ពិការម្រាមដៃដោយសារគ្រាប់មីន
(ស្វាយរៀង)៖ “របបខ្មែរក្រហមបានបន្សល់ទុកការលំបាកក្នុងជីវិតរស់នៅប្រចាំថ្ងៃដល់រូបខ្ញុំរហូតដល់សព្វថ្ងៃ។” នេះគឺជាការលើកឡើងរបស់អ្នករស់រានមានជីវិតម្នាក់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ឈ្មោះ តេង ធឿន អាយុ៧១ឆ្នាំ មានស្រុកកំណើត នៅភូមិជ្រៃធំ ឃុំព្រៃអង្គុញ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ បច្ចុប្បន្នគាត់រស់នៅ ភូមិគោល ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ធឿន មានឪពុកឈ្មោះ សឹង រុន និងម្តាយឈ្មោះ តិល សន។ គាត់ ជាកូនពៅក្នុងគ្រួសារដែលមានបងប្អូនចំនួន២នាក់ ប្រុស១ និងស្រី១។ កាលពីកុមារភាព ធឿន បានឈប់រៀនត្រឹមថ្នាក់បឋមសិក្សាក្នុងភូមិជ្រៃធំដោយសារតែប្រទេសជាតិមានសង្គ្រាម និងការទម្លាក់គ្រាប់បែក។
បច្ចុប្បន្ន ធឿន ជាអ្នកជួសជុលផ្លូវលំបន្តិចបន្តួចក្នុងភូមិគោលដើម្បីបានថវិកាខ្លះពីអ្នកធ្វើដំណើរឆ្លងកាត់។ នៅក្រោយរដ្ឋប្រហារ លន់ នល់ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៧០ ធឿន បានចូលរួមជាមួយចលនាកម្លាំងខ្មែរក្រហមដោយគាត់បានរត់ចូលព្រៃធ្វើសង្គ្រាមទ័ពព្រៃដើម្បីសម្លាប់ទាហាន លន់ នល់ រហូតបានទទួលជ័យជម្នះទាំងស្រុងពីរបបនេះនៅក្នុងឆ្នាំ១៩៧៥។
នៅក្នុងរបបខ្មែរក្រហម ធឿន បានរស់នៅក្នុងភូមិគោលក្នុងនាមជាទាហានខ្មែរក្រហម។ អំឡុងពេលធ្វើទាហាន ធឿន បានទទួលរងរបួសដាច់ម្រាមដៃឆ្វេងទាំងអស់ ធ្វើឲ្យគាត់ពិបាកក្នុងការប្រកបរបបរកស៊ីចិញ្ចឹមប្រចាំថ្ងៃរហូតដល់ពេលបច្ចុប្បន្ន។ បន្ទាប់ពី ធឿន បានជាសះស្បើយពីរបួសគាត់ត្រូវបានអង្គការខ្មែរក្រហមតម្រូវឲ្យទៅស្នាក់នៅក្នុងសហករណ៍ជាមួយប្រជាជនមូលដ្ឋាន និងត្រូវធ្វើការក្នុងកងចល័ត ជីកទំនប់ លើកប្រឡាយ និងធ្វើស្រែ។ នៅថ្ងៃមួយ ធឿន ត្រូវបានឈ្លបខ្មែរក្រហមចាប់ឃុំខ្លួន រយៈពេល២ថ្ងៃ ទាំងគាត់មិនដឹងពីកំហុស។ ធឿន ត្រូវទទួលរងទារុណកម្មដោយការបង្អត់អាហារចំនួន២ថ្ងៃជាប់ៗគ្នា គាត់ទទួលបានតែទឹកប៉ុណ្ណោះ។
ឆ្នាំ១៩៧៨ ធឿន បាននិយាយថាគាត់មានរូបរាងកាយស្គមកំព្រឹងសល់តែស្បែក និងឆ្អឹង ត្រូវទៅព្យួរស្រែជាមួយអ្នកនៅសហករណ៍ព្រៃអង្គុញ ដែលនៅឆ្ងាយៗពីកន្លែងស្នាក់នៅ។ នៅពេលនោះគាត់តែងឃើញឈ្លបខ្មែរក្រហមបណ្តើរប្រជាជនទាំងខ្សែៗ មានប្រុស ស្រី យកទៅសម្លាប់ដោយវាយនឹងគល់ឫស្សីរួចរុញទម្លាក់ចូលក្នុងរណ្តៅដែលបានជីកបម្រុងទុកជាស្រេច។
នៅក្នុងរបបខ្មែរក្រហមបងប្រុសរបស់ ធឿន ត្រូវបានខ្មែរក្រហមសម្លាប់ដោយមិនដឹងពីមូលហេតុ។
នៅដើមឆ្នាំ១៩៧៩ ពេលដែលយោធាខ្មែរក្រហមរត់ចេញពីសហករណ៍ដោយសារតែចាញ់សង្គ្រាមជាមួយវៀតណាម ធឿន បានត្រលប់ពីសហករណ៍ដោយបាននាំយកស្រូវអង្ករមួយចំនួនមករស់នៅស្រុកកំណើតវិញរហូតដល់សព្វថ្ងៃ។
ធឿន បច្ចុប្បន្នជាជនពិការម្រាមដៃ និងមានជំងឺប្រចាំកាយដូចជាលើសសម្ពាធឈាម និងជំងឺសន្លាក់ដៃ សន្លាក់ជើង។ គាត់បានផ្តាំផ្ញើដល់យុវជន យុវនារីជំនាន់ក្រោយឲ្យខិតខំរៀនសូត្រ និងសិក្សាស្វែងយល់ពីប្រវត្តិសាស្រ្តដែលប្រទេសយើងធ្លាប់ជួបប្រទះដើម្បីចូលរួមទប់ស្កាត់កុំឲ្យរបបដ៏ខ្មៅងងឹតដូចខ្មែរក្រហមកើតឡើងសាជាថ្មីម្តងទៀត។
សម្ភាសន៍ដោយ ម៉ន ម៉ារីណា ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥