ទេព ប៉ូច៖ អនុប្រធានអប់រំស្រុកស្អាង (ខេត្តកណ្ដាល)

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

នៅឆ្នាំ១៩៧៦ ប៉ូច ត្រូវបានខាងខេត្ត និងខាងតំបន់ ចាត់តាំងឲ្យទៅអប់រំប្រជាជន និងដឹកនាំប្រជាជនធ្វើស្រែចម្ការ​នៅស្រុកស្អាង រហូតបានឡើងតួនាទីជាអនុប្រធានស្រុកស្អាង។ ប៉ូច បាននិយាយរៀបរាប់រឿងរ៉ាវដូចខាងក្រោម៖

ខ្ញុំបាទឈ្មោះ ទេព ប៉ូច[1] ភេទប្រុស អាយុ៧៨ឆ្នាំ កើតនៅឆ្នាំ១៩៤៧។ សព្វថ្ងៃជាសមាជិកក្រុមប្រឹក្សាឃុំ។ ខ្ញុំ មានស្រុកកំណើតនៅក្នុងភូមិតាំងរលាំង ឃុំវាលពង់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នរស់នៅក្នុងភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ ខ្ញុំមានប្រពន្ធចំនួន៣នាក់៖​ ប្រពន្ធទី១ សែម(ស្លាប់) ប្រពន្ធទី២ឈ្មោះ សល់ រៀបការឆ្នាំ១៩៧៦ មានស្រុកកំណើតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល (ស្លាប់ឆ្នាំ១៩៧៩​ ដោយសារជំងឺ) និង ប្រពន្ធទី៣ឈ្មោះ ហោម សាង សព្វថ្ងៃអាយុ៦០ឆ្នាំ។ ខ្ញុំ មានកូនចំនួន៥នាក់ (ប្រពន្ធទី១ មានកូនចំនួន១នាក់ ប្រពន្ធទី២ មានកូនចំនួន១នាក់(ស្លាប់ដោយសារជំងឺគ្រុនចាញ់) និងប្រពន្ធទី៣ មានកូនចំនួន៣នាក់។ ខ្ញុំ មានឪពុកឈ្មោះ ប៉ោម(ស្លាប់) និងម្ដាយឈ្មោះ យ៉ែម(ស្លាប់) ។  ខ្ញុំ មានបងប្អូនបង្កើតចំនួន៤នាក់ (ប្រុស៣នាក់ ស្រី១នាក់)។ ខ្ញុំ ជាកូនទី៣ នៅក្នុងគ្រួសារ​។

កាលពីវ័យកុមារខ្ញុំរស់នៅក្នុងបន្ទុកឪពុកម្ដាយ ហើយខ្ញុំមិន​បានរៀនសូត្រអ្វីទេ ពីព្រោះតែគ្រួសារខ្ញុំមានជីវភាពខ្វះខាត និងក្រីក្រជាខ្លាំង។ លុះដល់ពេញវ័យ ខ្ញុំបានសុំម្ដាយឪពុកទៅរស់ក្នុងវត្ត-តាំងខ្មៅ បានរយៈពេលកន្លះឆ្នាំ ទើបសម្រេចចិត្តសុំឪពុកម្ដាយចូលបួសនៅក្នុងវត្ត-តាំងខ្មៅ បានចំនួនពីរវស្សា។  នៅឆ្នាំ១៩៦៨ ខ្ញុំសឹកពីបួសម្ដាយឪពុកខ្ញុំបានរៀបចំឲ្យខ្ញុំមានគ្រួសារ។ ក្រោយពេលរៀបការបានរយៈពេល៤ឆ្នាំ ប្រពន្ធខ្ញុំបានស្លាប់ដោយសារជំងឺអាសន្នរោគ ដោយបន្សល់ទុកកូនអាយុ៤ខែឲ្យខ្ញុំចិញ្ចឹម។ បន្ទាប់ពីប្រពន្ធបានស្លាប់រយៈពេល៤ខែ​ កូនរបស់ខ្ញុំបានឈឺស្លាប់ទៀត។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លោកសេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់ សម្ដេច ព្រះនរោត្តម សីហនុ ចេញពីមុខតំណែង។ នៅក្នុងអំឡុងពេលនោះ សម្ដេច ព្រះនរោត្តម សីហនុ ​បានអំពាវនាវទៅដល់ប្រជាជនទាំងអស់ ដែលគោរពស្រឡាញ់ព្រះអង្គឲ្យនាំគ្នារត់ចូលព្រៃម៉ាក់គី ដើម្បីទៅចូលរួមជាមួយកងទ័ពរណៈសិរ្យរួបរួមជាតិ រំដោះប្រទេសជាតិត្រឡប់មកវិញ។ នៅឆ្នាំ១៩៧១ ​ដល់ ឆ្នាំ១៩៧២ ខ្ញុំបានសម្រេចចិត្តចាកចេញពីឪពុកម្ដាយមកចូលរួមជាមួយកងទ័ពរណៈសិរ្យរួបរួមជាតិ។ បន្ទាប់មកខ្ញុំត្រូវបានខ្មែរក្រហមបញ្ជូនទៅអង្គភាពឃុំកន្ទក ស្រុកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលស្ថិតនៅខាងត្បូងផ្លូវជាតិលេខ៤ ដើម្បីឲ្យទៅទទួលខុសត្រូវខាងអប់រំប្រជាជននៅក្នុងមូលដ្ឋានឃុំកន្ទក។ ​នៅឆ្នាំ១៩៧៥ ប្រជាជនជាច្រើនបានធ្វើដំណើរមកពីទីក្រុងភ្នំពេញចូលមកក្នុងមូលដ្ឋានអប់រំរបស់ខ្ញុំ។ ​ ពេលនោះមូលដ្ឋានអប់រំដែលខ្ញុំគ្រប់គ្រងចាប់ផ្ដើមមានមនុស្សច្រើន ដែលបណ្ដាលឲ្យខ្វះខាតស្បៀងអាហារ និងទឹកជាខ្លាំង។ ពេលនោះខ្ញុំបានរាយការណ៍ទៅខាងស្រុក និងទាក់ទងទៅខាងទន្លេឲ្យជួយរកស្បៀងអាហារយកមកផ្គត់ផ្គងប្រជាជនបន្ថែម។ បន្ទាប់ពីមានអាហារហូបចុកគ្រប់គ្រាន់ ខ្ញុំបានដឹកនាំប្រជាជនដែលជម្លៀសមកពីទីក្រុងភ្នំពេញឲ្យចេះធ្វើស្រែចម្ការ។

នៅដើមឆ្នាំ១៩៧៦ ខ្ញុំត្រូវបានខាងខេត្ត និង ខាងតំបន់​ ចាត់តាំងឲ្យទៅទទួលខុសត្រូវមើលប្រជាជន និងជាសមាជិកនៅក្នុងស្រុកស្អាង ​ខេត្តកណ្ដាល។ ក្រោយពេលដឹកនាំប្រជាជនឲ្យធ្វើការងារស្រែចម្ការនៅស្រុកស្អាងបានរយៈពេល១ឆ្នាំ ខ្ញុំត្រូវបានខាងខេត្ត ​និងខាងតំបន់ ដំឡើងតួនាទីជាអនុប្រធានស្រុកស្អាង​។ នៅក្នុងខែកក្កដា ឆ្នាំ១៩៧៦ ខ្ញុំត្រូវបាន​ខាងតំបន់ ចាត់តាំងបន្តឲ្យទៅភូមិភាគកណ្ដាល ដែលស្ថិតនៅស្រុកតាំងគោក ខេត្តកំពង់ធំ។​​​ ពេលទៅដល់ភូមិភាគកណ្ដាល ខ្ញុំត្រូវបានប្រធានខាងភូមិភាគ(មិនបានបញ្ជាក់ឈ្មោះ) ចាត់តាំងឲ្យធ្វើប្រធាននៅក្នុងស្រុកតាំងគោក ដើម្បីដឹកនាំប្រជាជនធ្វើស្រែប្រាំង និងស្រែវស្សា។ ដោយសារតែខ្ញុំជាប្រធានថ្មី ទើបតែផ្លាស់មកគ្រប់គ្រងដំបូង និងមិនសូវស្គាល់ភូមិសាស្រ្តច្បាស់លាស់ ការងារទាំងអស់គឺត្រូវអនុលេខា និងសមាជិកស្រុកជាអ្នកគ្រប់គ្រង។ ចំណែក ខ្ញុំគឺគ្រាន់តែណែនាំទៅកាន់អនុលេខា និងសមាជិកទាំងអស់ថា «ខាងលើបានបញ្ជាឲ្យតាមដានតែមនុស្សណាដែលមានសកម្មភាពប្រឆាំងជាមួយបក្ស»

បន្ទាប់ពីដឹកនាំប្រជាជនធ្វើស្រែប្រាំង និងស្រែវស្សា បានរយៈពេល៧ទៅ៨ខែ ខ្ញុំត្រូវបាន​ប្រធានភូមិភាគកណ្ដាលផ្លាស់ចេញពីស្រុកតាំងគោក ដើម្បីឲ្យទៅ​គ្រប់គ្រងនៅ តំបន់៤២ ដែលស្ថិតនៅក្នុងស្រុកបារាយណ៍ ​ខេត្តកំពង់ធំ ដែលគ្រប់គ្រងដោយឈ្មោះ អឿន (គណៈតំបន់) ដែលត្រូវជាប្អូនថ្លៃរបស់តា ពក​។ ពេលផ្លាស់មកគ្រប់គ្រងនៅតំបន់៤២ដំបូង ខ្ញុំបានពិភាក្សាជាមួយអនុលេខារបស់ខ្ញុំឈ្មោះ ឆន ដែលមកពីស្រុកតាំងគោក ដើម្បីពង្រឹងការងារនៅក្នុងសហករណ៍។ បន្ទាប់ពីពិភាក្សាចប់ ឆន (អនុលេខា) បានរៀបចំកិច្ចប្រជុំជាមួយប្រជាជនទាំងអស់នៅក្នុងតំបន់៤២ ហើយ ឆន​ បានឡើងធ្វើមេទិញប្រកាសប្រាប់ប្រជាជនទាំងអស់ឲ្យបានដឹងថា « ប្រសិន​បើមានប្រជាជនណាដែលបំផ្លិតបំផ្លាញរបស់របរនៅក្នុងសហករណ៍​ដូចជា ធ្វើឲ្យបាក់នង្គ័ល ធ្វើឲ្យបាក់រនាស់ និងធ្វើឲ្យខូចខាតរទេះគោ លួចដំឡូងឬលួចរបស់អីផ្សេងៗ ត្រូវ​បានអង្គការចាត់ទុកជាខ្មាំង »។ ក្រោយពីមានការណែនាំ​ប្រជាជនទាំងអស់បានខំប្រឹងបង្កបង្កើនផល រហូតមានអាហារហូបចុកគ្រប់គ្រាន់ ​និងស្បៀងអាហារមួយចំនួនផ្ដល់ជូនទៅខាងសាលាស្រុកបារាយណ៍។

នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមសហការណ៍ជាមួយកងទ័ពរណៈសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា​បានវាយចូលមកដល់ ស្រុកបារាយណ៍ ​ខេត្តកំពង់ធំ​។ ពេលនោះ  អឿន ដែលជាគណៈតំបន់៤២ បានប្រមូលកម្លាំងកងទ័ព ដើម្បីចាំទប់ទល់ជាមួយកងទ័ពវៀតណាម និងកងទ័ពរណៈសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា។ ដោយមើលទៅសភាពការណ៍មិនអាចទប់ទល់ជាមួយកងទ័ពទាំងពីរបានខ្ញុំ និងក្រុមគ្រួសារបានសម្រេចចិត្តរត់ចេញពីស្រុកបារាយណ៍ទៅសំងំលាក់ខ្លួននៅក្នុងព្រៃបុសពក ដែលស្ថិតខាងលើស្រុកបារាយណ៍។ ពេលរត់មកសំងំលាក់ខ្លួនក្នុងព្រៃបុកពកមិនបានប៉ុន្មានថ្ងៃ​ ប្រពន្ធទី២ខ្ញុំឈ្មោះ  សល់ បានធ្លាក់​ខ្លួនឈឺ ដោយសារតែគ្មានថ្នាំព្យាបាលប្រពន្ធខ្ញុំបានទទួលមរណៈភាពនៅក្នុងព្រៃបុកពក ដោយទុកកូនម្នាក់ឲ្យខ្ញុំមើលថែ។ បន្ទាប់ពីប្រពន្ធខ្ញុំបានស្លាប់បានរយៈពេល១ខែ កូនរបស់ខ្ញុំបានកើតជំងឺគ្រុនចាញ់​ រហូត​ដល់បាត់ប​ង់ជីវិតម្នាក់ទៀត។ ក្រោយពេលប្រពន្ធ និងកូនបានស្លាប់  ខ្ញុំបានលួចចូលទៅឃោសនាក្នុងភូមិប្រាប់ឲ្យប្រជាជន ​រត់ចេញពីភូមិចូលមករស់នៅក្នុងព្រៃ។ បន្ទាប់ពីការឃោសនា ខ្ញុំទទួលកម្លាំងបានជាច្រើនមកពីតាមស្រុក និងតាមភូមិដែលរត់ចេញចូលមករស់នៅក្នុងព្រៃបុកពក ដើម្បីត្រៀមខ្លួនចេញតស៊ូម្ដងទៀត។ មុននឹងចេញទៅតស៊ូជាមួយកងទ័ពវៀតណាម ខ្ញុំបាននិយាយប្រាប់ទៅកាន់បងប្អូនដែលរត់មកចូលរួមជាមួយខ្ញុំថា « បើបងប្អូនទ្រាំបានត្រូវតែទ្រាំ បើបងប្អូនទ្រាំមិនបានអាចរត់ទៅផ្ទះទៅសម្បែងរកឪពុកម្ដាយវិញបាន អ្នកនៅស្រុកណាអាចរត់ទៅស្រុក និងវិញបាន ខ្ញុំអត់មានបង្ខំទេ »។

នៅឆ្នាំ១៩៨០ ខ្ញុំត្រូវបាន អឿន ចាត់តាំងឲ្យគ្រប់គ្រងកងទ័ពមួយចំនួនដែលមានមុខសញ្ញានៅខេត្តកំពង់ចាម និងខេត្តកំពង់ធំ។ ​បន្ទាប់មក តា កែវ ពក និង តា ពេជ្រ (អនុ កែវ ពក) បានចុះទៅទទួលក្ដោបក្ដាប់នៅក្នុងសមរភូមិខ្ញុំ។ បន្ទាប់មកទៀត ខ្ញុំ និងកងទ័ពទាំងអស់ ត្រូវបាន តា កែវ ពក ដឹកនាំឲ្យទៅរស់នៅក្នុងជំរំ អូរត្រាវ ហៅគងអំពិល ដែលស្ថិតនៅជាប់ព្រំដែនប្រទេសថៃ។ ពេលមករស់នៅជំរំ អូរត្រាវ ខ្ញុំមានតួនាទីជាសមាជិករបស់ តា កែវ ពក ដោយទទួលមើលការខុសត្រូវគ្រួសារកងទ័ពចំនួន៤១៧ គ្រួសារ​។

នៅឆ្នាំ១៩៨៧ តា កែវ ពក បានបញ្ជាឲ្យប្រមូលកម្លាំងទៅវាយជាមួយកងទ័ពវៀតណាម ដែលឈរជើងនៅស្រុកជីក្រែង ខេត្តសៀមរាប។ ពេលធ្វើដំណើរតាមផ្លូវទៅស្រុកជីក្រែង ខេត្តសៀមរាប ខ្ញុំបានដើរជាន់មីនបណ្ដាលឲ្យដាច់ជើងម្ខាង ហើយខ្ញុំត្រូវបានបញ្ជូនឲ្យត្រឡប់មកព្យាបាលនៅជំរំ អូរត្រាវ វិញ។ បន្ទាប់​ពីស្ងប់ស្ងាត់សង្រ្គាម ខ្ញុំបានចេញពីជំរំ អូរត្រាវ មករស់នៅក្នុងភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ ពេលចូលមករស់នៅភូមិស្វាយចេកបានរយៈពេល១ឆ្នាំ ខ្ញុំបានរៀបការជាមួយនារីម្នាក់ទៀតឈ្មោះ ហោម សាង។ បន្ទាប់រៀបការរួចខ្ញុំ និងប្រពន្ធបានចាប់ដៃគ្នាប្រកបមុខរបរធ្វើស្រែចម្ការ ដើម្បីចិញ្ចឹមជីវិត។ សព្វថ្ងៃខ្ញុំគឺជាសមាជិកក្រុមប្រឹក្សាឃុំថ្លាត។

អត្ថបទដោយ ចាន់ ណារិទ្ធ


[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, សម្ភាសន៍ដោយ ឡុង ដានី ជាមួយ ទេព ប៉ូច នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៨

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin