ស្មានតែបាត់ខ្លួននៅវត្តឈើខ្មៅ
តេង ហ៊ីង ហៅ ហែល ភេទប្រុស មានស្រុកកំណើតនៅភូមិដូនទ្រី ឃុំដូនទ្រី ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ហ៊ីង មានឪពុកឈ្មោះ យឺន តេង, ម្ដាយឈ្មោះ សុក មាស និងមានបងស្រីឈ្មោះ តេង ធុច។ នៅរបប លន់ នល់ ហ៊ីង ធ្លាប់ធ្វើជាទាហាន នល់ នល់។[1]
តាមរយៈការសម្ភាសជាមួយបងស្រីបង្កើត ហ៊ីង ឈ្មោះ ធុច បានឲ្យដឹងថា គាត់បានជួបប្អូនប្រុសជាលើកចុងក្រោយនៅពេល ហ៊ីង ធ្វើការជាអ្នករត់ឡានខាងអង្គភាពពាណិជ្ជកម្ម នៅក្រុងបាត់ដំបង នៅមុនឆ្នាំ១៩៧៥។ ប្អូនជីដូនមួយរបស់ ហ៊ីង ឈ្មោះ ហូរ ហី មានអាយុ ៤៨ឆ្នាំ (គិតក្នុងឆ្នាំ២០០៦) បាននិយាយថា គាត់បានឃើញខ្មែរក្រហមចាប់ខ្លួន ហ៊ីង ដោយផ្ទាល់ភ្នែក នៅពេលអ្នកទាំងពីរធ្វើការនៅក្នុងកងចល័តជាមួយគ្នា។
មុនពេល ហ៊ីង ត្រូវបានខ្មែរក្រហមចាប់ខ្លួន ប្អូនជីដូនមួយរបស់ហ៊ីង មានឈ្មោះ ហី ដែលស្រដៀងនិងឈ្មោះ ហ៊ីង ត្រូវបានខ្មែរក្រហមច្រឡំហៅទៅសួរនាំថាតើមានជាប់និន្នាការទាហាន លន់ នល់ ឬកងស្វ័យត្រានពីមុនមកនោះទេ។ ប្អូនជីដូនមួយរបស់ហ៊ីង បន្តថា នៅថ្ងៃមួយ ប្រធានកងយុទ្ធជន បានហៅ ហ៊ីង ទៅប្រជុំយុទ្ធជន ដែលមនុស្សប្រហែលបួនទៅប្រាំនាក់ដែលទៅជាមួយហ៊ីង នៅប្រហែលម៉ោង ៧យប់ នៅកោះអញ្ចាញ ដែលមានចម្ងាយប្រហែល ៥គីឡូម៉ែត្រពីវត្តឈើខ្មៅ ដែលប្រជាជនទូទៅស្គាល់ថាជាទីតាំងកងទ័ពខ្មែរក្រហម។ បន្ទាប់មក មនុស្សប្រាំមួយនាក់រួមទាំងហ៊ីង ត្រូវបានខ្មែរក្រហមចាប់ខ្លួនទៅ វត្តឈើខ្មៅ។ ក្រោយមក គណៈភូមិភាគនិរតី បានចាប់ខ្លួនគណៈភូមិភាគពាយ័ព្យជាបន្តបន្ទាប់។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ម្ដាយមីងបានមកប្រាប់ថា បងស្រីរបស់ហ៊ីង ថា ហ៊ីង ត្រូវបានខ្មែរក្រហមនាំឡើងកាណូតទៅវត្តឈើខ្មៅ និងបាត់ដំណឹងតាំងពីពេលនោះមក។ ក្រោយពីសម្ភាសជាមួយបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា ទើបបងស្រីហ៊ីង ដឹងថា ហ៊ីង ត្រូវបានបាត់ខ្លួននៅគុកទួលស្លែង។ បងស្រីហ៊ីង និយាយថា «ខ្ញុំស្មានតែគេសម្លាប់នៅតាមផ្លូវ»។ គាត់បន្តថា «មិននឹកស្មានថាគេយកទៅដល់ទួលស្លែងហ្នឹងផង អ្នកខ្លះភាគច្រើនគេសម្លាប់នៅវត្តឈើខ្មៅហ្នឹងឯង»។
តាមរយៈឯកសារលេខ K០៥៩២៧ ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង ឈ្មោះ តេង ហ៊ីង ហៅ ហែល ភេទប្រុស ជនជាតិខ្មែរ មានអាយុ ២៧ឆ្នាំ (គិតក្នុងឆ្នាំ១៩៧៨)។ នៅមុនឆ្នាំ១៩៧៥ ហ៊ីង ជាយុវជនតាមឡាន ពាណិជ្ជកម្ម តំបន់៤ និងមានតួនាទីក្នុងរបបខ្មែរក្រហម សមាជិកកងតូចពាណិជ្ជកម្ម តំបន់៤។ ហ៊ីង មានទីលំនៅក្នុងភូមិដូនទ្រី ឃុំដូនទ្រី ស្រុកមោង ខេត្តបាត់ដំបង, មានឪពុកឈ្មោះ យឺន តេង, និងម្ដាយឈ្មោះ សុក មាស។ ហ៊ីង ត្រូវបានឃាត់ខ្លួនក្នុងភូមិភាគពាយ័ព្យ នៅថ្ងៃទី២០ ខែមករា ឆ្នាំ១៩៧៨ ដោយមានកម្ពស់ ១.៧៣ម៉ែត្រ និងប្រវែងដងខ្លួន ០.៨២ម៉ែត្រ៕[2]
[1] ឯកសារលេខ BBI០០១៦. (២០០៦). សម្ភាសជាមួយ តេង ធុច ដោយ រី ឆាត នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០៦. មជ្ឈមណ្ឌលឯកសារកម្ពុជា.
[2] ឯកសារលេខ K០៥៩២៧. (១៩៧៨). ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង ឈ្មោះ តេង ហ៊ីង ហៅ ហែល. មជ្ឈមណ្ឌលឯកសារកម្ពុជា.
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ