តែម ខុម និយាយអំពីបទពិសោធន៍ធ្វើការងារនៅកងកសិកម្ម ដាំដុះបន្លែ ក្នុងខ្មែរក្រហម

ខ្ញុំឈ្មោះ តែម ខុម[1] អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ន នៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឪពុករបស់ខ្ញុំមានឈ្មោះ តែម និងម្ដាយមានឈ្មោះ មិត។ ខ្ញុំគឺជាកូនទី៣ ក្នុងចំណោមបងប្អូនប្រុសស្រីចំនួន៤នាក់។ នៅវ័យកុមារ ខ្ញុំរៀនសូត្របានត្រឹមថ្នាក់ទី៩ (សង្គមចាស់) នៅសាលាបឋមសិក្សាល្ពាក។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ហុង ស៊ីថន និងមានកូន ប្រុស ស្រី៤នាក់។
បន្ទាប់ពីរដ្ឋប្រហារនៅខែមីនា ឆ្នាំ១៩៧០, សង្រ្គាមចាប់ផ្ដើមផ្ទុះឡើង និងមានការទម្លាក់គ្រាប់បែកដែលបណ្ដាលឲ្យផ្ទះរបស់អ្នកភូមិឆេះ។ ខ្ញុំដឹងថាទាហាន លន់ នល់ និងយន្តហោះសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកគឺដោយសារតែមានវត្តមានកងទ័ពខ្មែរក្រហមចូលមកដល់ក្នុងភូមិនៅ ចុងឆ្នាំ១៩៧០។ នៅពេលនោះ កងទ័ពខ្មែរក្រហមមានគោលបំណងឈរជើង និងស៊ើបការណ៍នៅក្នុងមូលដ្ឋាន។ ចន្លោះពីឆ្នាំ១៩៧២ ដល់ឆ្នាំ១៩៧៣ កងទ័ពខ្មែរក្រហម បានវាយគ្រប់គ្រងភូមិសាស្រ្តជាច្រើន និងកេណ្ឌកងទ័ពត្រៀមវាយផ្ដាច់យកទីរួមខេត្តកំពង់ចាម។
បើទោះបីជាសង្រ្គាម និងការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងឡើងៗយ៉ាងណាក្ដី, ខ្ញុំមិនបានរត់ភៀស ខ្លួនចេញពីភូមិនោះទេ ប៉ុន្តែបានរត់ទៅលាក់ខ្លួននៅភ្លឺស្រែដើម្បីគេចពីអំបែងគ្រាប់បែក។ ការទម្លាក់គ្រាប់បែកនៅពេលនោះ ក៏មានលាយលំនូវការទម្លាក់ធុងសាំង ដែលបណ្ដាលឲ្យមានការឆេះយ៉ាងសន្ធោរសន្ធៅ។ អ្នកភូមិនៅទីនេះ មិនសូវបានស្នាក់នៅផ្ទះរបស់ខ្លួននោះឡើយ។ នៅចុងឆ្នាំ ១៩៧៤ ខ្ញុំរៀបការប្រពន្ធ។
នៅពេលដែលរបបខ្មែរក្រហមចូលមកដល់, ខ្ញុំត្រូវបានដាក់ឲ្យធ្វើការងារ នៅកងចល័តវ័យកណ្ដាលទទួលបន្ទុកផ្នែកសេដ្ឋកិច្ច ដូចជាដាំដុះបន្លែ និងដឹកជញ្ជូនបន្លែទៅតាមរោងបាយសហករណ៍។ ការងារនៅកងចល័តបុរសវ័យកណ្ដាល ទទួលបន្ទុកផ្នែកសេដ្ឋកិច្ច មានរបបអាហារគ្រប់គ្រាន់។ ខ្ញុំត្រូវរៀបចំបន្លែទៅឲ្យទៅរោងបាយឲ្យបានគ្រប់គ្រាន់។
ចាប់ពីឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ ខ្មែរក្រហមមកពីភូមិភាគនិរតី ចូលមកគ្រប់គ្រង និងចាប់ផ្ដើមការកាប់សម្លាប់រង្គាលទៅលើកម្មាភិបាល និងប្រជាជនមូលដ្ឋាន។ នៅពេលនោះ ខ្ញុំរស់នៅក្នុងសភាពភ័យខ្លាច ដោយសារតែការព្រួយបារម្ភអំពីការចាប់យកទៅសម្លាប់ចោល។ រហូតដល់កងទ័ពរណសិរ្សចូលមករំដោះប្រជាជនទើបខ្ញុំអាចរស់រានមានជីវិតជាថ្មី និងវិលត្រលប់មករស់នៅ និងប្រកបមុខរបរធ្វើស្រែចម្ការនៅភូមិរហូតដល់បច្ចុប្បន្នវិញ។
អត្ថបទដោយ សាំង ចាន់ធូ
[1] តែម ខុម «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» សម្ភាសន៍ដោយ ទូច វណ្ណេត មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម នៅខែកក្កដា ឆ្នាំ២០២៥, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា