អតីតទាហាននៅក្នុងរបបខ្មែរក្រហម

(ក្រចេះ)៖ ថៃ ភីន បច្ចុប្បន្នមានអាយុ៧០ឆ្នាំ មានអាស័យដ្ឋាននៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

គាត់មានបងប្អូនប្រាំបីនាក់ គាត់ជាកូនទីពីរ។ នៅអំឡុងឆ្នាំ ១៩៧៤ គាត់មានអាយុប្រហែលជា១៦ឆ្នាំ។ ខ្មែរក្រហមបានចាត់តាំងឲ្យគាត់ចូលធ្វើការនៅក្នុងជួរទាហាន អង្គការបានចាត់តាំងប្រជាជនជាច្រើននាក់ឲ្យចូលបម្រើការងារនៅក្នុងជួរទាហាន។ គាត់បានធ្វើចម្ការ និងដាំបន្លែសម្រាប់ផ្គត់ផ្គង់នៅក្នុងជំរុំកងទ័ព។ ការសិក្សារៀនសូត្រនៅក្នុងរបបនោះ គឺមិនមានប្រជាជនណាបានរៀនសូត្របានជ្រៅជ្រះឡើយ។

ភីន មិនបានរស់នៅជុំគ្រួសាររបស់គាត់នោះទេ។ ឪពុករបស់គាត់ត្រូវបានអង្គការចោទថាជាខ្មាំង និងត្រូវបានចាប់ខ្លួនបញ្ជូនទៅធ្វើការនៅតំបន់កំពង់ភ្លុក។ ឆ្នាំ១៩៧៥ ភីន ត្រូវបានអង្គការបញ្ជូនទៅតំបន់ស្នូល ដើម្បីប្រយុទ្ធជាមួយនឹងទាហានវៀតណាម០៩។ គាត់ត្រូវមានការប្រុងប្រយ័ត្ន និងកាន់កាំភ្លើងជាប់ជានិច្ច ព្រោះខ្លាចមានការលួចវាយប្រហារ។

ឯកសណ្ឋានដែលទាហានស្លៀកពាក់នៅក្នុងរបបនោះគឺមានពណ៌លឿងចាស់ ហើយក្នុងមួយឆ្នាំអង្គការផ្ដល់ឲ្យត្រឹមតែមួយសម្រាប់ប៉ុណ្ណោះ ដូចជាប្រជាជនដទៃដែលធ្វើការនៅក្នុងសហករណ៍។

គាត់ទទួលបានរបបអាហារមិនខុសគ្នាពីសហករណ៍នោះទេ។ ក្នុងមួយថ្ងៃគាត់ទទួលបានអាហារពីរពេល ម៉ោងដប់ព្រឹក និងពេលល្ងាច។ ម្ហូបមិនមានអ្វីច្រើនទេ មានត្រឹមតែសាច់ជ្រូកផាត់មួយកញ្ចប់ ភ្ជាប់ជាមួយនឹងបាយស។ ថ្ងៃខ្លះមិនមានម្ហូបគ្រប់គ្រាន់ គឺមានត្រឹមតែអំបិលសម្រាប់ហូបប៉ុណ្ណោះ។ គាត់ចេះតែទ្រាំហូប ប្រសិនជាមិនហូប គឺមិនមានអ្វីហូបសម្រាប់ចម្អែតក្រពះឡើយ។

អង្គការតែងតែមានការប្រជុំជាមួយនឹងប្រជាជន និងទាហាន ហើយខ្លឹមសារនៃការប្រជុំនោះមិនមានអ្វីអំពីការប្រជុំទិតៀនគ្នាទៅវិញទៅមក រវាងប្រជាជនដែលធ្វើការ និងមិនធ្វើការ។ អង្គការបានបញ្ជាឲ្យប្រជាជនទាំងអស់មានភាពស្មោះត្រង់ជាមួយនឹងអង្គការ ហើយខិតខំធ្វើការងារ។ អង្គការជាអ្នករៀបចំការរៀបការសម្រាប់ប្រជាជន។ ភន ត្រូវបានអង្គការជាអ្នករៀបចំគូរស្រករឲ្យ។

នៅពេលដែលមានការរៀបអាពាហ៍ពិពាហ៍ម្ដង គឺមានការរៀបចំជាច្រើនគូរ ពេលខ្លះប្រាំគូរ ពេលខ្លះប្រាំបួនគូរ ហើយពេលខ្លះទៀតអាចនឹងដល់សាមសិបទៅហាសិបគូរ។ អង្គការបានឲ្យប្រជាជនទាំងអស់អង្គុយជាជួរ ស្រីមួយជួរ និងប្រុសមួយជួរ។ ប្រជាជនដែលអង្គុយទល់មុខគ្នា នោះត្រូវជាគូរនឹងគ្នា ដោយមិនមានការប្រកែកឡើយ។ នៅពេលដែលចាប់គូររួចរាល់ អង្គការបានឲ្យប្រជាជនទាំងអស់ឡើងប្ដេជ្ញាចិត្ត ឲ្យចាប់ដៃគ្នាខិតខំធ្វើការងារទៅតាមអ្វីដែលអង្គការចង់បាន។

ពេលមានជំងឺ អង្គការបានត្រឹមតែផ្ដល់ថ្នាំអាចម៍ទន្សាយម្នាក់មួយប្រអប់ទុកសម្រាប់ព្យាបាល ដោយមិនមានការព្យាបាលដោយគ្រូពេទ្យជំនាញឡើយ។ នៅពេលដែលគាត់រត់វិលត្រឡប់ទៅកាន់ស្រុកកំណើតវិញ គាត់បានប្រទះឃើញរណ្ដៅសាកសពដែលអង្គការបានកប់មនុស្សនៅក្នុងនោះ។ ភន ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានមានពាក្យសម្រាប់ណែនាំដល់កូនចៅជំនាន់ក្រោយ ឲ្យខិតខំរៀនសូត្រ ចេះស្រឡាញ់គ្នាទៅវិញទៅមកហើយមិនចង់ឲ្យក្មេងៗជំនាន់ក្រោយជួបប្រទះនូវហេតុការណ៍ដូចជារបបនោះទៀតឡើយ៕

សម្ភាសន៍ដោយ វឺង ណាំរ៉ុង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin