សម្លៀកបំពាក់២សម្រាប់ រយៈពេល ៣ឆ្នាំ, ៨ខែ និង២០ថ្ងៃ
(ខេត្តព្រៃវែង) អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ បានជួបប្រទះការលំបាក, ការធ្វើការងារច្រើន, និងហូបអាហារមិនគ្រប់គ្រាន់ ព្រមទាំងគ្មានសម្លៀកបំពាក់ត្រឹមត្រូវ។ តេង សុផល ភេទស្រី អាយុ៦៤ឆ្នាំ មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ សុផល មានកូនចំនួន៨នាក់ បច្ចុប្បន្នជាស្រ្តីមេម៉ាយក្រោយពីប្តីរបស់គាត់បានទៅរកស៊ីនៅតំបន់ពេជ្រនិល ហើយបានបាត់ខ្លួន។
ក្នុងរបបខ្មែរក្រហម សុផល ត្រូវបានខ្មែរក្រហមជម្លៀសពីស្រុកព្រះសេ្តច ឲ្យទៅរស់នៅ និងធ្វើការនៅស្រុកពាមជរ។ រស់នៅស្រុកពាមជរ បានប្រហែល១ឆ្នាំ គាត់ត្រូវជម្លៀសបន្តទៅ ឃុំអង្គរស ស្រុកមេសាង។ នៅទីនោះ អង្គការតម្រូវឲ្យសុផលធ្វើការងារក្នុងកងចល័តដូចជា ជីកទំនប់ លើកប្រឡាយ និងធ្វើស្រែពីព្រឹកព្រលឹម រហូតដល់យប់ជ្រៅ ទើបឲ្យសម្រាក។ នៅឃុំអង្គរស គាត់ធ្លាប់ឃើញខ្មែរក្រហមប្រើប្រជាជនជីករណ្តៅទុកកប់អ្នកស្លាប់ដែលខ្មែរក្រហមសម្លាប់។ នៅពេលយប់ សុផល ឧស្សាហ៍ឮសំឡេងស្រែកសុំជំនួយរបស់ជនរងគ្រោះដែលខ្មែរក្រហមនាំទៅសម្លាប់។ ឪពុករបស់ សុផល ឈ្មោះ ស្ដើង ផូយ ធ្លាប់ត្រូវខ្មែរក្រហមចាប់ខ្លួននិងធ្វើទារុណកម្មដោយសារសង្ស័យថាជាជនជាតិវៀតណាម។ ពេញមួយរបបនោះ សុផល ទទួលបានតែសម្លៀកបំពាក់២សម្រាប់ប៉ុណ្ណោះ សម្រាប់ស្លៀកពាក់។ រីឯរបបអាហារវិញ គាត់ទទួលបានបបរលាយជាមួយពោតក្រហម ហូបជាមួយសម្លព្រលិត, គល់ចេក, និងគល់ល្ហុងសម្រាប់ពេលព្រឹក និងពេលល្ងាច។
នៅដើមឆ្នាំ១៩៧៩ ពេលដែលកងទ័ពវៀតណាមចូលមកអន្តរាគមន៍ក្នុងប្រទេសកម្ពុជា នៅកន្លែង សុផល រស់នៅមានពាក្យចចាមអារ៉ាមថា កងទ័ពវៀតណាមសម្លាប់មនុស្សវះពោះ។ ពេលឮដូច្នេះ ប្រជាជនមួយចំនួន និងសុផល បាននាំគ្នារត់គេចខ្លួនរហូតដល់ ខែសីហា ឆ្នាំ១៩៧៩ ទើបគាត់បានត្រលប់មករស់នៅភូមិកំណើតវិញរហូតដល់សព្វថ្ងៃ។ បច្ចុប្បន្ន សុផល មានជំងឺលើសជាតិស្ករ, ជំងឺលើសសម្ពាធឈាម និងជំងឺបេះដូង។ គាត់ឧស្សាហ៍មានអាការហត់ និងអស់កម្លាំង។ គាត់ធ្លាប់ជួបជាមួយពេទ្យឯកជនដើម្បីពិនិត្យ និងពិសាថ្នាំ៕
អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥
សម្ភាសន៍ដោយ ជួន រក្សា ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤