អង្ករ១កំប៉ុងត្រូវហូបគ្នា១០នាក់

(ខេត្តស្វាយរៀង) ទេព ណារី មានអាយុ ៦៤ឆ្នាំ មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។
នៅក្នុងរបបខ្មែរក្រហម ណារី មានអាយុប្រមាណជាង១០ឆ្នាំ ត្រូវបានអង្គការតម្រូវឲ្យធ្វើជីសម្រាប់ដាក់ដំណាំកសិកម្ម។ ជីកាលពីសម័យនោះ ណារី យកលាមកមនុស្សមកលាយជាមួយផេះ ឬដីដំបូក។ ជារៀងរាល់ព្រឹក ណារី ត្រូវក្រោកពីព្រឹកដើម្បីទៅដើរប្រមូលលាមកតាមបង្គន់នៅក្នុងភូមិដើម្បីយកមកហាល និងប្រមូលទុកដើម្បីលាយជាមួយដីដំបូក និងផេះចង្រ្កាន។
បន្ទាប់មកអង្គការបានផ្លាស់ប្តូរការងារ ណារី ពីកន្លែងធ្វើជីទៅខាងដេរសម្លៀកបំពាក់វិញ។ នៅក្រុមដេរចែកចេញជាពីរក្រុមគឺក្រុមដេរ និងក្រុមកាត់។ ណារី ស្ថិតក្នុងក្រុមដេរត្រូវដេរឲ្យបានចំនួន១០កំផ្លេក្នុងមួយថ្ងៃ។ ខោអាវដែលក្រុមណារី ដេរត្រូវបញ្ជូនទៅឲ្យកងងចល័ត។ ក្នុងមួយឆ្នាំខ្មែរក្រហមចែកខោវអាវ១កំផ្លេសម្រាប់មនុស្សម្នាក់។ ក្រោយពីការងារដេរសម្លៀកបំពាក់ ណារី អង្គការតម្រូវឲ្យត្បាញក្រណាត់។ ការងារនេះ ណារី មិនធ្លាប់ធ្វើពីមុនមកនោះទេ ប៉ុន្តែដោយសារខ្លាចត្រូវអង្គការដាក់ពិន័យ ណារី បានលួចមើល និងសួរអ្នកអ្នកធ្លាប់ធ្វើពីមុនៗរហូតអាចចេះ និងក្បាញក្រណាត់យ៉ាងស្ទាត់ជំនាញ។ ម្តាយរបស់ណារី តែងតែប្រាប់គាត់ថាឲ្យខិតខំធ្វើការងារឲ្យអង្គការព្រោះខ្លាចគេសម្លាប់។ ម្តាយ និងចាស់ក្នុងភូមិត្រូវមើលក្មេងៗនៅក្នុងកងកុមារ។ របបអាហារ ណារី និយាយថារបបអង្ករ១កំប៉ុងត្រូវហូបគ្នា១០នាក់ ដូចនេះអ្នកទទួលខុសត្រូវនៅរោងបាយត្រូវបបរ លាយជាមួយដំឡូង ឬស្លឹកដំឡូងទើបអាចចែកគ្រប់គ្នា បបររាវៗស្ទើរតែគ្មានគ្រប់អង្ករ។ កាលពីសម័យនោះសម្បូរត្រីណាស់នៅតាមវាលស្រែ ណារី បានលួចទៅរកត្រីនៅពេលយប់ដើម្បីដុតហូប។
បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ ណារី បានរៀបការ និងបានត្រលប់មករស់នៅស្រុកកំណើត និងប្រកបរបរធ្វើស្រែរហូតដល់សព្វថ្ងៃ៕

សម្ភាសន៍ដោយ យ៉េត ស្រីលាក់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

