ទេព ផន៖ កងចល័ត លើកទំនប់នៅដំណាក់ឈើក្រំ

​ទេព ផន រស់នៅភូមិកណ្ដាល ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

នៅក្នុងឆ្នាំ១៩៧៥ ផន ត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យចូលធ្វើការងារនៅក្នុងកងចល័ត។ បន្ទាប់មក ផន ត្រូវបានខ្មែរក្រហមបញ្ជូនឲ្យជីកប្រឡាយពីភូមិតាលោក រហូតទៅដល់ភូមិប្រហាល ហើយបានផ្លាស់ចេញពីភូមិប្រហាល ឲ្យលើកទំនប់នៅដំណាក់ឈើក្រំ ដ៏សែនលំបាកវេទនា ដែលស្ថិតនៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ ផន បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖

​ទេព ផន[1] អាយុ៧៨ឆ្នាំ​ ស​ព្វថ្ងៃចាស់ជរា។ ផន មានស្រុកកំណើតនៅភូមិតាលោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។ បច្ចុប្បន្នរស់នៅភូមិកណ្ដាល ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។  ផន មានប្ដីឈ្មោះ សេក ឆួន (ស្លាប់ដោយសារខ្មែរក្រហមចាប់យកទៅសម្លាប់)។ ផន មានកូនចំនួន១០នាក់​ (ប្រុស)។ កូន ផន បានទទួលមរណៈភាពចំនួន៥នាក់​ (ស្លាប់ដោយសារជំងឺ)។ ផន មានឪពុកឈ្មោះ​ វិត (ស្លាប់) និងម្ដាយឈ្មោះ សេស អាន់ (ស្លាប់)។​ ផន មានបងប្អូនបង្កើតចំនួន១០នាក់(ប្រុស៥នាក់ ស្រី៥នាក់) ហើយបងប្អូន ផន បានទទួលមរណៈភាព៧នាក់ (ប្រុស៤នាក់ ស្រី៣នាក់) និងប្អូនប្រុស ផន ចំនួន២នាក់ត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់ដោយតែរើសកំពីងដូងយកមកហូប។ ផន ជាកូនទី១ នៅក្នុងគ្រួសារ។

កាលពីក្មេង ផន រៀនបានថ្នាក់ទី១ នៅសាលាបឋមសិក្សាតាលោ ដែលស្ថិតនៅភូមិតាលោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។ មូលហេតុដែល ផន ឈប់រៀនដោយសារតែគ្រួសារមានជីវភាពក្រីក្រ បងប្អូនច្រើនមិនអាចបន្តការសិក្សាបាន។ បន្ទាប់ពីឈប់រៀន ផន បានជួយធ្វើការងារធ្វើស្រែចម្ការ, ជួយធ្វើការងារផ្ទះ, មើលថែប្អូនៗ និងដើរបេះក្ដឹបឪឡឹក, ក្ដឹបត្រសក់យកទៅលក់ ដើម្បីបានប្រាក់យកមកផ្គត់ផ្គងជីវភាពគ្រួសារ។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លោកឧត្ដមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេច នរោត្តម សីហនុ ចេញពីមុនតំណែង។ នៅក្នុងអំឡុងពេលនោះ​ ផន នៅជួយឪពុកម្ដាយធ្វើស្រែចម្ការតាមធម្មតា។ លុះដល់ឆ្នាំ១៩៧៣ កងទ័ពអាមេរិកាំងបានបើកយន្តហោះមកទម្លាក់គ្រាប់បែកនៅភូមិតាលោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។  ពេលនោះប្រជាជននៅក្នុងភូមិ មានការតក់ស្លុត និងចលាចលជាខ្លាំង ប្រជាជនបាននាំកូនចៅរត់ទៅក្នុងព្រៃដើម្បីលាក់ខ្លួន និងខ្លះទៀតបាននាំកូនចៅទៅលាក់ខ្លួននៅតាមមាត់ស្រះ តា​មប្រឡាយក្បែរផ្ទះ ដើម្បីគេចពីការទម្លាក់គ្រាប់បែករបស់ទាហានអាមេរិកាំង​។

បន្ទាប់ពីស្ងប់ស្ងាត់ការទម្លាក់គ្រាប់​បែក ផន បានឃើញប្រជាជនៅក្នុងភូមិចំនួន៥នាក់ បានស្លាប់ និងច្រើននាក់រងរបួស។ រីឯផ្ទះសម្បែងមួយចំនួនធំត្រូវបានឆាប់ឆេះ និងបំផ្លិចបំផ្លាញគ្មានសល់ ចំណែក គោ, ក្របី, ជ្រូក, មាន់, និងទា ស្លាប់យ៉ាងច្រើន។ ​បន្ទាប់មកឪពុកម្ដាយ ផន បានជីករណ្ដៅត្រង់សេទុកសម្រាប់ឲ្យកូនៗលាក់ខ្លួន។ នៅវេលាម៉ោង៥ល្ងាចឪពុកម្ដាយ ផន បានប្រាប់ផន នាំប្អូនៗទៅលាក់ខ្លួនក្នុងរណ្ដៅត្រង់សេ​។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមវាយរំដោះបានទីក្រុងភ្នំពេញ ហើយទទួលបានជ័យជម្នះទូទាំងប្រទេសកម្ពុជា។ បន្ទាប់ពីទទួលបានជ័យជម្នះនៅទីក្រុងភ្នំពេញ កងទ័ពខ្មែរក្រហមបានធ្វើដំណើរចូលមកភូមិតាលោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ហើយបានគ្រប់គ្រងនៅក្នុងភូមិតាលោទាំងស្រុង។ បន្ទាប់មក កងទ័ពខ្មែរក្រហមចាប់ផ្ដើមស៊ើបអង្កេត ​និងស្រាវជ្រាវប្រវត្តិរូបប្រជាជននៅក្នុងភូមិ ប្រជាជនដែលជាប់ពាក់ព័ន្ធឬធ្លាប់ធ្វើជាទាហានប៉ារ៉ា​របស់លោកតា សឺ សាន ភាគច្រើនត្រូវបានកងទ័ពខ្មែរក្រហមចាប់ទៅដាក់គុកឬចាប់យកទៅសម្លាប់។

ពេលនោះ ផន មានពូជីដូនមួយម្នាក់ ត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់ ដោយសារតែជាអតីតទាហានប៉ារ៉ា របស់លោកតា សឺន សាន ។ បន្ទាប់ពីបញ្ចប់ការស្រាវជ្រាវប្រវត្តិរូប ខ្មែរក្រហមបានបង្កើតសហករណ៍នៅក្នុងភូមិតាលោ ដោយបានប្រាប់ប្រជាជនប្រមូលសម្ភាររបស់របរដាក់រួម, ហូបរួម, ធ្វើការងាររួម និងស្នាក់នៅរួម។ បន្ទាប់មក ខ្មែរក្រហមបានបែងចែកឲ្យមានកងកុមារ, កងយុទ្ធជន, និងកងមនុស្សចាស់។ ពេលនោះ ផន មានវ័យជំទង់ត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យចូលធ្វើការងារនៅក្នុងកងចល័ត ដែលមានគ្នាចាប់ពី២០០ទៅ៣០០នាក់។ បន្ទាប់ពីជ្រើសរើស ខ្មែរក្រហមបានបែងចែកជាក្រុមតូចៗ ក្នុងមួយក្រុមមានគ្នា១២នាក់ និងមានប្រធានក្រុមម្នាក់សម្រាប់ដឹកនាំកូនក្រុមឲ្យចុះធ្វើការងារ។ អ្នកដែលគ្រប់គ្រងនៅក្នុងកងចល័តឈ្មោះ នារី វ៉ាត់។​ ការងារដែល ផន ត្រូវធ្វើដំបូងគឺ ត្រូវជីកប្រឡាយពីភូមិតាលោក រហូតទៅដល់ភូមិប្រហាល ដែលស្ថិតនៅឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ បន្ទាប់ពីជីកប្រឡាយរួចរាល់ ផន ត្រូវបានខ្មែរក្រហមផ្លាស់ចេញពីភូមិប្រហាល ដើម្បីឲ្យទៅជួយលើកទំនប់នៅដំណាក់ឈើក្រំ ដែលស្ថិតនៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។

ពេលលើកទំនប់នៅដំណាក់ឈើក្រំ ផន មានការលំបាកជាខ្លាំង ព្រោះការងារធ្វើមិនសូវបានសម្រាក និងគ្មានថ្នាំពេទ្យព្យាបាលពេលឈឺ មានតែថ្នាំបុរាណសម្រាប់ដាំផឹក។ សម្រាប់អាហារហូបចុករបស់កងចល័ត ខ្មែរក្រហមបានដាំបាយចំហុយ ហូបជាមួយសម្លម្ជូរព្រលឹត និងម្ជូរត្រកួន ជារៀងរាល់ថ្ងៃ។ ​ផន លើកទំនប់នៅដំណាក់ឈើក្រំ បានរយៈពេល១០ខែ, ទំនប់ដំណាក់ឈើក្រំបានបាក់ ហើយពេលនោះ ផន និងប្រជាជនដែលលើកទំនប់នៅដំណាក់ឈើក្រំទាំងអស់ មានការភិតភ័យ និងព្រួយបារម្ភជាខ្លាំង ព្រោះខ្លាចខ្មែរក្រហមចាប់យកទៅសម្លាប់។

បន្ទាប់ពីទំនប់ដំណាក់ឈើក្រំបានបាក់ ផន និងប្រជាជនប្រហែល៣០នាក់ទៀត ​ត្រូវបានពូម៉ឹង ដែលជាកងទ័ពខ្មែរក្រហមមកពីទីក្រុងភ្នំពេញ និងជាពូបង្កើតរបស់ ផន បានរំដោះចេញពីទំនប់ដំណាក់ឈើក្រំ ឲ្យទៅរស់នៅខេត្តបាត់ដំបង។ ពេលធ្វើដំណើរទៅដល់ខេត្តបាត់ដំបង ផន និងប្រជាជន៣០នាក់ ត្រូវបានពូ ម៉ឹង បញ្ជូនឲ្យទៅធ្វើការងាររោងចក្រផលិតកន្សែង(មិនចាំទីតាំង)។ ផន ធ្វើការរោងចក្រផលិតកន្សែង បានរយៈពេល១ឆ្នាំ ទើបសម្រេចចិត្តឈប់ពីការងាររោងចក្រ ហើយផ្លាស់មករស់នៅជាមួយម្ដាយមីងឈ្មោះ សៀនដែលរស់នៅក្នុងភូមិស្លក្រាម ឃុំវត្តតាមិម ស្រុកស្ទឹងសង្កែ ខេត្តបាត់ដំបង។

បន្ទាប់ពីមករស់នៅជាមួយម្ដាយមីងរយៈពេល២ខែ ផន ត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យចូលជាកងនារីខ្មែរក្រហមនៅក្នុងកងពលលេខ២  ដែលមានទីតាំងនៅផ្សារលើ ខេត្តបាត់ដំបង (អ្នកគ្រប់គ្រងមិនចាំឈ្មោះ)។ ពេលចូលធ្វើជាកងនារីខ្មែរក្រហមដំបូង ផន ត្រូវបានបញ្ជូនឲ្យទៅកន្លែងចុងភៅ ដើម្បីដាំបាយឲ្យកងទ័ពបរិភោគ។ ក្រៅពីការងារចុងភៅ ផន ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យជួយជញ្ជូនគ្រាប់យកទៅឲ្យកងទ័ពដែលឈរជើងនៅស្រុកមោងឫស្សី។ ពេលត្រឡប់មកផ្សារលើវិញ ខ្មែរក្រហមបានរៀបចំ ផន ឲ្យមានប្តី ដែលពិធីរៀបការនៅពេលនោះមានចំនួន៣០គូ។ ​បន្ទាប់ពីរៀបការរួច ផន ត្រូវបានខ្មែរក្រហមបញ្ជូនឲ្យទៅធ្វើស្រែនៅព្រលានយន្តហោះ ខេត្តបាត់ដំបង។ ចំណែកប្ដី ផន ត្រូវបានខ្មែរក្រហមបញ្ជូនឲ្យទៅក្នុងកងកាំភ្លើងធំ នៅបន្ទាយរំចេក ដែលស្ថិតនៅក្នុងខេត្តបាត់ដំបង។

នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានវាយចូលមករំដោះខេត្តបាត់ដំបង។ ពេលនោះ ផន និងប្ដីមិនបានរត់ទៅណាទេ។ នៅក្នុងឆ្នាំ២០១៥ ប្ដី ផន បានទទួលមរណៈភាពដោយសារជំងឺ។ នៅពេលនោះ ជីវភាពជួបប្រទះការលំបាក និងកូនច្រើន ផន បានសម្រេចចិត្តផ្លាស់ចេញពីខេត្តបាត់ដំបង មកចាប់ដីរស់នៅភូមិកណ្ដាល ឃុំអន្លងរាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ពេលចូលមករស់នៅក្នុងភូមិកណ្ដាលដំបូង ផន មានការលំបាកជាខ្លាំង ព្រោះផ្ទះរស់នៅត្រូវធ្វើនៅលើដើមឈើ ដើម្បីគេចពីសត្វជ្រូកព្រៃនិងសត្វខ្លា។ ផន ប្រកបរបរធ្វើចម្ការ ដើម្បីចិញ្ចឹមជីវិត។ រឿងរ៉ាវដែល ផន ចង់ចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហមគឺប្អូនប្រុសចំនួន២នាក់ ត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់ដោយសារតែរើសកំពីងដូងយកមកហូប៕

អត្ថបទដោយ ចាន់ ណារិទ្ធ


[1] ទេព ផន, បទសម្ភាសន៍ដោយ ចាន់ ណារិទ្ធ, នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin