ពខ្មែរក្រហមធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ១៩៩៦ ទើបប្រជាជនមានការស្រុះស្រួលគ្នា ស្រឡាញ់គ្នា ធ្វើអ្វីក៏ឯកភាពគ្នា ទើបដាក់ឈ្មោះថា ភូមិឯកភាព។

បន្ទាប់ពីសមាហរណកម្ម ទើបខ្ញុំបានទៅលេងស្រុកកំណើត គឺតាំងពីខ្ញុំចេញទៅនៅកំពង់សោមឆ្នាំ១៩៧៥រហូតដល់ឆ្នាំ១៩៩៦ គឺខ្ញុំមិនដែលបានត្រឡប់ទៅលេងជាមួយនឹងឪពុកម្តាយទេ។ ពេលដែលទៅដល់ផ្ទះ ឪពុកម្តាយ ក៏ដូចជាបងប្អូនគិតថា ខ្ញុំបានស្លាប់បាត់ហើយ ព្រោះបាត់ដំណឹងជាង២០ឆ្នាំហើយ។

ដោយ៖ឡុង ដានី មជ្ឈមណ្ឌលផ្សះផ្សាវាលវែង

កំណែអក្ខរាវិរុទ្ធដោយ៖ លី សុខចំរើន

[1]  ផេង ពង្សរ៉ាស៊ី ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ​ (១៩៧៥ ១៩៧៩) បោះពុម្ពលើកទី២នៅភ្នំពេញ ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា​២០២០។

[2]  មជ្ឈមណ្ឌលឯកសារកម្ពុជាសម្ភាសន៍ជាមួយ ​ឈ្មោះ ទេព ហ៊ឺ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ (PTI0196)។

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin