កុមារសម័យខ្មែរក្រហម

ទើម សុខ (២០២៤)

ខ្ញុំមានឈ្មោះ ទើម សុខ បច្ចុប្បន្នមានអាយុ ៥៤ឆ្នាំ ជាជនជាតិដើមភាគតិច។ ខ្ញុំរស់នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

នៅក្នុងរបបខ្មែរក្រហម ខ្ញុំមានអាយុ ៥ឆ្នាំ។ នៅពេលនោះ អង្គការបានជម្លៀស ខ្ញុំ និងគ្រួសារ ចេញពីភូមិពូតាំង ទៅស្រុកកោះញែក ដោយបង្ខំឲ្យគ្រួសាររបស់ខ្ញុំធ្វើដំណើរដោយថ្មើរជើងរយៈពេល៣ថ្ងៃ ទើបដល់ស្រុកកោះញែក។ នៅទីនោះ អង្គការបានឲ្យខ្ញុំទៅរៀននៅពេលព្រឹក ហើយពេលរសៀល ខ្ញុំត្រូវជួយធ្វើស្រែឲ្យចាស់ៗនៅក្នុងសហករណ៍។ អង្គការបានផ្តល់របបអាហារឲ្យខ្ញុំ និងក្មេងដទៃទៀតតែមួយពេលទេ។ បើមនុស្សចាស់ដែលធ្វើការធ្វើការធ្ងន់ អង្គការបានផ្ដល់របបអាហារចំនួន២ពេល​។ ដោយសារខ្ញុំឃ្លានខ្លាំងពេក ពេលខ្លះម្តាយរបស់ខ្ញុំសុខចិត្តអត់ហូបបាយខ្លួនឯងដើម្បីយករបប​គាត់មកឲ្យ។ ខ្ញុំហូបមិនឆ្អែតទេ ពីព្រោះក្នុងមួយថ្ងៃ ខ្ញុំទទួលអាហារបានតែមួយវេក និងសម្លលាយជាមួយដើមចេក។

ខ្ញុំបានឃើញអង្គការវាយធ្វើបាប និងសម្លាប់ប្រជាជនដោយវាយជាមួយស្វ័យកាំភ្លើង ពីព្រោះតែបានលួចយកអាហារអង្គការហូប។​ រឿងរ៉ាវដែលចងចាំមិនអាចបំភ្លេចបានរហូតដល់ពេលបច្ចុប្បន្នគឺការដែល​កងទ័ពខ្មែរក្រហមវាយសម្លាប់មនុស្ស និងបង្អត់អាហារ។ នៅពេលស្រែកឃ្លាន ខ្ញុំចង់សុំអង្គការហូបក៏ប៉ុន្តែមិនបានសូម្បីតែបាយក្តាំង។

ចំណែក ការរៀបការនៅក្នុងសម័យខ្មែរក្រហមវិញ អង្គការជាអ្នកចាត់ចែងរៀបចំឲ្យប្រជាជនរៀបការជាមួយគ្នា។ ប្រជាជនគ្មានសិទ្ធិប្រកែកតវ៉ាទេ គឺត្រូវយល់ព្រមតាមការរៀបចំរបស់អង្គការ។ ពិធីរៀបការមានរយៈពេលខ្លីដោយអង្គការឲ្យប្តីប្រពន្ធអង្គុយជាពីរជួរ និងឲ្យធ្វើការប្តេជ្ញាចិត្តថានឹងស្រឡាញ់គ្នាអស់មួយជីវិត​។ ប្តីប្រពន្ធដែលរៀបការរួច ត្រូវអង្គការតាមដានអ្នកដែលមិនចុះសម្រុងគ្នានឹងត្រូវនាំយកទៅសម្លាប់ចោល​៕

សម្ភាស និងអត្ថបទ ដោយ ផុន សាវ៉ាន់

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin