តេះ សាលីម៉ាស់៖ ខ្ញុំនៅតែនឹកឃើញ គេចងប្តីខ្ញុំនឹងភ្នែក យកទៅសម្លាប់

ខ្ញុំឈ្មោះ តេះ សាលីម៉ាស់[1] ភេទស្រី អាយុ៥០ឆ្នាំ ក្នុងឆ្នាំ២០០៥។ ខ្ញុំរស់នៅភូមិខ្មែរឥស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ កាលនៅពីក្មេង ខ្ញុំធ្លាប់រៀនអក្ខរកម្មអក្សរចាមតិចតួច។ ម្តាយខ្ញុំបានស្លាប់ចោលខ្ញុំ តាំងពីខ្ញុំមានអាយុ៥ឆ្នាំ។ ខ្ញុំរស់នៅជាមួយឪពុក ប៉ុន្តែគាត់បានស្លាប់នៅឆ្នាំ១៩៨៤។ ខ្ញុំបានរៀបការនៅដើមឆ្នាំ១៩៧៥។
នៅសម័យ លន់ នល់ អំឡុងឆ្នាំ ១៩៧២ ខ្ញុំនិងគ្រួសារបាន ភៀសខ្លួនទៅរស់នៅទីក្រុងភ្នំពេញ ម្តុំកាស៊ីណូ វត្តថាន់ ដើម្បីជម្លៀសចេញពីការប្រយុទ្ធគ្នា រវាងកងទ័ពខ្មែរក្រហម និង កងទ័ព លន់ នល់។
នៅខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហម[2] បានវាយចូលទីក្រុងភ្នំពេញ និងបានប្រកាសឱ្យប្រជាជនចាកចេញពីទីក្រុង វិលមកស្រុកកំណើតវិញ។ មកដល់ស្រុកកំណើតមិនបានប៉ុន្មាន អង្គការបានបំបែកគ្រួសារខ្ញុំឱ្យទៅធ្វើការរៀងខ្លួន។ ខ្ញុំ ត្រូវបានអង្គការបានប្រើឱ្យទៅធ្វើស្រែ ស្ទូងដក។ ចំណែកឯប្តីខ្ញុំ អង្គការឱ្យទៅជាមួយម្តាយក្មេកខ្ញុំធ្វើស្រែ។ រីឯឪពុកខ្ញុំវិញ អង្គការឱ្យទៅនេសាទត្រីនៅមាត់ទន្លេ។
នៅឆ្នាំ១៩៧៦ ពេលខ្ញុំកំពុងពពោះកំណើតកូនទី១ អង្គការបានប្រើខ្ញុំឱ្យទៅស្ទូងដក និងរែកដីពីស្រះដែលកងចល័តបានជីក យកមកដាក់ស្រែ១០ម៉ែត្រ៤ជ្រុង ជារៀងរាល់ថ្ងៃ។ បន្ទាប់ពីខ្ញុំសម្រាលកូនទី១រួចហើយ ភ្លាម អង្គការហៅខ្ញុំឱ្យទៅបេះដង្កូវចេញពីដើមត្រប់ និងដំណាំផ្សេងៗ។ ខ្ញុំពិបាកជាងគេ គឺបញ្ហាទឹក ។ ប្តីខ្ញុំមិននៅ អង្គការឱ្យទៅនេសាទត្រីនៅទន្លេអ្នកលឿង។ ទាល់តែកន្លះខែ ឬ ១ខែ ទើបគាត់ត្រូវបានអនុញ្ញាតឱ្យមកលេងផ្ទះម្តង រយៈពេល១ថ្ងៃ ឬ២ថ្ងៃ។ ខ្ញុំចេញទៅរែកទឹកពីអណ្តូង យកមកដាក់ផ្ទះដោយខ្លួនឯង។ អណ្តូងនោះ មានចម្ងាយប្រហែលជា១០០ម៉ែត្រពីផ្ទះខ្ញុំ។ ជួនកាលអណ្តូងរីង ខ្ញុំបានដើរទៅភូមិគោកខ្ចក ដើម្បីសុំដងទឹកស្រះពីអ្នកភូមិយកមកប្រើប្រាស់។ ពេលនោះ ខ្ញុំរែកឈប់ៗ ចំនួន ២ ទៅ ៣ ដង ទម្រាំបានទឹកកន្លះធុង មកដល់ផ្ទះ។
នៅខែកត្តិក ឆ្នាំ១៩៧៨ អង្គការបានជម្លៀសប្រជាជន ទៅខេត្តពោធិ៍សាត់។ គ្រួសារខ្ញុំត្រូវអង្គការជម្លៀសទៅទាំងអស់គ្នា។ ពេលនោះខ្ញុំកំពុងតែពពោះកំណើតកូនទី២។ ខ្ញុំដើរមិនបានឆ្ងាយទេ។ ប្តីខ្ញុំបានទៅសុំរទេះគោគេជិះទៅជាមួយរហូតដល់អ្នកលឿង ហើយសម្រាកនៅអ្នកលឿងចំនួន២យប់ និងបន្តដំណើរ តាមកប៉ាល់ឆ្ពោះទៅច្បារអំពៅ រាជធានីភ្នំពេញ។ ពេលទៅដល់ភ្នំពេញ អង្គការ បានចែកភួយ ចែកប្រេងកូឡា និង ចែកក្រមាសម្គាល់ភូមិភាគបូព៌ា ឱ្យប្រជាជនគ្រប់ក្រុមគ្រួសារ រួចឱ្យប្រជាជនសម្រាកនៅភ្នំពេញចំនួនមួយយប់ទៀត។ លុះស្អែកព្រឹកឡើង ទើបធ្វើដំណើរឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់តែម្តង។ ពេលទៅដល់ខេត្តពោធិ៍សាត់ ខ្មែរក្រហម បានឱ្យប្រជាជនចុះដើរ ប្រហែលជា១០គីឡូម៉ែត្រ ឆ្ពោះទៅកាន់បឹងឈូក ដែលជាកន្លែងស្នាក់នៅ។ នៅតាមផ្លូវ ទៅកាន់កន្លែងស្នាក់នៅ ខ្ញុំគិតថា ខ្មែរក្រហមសម្លាប់យើងចោលនៅកណ្តាលផ្លូវនេះហើយ ព្រោះខ្ញុំបានឮខ្មែរក្រហម ស្រែកសួរគ្នាថា «ពេញទៅហើយឬនៅ? ជាសំណាងល្អ ដែលប្រជាជនមិននៅជុំគ្នា។ ពេលទៅដល់កន្លែងស្នាក់នៅ ប្រជាជនគ្រប់គ្នា ត្រូវអង្គការចាត់តាំងឱ្យទៅធ្វើការងាររៀងខ្លួន លើកលែងតែខ្ញុំ ដែលអង្គការ បានឱ្យគ្រូពេទ្យ មានអាយុប្រហែល១០ឆ្នាំជាង មកយកខ្ញុំទៅមន្ទីរពេទ្យរាល់ថ្ងៃ ប៉ុន្តែខ្ញុំប្រកែក មិនព្រមទៅ។ គ្រូពេទ្យនោះនិយាយថា « បើមីងឯងមិនទៅពេទ្យ ហើយមីងឯងនៅឆ្លងទន្លេនៅភូមិ គ្មាននរណាទទួលខុសត្រូវមីងឯងទេ»។ រហូតដល់ គ្រូពេទ្យនោះ មកញយដងពេក ខ្ញុំក៏ព្រមទៅ និង បីកូនតូចរបស់ខ្ញុំអាយុ៣ឆ្នាំទៅជាមួយ។ ចំណែកប្តីខ្ញុំ អង្គការឱ្យទៅដឹកស្រូវ ។ នៅមន្ទីរពេទ្យ ខ្ញុំឃើញខ្មែរក្រហមធ្វើបាបអ្នកជំងឺ។ ពេលខ្លះ អ្នកជំងឺគ្រុនក្តៅផង ហើយមកត្រូវខ្មែរក្រហម ធ្វើបាបទៀត ក៏សន្លប់ស្តូកស្តឹង។ ខ្ញុំមិនដឹងមូលហេតុអ្វីបានជាខ្មែរក្រហមធ្វើដូច្នេះទេ។ ជួនកាលខ្ញុំឃើញខ្មែរក្រហម អូសអ្នកស្លាប់ចេញពីមន្ទីរពេទ្យទៅក៏មាន។ ចំពោះខ្ញុំវិញ អង្គការពុំបានធ្វើបាបខ្ញុំទេ។ អង្គការបញ្ជួនខ្ញុំមកដាក់នៅបន្ទប់ពោះធំ។ នៅមន្ទីរពេទ្យនោះមានបន្ទប់ចំនួន៣ គឺបន្ទប់សម្រាប់អ្នកជម្ងឺ បន្ទប់អ្នកពោះធំ និង បន្ទប់អ្នកឆ្លងទន្លេ។ ទោះបីជាយ៉ាងនេះ ខ្ញុំមានអារម្មណ៍តូចចិត្ត ដែលឃើញអ្នកមូលដ្ឋាន មានសិទ្ធយកម្ហូបអាហារឱ្យប្រពន្ធគេហូបបាន។ ចំណែកខ្ញុំ នៅរង់ចាំអ្នកខាងចុងភៅយកបាយមកឱ្យ។ ទម្រាំបាយមកដល់ ម៉ោង ១២ ឬ ម៉ោង១ទើបបានហូប។ យើងសរសៃខ្ចីគឺឃ្លានណាស់។ បើសិនជាហូបមិនទាន់ ហើយហួសម៉ោងបាយ បែរទៅជាអត់ឃ្លានទៅវិញ ហើយហូបមិនអស់ទៀត។ ប៉ុន្តែបន្ទាប់ពីខ្ញុំសម្រាលកូនហើយ មានគ្រូពេទ្យ ជាអ្នកយកបាយមកឱ្យ រាល់ថ្ងៃវិញ។ កូនប្រុសខ្ញុំអាយុ៣ឆ្នាំ ចេះតែយំ ព្រោះកើតជំងឺកញ្ជ្រឹល។ ចំណែកខ្ញុំក៏យំដែរ ព្រោះខ្ញុំឆ្លងទន្លេរួច ប្តីខ្ញុំមិនបានមកមើលខ្ញុំសោះ។ ខ្មែរក្រហម និយាយថា «មិនបាច់ឱ្យមកមើលទេ មានគ្រូពេទ្យនៅទទួលខុសត្រូវហើយ»។ កាលនោះ ពេលខ្ញុំសម្រាលកូនរួច ប្រជាជននាំគ្នាផ្អើលមកមើលកូនខ្ញុំពេញមន្ទីរពេទ្យ ព្រោះកូនខ្ញុំ កើតមកមានម្រាមដៃចំនួន៦ទាំងសងខាង។ អ្នកខ្លះក៏ឮតៗគ្នាថា កូនខ្ញុំដុះដៃ៦ មិនមែនដុះម្រាមដៃ៦។ បងប្អូនជីដូនមួយខ្ញុំក៏ចូលមកសួរខ្ញុំដែរ។ ក្រោយពេលមកសួរខ្ញុំរួច គាត់ត្រូវអង្គការយកទៅសម្លាប់នៅឫស្សី១០០គុម្ព។ ចំណែកប្តីខ្ញុំវិញ ពេលដែលគាត់មកមើលខ្ញុំ គាត់ត្រូវអង្គការផ្តាច់របប ព្រោះគាត់ត្រឡប់ទៅវិញមិនទាន់ម៉ោងបាយ។ ក្រោយពេលខ្ញុំចេញពីមន្ទីរពេទ្យ ប្តីខ្ញុំបានមកយកខ្ញុំទៅផ្ទះ រួចគាត់ត្រឡប់ ទៅកន្លែងការងារវិញ ដើម្បីទៅដឹកអីវ៉ាន់ឡើងលើភ្នំ។ ពេលនោះ វៀតណាមជិតចូលមកដល់ហើយ។ ប្រជាជននាំគ្នាទៅយកស្រូវទុកហូប ហើយប្រជាជនក៏បបួលប្តីខ្ញុំឱ្យទៅយកស្រូវដែរ ហើយប្តីខ្ញុំក៏ភ្លាត់មាត់និយាយភាសាចាមជាមួយប្អូនថ្លៃ ថា «យើងទៅយកស្រូវនៅឃ្លាំងមួយណា?» គ្រាន់តែនិយាយភាសាចាមប៉ុណ្ណឹង ក៏ត្រូវប្រធានស្រីស្តាប់ឮ ហើយរាយការណ៍ឱ្យអង្គការ និង ចោទប្តីខ្ញុំ និង ប្អូនថ្លៃខ្ញុំថាជា ចោរលួចគាស់ឃ្លាំង នៅភូមិលាំង។ អ្នកភូមិបានដឹងដំណឹងនេះ ក៏មកប្រាប់ខ្ញុំ។ ខ្ញុំបានប្រកែកជាមួយអ្នកភូមិថា ប្តីខ្ញុំមិនបានទៅគាស់ឃ្លាំងទេ ប្តីខ្ញុំទើបតែត្រឡប់មកពីដឹកអីវ៉ាន់វិញ។ លុះយប់ឡើងនៅវេលាម៉ោង១០ (ខែភ្លឺ) ខ្មែរក្រហម ពី ៥ ទៅ ៦ នាក់ បានមកហៅប្តីខ្ញុំ ឱ្យទៅជួយចេវទូកចម្លងពួកគេទៅត្រើយម្ខាងមួយភ្លេត។ ខ្ញុំក៏ហុចអាវដៃខ្លីឱ្យប្តីខ្ញុំ។ ប្តីខ្ញុំនិយាយថា «ឱ្យអាវដៃវែងមក រងារណាស់»។ ខ្ញុំនៅបំបៅកូន។ គ្រាន់តែប្តីខ្ញុំចុះពីកាំជណ្តើរបានបន្តិច ខ្ញុំឮខ្មែរក្រហមសម្លុតប្តីខ្ញុំ ជាមួយនឹងការភ្ជង់កាំភ្លើងឱ្យប្តីខ្ញុំលើកដៃឡើងលើ រួចវាយប្តីខ្ញុំមួយស្នូកកាំភ្លើង ហើយនិយាយថា«ឯងចង់ស្លាប់ ឬចង់រស់?» ខ្ញុំស្ទុះទៅមើលប្តីខ្ញុំភ្លាម។ ខ្ញុំយំណាស់ ខ្ញុំសួរទៅកាន់ខ្មែរក្រហមថា «ពូ! ចាប់ប្តីខ្ញុំទៅណា? តើប្តីខ្ញុំធ្វើខុសអ្វី?» ចំណែកប្តីខ្ញុំ គ្មាននិយាយអ្វីមួយម៉ាត់ទេ។ ប្អូនថ្លៃខ្ញុំ ក៏ត្រូវខ្មែរក្រហម ភ្ជង់កាំភ្លើង រួចចងដៃយកទៅជាមួយប្តីខ្ញុំដែរ។
រយៈពេល៣ថ្ងៃ បន្ទាប់ពីប្តីខ្ញុំត្រូវបានយកទៅសម្លាប់ នៅដើមខែមករា ឆ្នាំ១៩៧៩ កងទ័ពរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមបានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និង សង្គ្រោះប្រជាជនបានជាបន្តបន្ទាប់[3]។ ពេលនោះ ខ្ញុំកំពុងតែយំបណ្តើរ យោលកូនបណ្តើរ ព្រោះមិនទាន់កាត់ចិត្តពីប្តីរួច។ បងស្រីខ្ញុំបានមកប្រាប់ខ្ញុំថា វៀតណាម បានចូលមកដល់កន្លែងរោងបាយហើយ ឱ្យខ្ញុំរៀបចំខ្លួនត្រឡប់មកស្រុកកំណើតវិញ។ កាលនោះបើនរណាចេញមិនទាន់ត្រូវខ្មែរក្រហម កៀរឡើងទៅលើភ្នំហើយ។ ប៉ុន្តែជាសំណាង ដែលខ្ញុំចេញមកទាន់ ហើយមកសម្រាកនៅខេត្តកំពង់ឆ្នាំង។ ខ្ញុំកូនខ្ចីពិបាកណាស់ ហូបអីមិនចូល ព្រោះប្តីទើបនឹងស្លាប់។ សូម្បីតែបីកូន ក៏បីមិនរួច មានតែចងក្រមានឹងក រួចដាក់កូននៅក្នុងក្រមា។ នៅតាមផ្លូវត្រឡប់មកផ្ទះ ខ្ញុំគ្មានបាយ គ្មានទឹកឱ្យកូនហូបទេ។ ខ្ញុំចេញពីពោធិ៍សាត់មក គឺនៅខែចេត្រ ហើយមកដល់ស្រុកកំណើតគឺនៅខែពិសាខ ឆ្នាំ១៩៧៩។ ពេលខ្ញុំមកដល់ភូមិ គឺមានប្រជាជនមករស់នៅមួយៗហើយ។ បន្ទាប់មក ខ្ញុំ និង បងស្រី ប្រកបរបរដាក់មង នេសាទត្រី។ ឱ្យតែខែភ្លឺ ខ្ញុំចេះតែយំ នឹកឃើញដល់ឪវា(ប្តី) ត្រូវខ្មែរក្រហមចាប់ចងនឹងភ្នែក បណ្តើរយកទៅសម្លាប់។ ដូច្នេះហើយ ធ្វើឱ្យខ្ញុំ គិតច្រើន និង ឈឺក្បាលរយៈពេល៣ឆ្នាំ៕
អត្ថបទដោយ ថុន ស្រីពេជ្រ
[1] ឯកសារ D៤១៥០១ តម្កល់ទុកនៅមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «តេះ សាលិម៉ាស់ ភេទស្រី អាយុ៥០ឆ្នាំ ជាជនជាតិខ្មែរអ៊ីស្លាម រស់នៅភូមិខ្មែរអ៊ីស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៥», ប្រតិចារឹកចំនួន២៩ទំព័រ។ សម្ភាសដោយ ហ៊ិន សុធានី។
[2] ផេង ពង្សរ៉ាស៊ី និង អ្នកផ្សេងទៀត, សៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ (ភ្នំពេញ៖២០២០),ទំព័រទី១។ ខ្មែរក្រហម គឺជាឈ្មោះ ដែលសម្តេចព្រះនរោត្តម សីហនុ មានព្រះបន្ទូលសំដៅទៅលើក្រុមកុម្មុយនីស្តដែលប្រឆាំងនឹងព្រះអង្គនៅទសវត្សរ៍ទី៦០។ ឈ្មោះជាផ្លូវការរបស់ក្រុមនេះគឺ បក្សកុម្មុយនីស្តកម្ពុជា ដែលបានចូលកាន់កាប់ប្រទេសកម្ពុជា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
[3] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ២០២៥, ទំព័រទី៤១។