ខ្ញុំឃើញខ្មែរក្រហមសម្លាប់មនុស្សនៅទួលក្រាំងគ

(ខេត្តព្រៃវែង) តឹក ហយ បានរៀបរាប់រឿងរ៉ាវពីរបបខ្មែរក្រហមថា៖ ខ្ញុំមានឈ្មោះ តឹក ហយ មានអាយុ៨៨ឆ្នាំ បច្ចុប្បន្នកំពុងរស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ខ្ញុំមានឪពុកឈ្មោះ តឹក ហើយខ្ញុំបានរៀបការប្តីតាំងពីសម័យសង្គម​រាស្រ្តនិយមមកម្លោះ។ ខ្ញុំមានកូនចំនួន៦នាក់ ប៉ុន្តែជាអកុសលកូនរបស់ខ្ញុំ២នាក់ បានស្លាប់ក្នុងរបបខ្មែរក្រហម។ កាលពីវ័យកុមារភាព ខ្ញុំគ្មានឱកាសបានចូលរៀនសូត្រនោះទេព្រោះគ្រួសារខ្ញុំមានស្ថានភាពក្រីក្រ ហើយសាលារៀនក៏នៅឆ្ងាយពីផ្ទះរបស់ខ្ញុំ។​

នៅចន្លោះពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៥ ពេលនោះប្រទេសជាតិជួបប្រទះការធ្វើរដ្ឋប្រហារ ទើបនាំឲ្យប្រទេសជាតិមានស្ថានភាពសង្គ្រាមស៊ីវិល​ រវាងទាហាន លន់ នល់ ជាមួយនឹងយោធាបដិវត្តន៍ខ្មែរក្រហម។ នៅក្នុងកាលៈទេសៈនោះ គ្រួសាររបស់ខ្ញុំមានជីវភាពខ្វះខាត, ក្រីក្រលំបាកតោកយ៉ាកយ៉ាងខ្លាំង ដោយសារប្តីខ្ញុំមានជំងឺឈឺជាទម្ងន់ ហើយគ្មានប្រាក់គ្រប់គ្រាន់ដើម្បីព្យាបាល។ លើសពីនេះទៀត សង្គ្រាមបានបង្ខំឲ្យប្តីខ្ញុំ ត្រូវរត់ចូលលេណដ្ឋានគេចពីការទម្លាក់គ្រាប់បែក។ រឿងរ៉ាវដ៏សោកសៅបំផុតមួយបានកើតឡើងនៅក្នុងឆ្នាំ១៩៧៤ គឺនៅពេលដែលប្តីរបស់ខ្ញុំបានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយការចងកសម្លាប់ខ្លួនព្រោះតែជំងឺ និងស្ថានភាពរស់នៅលំបាកខ្លំាងពេក។

នៅពេលខ្មែរក្រហមឡើងកាន់អំណាចនៅខែមេសា ឆ្នាំ១៩៧៥ ជីវិតរបស់ខ្ញុំ កាន់តែដុនដាបខ្លាំងជាងមុន ព្រោះអង្គការ​បានធ្វើទារុណកម្មឲ្យធ្វើការហួសកម្លាំងពលកម្ម និងគ្មានអាហារហូបចុកគ្រប់គ្រាន់។ ខ្មែរក្រហមបានចាត់ទុកខ្ញុំជា “ប្រជាជនចាស់” (អ្នកមូលដ្ឋាន) ត្រូវរស់នៅ និងធ្វើការនៅក្នុងស្រុកភូមិ។ អង្គការបានប្រើខ្ញុំឲ្យធ្វើការងារដូចជា៖ ការដកស្ទូង, ជីកប្រឡាយ និងរែកដី តាមផែនការរបស់អង្គការ។ ទំហំការងារត្រូវកំណត់ ប្រសិនបើធ្វើការមិនគ្រប់តាមផែនការ អង្គការនឹងកាត់បន្ថយរបបអាហារ ឬត្រូវយកទៅ “អប់រំ” ។ អង្គការបង្ខំខ្ញុំឲ្យធ្វើការទាំងយប់ទាំងថ្ងៃ ហើយខ្ញុំ គ្មានពេលទៅមើលកូនៗដែលកំពុងរស់នៅក្នុងកងកុមារនោះទេ។ ចំណែកការហូបចុកវិញគឺមានភាពខ្វះខាតយ៉ាងខ្លាំង ខ្ញុំទទួលបានត្រឹមតែបបរមួយកូនចានតូចប៉ុណ្ណោះសម្រាប់មួយពេល ដែលមិនគ្រប់គ្រាន់អាចផ្តល់ថាមពលសម្រាប់ការងារដ៏ធ្ងន់ធ្ងរបានឡើយ។ ក្នុងរបបខ្មែរក្រហមខ្ញុំពុំសូវមានជំងឺឈឺថ្កាត់នោះទេ ប៉ុន្តែខ្ញុំ​បានដឹងថាប្រព័ន្ធសុខាភិបាលនៅពេលនោះគឺគ្មានប្រសិទ្ធភាពទាល់តែសោះ ព្រោះគ្មានគ្រូពេទ្យត្រឹមត្រូវសម្រាប់ការព្យាបាលគឺមានតែយាយតាវ័យ​ចំណាស់​ៗជាអ្នកផ្សំថ្នាំបុរាណ។ ប្រភេទថ្នាំដែលប្រើប្រាស់នៅពេលនោះហៅថា “ថ្នាំអាចម៍ទន្សាយ” ដែលផលិតឡើងដោយការបុកឫសឈើ និងស្លឹកឈើបញ្ចូលគ្នា រួចរុញជាដុំតូចៗ ហើយយកទៅហាលឲ្យស្ងួត។

ខ្ញុំបានឃើញខ្មែរក្រហមបំផ្លាញសាសនា និងជំនឿដោយរបបនេះបានចាត់ទុកវត្តអារាមជាសត្រូវ។ ខ្ញុំបានឃើញផ្ទាល់ភ្នែកពីការបំផ្លិចបំផ្លាញវត្តអារាម និងព្រះវិហារ ដោយអង្គការបានបង្ខំប្រជាជនឲ្យវាយព្រះពុទ្ធរូបទម្លាក់ចូលទៅក្នុងទឹកស្រះ។ ព្រះសង្ឃត្រូវបានចាប់ផ្សឹកឲ្យទៅធ្វើជាទាហាន ហើយព្រះសង្ឃខ្លះទៀតត្រូវបានសម្លាប់ចោល។

ខ្ញុំក៏ជាសាក្សីបានស្គាល់ទីទាំងសម្លាប់មនុស្សមួយកន្លែងស្ថិតនៅក្នុងភូមិឆ្អឹងពស់ ដែលមានឈ្មោះថា “ទួលក្រាំងគ”។ នៅទីនោះ ខ្មែរក្រហមបានប្រើប្រជាជនឲ្យជីករណ្តៅធំៗ និងជ្រៅៗ (លិចក្បាល) សម្រាប់ដាក់សាកសព ហើយធ្វើរបងព័ន្ធជុំវិញយ៉ាងក្រាស់ដើម្បីបិទបាំងមិនឲ្យប្រជាជនមើលឃើញពីសកម្មភាពសម្លាប់មនុស្សដោយទុកតែច្រកចូលកណ្តាលមួយប៉ុណ្ណោះ។ អ្វីដែលគួរឲ្យរន្ធត់គឺមធ្យោបាយនៃការនាំមនុស្សទៅសម្លាប់ ឈ្លបខ្មែរក្រហមបានជិះសេះដេញតាមពីក្រោយជនរងគ្រោះ ឬបង្ខំឲ្យប្រជាជនដើរទៅកាន់ទីកន្លែងសម្លាប់។

ក្រោយរបបខ្មែរក្រហមដួលរលំខ្ញុំបានត្រលប់មករស់នៅស្រុកកំណើតវិញ។ បច្ចុប្បន្នខ្ញុំមានជំងឺឈឺចង្កេះ និងឈឺជើង ដែលនាំឲ្យពិបាកធ្វើដំណើរ៕

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin