ការចងចាំពីអតីតកាលដ៏លំបាករបស់ ថាច់ ហឿង
ខ្ញុំឈ្មោះ ថាច់ ហឿង[1] ភេទប្រុស អាយុ ៥៧ឆ្នាំ ឪពុកឈ្មោះថាច់ ខក (ស្លាប់)ម្ដាយឈ្មោះ ញ៉ង ភី មានបងប្អូន ៨នាក់ ស្រី២ ខ្ញុំជាកូនចម្បងក្នុងគ្រួសារ។ ខ្ញុំមានស្រុកកំណើតនៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែង បច្ចុប្បន្នរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំបានរៀបការនៅឆ្នាំ ១៩៩០ មានភរិយា ឈ្មោះ គង់ សាខន មានកូន ៥នាក់ (ស្រី៣នាក់ និងប្រុស២នាក់)។ បច្ចុប្បន្នខ្ញុំជាមេភូមិកោះព្នៅ ភូមិកោះព្នៅមានផ្ទៃដីប្រវែងបណ្ដោយ ៣,០០០ ម៉ែត្រ និងប្រវែងទទឹង ១,០០០ ម៉ែត្រ។ ក្នុងភូមិមានប្រជាជនសរុបប្រមាណ ៤៦៩នាក់ ដែលក្នុងនោះស្រ្តីមានចំនួន ២២៣នាក់ និងមានគ្រួសារសរុបប្រមាណ ១២០គ្រួសារ។ ចំណែកប្រជាជនអាយុចាប់ពី ៥៥ឆ្នាំឡើងទៅ មានប្រមាណ ១០០នាក់ជាង។ ភូមិកោះព្នៅមានសាលាបឋមសិក្សាកោះព្នៅ ដែលបណ្តុះបណ្តាលសិស្សានុសិស្សក្នុងតំបន់។ ប្រជាជននៅទីនេះមានអាជីពធ្វើស្រែ, ដាំដំណាំកសិផល និងនេសាទ ។ ក្រៅពីនេះ ប្រជាជនមួយចំនួនបានចំណាកស្រុកទៅរកការងារនៅទីក្រុងភ្នំពេញ និងប្រទេសជិតខាងដូចជាប្រទេសថៃ និងប្រទេសឡាវ។ ជីវភាពសេដ្ឋកិច្ចនៅភូមិកោះព្នៅមានលក្ខណៈសមរម្យសម្រាប់ប្រជាជនភាគច្រើន។ ទោះយ៉ាងណា មានប្រជាជនប្រមាណ ៣០គ្រួសារ ដែលនៅក្នុងស្ថានភាពក្រីក្រ។
មូលហេតុដែលសម្ដេចតាបង្កើត បុរីអូរស្វាយឡើង តាមអ្វីដែលខ្ញុំបានលឺចាស់ៗនិយាយ សម្ដេចតាចង់ការពារទឹកដីពីការឈ្លានពាន់ពីប្រទេសជិតខាង បែបនេះហើយបានសម្ដេចបានបង្កើតជាភូមិមួយនៅទីនេះ សម្ដេចបានធ្វើជាផ្ទះសម្រាប់ឲ្យប្រជាជនមកពីគ្រប់ខេត្ត ដែលស្ម័គ្រចិត្តមករស់នៅទីនេះ។ អ្វីដែលបានបន្សល់ទុកមកដល់បច្ចុប្បន្ននេះនៅសល់តែ ស្តូបមួយទេ តាមដែលខ្ញុំបានឃើញ។ មកដល់បច្ចុប្បន្ននេះ ប្រជាជនបាននាំគ្នា ទៅគោរពបូជា ជាប្រចាំ តាមពិធីសែនព្រេនរបស់ប្រជាជននៅទីនេះ។
នៅរបប លន់ នល់ ខ្ញុំនៅក្មេង ពេលដែលយន្តហោះអាមេរិកទម្លាក់គ្រាប់បែក ខ្ញុំបានចេញពីរណ្ដៅត្រង់សេមកមើល ហើយយាយខ្ញុំបានហាមខ្ញុំមិនឲ្យចេញមកមើលទេ ខ្ញុំនៅតែរត់ចេញមកមើលដោយមិនខ្លាចអ្វីសោះព្រោះខ្ញុំនៅក្មេង។
ក្រោយពេលរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បន្ទាប់ពីខេត្តទាំង៤ នៅភូមិភាគឦសានគឺខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ត្រូវបានកាន់កាប់ដោយកងទ័ពខ្មែរក្រហម[2] នៅពេលនោះពិបាកណាស់ ខ្មែរក្រហមបានប្រើខ្ញុំឲ្យមើលគោ ក្របី ពេលយប់ខ្មែរក្រហមចាត់តាំងឲ្យខ្ញុំ រែកដីដាក់ទំនប់, គាស់គល់ឈើ, លើកភ្លឺស្រែ និងធ្វើស្រែ។ ខ្មែរក្រហម បានជម្លៀសខ្ញុំចេញពីភូមិកោះព្នៅ ទៅនៅភូមិអូរននោង។ ចំពោះការបរិភោគវិញ គ្មានអ្វីហូបគ្រប់គ្រាន់ទេ ដោយសារខ្ញុំនៅក្នុងព្រៃ មានតែមើមឈើ មើមរការ មើមពូនតែប៉ុណ្ណោះ។ និយាយពីការរស់នៅវិញពិបាកខ្លាំងណាស់ ពេលឈឺខ្មែរក្រហមមានថ្នាំមូលៗដុំៗប្រៀបដូចជាអាចម៍ទន្សាយ ឲ្យខ្ញុំលេប។ នៅសម័យខ្មែរក្រហមនោះដែរ ខ្ញុំបានបាត់បង់លោកតាអស់ ៣នាក់ និងពូចំនួន២នាក់ទាំងអស់៥នាក់ ទី១ឈ្មោះ ញ៉ង ទី២ឈ្មោះ ខាំ មី ទី៣ឈ្មោះ តា អន។ ពូទី១ឈ្មោះ ញៀង ពូទី២ឈ្មោះ លុក ៥នាក់នេះបានបាត់បង់ជីវិតនៅក្នុងសម័យខ្មែរក្រហមទាំងអស់។ ពេលកងទ័ពវៀតណាមបានចូលមករំដោះ ខ្មែរក្រហមបានជម្លៀសខ្ញុំចេញពីអូរននោង ធ្វើដំណើរដោយថ្មើរជើងរហូតមកដល់ភូមិអូរស្វាយ ចំណាយពេលវេលា៣យប់៣ថ្ងៃបានដល់ ហើយសម្រាកនៅអូរស្វាយបានមួយយប់ ខ្មែរក្រហមក៏ជម្លៀសខ្ញុំទៅព្រះរំកិល ដើររហូតដល់ខេត្តព្រះវិហារ ខ្មែរក្រហមក៏ជម្លៀសពីព្រះវិហារមកវិញឲ្យមកនៅព្រះរំកិលបានប្រហែល១០ថ្ងៃ កងទ័ពវៀតណាមចូលមករំដោះទើបបានរួចខ្លួន។ អ្វីដែលខ្ញុំចាំមិនភ្លេចនៅតែនឹកឃើញមកដល់បច្ចុប្បន្ននេះគឺ ទី១ ធ្វើការមិនមានពេលវេលាសម្រាក ទី២ បង្អត់អាហារ ទី៣ ខ្មែរក្រហមសម្លាប់មនុស្ស ខ្ញុំចាំមិនអាចបំភ្លេចបានទេនៅតែចងចាំជានិច្ចនូវរឿងទាំងនេះ។
ពេលខ្ញុំបានមកដល់ស្រុកកំណើតខ្ញុំវិញ ខ្ញុំបានចាប់ផ្ដើមធ្វើស្រែចម្ការ និងនេសាទ។ បើនិយាយពីការនេសាទវិញខ្ញុំមិនដែលមានមង និងសន្ទូចទេពេលនោះមានតែចាប់ត្រីដោយប្រើដៃ បានត្រីរៀលម្ដងកន្លះធុង ងាយស្រួលរកណាស់ពេលនោះព្រោះត្រីសម្បូរ។ ត្រីដែលមានទំហំធំៗជាងគេភាគច្រើនត្រីត្រសក់ មានមួយក្បាល ពី ២០គីឡូ ទៅ ៣០គីឡូក៏មាន។ មកដល់បច្ចុប្បន្ននេះមិនត្រីត្រសក់ប្រភេទធំៗបែបនេះទៀតទេ មានអស់ធំហើយ ២ ទៅ ៣គីឡូ។ ផលលំបាកជាងគេមកដល់បច្ចុប្បន្ននេះត្រីមិនមានដូចពីមុនទៀតទេ មូលហេតុដោយសារតែមានអ្នកនេសាទខុសច្បាប់ច្រើនពេក ទី២មកដោយសារតែប្រជាជនរបស់យើងកាន់តែកើនឡើង និងការកើនឡើងទំនប់វារីអគ្គិសនី។ ជាក់ស្ដែងតាំងពីកសាងទំនប់វារីអគ្គិសនីផ្នែកខាងលើមក ផ្សោតរបស់យើងស្ទើរតែបាត់បង់ជីវិតអស់ រួមទាំងព្រៃឈើលិចទឹករបស់ក៏បាត់បង់ច្រើនណាស់ដែលដោយសារតែ រុក្ខជាតិទាំងនេះមិនអាចចាប់ឫសថ្មីបាន ទើបបាត់បង់ច្រើនបែបនេះ។ ខ្ញុំពិតជាមានក្ដីបារម្ភមែនទែនចំពោះកូនចៅជំនាន់ក្រោយ បើសិនជាយើងទប់ស្កាត់មិនបាន ជំនាន់ខ្ញុំ ប៉ះពាល់ប៉ុននេះចុះទម្រាំដល់កូនចៅខ្ញុំទៀត អាចនិយាយបានថា នឹងមិនស្គាល់ប្រភេទត្រីដែលល្អៗ និងព្រៃលិចទឹកក៏ថាបាន។ ចំពោះការរស់នៅវិញខ្ញុំពិតជាមានក្ដីបារម្ភមែនទែន ខ្លាចតែបាក់ទំនប់មកទេ បើបាក់ខ្ញុំមិនដឹងថារត់ទៅនៅទីណា ជាពិសេសប្រជាជននៅតាមកោះ ដូចជាខ្ញុំ៕
អត្ថបទដោយ៖ ស្រេង លីដា
[1] បទសម្ភាសន៍ «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» យុតិ្តធម៍សម្រាប់ប្រជានេសាទ៖ «ប្រជានេសាទលក្ខណៈគ្រួសារប្រឈប់មុខនឹងជីវិតប្រចាំថ្ងៃ» ជាមួយ ថាច់ ហឿង អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង នៅខែមេសា ឆ្នាំ២០២៤, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។
[2] រឿងរ៉ាវក្នុងភូមិនៅសម័យខ្មែរក្រហម រៀបរៀង និង ដឹកនាំដោយ ផេង ពង្សរ៉ាស៊ី មជ្ឃមណ្ឌលឯកសារកម្ពុជា DOCUMENTATION CENTER OF CAMBODIA ២០២៤/2024,១០ ~ រឿង ឈ្លើយសឹក,ទំព័រ១៣៦។