ទេព ឃី៖ «ប្រធានពេទ្យឃុំទន្លូង»
ឆ្នាំ១៩៧៦ ប្រធានកងធំ ចាត់តាំង ទេព ឃី រៀនពេទ្យចំនួនបីខែ នៅថ្នាក់ស្រុក។ ក្នុងនាមជាអ្នកក្តោបក្តាប់ពេទ្យក្នុងឃុំទន្លូង មានសមាជិកចំនួន១០ទៅ១៥នាក់។ ឃី តែងតែធ្វើការ មើលថែអ្នកជំងឺ១៣ភូមិក្នុងឃុំទន្លូង។ ឃុំទន្លូង មានមន្ទីរពេទ្យបីកន្លែង។ មួយសម្រាប់គ្រូពេទ្យស្នាក់អាស្រ័យ និងពីរកន្លែងសម្រាប់អ្នកជំងឺដេកព្យាបាលរយៈពេលខ្លី។ មួយឆ្នាំ អង្គការខ្មែរក្រហមកំណត់ឱ្យពេទ្យចុះពិនិត្យសុខភាពតាមភូមិចំនួនពីរទៅបីលើក ជាក់ស្តែងមិនបានធ្វើតាមផែនការ ដោយសារពេទ្យមួយចំនួនខ្មែរក្រហមជ្រើសធ្វើកងទ័ព កងចល័ត។
ឈ្មោះ ពេទ ឃី[1] ជនជាតិស្ទៀង ភេទប្រុស អាយុ ៧១ឆ្នាំ រស់នៅភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម បច្ចុប្បន្ននៅភូមិក្តុលលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ម្តាយឈ្មោះ សំ ចេក ឪពុកឈ្មោះ ឃ្លី មានបងប្អូនចំនួន២នាក់ (ស្រី១នាក់) ប្រពន្ធឈ្មោះ យាន យីន មានកូនចំនួន៦នាក់(ស្រី៤) ស្លាប់១នាក់។
កាលពីកុមារភាព ទេព ឃី បានចូលរៀនត្រឹមថ្នាក់ទី១០សង្គមចាស់ បើឥឡូវស្មើថ្នាក់ទី៣។ បន្ទាប់មក ឃី ឈប់រៀន ដើម្បីជួយធ្វើការងារឪពុកម្តាយ។ ឃីចាំថា លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះបាទ នរោត្តម សីហនុ ចំណែក ឃី អត់បានចូលរួមធ្វើបាតុកម្មជាមួយប្រជាជនទេ។ ឪពុកប្រាប់ថា ខ្លាចត្រូវគ្រាប់កាំភ្លើង ព្រោះទាហាន លន់ នល់ មានកាំភ្លើងគ្រប់ដៃ ចំពោះប្រជាជនឬអ្នកភូមិមានតែកាំបិត ដំបង និងពូថៅ។ បន្ទាប់ពីធ្វើរដ្ឋប្រហារក្នុងឆ្នាំ១៩៧០ ក៏មានការទម្លាក់គ្រប់បែក។ អាមេរិកបានចូលមកក្នុងភូមិរកយៀកកុង។ នៅខាងកើតឆៀងខាងត្បូងភូមិមានការទម្លាក់គ្រប់បែកខ្លាំង។ គ្រួសារ ឃី បានភៀសទៅនៅភូមិក្តុល រយៈពេលពីរយប់។ ក្រោយពីស្ងាត់គ្រាប់ទើបចូលមកភូមិ។ ឃី ធ្លាប់បានឃើញទ័ពយៀកកុងដែលរត់មកពីវៀតណាម គេចខ្លួនពីការវាយប្រហាររបស់អាមេរិកាំង ហើយធ្វើរណ្តៅត្រង់សេសម្រាប់លាក់ខ្លួននៅខាងត្បូងភូមិ ចម្ងាយប្រមាណ១០០០ម៉ែត្រពីភូមិ។ ឯកសណ្ឋានយៀកកុងពណ៌ស្លាបសេក ពាក់មួកខៀវ។ ប៉ុន្តែទ័ពយៀកកុងស្នាក់នៅរយៈពេល៤ខែក៏ចេញបាត់អស់។ ជំនាន់នោះមានកងកម្លាំងអាមេរិកាំងចូលមកសួរនាំថា មានឃើញទ័ពយៀកកុងអត់? ប្រសិនបើអ្នកភូមិប្រាប់ ថាមានយៀកកុងធ្វើបន្ទាយលាក់ខ្លួនក្នុងភូមិក្តុលលើនេះ ច្បាស់ជាយៀកកុងត្រូវអាមេរិកាំងទម្លាក់គ្រប់បែកស្លាប់អស់។
អំឡុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានបង្កើតសហករណ៍កម្រិតទាបនៅក្នុងភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់។ ខ្មែរក្រហមចាប់ផ្តើមប្រមូលទ្រព្យសម្បត្តិ គោ ក្របី ដាក់ក្នុងសហករណ៍។ ទោះបីការហូបចុកជាសហករណ៍ ប៉ុន្តែក្នុងភូមិហូបគ្រប់គ្រាន់ មួយថ្ងៃពីរពេល។ ព្រឹកឡើង ឃី ចេញទៅធ្វើស្រែ ចម្ការធម្មតា តាមអង្គការខ្មែរក្រហមកំណត់។ ប្រជាជនចាប់ផ្តើមត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិកំណើតលើកទីមួយ ចំពោះយុវជនកម្លាំងស្នូល។
ឆ្នាំ១៩៧៦ ទេព ឃី ត្រូវបានប្រធានកងធំជ្រើសរើសធ្វើជាពេទ្យប្រចាំក្នុងឃុំទន្លូង ព្រោះឃើញ ឃី បានរៀនសូត្រចេះដឹងបន្តិចបន្តួច។ ឃុំទន្លូងមនុស្សចំនួន១០ទៅ១៥នាក់ បានទៅរៀនពេទ្យនៅស្រុកមេមត់។ ឈ្មោះ សាយ យ៉ន សុគន្ធ និងអឿន បានទៅរៀនជាមួយឃី នៅស្រុកមេមត់។ ចំពោះពេទ្យសម័យខ្មែរក្រហម អត់មានជំនាញពិតប្រាកដទេ គឺរៀនទូទៅចម្រុះគ្នា។ ឃី រៀនទូទៅ ដូចជាចាក់ថ្នាំ ផ្សំថ្នាំ មើលថែអ្នកជំងឺ ត្រូវចេះគ្រប់ជំនាញ។ រៀនពេទ្យនៅស្រុកមេមត់អស់រយៈពេលចំនួន៣ខែ។ រៀនបានយល់ដឹង ពីការប្រើប្រាស់ថ្នាំ និងវិធីសាស្ត្រក្នុងការព្យាបាល ថ្នាក់ស្រុកបញ្ជូន ឃី ត្រឡប់ទៅកាន់ឃុំវិញ។
ក្នុងនាមជាអ្នកក្តោបក្តាប់ពេទ្យក្នុងឃុំទន្លូង មានសមាជិកចំនួន១០ទៅ១៥នាក់ ឃី តែងតែធ្វើការងារមើលថែអ្នកជំងឺ១៣ភូមិក្នុងឃុំទន្លូង គ្រាន់តែអត់មានពេទ្យគ្រប់គ្រាន់។ ជាទូទៅថ្នាក់លើបានដាក់កំណត់ត្រូវចុះពិនិត្យសុខភាពជូនប្រជាជននៅក្នុងមួយឆ្នាំឱ្យបានចំនួនពីរដងទៅបីដង។ ប៉ុន្តែជាក់ស្តែងមិនបានតាមការកំណត់ទេ ព្រោះអត់មានសម្ភារគ្រប់គ្រាន់ ខ្វះធនធានមនុស្ស។ អង្គការខ្មែរក្រហមមិនគិតគូរពីសុខភាពប្រជាជនទេ គឺគិតតែផ្នែកកសិកម្មជាចម្បង។ ប្រជាជននៅក្នុងឃុំទន្លូងត្រូវបានចាត់តាំងធ្វើស្រែ ចម្ការ បង្កបង្កើនផលស្រូវគ្រប់កន្លែង សូម្បីតែកុមារក៏មិនលើកលែង។ និយាយពីកុមារក្នុងសម័យខ្មែរក្រហមមិនសូវបានសិក្សារៀនសូត្រទេ នៅក្នុងក្នុងមួយថ្ងៃរៀន១ម៉ោងទៅ២ម៉ោងយ៉ាងច្រើន បន្ទាប់ពីរៀនចប់ ចេញទៅវាលស្រែដកស្មៅឬធ្វើជី។ រដូវវស្សាមកដល់ អំឡុងខែឧសភា ឆ្នាំ១៩៧៦ មានភ្លៀងធ្លាក់ ជាពេលដែលប្រជាជនកំពុងប្រញាប់ប្រញាល់ធ្វើស្រែ និងស្ទូងស្រូវ។ ប្រជាជនមានជំងឺជាច្រើននាក់គ្រប់ភូមិ។ នៅក្នុងតំបន់មូលដ្ឋានទាំងមូល ឃី ត្រូវចាត់តាំងពេទ្យ៥នាក់ចុះក្នុងភូមិពីរថ្ងៃឬបីថ្ងៃ ដើម្បីពិនិត្យសុខភាពអ្នកជំងឺតាមភូមិ។ ជំងឺភាគច្រើន លើប្រជាជនក្នុងសម័យខ្មែរក្រហម មានពីរប្រភេទ គឺគ្រុនចាញ់ និងរាករូស។ ពេទ្យក្នុងឃុំ អត់មានឧបករណ៍គ្រប់គ្រាន់សម្រាប់ព្យាបាលជំងឺទេ មានត្រឹមតែប្រដាប់ស្ទង់កម្តៅ វាសចង្វាក់បេះដូង ចំពោះឧបករណ៍ពិនិត្យក្នុងរាងកាយទាល់ទៅពេទ្យខេត្ត។ មនុស្សស្លាប់ភាគច្រើនជំងឺគ្រុនចាញ់ ចំពោះជំងឺរាកគ្រាន់តែពិសាថ្នាំពីរទៅបីថ្ងៃជាសះស្បើយ។ ពេទ្យនៅក្នុងឃុំទន្លូង មានបីកន្លែងធ្វើជាខ្ទមប្រក់ស្លឹកទ្រាំងទាំងអស់។ មួយកន្លែងសម្រាប់ពេទ្យស្នាក់អាស្រ័យ និងពីរកន្លែងទៀតសម្រាប់ដាក់អ្នកជំងឺដែលគេងព្យាបាលរយៈពេលខ្លី។ ក្នុងឆ្នាំ១៩៧៦ ខ្មែរក្រហមបានជម្លៀសកងចល័តចេញពីភូមិក្តុលលើ បន្ទាប់មកខ្មែរក្រហមជម្លៀសប្រជាជនទូទៅចេញពីឃុំទន្លូង។ ចំណែកម្តាយឪពុកឃី ក៏ត្រូវជម្លៀសចេញពីភូមិក្តុលលើ។
ចុងឆ្នាំ១៩៧៦ ឃី ត្រូវបានប្រធានពេទ្យស្រុកមេមត់ ហៅទៅរៀនវគ្គខ្លី ហើយបានជួបជាមួយឈ្មោះ មីន មកពីឃុំជាំតាម៉ៅ រៀនពេទ្យជាមួយគ្នា។ រៀនពេទ្យប្រហែលកន្លះខែបានត្រឡប់ទៅឃុំទន្លូង ប៉ុន្តែខាងទ័ពមជ្ឈិមចូលមកជម្លៀសជាលើកទីបី។ ជម្លៀសលើកទីបី ចំពោះអ្នកធ្វើការងារក្នុងភូមិ ឃុំ មានគ្រូពេទ្យ គ្រូបង្រៀន និងមន្ត្រីថ្នាក់ឃុំជាដើម។ ជាពិសេសអ្នកដែលធ្វើការបម្រើការងារសម័យលន់ នល់ ត្រូវបានខ្មែរក្រហមចាប់ទៅកសាង។ ចំពោះពេទ្យក៏ត្រូវបានអង្គការខ្មែរក្រហមបញ្ឈប់ ហើយទៅធ្វើការងារបង្កបង្កើតផលដំណាំវិញ។
ដើមឆ្នាំ១៩៧៧ ឃី ត្រូវបានជម្លៀសចេញពីឃុំ ដោយគ្មានបានយកអ្វីទៅតាមខ្លួន មានតែសម្លៀកបំពាក់មួយចំនួន។ ខាងទ័ពមជ្ឈិមមានឯកសណ្ឋានពណ៌ខ្មៅមួយឈុត និងមានក្រមាបង់កមួយ អត់មានកាំភ្លើងកាន់ទេ ប៉ុន្តែត្រូវធ្វើតាមការបញ្ជារបស់អង្គការ។ ឃី ធ្វើដំណើរថ្មើរជើងចេញពីភូមិក្តុលលើ រហូតភូមិក្បាលត្រាច ឃុំស្រែចារ ស្រុកស្នួល ឈប់គេងសម្រាកមួយយប់។ គេងអត់លក់មួយយប់ទាល់ភ្លឺ ព្រោះមិនធ្លាប់គេងផ្ទាល់ដី។ ព្រលឹមធ្វើដំណើរបន្តទៅកាន់ស្រុកស្នួល ឈប់សម្រាកផ្ទះប្រជាជនមួយយប់ទៀត។ មានផ្ទះតែគ្មានមនុស្សរស់នៅ ព្រោះខ្មែរក្រហមជម្លៀសចេញទាំងអស់។ ខ្មែរក្រហមជម្លៀសដល់ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។
ឆ្នាំ១៩៧៨ ឃី ត្រូវបានជ្រើសតាំងធ្វើជាកងចល័តកាប់គាស់ដីស្រែ។ ខ្មែរក្រហមបញ្ជូនទៅកាន់ទីតាំងដែលខ្មែរក្រហមហៅថាម្លិច ក្នុងឃុំស្វាយជ្រះ ស្រុកស្នួល។ ចំពោះ ឃី ធ្លាប់មានតួនាទីជាគ្រូពេទ្យកន្លងមក ខ្មែរក្រហមចាត់ទុកជាប្រជាកសិករស្មើគ្នា គឺត្រូវធ្វើការតាមអង្គការបង្គាប់បញ្ជា។ គាស់ដីស្រែចាប់ពីម៉ោង៧ព្រឹករហូតដល់ម៉ោង១១ទើបឈប់សម្រាក បន្ទាប់ចុះគាស់ដីស្រែចាប់ពីម៉ោង១រហូតដល់ម៉ោង៥ល្ងាច ជួនកាលដល់យប់ម៉ោង៩ តាមអង្គការកំណត់។ ឃី មិនដែលហូបអាហារបានគ្រប់គ្រាន់ ភាគច្រើនបបរលាយជាមួយចេក ឬដំឡូង។ ចំពោះម្តាយឪពុក ស្លាប់ ដោយសារអត់អាហារនៅម្លិច (ចំពោះឈ្មោះភូមិម្លិចនេះ ត្រូវបានខ្មែរក្រហមបង្កើតឡើងអំឡុងពេលជម្លៀសប្រជាជនពីស្រុកមេមត់មករស់នៅឆ្នាំ១៩៧៧-១៩៧៨)។ ឪពុកម្តាយ ឃី ឈឺនៅនឹងមុខ តែមិនអាចមើលថែ និងព្យាបាលបាន។ ប្រជាជនជម្លៀសមកពីភូមិផ្សេងៗគ្នាភាគច្រើនត្រូវស្លាប់អត់មានអាហារហូបចុក។
ដល់ពាក់កណ្តាលឆ្នាំ១៩៧៨ ខ្មែរក្រហមចាត់តាំងបិទប្រព័ន្ធភ្លឺស្រែនៅម្លិចដដែល ស្រុកស្នួល ខេត្តក្រចេះ។ ក្នុងឆ្នាំនេះស្រូវប្រមូលបានផលរាប់សិបតោន ព្រោះដីថ្មីទើបគាស់រាន និងមានជីជាតិ។ ស្រូវបានច្រើនលើសលុប តែប្រជាជនអត់បានហូប។
នៅឃុំស្វាយជ្រះរហូតដល់ថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ទើបត្រឡប់ទៅស្រុកកំណើត រកបងស្រីម្នាក់ទៀត។ អំឡុងឆ្នាំ១៩៧៩ ខ្ញុំបានរៀបការជាមួយភរិយាយឈ្មោះ យាន យីន រស់នៅក្នុងភូមិក្តុលលើរហូតបច្ចុប្បន្ននេះ។
ចំពោះរឿងរ៉ាវដែលខ្ញុំធ្លាប់បានឆ្លងកាត់ពីរបបខ្មែរក្រហម ខ្ញុំតែងតែនិយាយប្រាប់កូនចៅ និងមនុស្សជំនាន់ក្រោយឱ្យបានដឹង ដូចជាចៅឈ្មោះ រចនា ការ៉ា ថា ឈីន ស្រីណាត់ ជាដើម។ ពេលខ្លះខ្ញុំបានជួបអ្នករស់ពីរបបខ្មែរក្រហមដូចគ្នា ហើយនិយាយពិភាក្សាគ្នា រំលឹកពីការចងចាំដែលមិនអាចភ្លេចបាន។
ជាចុងក្រោយសូមកូនចៅនិងមនុស្សជំនាន់ក្រោយរក្សាសន្តិភាព កុំឱ្យរបបខ្មែរក្រហមប្រល័យពូជសាសន៍វិលមកម្តងទៀត។ ក្នុងនាមខ្ញុំជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ សូមសំណូមពរដល់យុវជន-យុវនារី ត្រូវតែសិក្សាពីប្រវត្តិសាស្ត្រខ្មែរក្រហម ដើម្បីទុកជាមេរៀនដល់កូនចៅជំនាន់ក្រោយ៕
អត្ថបទដោយ៖ ឈុំ រ៉ា មជ្ឈមណ្ឌលឯកសារកោះថ្ម
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, បទសម្ភាសន៍ ទេព ឃី ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គម្រោងការលើកកម្ពស់សិទ្ធិ និងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សម្ភាសន៍លើកទី១ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ និងសម្ភាសន៍លើកទី២ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។