ធ្វើការឲ្យបដិវត្តន៍កម្ពុជា ទោះខំធ្វើដល់ស្លាប់ទៀតក៏គ្មានប្រាក់ខែដែរ

រូបថតចុងឆ្នាំ១៩៧៧ រូបថតពីសៀវភៅកងពលខ្មែរក្រហម៧០៣(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន៤២ទំព័រ ឈ្មោះ ទេព មួយស្រេង ឈ្មោះ បដិវត្តន៍ ទេព ញឹម។ ទេព ញឹម បានសរសេរចម្លើយសារភាពរបស់ខ្លួនដោយផ្ទាល់ដៃ ចាប់ពីថ្ងៃទី២១ ដល់ ២៨ ខែមិថុនា ឆ្នាំ១៩៧៧។ ទេព ញឹម បានចូលបដិវត្តន៍តាំងពីឆ្នាំ១៩៧០។ ក្រោយមក ទេព ញឹម មានការថ្នាំងថ្នាក់ជាមួយបដិវត្តន៍ ដោយសារតែគ្មានប្រាក់ខែ ទើប ទេព ញឹម បានងៀកមកចូលរួមជាមួយបក្សពលករវៀតណាមវិញ តាមរយៈការអប់រំ ពីឈ្មោះ យស់ ជាអនុលេខា តំបន់២២។ បន្ទាប់ពីទទួលបានការអប់រំ ពី យស់ រួច ទេព ញឹម បានដើរបំផុសបំផុលយុទ្ធនារីនៅតាមមន្ទីរមួយចំនួន ឲ្យចូលរួមធ្វើសកម្មភាពក្បត់បដិវត្តន៍(កម្ពុជា)ជាមួយខ្លួនដែរ។ នៅក្នុងសកម្មភាពបំផុសបំផុលយុទ្ធនារីនីមួយៗនេះ ទេព ញឹម តែងលើកសរសើរពីបក្សពលករវៀតណាម និងបង្អាប់បដិវត្តន៍កម្ពុជាថា៖ ធ្វើការឲ្យបដិវត្តន៍កម្ពុជា ទោះខំធ្វើដល់ស្លាប់ទៀតក៏គ្មានប្រាក់ខែដែរ។

ខ្ញុំឈ្មោះ ទេព ញឹម[1] ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃដើមថ្នឹង ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង តំបន់២២។ នៅខែមិថុនា ឆ្នាំ១៩៧០ ខ្ញុំបានចូលធ្វើបដិវត្ត ដាំបន្លែប្រចាំភូមិព្រែកសណ្តែក ប៉ុន្តែមិនទទួលបានប្រាក់ខែទេ។ អ្នកដែលនាំខ្ញុំ ឲ្យចូលបដិវត្តន៍ គឺនារី គង ណន ដែលរស់នៅភូមិជាមួយគ្នា។ អ្នកដែលទទួលខ្ញុំឲ្យចូលបដិវត្តគឺ ចំរើន។ បន្ទាប់មក យស់ ដែលជាអនុលេខាតំបន់២២ បានហៅខ្ញុំ ឲ្យមកប្រជុំជាមួយ ឈ្មោះ ចំរើន ,សាន, វី, គឹម និង ហុន ដើម្បីអប់រំបំផុសបំផុល ឲ្យចូល សេអ៊ីអា ហើយ ខ្លឹមសារបំផុសបំផុលនោះ គឺនិយាយអំពីភាពសម្បូរបែបរបស់ វៀតណាម ប្រៀបធៀបនឹងការខ្វះខាតនៅកម្ពុជា។ យស់ បាននិយាយថា សកម្មភាពរស់នៅរបស់ប្រទេសវៀតណាម គឺមានភាពជឿនលឿន។ កម្មាភិបាល តូចធំ គ្រប់ផ្នែកទាំងអស់ សុទ្ធតែមានប្រាក់ខែ។ ចំណែកឯ របៀបរបរធ្វើការងារវិញ គឺធ្វើការងារតិច និងសម្រាកច្រើន។ យស់ បានបន្តថា បើសិនជាវៀតណាម បានមកដឹកនាំនៅប្រទេសកម្ពុជា យើងនឹងមានជីវភាពធូរធារ ហើយយើងនឹងមិនលំបាកទៀតទេ។ ក្រោយមក យស់ បានសាកសួរចិត្តគំនិតរបស់អ្នកទាំង៥ថា តើមិត្តយល់យ៉ាងដូចម្តេចដែរចំពោះរឿងនេះ? អ្នកទាំងអស់គ្នា បានឯកភាព។ ចំណែកខ្ញុំ ក៏បានឯកភាពដែរ ព្រោះ ខ្ញុំចង់ធ្វើការងារតិច និងសម្រាកច្រើន។ ម្យ៉ាងវិញទៀត ខ្ញុំមានការថ្នាំងថ្នាក់ជាមួយបដិវត្តន៍ នឹងរឿងគ្មានប្រាក់ខែផងនោះ ខ្ញុំក៏ស្ម័គ្រចិត្តចូលបម្រើឲ្យបដិវត្តន៍វៀតណាមដោយការពេញចិត្ត។ បន្ទាប់មក យស់ ក៏បានបញ្ចូលអ្នកទាំង៥ ទៅក្នុង«បក្សពលករវៀតណាម» (ត្រូវជាបក្សកម្មុយនីស្តវៀតណាមសព្វថ្ងៃ) នៅភូមិព្រែកព្រុំ ឃុំល្វេ ស្រុកស៊ីធរកណ្តាល នៅក្រោមដើមឬស្សី។ យស់ បានដាក់លក្ខខណ្ឌថា ចំពោះអ្នកដែលបាន ចូលបក្សនេះហើយ គឺត្រូវតែគាំទ្រ និងបម្រើផលប្រយោជន៍ឲ្យវៀតណាម ដោយឥតងៀករេ។ អ្នកទាំង៥នាក់ ក៏បានប្តេជ្ញាអនុវត្តផែនការតាមការណែនាំ។

ចាប់ពីខែមិថុនា ឆ្នាំ១៩៧១ ខ្ញុំបានចាប់ផ្តើមអនុវត្តតាមផែនការណ៍របស់ យស់ គឺកសាងកម្លាំងនារីនៅក្នុងមន្ទីរ រហូតដល់ឆ្នាំ ១៩៧៧។ យុទ្ធនារីនៅក្នុងមន្ទីរ ទាំងនោះជឿលើការបំផុសបំផុលខ្ញុំទាំងស្រុង។ ដំបូងខ្ញុំបានជួបជាមួយ នារី ស៊ី។ ខ្ញុំបំផុសទៅកាន់នារី ស៊ី ថា យើងទាំងអស់គ្នា ធ្វើការឲ្យបដិវត្តន៍យូរទៅដូចជាមិនដឹងទៅណាមកណាទេ។ ទោះធ្វើការដល់ស្លាប់ទៀតក៏គ្មានប្រាក់ខែដែរ។ បើបដិវត្តន៍របស់ វៀតណាមវិញ កម្មាភិបាលគ្រប់ជាន់ថ្នាក់ទាំងអស់ សុទ្ធតែមានប្រាក់ខែ។ មួយវិញទៀត បដិវត្តន៍របស់វៀតណាម ជឿនលឿនជាងយើងឆ្ងាយណាស់។ គេមានអាវុធគ្រាប់រំសេវសម្បូរបែប។ រីឯការស្លៀកពាក់ ការហូបចុកវិញ គឺមាន មិនចេះខ្វះទេ។ រយៈពេល១ខែនារីនោះ ក៏បានជឿលើខ្ញុំទាំងស្រុង។ បើនិយាយពីឈ្មោះ ផលី ខ្ញុំបានអប់រំ ផលី ឲ្យឃើញពីបដិវត្តន៍ជឿនលឿនរបស់ប្រទេសវៀតណាមដែរ។ ខ្ញុំបានបំផុសឲ្យនារី ផលី នេះថា នៅពេលនារីឈឺ នារីមិនចាំបាច់ទៅរកពេទ្យទេ ព្រោះពេទ្យព្យាបាលនារីមិនជាទេ ទាល់តែនារីទៅរកថ្នាំខ្មែរផឹក ទើបជា។ ខ្ញុំនិយាយបន្តទៀតថា បើនារីជាហើយ នារីមិនចាំបាច់មកវិញទេ នារីនៅផ្ទះវិញស្រួលជាង ហើយបើសិនជាគេមកតាម នារីប្រាប់គេថា មកធ្វើការមិនកើតទេ។ ការបំផុសនេះធ្វើឲ្យនារី ផលី លែងមកវិញជារៀងរហូត។ ចំណែកឯនារី ម៉ុំ វិញ ខ្ញុំបំផុសបំផុលខាងហូបចុក។ ខ្ញុំនិយាយថា មិនដែលនរណា ហូបបបរលាយពោតបែបនេះទេ ទោះជាបីនៅផ្ទះក៏ដោយ ក៏មិនដូច្នេះដែរ ធ្វើឲ្យនារីនោះមានការថ្នាំងថ្នាក់ជាមួយបដិវត្តន៍ នឹងរឿងហូបមិនគ្រប់គ្រាន់នេះ។ មួយវិញទៀត ខ្ញុំបំផុសនារីនោះ រឿងត្បាញភួយ។ ខ្ញុំនិយាយថា ភួយនេះ ទោះបីខំប្រឹងត្បាញយ៉ាងណាក៏ដោយ ក៏គ្មានបានមកជារបស់យើងដែរ រហូតធ្វើឲ្យនារី នោះយកភួយទៅកប់ចោលនៅក្នុងភក់ ព្រមទាំងលួចដុតបំផ្លាញកប្បាស់អស់មួយចំនួន។

ក្រៅពីនេះ ខ្ញុំបានដើរបំផុសនារីនៅតាមផ្ទះប្រជាជន គឺលើកតែពី ភាពសម្បូរបែប និងភាពជឿនលឿនរបស់បដិវត្តន៍វៀតណាម។ នៅពេលខ្ញុំទៅលេងផ្ទះប្រជាជនក្នុងមន្ទីរ ភូមិរកាកោង ឃុំមាហារលាប ស្រុកកោះសូទិន តំបន់២២ ខ្ញុំបានលើកអំពីកងទ័ពវៀតណាម ចូលច្បាំងនៅក្នុងសមរភូមិមិនសូវមានអ្នករបួសទេ ហើយកងទ័ពមានប្រាក់ខែទៀត។ ខ្ញុំបំភ័យប្រជាជនថា កងទ័ពខ្មែរ នៅពេលប្រយុទ្ធនៅក្នុងសមរភូមិ គឺមានតែស្លាប់ និងពិការទេ។ សរុបមកគឺ លំបាកណាស់។ ការបំផុសនេះ ធ្វើឲ្យប្រជាជនលែងហ៊ានឲ្យកូនរបស់គាត់ ចូលបម្រើឲ្យជួរកងទ័ពរបស់កម្ពុជាតទៅទៀត។ ការអប់រំ របស់ខ្ញុំនៅតាមផ្ទះប្រជាជនមួយទៀត គឺ ខ្ញុំអប់រំអំពី រឿងធ្វើបដិវត្ត បើគ្មានប្រាក់ខែ ត្រូវតែប្រឆាំង។ បើឲ្យកាន់អីត្រូវតែបំផ្លាញនោះ កុំឲ្យបដិវត្តរីកចម្រើនបានឲ្យសោះ ត្រូវតែបំផ្លាញឲ្យជាប់។ រាល់ពេលដែលខ្ញុំអប់រំយុទ្ធនារីឲ្យមានជំនឿលើបដិត្តន៍វៀតណាមម្តងៗ ខ្ញុំតែងតែបំផុសនារី ឲ្យបំផ្លាញអ្វីៗសព្វគ្រប់បែបយ៉ាងនៅក្នុងមន្ទីរ ដូចជា៖ ១) ធ្វើសកម្មលួចលុយរបស់មន្ទីរ ហើយប្រាប់ថា នេះហើយ ជាប្រាក់ខែរបស់យើង។ ២) បំផ្លាញសម្ភារស្បៀង អង្ករ ម្ហូបអាហារ អំបិល ត្រីប្រឡាក់ ផ្អក ប្រហុក ទុកឲ្យនៅហាលភ្លៀង នាំឲ្យខូចអស់មួយចំនួនធំ។ ៣) លួច ចាន ឆ្នាំង ប្រជាជនយកទៅទម្លាក់ចោលនៅក្នុងទន្លេ ។ ៤) បំផ្លាញកប្បាស កូនចេក ពោត សណ្តែកដី សណ្តែកបាយ និង ដំណាំហូបផ្លែជាច្រើនទៀតរបស់ប្រជាជន។ ៥) សម្លាប់កូនជ្រូក កូនមាន់ និងមេមាន់ អស់ជាច្រើន។ ៦)បំផុសឲ្យយុទ្ធនារីដាំបាយខ្ជះខ្ជាយ បើហូបមិនអស់ ឲ្យចាក់ចោលកុំឲ្យស្តាយ។ ៧) កំឡុងពេលសែងអ្នករបួស យកស្នែងដែលមិនមាំ មកសែង ដើម្បីឲ្យបាក់ និងធ្លាក់អ្នករបួសស្លាប់។ ៨) បំផ្លាញម៉ាស៊ីនដេរ, គ្រឿងវិទ្យុ បំបែកអំពូលម៉ែតធំៗ, ចង្កៀងគ្រប់ម៉ាកទាំងអស់, ខ្ចៅខ្យងនៅក្នុងឃ្លាំងម៉ារីន ឲ្យប្រមូលទៅចោលនៅក្នុងទឹក ឬយកទៅដាក់នៅហាលភ្លៀង ហាលថ្ងៃឲ្យខូច។ ៩) ពេលកាប់ដីជីកប្រឡាយ ធ្វើឲ្យបាក់ ចប និងបង្គី។ ១០) ពេលធ្វើស្រែ ត្រូវជាន់ស្រូវពន្លិច, ពេលច្រូតស្រូវធ្វើយ៉ាងណាឲ្យជ្រុះគ្រាប់ស្រូវមកដីច្រើន, ពេលយកម៉ាស៊ីនមកបោកស្រូវ ត្រូវយកកណ្តាប់ស្រូវ ដាក់ទៅក្នុងម៉ាស៊ីនឲ្យច្រើន ទាល់តែម៉ាស៊ីនស្ទះខូច ប្រើការលែងកើត។ ក្រៅពីនេះ ខ្ញុំចាត់តាំងកម្លាំងចំនួន៤រូប ឲ្យតាមដានលើសកម្មភាពបំផ្លាញទាំងអស់នេះ គ្រប់ពេលវេលា ដើម្បីរាយការណ៍ឲ្យខ្ញុំ។ ដូច្នេះកម្លាំងទាំង៤នេះ គ្មាននរណាចាប់អារម្មណ៍ទេ។ តែខ្លឹមសារវិញ ជាកម្លាំងសម្ងាត់ ដើម្បីតាមដានសភាពការណ៍ប្រែប្រួល លើសកម្មភាពបំផ្លាញនេះ។ សកម្មភាពនេះ ប្រឆាំងបដិវត្តន៍រហូត ខ្ញុំត្រូវបានអង្គការចាប់ខ្លួន និងសួរចម្លើយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧៕

អត្ថបទដោយ ថុន ស្រីពេជ្រ


[1] មជ្ឈមណ្ឌលឯកសារកម្ពុជា,ឯកសារចម្លើយសារភាពលេខ D០០៤៤០ ឈ្មោះ ទេព ញឹម។ សកម្មភាព ញឹម ចូលបក្សពលករវៀតណាម បំផ្លាញបដិវត្តន៍កម្ពុជា។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin