កំហុសរបស់អ្នកដឹកនាំនាសម័យខ្មែរក្រហម

ជួរទី២ពីឆ្វេងទៅស្តាំ៖ ប៉ុល ពត (លេខាបក្សកុម្មុយនិស្តកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃរបបកម្ពុជាប្រជាធិបតេយ្យ), និង វ៉ន វ៉េត (ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកសេដ្ឋកិច្ច)។ ជួរទី៣ពីឆ្វេងទៅស្ដាំ៖ នួន ជា (អនុលេខាបក្ស និងជា ប្រធានសភាតំណាងប្រជាជន), និង ឈិត ជឿន ហៅ តាម៉ុក (ប្រធានអគ្គសេនាធិការកងកំលាំងប្រដាប់អាវុធ បដិវត្តន៍នៃរបបកម្ពុជាប្រជាធិបតេយ្យ)។ ជួរទី៤ពីឆ្វេងទៅស្ដាំ រូបទី៣៖ យុន យ៉ាត រដ្ឋមន្ត្រីក្រសួងវប្បធម៌ អប់រំ និងសិក្សាធិការ។ (ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
ជួរទី២ពីឆ្វេងទៅស្តាំ៖ ប៉ុល ពត (លេខាបក្សកុម្មុយនិស្តកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃរបបកម្ពុជាប្រជាធិបតេយ្យ), និង វ៉ន វ៉េត (ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកសេដ្ឋកិច្ច)។ ជួរទី៣ពីឆ្វេងទៅស្ដាំ៖ នួន ជា (អនុលេខាបក្ស និងជា ប្រធានសភាតំណាងប្រជាជន), និង ឈិត ជឿន ហៅ តាម៉ុក (ប្រធានអគ្គសេនាធិការកងកំលាំងប្រដាប់អាវុធ បដិវត្តន៍នៃរបបកម្ពុជាប្រជាធិបតេយ្យ)។ ជួរទី៤ពីឆ្វេងទៅស្ដាំ រូបទី៣៖ យុន យ៉ាត រដ្ឋមន្ត្រីក្រសួងវប្បធម៌ អប់រំ និងសិក្សាធិការ។ (ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅពេលអ្នកស្រាវជ្រាវប្រវត្តិសាស្ត្របានចុះសម្ភាសន៍និងសាកសួរទាក់ទងអំពីរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ អ្នកស្រាវជ្រាវនោះបាននិយាយទៅកាន់អតីតកងឈ្លបម្នាក់ឈ្មោះ ទេព ឆូវ[1]។ នៅអំឡុងពេលសម្ភាសន៍ អ្នកស្រាវជ្រាវបានសួរអតីតកងឈ្លបម្នាក់នេះថា ប្រសិនបើខ្មែរក្រហមបញ្ជាឲ្យចាប់ចងឪពុកបង្កើត តើកងឈ្លបនោះនឹងធ្វើដែរឬទេ?​ កងឈ្លប បានឆ្លើយថា «ខ្ញុំមិនហ៊ានទេ តែបើសិនជាអញ្ចឹងពិតមែនខ្ញុំប្រគល់ឲ្យគេហើយ»។ ឆូវ បានបន្តថាអ្វីៗសុទ្ធតែជាកំហុសរបស់អ្នកដឹកនាំនាសម័យនោះ សង្គ្រាមបានធ្វើឲ្យប្រជាជនខ្មែរជាអ្នករងគ្រោះ។ ដោយតែបញ្ជាពីថ្នាក់លើមិនអាចប្រកែកបាន ដូច្នេះទើបមានការកាប់សម្លាប់យ៉ាងរង្គាល។

នៅអំឡុងទសវត្សរ៍១៩៦០ វិបត្តិនយោបាយនិងសង្គ្រាមនៅក្នុងតំបន់ឥណ្ឌូចិនបានរីករាលដាលកាន់តែជ្រៅចូលមកក្នុងប្រទេសកម្ពុជា ដោយសារតែវត្តមាននៃកងទ័ពវៀតកុង។ វិបត្តិទាំងនេះបានបង្ខំឲ្យ ឆូវ បោះបង់ការចោលសិក្សាត្រឹមថ្នាក់ទី៩ (សង្គមចាស់) និងត្រឡប់មកជួយការងារស្រែចម្ការរបស់ឪពុកម្ដាយ។ នៅក្នុងឆ្នាំ១៩៦៨ នាថ្ងៃមួយ អាជ្ញាធរភូមិបានចុះមកសាកសួរក្រុមគ្រួសាររបស់ ឆូវ ទាក់ទងទៅនឹងចលនាខ្មែរក្រហម។ បន្ទាប់ពីការសាកសួរត្រូវបានបញ្ចប់ ក្រុមគ្រួសាររបស់ ឆូវ ដែលមានការជាប់សង្ស័យជាមួយកម្លាំងចលនាខ្មែរក្រហម បានចាកចេញពីលំនៅដ្ឋានទាំងប្រញាប់ប្រញាល់។

មិនយូរប៉ុន្មាន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ នៅឯទីក្រុងភ្នំពេញ សេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារ។ នៅពេលនោះកងទ័ពខ្មែរក្រហមនៅក្នុងភូមិបានចាប់ផ្ដើមធ្វើសកម្មភាពតស៊ូប្រឆាំងនឹងរដ្ឋាភិបាល លន់ នល់។ ស្របតាមគំនិតរបស់ខ្មែរក្រហម ឆូវ ក៏បានស្ម័គ្រចិត្តធ្វើជាកងឈ្លប។ ចាប់ពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៣ នៅក្នុងខេត្តកំពត គឺមានការទម្លាក់គ្រាប់បែកយ៉ាងសន្ធឹកសន្ធាប់។ ផ្ទះសំបែងប្រជាជន រួមទាំងវត្តអារាម ត្រូវបានបំផ្លិចបំផ្លាញ ចំណែកប្រជាជនបានរងរបួស និងបាត់បង់ជីវិតអស់ជាច្រើន។ មូលហេតុដែលនាំឲ្យមានការទម្លាក់គ្រាប់បែក គឺដោយសារវត្តមានកងទ័ពវៀតកុង និងកងទ័ពខ្មែរក្រហម ក្នុងអំឡុងពេលប្រយុទ្ធជាមួយកងទ័ព លន់ នល់ និងកងទ័ពវៀតណាមខាងត្បូង (ធីវគី)។ កងទ័ពវៀតកុងដែលបានចូលមកប្រទេសកម្ពុជានាសម័យនោះ គឺមានគោលបំណងដើម្បីជួយកងទ័ពខ្មែរក្រហមប្រឆាំងនឹងកងទ័ព លន់ នល់ និងម៉្យាងទៀតដើម្បីបុព្វហេតុសង្គ្រាមនៅប្រទេសវៀតណាម។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រដ្ឋាភិបាល លន់ នល់ ត្រូវបានផ្តួលរលំដោយកងទ័ពខ្មែរក្រហមដែលបានកាន់កាប់ទីក្រុងភ្នំពេញ។ ចាប់ពីឆ្នាំ១៩៧៦ រហូតឆ្នាំ១៩៧៧ ឆូវ ត្រូវបានចាត់តាំងឲ្យធ្វើជាកងឈ្លបឃុំ ដោយមានអនុប្រធានកងឈ្លបឃុំឈ្មោះ ណូត ស្ថិតនៅក្នុងភូមិភាគនិរតី ក្រោមការគ្រប់គ្រងរបស់ តាម៉ុក ដែលលេខាភូមិភាគនិរតី រួមមានខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត។ នៅពេលទទួលបញ្ជាពីថ្នាក់លើឲ្យចាប់ចងនរណាម្នាក់ កងឈ្លបទាំងអស់ត្រូវតែអនុវត្តន៍បញ្ជាដោយគ្មានការលើកលែងសូម្បីតែសមាជិកក្រុមគ្រួសារ។ គណៈស្រុក គឺជាអ្នកកំណត់ឈ្មោះឲ្យកងឈ្លបជាអ្នកអនុវត្តន៍។ ចំពោះអ្នកណាដែលមិនអនុវត្តន៍ទៅតាមបញ្ជានឹងអាចមានបញ្ហាជាមួយថ្នាក់លើឬត្រូវបានសម្លាប់។ បើតាមអ្វីដែល ឆូវ បានដឹង គឺនៅក្នុងភូមិភាគនិរតី មានមនុស្សជាច្រើននាក់ត្រូវបានចាប់ចងដោយកងឈ្លប និងបញ្ជូនទៅដាក់នៅមន្ទីរសន្តិសុខទំនប់ស្ទឹងភេ[2]។ ចំពោះ ឆូវ ដែលជាអតីតកងឈ្លប បានអះអាងថា គាត់តែងតែអត់អោនចំពោះអ្នកដែលប្រព្រឹត្តិខុសសីលធម៌ជាលើកទីមួយ ប៉ុន្តែមិនអាចលើកលែងចំពោះអ្នកដែលប្រព្រឹត្តិខុសសីលធម៌ជាច្រើនដងនោះទេ។ ឆូវ បានចាត់ទុកថារឿងអយុត្តិធម៌ ចំពោះអ្នកដែលបានបាត់បង់ជីវិត ដែលភាគច្រើនជាមនុស្សស្លូតត្រង់ និងចូលចលនាបដិវត្តន៍ដើម្បីបម្រើតែប្រជាជនប៉ុណ្ណោះ។

នៅក្នុងឆ្នាំ១៩៧៧ សមាជិកគណៈស្រុក និងគណៈតំបន់ជាច្រើននាក់ត្រូវបានចោទប្រកាន់អំពីអំពើក្បត់។ អ្នកទាំងនោះរួមមានឈ្មោះ កង ចាប ប្រធានគណៈតំបន់ ឈ្មោះ ភួង រិន អនុប្រធានតំបន់លេខ៣៥ ខេត្តកំពត ដែលត្រូវជាបងប្អូនជាមួយឈ្មោះ រុំ មេទ័ពកងពលធំ អ្នកទាំងនេះត្រូវចោទប្រកាន់ថាក្បត់នឹងអង្គការ។ នៅពេលលឺដំណឹង ឆូវ មានការភ័យខ្លាចដោយសារខ្លួនធ្លាប់រៀនជាមួយ រុំ ពីមុនមក។ នៅឆ្នាំដដែល គណៈឃុំបានចាត់តាំងឲ្យ ឆូវ ផ្លាស់ប្ដូរទៅធ្វើការនៅខេត្តកំពង់ធំ ជាមួយមនុស្សសរុបប្រហែលជាង ២០០នាក់ ដោយធ្វើដំណើរតាមឡាន។  ពីឆ្នាំ១៩៧៧ រហូតចុងឆ្នាំ១៩៧៨ មនុស្សជាច្រើននាក់ត្រូវបានសម្លាប់ដោយសារគោលនយោបាយបន្សុទ្ធកម្មរបស់អង្គការរួមទាំងនៅភូមិភាគឧត្តរ ខេត្តកំពង់ធំ។[3] នៅទីនោះ ឆូវ ត្រូវបានចាត់តាំងឲ្យធ្វើជាប្រធានភូមិត្រឡោក បច្ចុប្បន្នស្ថិតនៅក្នុង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ អស់រយៈពេលប្រមាណជាពីរទៅបីខែក្រោយមក ទើបខ្មែរក្រហមបញ្ជូនប្រពន្ធកូនរបស់ ឆូវ ឲ្យមករស់នៅជួបជុំគ្នា។

នៅក្នុងមួយសហករណ៍ គឺស្មើនឹងចំនួនបីភូមិ។ ប្រជាជនទាំងអស់ត្រូវធ្វើការរួម ដូចជាជីកប្រឡាយ លើកទំនប់ និងធ្វើស្រែចម្ការ។ ចំពោះការហូបចុកនៅខេត្តកំពង់ធំ គឺមានសភាពលំបាកជាងនៅខេត្តកំពត។ ប្រជាជនរួមទាំងក្រុមគ្រួសាររបស់ ឆូវ ត្រូវហូបចុកស្មើគ្នា។ ចំណែកទិន្នផលស្រូវដែលប្រមូលបានគឺអង្គការជាអ្នកចាត់ចែងនិងដឹកចេញ ដែលបណ្ដាលឲ្យប្រជាជនជាច្រើននៅទីនោះស្លាប់ដោយសារភាពអត់ឃ្លាន និងការធ្វើពលកម្មហួសកម្លាំង ក្រោមការគ្រប់គ្រងរបស់ឈ្មោះ ទី គណៈស្រុក ដែលក្រោយមកត្រូវបានកងឈ្លបចាប់ចង។ បន្ទាប់ពីពេលនោះមក ថ្នាក់លើបានចាត់តាំង តាប៉ូច មកពីខេត្តកំពង់ស្ពឺជាអ្នកគ្រប់គ្រងជំនួស ដែលមានអនុឈ្មោះ តាពិន។ នៅឆ្នាំ១៩៧៨ ក្រោមការផ្សព្វផ្សាយមាគ៌ារបស់អង្គការ ទើបមានការបន្ធូរបន្ថយការចាប់ចងជាបណ្ដោះអាសន្ន និងមានការហូបចុកបានគ្រប់គ្រាន់ជាងមុននៅក្នុងតំបន់ដែល ឆូវ រស់នៅ។ ចំណែកថ្នាក់ក្រោមឬភូមិណាដែលមានខ្វះខាតខ្លាំង ត្រូវទៅពឹងពាក់និងទាក់ទងទៅភូមិផ្សេងដើម្បីជួយផ្គត់ផ្គង់របបអាហារ។

នៅក្រោមការគ្រប់គ្រងរបស់ តាប៉ូច ដែលជាប្រធានសហករណ៍ ឆូវ បានចាត់ទុក តាប៉ូច ថាជាមនុស្សសុភាពរាបសារ និងតែងតែប្រជុំជាមួយប្រធានភូមិទាំងអស់មុនសម្រេចចិត្តចាប់ចងឬបន្ធូរបន្ថយទោស។ ដូច្នេះប្រធានភូមិទាំងអស់ត្រូវពិនិត្យឲ្យបានម៉ត់ចត់អំពីខ្សែរយៈក្បត់ បើគ្មានការជាប់ពាក់ព័ន្ធត្រូវលុបឈ្មោះចេញដើម្បីកុំឲ្យមានការយល់ច្រឡំជាដើម។ ប៉ុន្តែមិនយូរប៉ុន្មាន ការចាប់ចងនៅតែបន្តកើតមានឡើង ដូច្នេះសមាជិករបស់ ឆូវ មានតែប៉ុន្មាននាក់ប៉ុណ្ណោះដែលរស់រានមានជីវិត។

នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៧៨ កងទ័ពវៀតណាមបានធ្វើការឈ្លានពានមកលើប្រទេសកម្ពុជា។ នៅពេលកងទ័ពវៀតណាមចូលមកដល់ក្នុងភូមិ មន្ទីរពេទ្យត្រូវបានដុតបំផ្លាញ រួមទាំងមានមនុស្សនៅក្នុងនោះត្រូវបានសម្លាប់។ ឆូវ បានអះអាងថាគាត់បានឃើញដោយផ្ទាល់ភ្នែកនៅហ្នឹងកន្លែងកើតហេតុ ចំណែកអ្នកខ្លះត្រូវបានចាក់ចំពុះទង់សម្លាប់ដោយកងទ័ពវៀតណាម។ នៅក្រោមសភាពការណ៍ចលាចល ឆូវ បានសម្រេចចិត្តមិនត្រឡប់ទៅស្រុកកំណើតវិញ។ ដោយសារ ឆូវ ដើរតាមមនោគមន៍វិជ្ជារបស់ខ្មែរក្រហម និងមូលហេតុមួយទៀតគឺប្រវត្តិសាស្ត្រដ៏ជូរចត់ជាមួយជនជាតិវៀតណាម ដែល ឆូវ អះអាងថាបានលេបយកទឹកដីកម្ពុជាក្រោម។ ឆូវ បានភៀសខ្លួនចូលព្រៃសំដៅឆ្ពោះទៅភ្នំជីជាមួយកងទ័ពខ្មែរក្រហមដទៃទៀត។ នៅពេលទៅដល់ភ្នំជី ប្រជាជនរួមទាំងកងទ័ពខ្មែរក្រហមជាច្រើននាក់បានបាត់បង់ជីវិត ដោយសារការអត់ឃ្លាន និងជំងឺគ្រុនចាញ់។ នៅឆ្នាំ១៩៧៩ ឆូវ បានចេញពីភ្នំជី និងបន្តដំណើរទៅភ្នំដងរែក។ មួយឆ្នាំក្រោយមក តាម៉ុក បានដឹកនាំប្រជាជននិងកងទ័ពខ្មែរក្រហមធ្វើដំណើរទៅអន្លង់វែង។ នៅទីនោះ អ្នកទាំងអស់បានចាប់ផ្តើមកាប់ឆ្ការព្រៃ និងធ្វើខ្ទមតាមមាត់អូរ។ ក្រុមគ្រួសាររបស់គាត់ ដែលគេហៅថាសមភូមិក្រោយ បានជួយជញ្ជូនស្បៀង និងគ្រាប់កាំភ្លើង ដែលបានពីប្រទេសចិនដើម្បីតស៊ូជាមួយកងទ័ពវៀតណាម។

នៅឆ្នាំ១៩៨៩[4] នៅពេលកងទ័ពវៀតណាមដកចេញពីកម្ពុជា ជំនួយពីប្រទេសចិនត្រូវបានកាត់បន្ថយ ដូច្នេះខ្មែរក្រហមបានកាប់ព្រៃឈើ និងជីកត្បូងសម្រាប់លក់។ នៅអន្លង់វែង ម៉ាស៊ីនអារឈើត្រូវបានប្រមូលទុកទ្រព្យសម្បត្តិរួម ប៉ុន្តែមិនប្រមូលសម្ភារទាំងអស់ដូចសម័យខ្មែរក្រហមនោះទេ។ ចំណែក សុន សេន ជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិដែលប្រមូលបាននៅស្រុកកំរៀង។ សង្គ្រាមនៅតែបន្តដោយមានការដាក់មីនទៅវិញទៅមក ដែលបណ្ដាលឲ្យប្រជាជនខ្មែរស្លាប់ទាំងសងខាង រួមទាំងកងទ័ពក«៥»។

ទេព ឆូវ មានអាយុ ៦៤ឆ្នាំ ជាអតីតកងឈ្លប ប្រធានភូមិនៅសម័យកម្ពុជាប្រជាធិបតេយ្យនិងជាកសិករ។ សព្វថ្ងៃ ឆូវ រស់នៅភូមិស្វាយជ្រំ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។ ទេព ឆូវ មានស្រុកកំណើតនៅភូមិព្រៃចេក ឃុំត្រពាំងរំាង[5] ស្រុកឈូក ខេត្តកំពត។ ឆូវ បានរៀបការមុនឆ្នាំ១៩៧៣ ដែលឪពុកម្ដាយជាអ្នករៀបចំនិងស្នើដល់អង្គការដែលគ្រប់គ្រងនៅក្នុងភូមិ។ ឆូវ មានប្រពន្ធឈ្មោះ ប្រាក់ រុន មានអាយុ ៥៦ឆ្នាំ និងមានកូនសរុបចំនួន ៦នាក់ ប្រុស ៣នាក់ ស្រី ២នាក់ និងម្នាក់ទៀតបានបាត់បង់ជីវិត។ ទេព ឆូវ មានឪពុកឈ្មោះ ទេព គិន និងម្តាយឈ្មោះ ប្រាក់ សែម។ ឪពុកម្តាយស្លាប់ក្រោយឆ្នាំ១៩៧៩ ដោយសារជំងឺ។ ឆូវ មានបងប្អូនសរុបចំនួន ៤នាក់ បុ្រស ២នាក់ និងស្រី ២នាក់។ បងស្រីឈ្មោះ ទេព ម៉ៅ បានស្លាប់ដោយសារដឹកជញ្ជូនគ្រាប់នៅសម័យសង្គ្រាមអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ និងបងប្រុសឈ្មោះ ទេព ឈន បានស្លាប់ដោយសារច្បាំងជាមួយកងទ័ពវៀតណាម។

បទពិសោធន៍ ក៏ដូចជារឿងរ៉ាវរបស់ ទេព ឆូវ ក្រោមរបបកម្ពុជាប្រជាធិបតេយ្យនិងសង្គ្រាមជាង៣០ឆ្នាំ បានបង្ហាញទៅដល់អ្នកដឹកនាំជំនាន់ក្រោយថា សង្គ្រាមគ្មានបានផលអ្វីសម្រាប់មនុស្សជាតិទេ ដោយធ្វើឲ្យខាតបង់ពេលវេលា និងជីវិតមនុស្ស៕

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ


[1] ឯកសារលេខ BBI0069. (២០១១). សម្ភាសន៍ជាមួយឈ្មោះ ទេព ឆូវ ដោយ សុខ វណ្ណៈ នៅថ្ងៃ១៩ ខែមីនា ឆ្នាំ២០១១. មជ្ឈមណ្ឌលឯកសារកម្ពុជា.

[2] បច្ចុប្បន្នស្ថិតនៅក្នុងភូមិស្រែចែង ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត.

[3] ផេង ពង្សរ៉ាស៊ី, et al. (២០២០). ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩). បោះពុម្ពលើកទី២. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រទី៤៨.

[4] កងទ័ពវៀតណាម​បានចាប់ផ្ដើមដកចេញពីប្រទេសកម្ពុជានៅខែមេសា ឆ្នាំ១៩៨៩.

[5] បើតាមការសម្ភាសន៍ជាមួយឈ្មោះ ទេព ឆូវ.

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin