ការលះបង់របស់វីរកងទ័ពកម្ពុជា

នៅពេលដែលមន្រ្តីរាជការ កម្មករ កសិករ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈកំពុងរីករាយនឹងថ្ងៃឈប់សម្រាកក្នុងឱកាស បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ និងបានជួបជុំក្រុមគ្រួសារ ធ្វើពិធីជប់លៀង រាំលេងសប្បាយ និងដើរកម្សាន្ត ប៉ុន្តែ វីរកងទ័ពកម្ពុជាដែលកំពុងការពារតាមព្រំដែន មានភាពខុសប្លែកពីប្រជាជនកម្ពុជាទូទៅទាំងស្រុង។
វីរកងទ័ពការពារព្រំដែនត្រូវបន្តឈរជើងប្រចាំការទាំងយប់ទាំងថ្ងៃ នៅតាមតំបន់ព្រំដែន។ វីរកងទ័ពបានលះបង់ពេលវេលាដ៏មានតម្លៃបំផុតរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដី, សន្តិសុខ និងសណ្តាប់ធ្នាប់របស់ប្រទេស។ ការលះបង់របស់វីរកងទ័ពនេះ មិនមែនជារឿងងាយស្រួលឡើយ។ វីរកងទ័ពត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារជាទីស្រលាញ់ និងប្រឈមមុខនឹងគ្រោះថ្នាក់គ្រប់ប្រភេទ ដូចជាការប៉ះទង្គិចជាមួយទាហានសៀម, ការលបលួចចូលទឹកដីដោយខុសច្បាប់ និងការបំផ្លាញធនធានធម្មជាតិជាដើម។
ជាក់ស្ដែង ដូចករណីរបស់វីរកងទ័ព តែ ពន្លឺ ជាយុទ្ធជននៃវរសេនាតូចអន្តរាគមន៍២៨២ កងពលអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ដែលកំពុងឈរជើងនៅតំបន់អានសេះ (ទិសខេត្តព្រះវិហារ)។ វីរកងទ័ពពន្លឺ បានបង្ហាញពីការលះបង់ដ៏ធំធេងដោយមិនបានមកលេងផ្ទះដើម្បីជួបជុំជាមួយក្រុមគ្រួសារនាឱកាសបុណ្យភ្ជុំបិណ្ឌនេះឡើយ។
ពន្លឺបានបញ្ជាក់ថា ពេលនេះកំពុងជាប់រវល់បំពេញភារកិច្ចការពារព្រំដែនជាប់នឹងប្រទេសថៃទាំងយប់ទាំងថ្ងៃ ហើយលោកសង្ឃឹមយ៉ាងមុតមាំថា នៅថ្ងៃណាមួយស្ថានការណ៍អាចនឹងស្ងប់ស្ងាត់ដើម្បីឱ្យលោក និងយុទ្ធជនដទៃទៀតមកលេងស្រុកបាន។[1]
ការលះបង់នេះមិនមែនជារឿងងាយស្រួលឡើយ។ នៅពេលដែលយើងកំពុងទៅវត្ត ឬធ្វើពិធីជប់លៀងនៅតាមផ្ទះ, ដំណើរកម្សាន្ត ប៉ុន្តែវីរកងទ័ពរបស់យើងកំពុងប្រឈមនឹងកម្ដៅថ្ងៃ, ភ្លៀង ខ្យល់ និងភាពលំបាកគ្រប់បែបយ៉ាង ដើម្បីធានាថាប្រទេសជាតិមានសុខសន្តិភាព។ វីរកងទ័ពមិនបានឈប់សម្រាកពីភារកិច្ចរបស់ខ្លួនឡើយ។ ភាពស្ងប់ស្ងាត់ និងសន្តិសុខដែលយើងកំពុងទទួលបាននាពេលបច្ចុប្បន្ននេះ គឺជាលទ្ធផលនៃការលះបង់របស់វីរកងទ័ពរបស់យើង។
ដូច្នេះ ប្រជាជនកម្ពុជាមិនត្រូវកុំភ្លេចពីការដឹងគុណចំពោះវីរភាពរបស់កងទ័ពទាំងអស់នេះឡើយ។ ការលះបង់របស់វីរកងទ័ព គឺជាគ្រឹះនៃសុខសន្តិភាពដែលប្រជាជនកម្ពុជា កំពុងទទួលបាន។ បុណ្យភ្ជុំបិណ្ឌឆ្នាំនេះ សូមឧទ្ទិសបុណ្យកុសលដល់កងទ័ពដែលបានពលី ព្រមទាំងជូនពរឲ្យវីរកងទ័ពទាំងអស់ដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួនដើម្បីប្រយោជន៍ជាតិ ឱ្យទទួលបាននូវសេចក្ដីសុខគ្រប់ប្រការ និងមានកម្លាំងកាយចិត្តមាំមួនបន្តបំពេញភារកិច្ចការពារជាតិមាតុភូមិបន្តទៀត។[2]
អត្ថបទដោយ ស្រេង លីដា
[1] បទសម្ភាសន៍ជាមួយវីរកងទ័ព តែ ពន្លឺ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។
[2] ដោយស្រេង លីដា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។