តឹក គង់ រំឭកអំពីបទពិសោធន៍ជីវិតឆ្លងកាត់នៅរបបខ្មែរក្រហម

ខ្ញុំឈ្មោះ តឹក គង់[1] អាយុ៧២ឆ្នាំ កើតនៅភូមិកោះប្រាក់ ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ ចាម។ ខ្ញុំរស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការជាមួយប្ដីឈ្មោះ ជា លឹមគ្រី និងមានកូនប្រុសស្រីចំនួន១០នាក់។ ឪពុកខ្ញុំឈ្មោះ កុងទ្រី និងម្ដាយឈ្មោះ គុន។ ខ្ញុំមានបងប្អូនប្រុសស្រី ចំនួន៨នាក់ ហើយខ្ញុំគឺជាកូនទី២នៅក្នុងគ្រួសារ។ នៅពីក្មេង ខ្ញុំបានរៀនសូត្រត្រឹមថ្នាក់ទី៦ (ចាស់) នៅសាលាបឋមសិក្សាកោះប្រាក់។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្មែរក្រហមចាប់ផ្ដើមបញ្ជូនកម្លាំងរបស់ខ្លួនចូលមកភូមិ។ ឪពុកម្ដាយខ្ញុំនាំកូនៗរត់ភៀសខ្លួនពីកន្លែងមួយទៅកន្លែងមួយ ពីព្រោះតែសង្រ្គាមដែលមិនអាចឲ្យយើងរស់នៅបានក្នុងស្រុក។ នៅឆ្នាំ១៩៧១ ខ្ញុំបានរៀបការជាមួយប្ដី ហើយបន្ទាប់មក គ្រួសាររបស់ខ្ញុំបានរត់ចេញភៀសខ្លួនដោយសុវត្ថិភាព ទៅរស់នៅភូមិក្រូចគរ ដែលជាទីកន្លែងមានសាច់ញាតិបងប្អូនខាងប្ដីខ្ញុំរស់នៅ។ បន្ទាប់មក នៅក្នុងអំឡុងពេលដែលមានសង្រ្គាមនៅឆ្នាំ១៩៧២ កងកម្លាំងខ្មែរក្រហមបានវាយរំដោះ និងគ្រប់គ្រង នៅតាមទីជនបទនៃប្រទេសកម្ពុជា។
បន្ទាប់ពីខ្មែរក្រហមឡើងកាន់កាប់តាមតំបន់រំដោះហើយ កងទ័ពខ្មែរក្រហមបានប្រកាសប្រាប់ដល់អ្នកភូមិអំពីចលនាបដិវត្តន៍របស់ខ្លួន។ អ្នកភូមិភាគច្រើន បានចូលរួមជាមួយបដិវត្តន៍។ នៅក្នុងពេលនោះដែរ មានការទម្លាក់គ្រាប់បែកយ៉ាងច្រើនរបស់ទាហានលន់ នល់ និងសហរដ្ឋអាមេរិក។ នៅពេលដែលសហរដ្ឋអាមេរិកធ្វើការទម្លាក់គ្រាប់បែកម្ដងៗ ខ្ញុំតែងតែរត់ចូលរណ្ដៅត្រង់សេរ ដើម្បីគេចពីអំបែងគ្រាប់បែក។ ការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមរិក មិនត្រឹមតែបំផ្លិចបំផ្លាញផ្ទះសំបែងអ្នកភូមិនោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យអ្នកភូមិខ្លះរងរបួស ឬស្លាប់ថែមទៀតផង។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយចូលកាន់កាប់ទីក្រុងភ្នំពេញ ហើយបានជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ។ បន្ទាប់មក ខ្ញុំត្រូវបានខ្មែរក្រហមចាត់ឲ្យធ្វើការនៅកងវ័យកណ្ដាល។ ខ្ញុំត្រូវបានដាក់ឲ្យធ្វើការងារដកស្ទួង លើកភ្លឺស្រែ ។ នៅឆ្នាំ១៩៧៧ ខ្ញុំត្រូវបានផ្លាស់ប្ដូរឲ្យទៅធ្វើការងារនៅកន្លែងចិញ្ចឹមជ្រូក។ ការងាររបស់ខ្ញុំ មានដូចជា ចិញ្ចឹមជ្រូកចំនួនជិត២០ក្បាល សម្រាប់ផ្គត់ផ្គង់ឲ្យកម្មាភិបាលខ្មែរក្រហម។ ប្រសិនបើបាត់ជ្រូកមួយក្បាល ខ្ញុំនឹងត្រូវទទួលទោស ឬអាចត្រូវបានសម្លាប់ចោល។ ពេលព្រឹកឡើង ខ្ញុំទៅធ្វើការងារដល់ម៉ោងហូបបាយ រួចត្រូវហូបបាយជុំគ្នាដោយមានសំឡេងជួងជាសញ្ញា។ ពេលឮសំឡេងជួង ប្រជានជនដែលធ្វើការត្រូវឈប់សម្រាប់ មកហូបបបរ ដោយត្រូវមានកាន់ចានមកជាមួយម្នាក់មួយៗសម្រាប់ដាក់បបរហូបរាងៗខ្លួន។ ចំពោះបបរ គឺមានតែអង្ករប៉ុន្មានគ្រាប់លាយជាមួយទឹក ប្រៀបដូចជាបបររាវ។ ចំពោះការស្លៀកពាក់ មានតែសម្លៀកបំពាក់មួយឈុតសម្រាប់ពាក់ធ្វើការរាល់ថ្ងៃ គឺឈុតខ្មៅ។
ក្រោយមកទៀត គឺប្រហែលជាក្នុងឆ្នាំ១៩៧៨ ខ្ញុំត្រូវបានបញ្ជូនទៅនៅកន្លែងចុងភៅ(រោងបាយសហករណ៍) រហូតដល់កងទ័ពខ្មែរក្រហមទទួលបរាជ័យ ដោយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានវាយរំដោះប្រទេសកម្ពុជា និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់។[2] ខ្ញុំបានវិលត្រលប់មករស់នៅភូមិកំណើតវិញនៅឆ្នាំ១៩៨០ និងប្រកបរបរជាកសិករ រហូតមកដល់សព្វថ្ងៃនេះ។
អត្ថបទដោយ ទូច វណ្ណេត
[1] បទសម្ភាសន៍ជាមួយ តឹក គង់ នៅខេត្តកំពង់ចាម នៅឆ្នាំ២០២៥, មជ្ឈមណ្ឌលឯកសារកម្ពុជាកម្ពុជា សាខាខេត្តកំពង់ចាម
[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១