ទេព ប៉ូច៖ «បាណាតិបាតា» ថាមិនឲ្យសម្លាប់ «អទិន្នាទានា»ថាមិនឲ្យលួចទ្រព្យគេ

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ទេព ប៉ូច[1] ​បានកើតនៅក្នុងឆ្នាំ​១៩៤៧ នៅភូមិតាំង​រលាំង ឃុំ​វាលពង់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ។ ប៉ូច បាន​បម្រើការ​ជា​សមាជិកក្រុម​ប្រឹក្សាឃុំ​ថ្លាត និង​កំពុងរស់នៅភូមិស្វាយចេក ឃុំ​ថ្លាត ស្រុក​អន្លង់វែង​ ខេត្តឧត្តរមានជ័យ។

ប៉ូច បាននិយាយថា៖ «ខ្ញុំ​មាន​បងប្អូនបង្កើតចំនួន​៤នាក់។ ខ្ញុំ ​បាន​បួសរៀនរយៈពេលពីរវស្សា នៅ​វត្ត​តាំង​ខ្មៅ។ ខ្ញុំ ​បាន​រៀបការនៅក្នុងឆ្នាំ​១៩៦៨។ រយៈពេល៤ឆ្នាំ​ក្រោយមក ប្រពន្ធខ្ញុំ ​បាន​ស្លាប់​ដោយ​សារ​ជំងឺ​អាសន្ន​រោគ ក្នុងខណៈដែលគាត់កំពុងមាន​គត៌៤ខែ។ ខ្ញុំ​ក៏ចាប់ផ្តើម​ចាកចេញពីស្រុកកំណើតដែរ បន្ទាប់​​ពីការស្លាប់ប្រពន្ធ និងកូន។

នៅក្នុងឆ្នាំ​១៩៧២ ខ្ញុំ​ត្រូវបាន​បបួលឲ្យ​ចូលព្រៃម៉ាគី ដើម្បីតស៊ូនៅក្នុងចលនារណសិរ្សរួបរួម​ជាតិ តបតាម​ការ​អំពាវនាវរបស់សម្តេចព្រះ នរោត្តម សីហនុ។ ខ្ញុំ​ធ្វើ​​សកម្មភាពការងារអប់រំប្រជាជន​ និង​ដោះ​ស្រាយ​​​បញ្ហាស្បៀង ​នៅ​ភាគ​ខាង​ត្បូង​​នៃ​ផ្លូវ​ជាតិ​​លេខ៤។​ ខ្ញុំ​ត្រូវទាក់ទងខ្សែររយៈ និង​ចាត់តាំងឲ្យ​រកពោត និង​អង្ករ ដើម្បីផ្គត់ផ្គង់​ប្រជាជន។​

បន្ទាប់ពីការរំដោះទីក្រុងភ្នំពេញនៅក្នុងឆ្នាំ​១៩៧៥ ខ្ញុំ​បាន​ទទួលតួនាទីជាអនុលេខាស្រុក​ស្អាង។ ខ្ញុំ​​បាន​ប្រាប់សមាជិកទាំងអស់ថា ខ្ញុំ​ពិនិត្យតាមដានសកម្មភាពទាំងឡាយ​ ដែល​ប្រឆាំងនឹង​បក្ស​តែប៉ុណ្ណោះ។ ខ្ញុំ​​មិន​​កំណត់មុខសញ្ញា​ឈ្មោះអ្នកនេះ ឬអ្នកនោះ ឬរាយការណ៍​​អំពីនរណាម្នាក់​ឡើយ​។ ខ្ញុំ​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ឡើយ ដោយសារខ្ញុំ​មិនមែនជាអ្នកស្រុកនៅទីនោះ។ ខ្ញុំ​ និងឪពុកម្តាយខ្ញុំ​សុទ្ធសឹង​ជា​អ្នកប្រកាន់ខ្ជាប់​ព្រះ​ពុទ្ធ​សាសនានៅក្នុងចិត្តដែរ។​

នៅ​ក្នុង​​ខែកក្កដា ឆ្នាំ​១៩៧៦ ខ្ញុំ​ត្រូវ​បាន​ផ្ទេរទៅ​កាន់​តំណែង​ជា​គណៈស្រុក​តាំងគោក នៃ​ភូមិ​ភាគ​កណ្តាល​​​​​វិញ។ ខ្ញុំ​ត្រូវដឹកនាំប្រជាជន​ធ្វើស្រែ ដើម្បីផលិត​ស្បៀង ដែលមាន​ចំនួន​រាប់សែនថាំង។ សកម្ម​ភាព​​​នៃ​ការ​ធ្វើ​ស្រែប្រាំង និង​វស្សា​បាន​បន្តរហូតឥតដាច់ទេ ប៉ុន្តែ​ឆ្នាំខ្លះ ទឹកជន់លិចស្រូវទាំងនោះដែរ។

ខ្ញុំ​ធ្លាប់ដោះស្រាយបញ្ហាពីរដែរនៅក្នុងឃុំគ្រើល នៅឯតាំងគោក និង​បារាយណ៍៖ (ទី១) ​ខ្ញុំ​បាន​កោះ​ហៅប្រធានសហរករណ៍ និង​ប្រធានឈ្លប ទាក់ទង​នឹង​ការដាក់​កំហុសលើ​យុវជនចំពោះ​ការ​ដាំ​បាយ​និង​​​ស្ងោរ​​​មាន់​ ដើម្បីហូប។ ឈ្លបចាប់យុវជននោះ។ ប៉ុន្តែ​ឈ្លបនោះ​ហូបបាយ និង​មាន់ស្ងោររបស់យុវជន​នោះ​រួច​ហើយ មុននឹង​រាយការណ៍មកខ្ញុំ។ ខ្ញុំ​ក៏​ប្រាប់​ប្រធាន​​សហករណ៍ និងប្រធានឈ្លបនោះថា៖

«យើង​ធ្វើ​ហ្នឹង​ វាមិន​ត្រូវទេ។ យើង​អត់ហូប យើង​ឃ្លានយ៉ាងម៉េច អញ្ចុះ​ឯង។ ចំពោះរូបគេ គ្នា​ក្មេងៗ​​កំពុង​​ពេញវ័យ​ គ្នា​ពេញ​ហូបចុក។ គ្នាឃ្លាន​យ៉ាងណា។ បើ​យើង​ទៅ​យកពីគេ ហើយ​គំរាម​គេ ហើយ​យកកំហុស​ដាក់ទៅលើគេ។ តើវាត្រឹមត្រូវទេ!..ដល់​ចឹងទៅអ្នកនោះឯង​គឺភ័យ​ខ្លួន។»

(ទី២) ខ្ញុំ​បាន​ជួប​ជាមួយ​ប្រជាជនមូលដ្ឋាន​​ប្រមាណជា​ជាង​១០នាក់ នៅ​ក្នុងភូមិ​អូរស្តី នៃ​ស្រុក​បារាយ​ណ៍ ដែល​​កំពុង​ធ្វើ​បុណ្យ​​សពសាច់ញាតិដែលបាន​ស្លាប់នៅផ្ទះ ​តាម​បែបសាសនា មាន​ដូច​ជាបង្សុកូល សូត្រធម៌ និង​អុជ​ធូប​ជា​ដើម។ ​ប្រជាជន​ទាំង​នោះ​បាន​​ភិតភ័យជាខ្លាំង នៅពេលដែលខ្ញុំ​ឈប់ម៉ូតូ ហើយ​​ហៅគាត់មកជួប។ តែ​ទោះយ៉ាងណា ខ្ញុំបាន​ប្រាប់​ប្រជាជន​ទាំងនោះ​ថា៖

«អ៊ំឯង​ទាំង​អស់​គ្នា​ធ្វើ​​បុណ្យ​ ធ្វើចុះ។ តែសម័យ​នេះ អ៊ំឯង​ត្រូវដឹងហើយ តែធំក្លិនភ្លើងធូប ហើយ​និងគេឭ ងាប់ហើយយើង។ ខ្ញុំ​ក៏ថា ឥឡូវយើងធ្វើអី ធ្វើ​ឲ្យ​លឿន​ បិទទ្វារធ្វើ បើធ្វើហើយ យក​ទៅ​កប់​ ទៅដាក់ទៅ។»

ខ្ញុំ​បារម្ភថាបើតំបន់ឬភូមិភាគដឹងអំពីពិធីនេះ ប្រជាជនទាំងនោះប្រាកដជាមាន​បញ្ហាជាមិនខាន។ បន្ទាប់​ពីបាន​​ប្រាប់រួចហើយ ខ្ញុំ​ក៏​បាន​ចុះទៅស្រែជាមួយប្រជាជន។ ដោយឡែក ខ្ញុំ​មិនសូវជាតឹងរឹង​ពេកទេ នៅពេលដែល​ក្មេងៗនឹក​ផ្ទះសម្បែង និ​ងឪពុកម្តាយរបស់ខ្លួន។ ខ្ញុំ​ខ្លួន​ឯង​បាន​ទៅលេង​ផ្ទះ និង​ស្រុក​កំណើត​​របស់​​ខ្ញុំ​​ដែរ។ ខ្ញុំ​បាន​ឃើញពីការ​ព្រាត់ប្រាស់​កូនចៅ និង​ក្មួយរបស់ខ្ញុំ។ ខ្ញុំ​អាណិតអាសូរ​ដល់​កូន​ចៅ​​ប្រជាជន​រាប់​ម៉ឺន​នាក់ ដែលធ្វើការនៅតាម​ការដ្ឋាន​ ហើយ​ដេកត្រាំត្រែងនិង​ហាល​សន្សើម​រាប់​ខែ​ឆ្នាំ​។

នៅចន្លោះពីឆ្នាំ​១៩៧៧-១៩៧៨ ខ្ញុំ​ធ្លាប់ត្រូវ​បាន​សួរនាំ និ​ងសម្លុត​ពីថ្នាក់លើ​(ថ្នាក់តំបន់) អំពី​បញ្ហា​ដែលខ្ញុំ​​មិន​ដែលដកកម្មាភិបាលចាស់ៗសោះ។ ខ្ញុំ​បាន​ឆ្លើយតបថា អ្នកទាំងនោះបាន​ខិតខំ​ដឹក​នាំ​ប្រជាជន និង​គ្មាន​​សកម្មភាពប្រឆាំងអ្វីទេ។ តែទោះយ៉ាងណាក៏ដោយ អឿន ដែលត្រូវជា​ប្អូនថ្លៃ កែ ពក (ដែលជាលេខាភូមិភាគឧត្តរ បន្ទាប់ពីការចាប់និងសម្លាប់ កុយ ធួន ហៅធុច) និង​បម្រើ​ការ​​នៅ​ខាង​​ស្រុក​បារាយណ៍ បាន​ដក​អនុលេខារបស់ខ្ញុំឈ្មោះ ឆន និង​ម្នាក់​ទៀត​ឈ្មោះ​ ដេន ដោយ​ប្រាប់​ថា​អ្នក​ទាំងពីរនេះ​ត្រូវបញ្ជូន​ទៅតំបន់។ ខ្ញុំ​ក៏ត្រូវ​បាន​ផ្លាស់មកកាន់តំណែងជាគណៈស្រុកបារាយណ៍ ដែល​គណៈ​ស្រុក​មុន​ត្រូវ​បាន​ដកចេញរួចហើយ។ កម្មាភិបាលក្នុងតំណែង​​ត្រូវបាន​​ដកចេញ ហើយ​ជំនួស​ដោយ​​កម្មា​ភិ​បាល​ថ្មី​ៗជាបន្តបន្ទាប់។ ការ​ចាប់ខ្លួន​កម្មា​ភិបាល​ត្រូវបាន​ធ្វើឡើងតាម​ការចោទពីការជាប់ខ្សែក្បត់ជាមួយ យ៉ា (ណៃ សារ៉ាន់ ហៅ យ៉ា[2]) និង ធុច (កុយ ធួន ហៅ ធុច[3])។  ខ្ញុំ​ខ្លួន​ឯង​​មិន​ដឹង​​ជួប​រឿងបែប​​នេះ​នៅ​ពេល​ណា​ទេ។ នៅក្នុងកាលៈទេសៈនោះ ខ្ញុំ​យល់ថា៖ «សមាជិកបក្សទាំងអស់គ្នា​មិន​ដឹង​អាណាជា អាណាទេ ជំនាន់ហ្នឹង។ ខ្ញុំ​មិន​ថាជាថ្ងៃណា ថ្ងៃណីទេ។ ខ្ញុំ​សាបមាត់សាបកហើយ។»

នៅពេលដែលរបបកម្ពុជាប្រជាធិបតេយ្យ​ត្រូវ​បាន​ផ្តួលរំលំនៅក្នុងឆ្នាំ​១៩៧៩ ខ្ញុំ​បាន​ភៀសខ្លួន​ចូល​ព្រៃ និង​បាន​ដឹកនាំកងទ័ពមួយចំនួន​តូចដែរ។ ខ្ញុំ ​និង​កងទ័ពរបស់ខ្ញុំ​ទទួលមុខសញ្ញា​ខេត្ត​កំពង់ចាម និង​ខេត្តកំពង់ធំ។​ នៅឆ្នាំ​១៩៨៧ ខ្ញុំ​បាន​ជាន់មីននៅក្នុងសមរភូមិមួយ ដែលស្ថិតនៅក្នុងភូមិអូរគ្រង ស្រុក​ជី​ក្រែង ខេត្តសៀមរាប។ បន្ទាប់មក ខ្ញុំ​ត្រូវ​បាន​ផ្លាស់ទៅរស់នៅក្នុងជំរំអូរត្រាវ ហៅគងអំពិល ដែលសុទ្ធសឹង​ជា​​​គ្រួសារ​កងទ័ព​នៃកងពល​៤១៧ របស់ កែ ពក។

ខ្ញុំ​តែងតែ​យកធម៌មកពិចារណាជាប់រហូតដែរ ដោយសារខ្ញុំ​ធ្លាប់បួសរៀន​ក្នុងព្រះពុទ្ធសាសនា។​ ខ្ញុំ​រស់នៅជាមួយសីលធម៌ល្អ និងទន្ទេញជាប់មាត់៖

«បាណា​តិបាតា» ថា​មិន​ឲ្យ​សម្លាប់ «អទិន្នាទានា»ថា​មិន​ឲ្យ​លួចទ្រព្យ​គេ។ ហ្នឹងចឹងគឺមាន​សីល​ប្រាំ ខ្ញុំ​តែងតែ​ដុតធូប តែងតែសំបូងសំរូង តែងតែ​​បួងសួង​​ដល់​គុណមាតាបិតា គុណ​ព្រះពុទ្ធ ព្រះ​ធម៌ ព្រះសង្ឃ»៕​

អត្ថបទដោយ លី សុខឃាង


[1] ទេព  ប៉ូច អាយុ​៦១ឆ្នាំ និងជាក្រុ​មប្រឹក្សាឃុំ​ថ្លាត បាន​ផ្តល់សម្ភាសន៍ដល់ ឡុង ដានី នៅថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០០៨។

[2] ណៃ សារ៉ាន់ ហៅ យ៉ា មាន​តួនាទី​ជា​លេខាភូមិភាគឥសាន (ភូមិភាគ១០៨)។ យ៉ា ត្រូវ​បាន​ចោទថាក្បត់ និង​សម្លាប់​នៅឆ្នាំ​១៩៧៦ បើយោងតាម​«សៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ​(១៩៧៥-១៩៧៩)»​នៅទំព័រ៣៥។

[3] កុយ​ ធួន ហៅ ធុច មានតួនាទី​ជា​លេខាភូមិភាគឧត្តរ (ភូមិភាគ៣០៣) ចាប់ពី​ឆ្នាំ១៩៧០ ដល់ដើមឆ្នាំ​១៩៧៦។ បន្ទាប់ពី កុយ ធួន ត្រូវបាន​ចាប់ខ្លួន និ​ងសម្លាប់នៅគុកទួលស្លែងក្នុងឆ្នាំ​១៩៧៦ កែ ពក ត្រូវ​បាន​ចាត់​តាំង​ជាលេខា​ភូមិភាគជំនួស​វិញ រហូត​ដល់​​ដើមឆ្នាំ​១៩៧៧ទើប កែ ពក ត្រូវបាន​ចាត់តាំងឲ្យ​ធ្វើ​ជាលេខាភូមិភាគកណ្តាល បើយោងតាម​​«សៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ​(១៩៧៥-១៩៧៩)»​នៅទំព័រ៣៤។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin