ចម្លើយសារភាពរបស់ទេព រៀម ពីសកម្មភាពក្បត់របស់ខ្លួនឯង

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្ញុំឈ្មោះ ទេព រៀម[1] ហៅ អ៊ុំ មានស្រុកកំណើតនៅភូមិព្រៃខ្លា ឃុំសឹង ស្រុកសំរោង ខេត្តតាកែវ។  ខ្ញុំរៀបការជាមួយប្រពន្ធឈ្មោះ ផង់ គឿន (ហៅ ណាត)និងមានកូនស្រីម្នាក់។ ខ្ញុំ​មានតួនាទីលេខាវរៈសេនាតូចលេខ៥១២​ និងជាសមាជិកវរៈសេនាធំលេខ៥១ កងពល៥០២។ ឪពុកខ្ញុំឈ្មោះ ទេព អួង និងម្ដាយឈ្មោះ កុយក្រូច។ ខ្ញុំមានបងប្អូនប្រុសចំនួន២នាក់។ កាលពីកុមារ ខ្ញុំរៀនសូត្រនៅសាលាបឋមសិក្សាក្ដីទន្ទឹម និងស្នាក់នៅវត្តក្ដីទន្ទឹម ឃុំជើងគួន ស្រុកសំរោង។ នៅឆ្នាំ១៩៦៤ ខ្ញុំប្រឡងចូលរៀននៅវិទ្យាល័យកៅឌិន្យនៅក្នុងឃុំបឹង    ត្រាញ់ ស្រុកសំរោង ខេត្តតាកែវ។  ខ្ញុំចូលរៀននៅថ្នាក់ទី៦ រហូតដល់ថ្នាក់ទី៤។ ក្នុងខែសីហា ឆ្នាំ១៩៦៧ ខ្ញុំឈប់រៀនមកជួយប្រកបរបរចិញ្ចឹមជីវិតជាមួយឪពុកម្ដាយ។  នៅឆ្នាំ១៩៦៨ ខ្ញុំសុំឪពុកម្ដាយមកប្រករបរនៅភ្នំពេញនិងស្នាក់នៅជាមួយបងបង្កើតឈ្មោះរ៉េន ដែលរកស៊ីធាក់ស៊ីក្លូ។

នៅឆ្នាំ១៩៧០ មុនពេលរដ្ឋប្រហារ ខ្ញុំនិងបងរបស់ខ្ញុំវិលត្រលប់មកស្រុកវិញ។ នៅខែសីហា ឆ្នាំ១៩៧០ ខ្ញុំបានចូលរួមបដិវត្តន៍ និងធ្វើជាឈ្លបភូមិព្រៃខ្លា តាមការចាត់តាំងរបស់អង្គការ។ ខ្ញុំឆ្លងកាត់ពីអង្គភាពមួយមកអង្គភាពមួយទៀត ។ នៅឆ្នាំ១៩៧២ ខ្ញុំមិនទាន់ធ្វើសកម្មភាពអ្វីទេ គ្រាន់តែស្ទាបស្ទង់ពីមហាជនដែលបានស្គាល់ និងទទួលការអប់រំពីប្រធានអនុសេនាធំ៦៣ ឈ្មោះផល ឲ្យក្បត់បដិវត្តន៍ជាបន្តបន្ទាប់។ នៅឆ្នាំ១៩៧៤ ខ្ញុំចាប់ផ្ដើមកសាងកម្លាំងបាន២នាក់ ដោយប្រើវិធីមនោសញ្ជេតនា និងតំឡើងតួនាទី គួបផ្សំជាមួយនឹងការឃោសនាបំភ្លៃ ដើម្បីឲ្យសាម៉ីខ្លួនទាំងពីរងាករេពីបដិវត្តន៍ រួចចាត់តាំងធ្វើសកម្មភាពតែម្ដង។ នៅចុងឆ្នាំ១៩៧៤  ខ្ញុំបានចេញពីអង្គភាព១១៦ មកនៅវរៈ១៣៧ តួនាទីលេខា វ/ត របស់កងពល១១។ ខ្ញុំបានភ្ជាប់ការទាក់ទងជាមួយនឹងឈ្មោះ សាវ៉ន ជាលេខាវរៈសេនាតូច១២៨ដែលជាបក្សពួកក្នុងខ្សែជាមួយនឹងឈ្មោះផល។  ពេលនោះ សាវ៉ន បានឲ្យដឹងថានៅកងពល១១នេះ មានការធ្វើសកម្មភាពក្បត់តាមរយះ ឈ្មោះសំអុន សេនាធិការកងពលធំបង្អែក។ នៅខែកមរា ឆ្នាំ១៩៧៥ ខ្ញុំបានចូលរួមប្រជុំមួយក្រោមការដឹកនាំរបស់ សំអុន នៅសមរភូមិទួល១២។ នៅក្នុងការប្រជុំនេះ សំអុន លើកផែនការបំផ្លាញកម្លាំងបដិវត្តន៍ ក្នុងសមរភូមិទួលដោយប្រើវិធីបញ្ឆោត រួចបញ្ជាឲ្យកម្លាំងសម្រុកចូល។  បក្សពួកក្បត់ទទួលមុខព្រួញម្ខាងដកថយ និងឲ្យខ្មាំងកម្ទេចកម្លាំងបដិវត្តន៍។ ក្រោយពីអនុវត្តផែនការកម្ទេចកម្លាំងបដិវត្តន៍ក្នុងសមរភូមិជាបន្តបន្ទាប់ ខ្ញុំបានកសាងកម្លាំងបានជាខ្សែសង្វាក់ក្បត់ចំនួនបីនាក់ ធ្វើតាមមនោសញ្ឆេតនាឲ្យស្រឡាញ់ខ្លួន ដោយឲ្យភ្លើតភ្លើន សេរីក្នុងការរស់នៅ។ ក្រោយមកចាប់ផ្តើមអប់រំខ្ញុំដោយធ្វើការប្រៀបធៀបថាបដិវត្តន៍កម្ពុជាថា អនុវត្តខុសពីបដិវត្តន៍សកលោក។

នៅខែកក្កដា ឆ្នាំ១៩៧៥ ខ្ញុំបានចូលរួមប្រជុំមួយ នៅផ្ទះរបស់ ឡាយ សារឹម ហើយការប្រជុំនេះមាន សំអុន ជាប្រធាននិងមានសមាជិកចូលរួមចំនួន១២នាក់ទៀត។ សំអុន លើកបញ្ហា, ពិនិត្យបញ្ហា    និងកសាងកម្លាំងក្នុងអង្គភាពនីមួយៗបានជាខ្សែសង្វាក់ ហើយជំរុញបញ្ហាកសាងកម្លាំងឲ្យមានប្រសិទ្ធភាព។ ខ្ញុំ     កសាងកម្លាំងបានជាខ្សែសង្វាក់២នាក់​  ដោយប្រើវិធីអូសទាញតាមរូបភាពស្របនឹងអត្តចរិត្តរបស់បុគ្គលម្នាក់ៗ ដោយប្រើប្រាស់ មុខមាត់បុណ្យស័ក្ដិ និងតួនាទីនៅក្នុងអង្គភាព។ នៅខែកញ្ញា ឆ្នាំ១៩៧៥ ខ្ញុំបានទទួលការណែនាំពីឈ្មោះផល ឲ្យធ្វើការបំផុសនៅក្នុងអង្គភាព ឲ្យយុទ្ធជនរត់ទៅផ្ទះ។ ហើយរករឿងឆ្កិះទំនាស់ជាមួយក្រសួងនានា ដែលនៅជុំវិញដោយប្រើវិធីហួងហែងកម្មសិទ្ធិនៅក្នុងមុខសញ្ញាខ្លួន។ ទង្វើនេះមានគោលបំណងធ្វើឲ្យបែកបាក់សាមគ្គីភាពគ្នារវាងមន្ទីរ, ក្រសួង និងកងទ័ព។ នៅខែតុលា ឆ្នាំ១៩៧៥ ខ្ញុំបានទៅជួប សំអុន នៅអូឡាំពិក ក៏បានណែនាំឲ្យស្គាល់បក្សពួក២នាក់នៅកងពល៦០៥ គឺឈ្មោះ វ៉ាន់នី ជាកងស៊ើបការណ៍ និងហ៊ន ជាប្រធានមន្ទីរវរៈសេនាធំ១៥៤។

នៅខែវិច្ឆិកា ឆ្នាំ១៩៧៥ ខ្ញុំទទួលផែនការពី សំអុន នៅផ្ទះផល ជិតវត្តទួលទំពូង តែផែនការនេះមិនទាន់សម្រេចឲ្យអនុវត្តទេ ដោយត្រូវនៅរង់ចាំយោបល់ពីមេដឹកនាំ    សិន។ ក្រោយទទួលបានផែនការ  និងការសម្រេចពីមេក្បត់ ខ្ញុំបានដឹកនាំកម្លាំងដុតផ្ទះនៅខាងត្បូងសាលាយុគន្ធអស់៣ខ្នង។ នៅខែកុម្ភៈ ឆ្នាំ១៩៧៦ ផលឲ្យខ្ញុំទៅស្រង់ឈ្មោះបក្សពួកនៅកងពល៥១៤ ដែលមានឈ្មោះ អៀត ជាអ្នកដឹកនាំ ដើម្បីមករាយការណ៍ជូនតាម៉ៅ។ ក្រោយពីការរៀបចំបក្សពួកឲ្យចូលបង្កប់ក្នុងបច្ចេកទេសកងទ័ពអាកាស ខ្ញុំបានទៅរាយការណ៍ឲ្យផល។  ផល បានឧទ្ទេសនាមឈ្មោះ យន់ ជាអុនសេនាធំឲ្យមកនៅជាមួយខ្ញុំរ។ ក្នុងខែមីនា ឆ្នាំ១៩៧៦ ខ្ញុំបានទៅប្រជុំបក្សពួកក្បត់នៅ វ/ត៥១១ ដើម្បីពង្រឹងជំហរអនុវត្តន៍សកម្មភាពប្រឆាំងបក្សឲ្យកាន់តែសកម្ម និងពង្រឹងជំហរលាក់ការណ៍កម្រិតខ្ពស់។ ចុងខែមីនា ផលចាត់ឲ្យខ្ញុំទៅទាក់ទងឈ្មោះ សឿន វ/ត៥១១ ដើម្បីរៀបចំកម្លាំងក្បត់មួយកងធំត្រៀមពេលមានការខាងមុខ និងប្រើប្រាស់កម្លាំងនេះនៅភ្នំពេញ។ បីថ្ងៃក្រោយ ផល  ហៅឈ្មោះសឿន, អៀត និងខ្ញុំមកមន្ទីរវ/ត៥១១ ហើយណែនាំរៀបចំកម្លាំងប្រយុទ្ធមួយអនុសេនាធំដែលមានសឿនជាគ្រប់គ្រងផ្ទាល់ និងត្រៀមមួយកងអនុសេនាតូចដែលមានឈ្មោះអៀតដឹកនាំ។ កងពល៥១១ បានដោះដូរកម្លាំងនិងត្រូវបញ្ជូនកម្លាំងក្បត់ជាច្រើនមកនៅភ្នំពេញ។

នៅខែមេសា ឆ្នាំ១៩៧៦ ខ្ញុំចូលរួមប្រជុំមួយនៅទួលទំពូងសមាសភាពចូលប្រជុំមាន ផលជាប្រធាន សាវ៉ន អៀត សឿន។ ផល បានលើកពីគម្រោងការ នៅពេលពិធីបុណ្យថ្ងៃ១៧ មេសា ១៩៧៦ តាមការណែនាំរបស់ សោម។ ការរៀបចំកម្លាំង ផល រៀបជាពីរក្រុម ឈ្មោះសឿនក្ដាប់មួយក្រុមចំនួន១២នាក់និង អៀត មួយក្រុមចំនួន១២នាក់។ កម្លាំងនេះយកទៅត្រៀមបង្កប់នៅផ្ទះថ្ម ជុំវិញស្ដាតអូឡាំពិកគឺ៤កន្លែងសម្រាប់ធ្វើសកម្មភាពពីក្រៅ ដើម្បីឲ្យអ្នកខាងក្នុងដោះខ្លួន។ នៅក្នុងខែមីនា ឆ្នាំ១៩៧៧ បក្សពួកខ្ញុំគ្មានសកម្មភាពអ្វីទេ គឺមានតែការព្រួយបារម្ភចំពោះសភាពការណ៍ដែលកើតឡើងនៅជុំវិញខ្លួន។ មួយសប្ដាហ៍ក្រោយមក ខ្ញុំបានទទួលដំណឹងពី ផល៥០២ ថា សាវ៉ន បានចងកស្លាប់នៅជិតភូមិកំណើតគឺនៅភូមិព្រែករកា ឃុំព្រែករកា ស្រុក១៥៤ តំបន់២៥។ ពេលនោះ ផល និងខ្ញុំបបួលគ្នាទៅមើលខ្មោច សាវ៉ន។  នៅតាមផ្លូវ ផលនិយាយតែអំពីបញ្ហាការសម្រិតសម្រាំងរបស់អង្គការបដិវត្តន៍ ហើយបញ្ជាក់ថា ត្រូវសម្របខ្លួនជាមួយបដិវត្តន៍ និងឈប់ធ្វើសកម្មភាពអ្វីទាងអស់ ត្រូវសុំរស់ក្នុងបដិវត្តន៍។ ចាប់តាំងពីពេលនោះមក បក្សពួកខ្ញុំមានការព្រួយបារម្ភចំពោះស្ថានភាពនេះ។ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៧៧ ផលបានប្រាប់ខ្ញុំថា អង្គការនឹងចាប់ខ្ញុំ ព្រោះមានគេឆ្លើយដាក់ខ្ញុំថាក្បត់។ យប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៧៧ វេលាម៉ោង១០យប់ អង្គការក៏ចាប់ខ្លួនខ្ញុំមកកាន់​មន្ទីរអប់រំ។

ដោយទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម


[1] ដកស្រង់ចេញពីឯកសារ KCDC-CAM3259 J00896 ចម្លើយ ទេព រៀម ហៅ អ៊ុំ អំពី ប្រវត្តិ សកម្មភាព ក្បត់ តួនាទីលេខា វ.ត៥១២ វ.ធ៥១ ក.ព៥០២

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin