បងប្អូនខ្ញុំស្លាប់ដោយសារតែការព្យាបាលមិនត្រឹមត្រូវ
(ស្វាយរៀង) ៖ ថៃ សយ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៨៨ ឆ្នាំ រស់នៅភូមិតាតែ ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។
នៅក្នុងរបបខ្មែរក្រហម ថៃ សយ មានអាយុប្រមាណ ៤០ ឆ្នាំ ត្រូវបានជម្លៀសពីស្រុករំដួល ខេត្តស្វាយរៀង ទៅកាន់ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ នៅទីនោះ ថៃ សយ ត្រូវបានប្រើឲ្យធ្វើស្រែ និងស្ទូងស្រូវ ព្រមទាំងទទួលបាននូវរបបអាហារមិនគ្រប់គ្រាន់ គឺហូបតែបបរមានកំណត់តាមរបបដែលគេវាល់ចែកឲ្យ។
ថៃ សយ និងប្រជាជនដទៃទៀតក្នុងសហករណ៍ រស់នៅ និងធ្វើការតែងតែជួបប្រទះនូវជំងឺជាញឹកញាប់។ ថៃ សយ បានថ្លែងថា ថ្នាំដែលខ្មែរក្រហមព្យាបាលប្រជាជននៅតំបន់នោះមានតែថ្នាំខ្មែរផ្សំឡើងពីឫសឈើ និងសម្បករុក្ខជាតិតែប៉ុណ្ណោះ។ សមាជិកគ្រួសាររបស់ ថៃ សយ បានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហមស្ទើរតែទំាងអស់ដោយសារតែគ្មានថ្នាំព្យាបាលត្រឹមត្រូវ និងដោយសារតែការបរិភោគអាហារមិនគ្រប់គ្រាន់។
ថៃ សយ បានឃើញព្រឹត្តិការណ៍នៃការបង្ខំឲ្យយុវជន និងយុវនារី ក្នុងរបបខ្មែរក្រហមរៀបការ។ ថៃ សយ ថ្លែងថាអ្នកដែលត្រូវរៀបការគឺ អង្គុយតម្រៀបគ្នាជាពីរជួរ ដើម្បីជ្រើសរើសគូ យុវជនមិនត្រូវបានផ្តល់សិទ្ធិក្នុងការសម្រេចចិត្តឡើយ គាត់រៀបការ តាមការរៀបចំរបស់ថ្នាក់ដឹកនាំក្នុងសហការណ៍។ ថៃ សយ បន្តថាអ្នកដែលត្រូវរៀបការមិនបានដឹងខ្លួនជាមុននោះទេ ថាត្រូវរៀបការជាមួយអ្នកណានោះ។ ថៃ សយ បន្តទៀតថាពិធីរៀបការម្ដងៗមានចាប់ពី ៣ ទៅ៥គូ នឹងមានពេលខ្លះដល់រាប់រយគូក៏មានដែរ រីឯពិធីគឺធ្វើឡើងនៅរោងបាយ។
ថៃ សយ បានឃើញទាហានខ្មែរក្រហមបណ្ដើរប្រជាជនទៅសម្លាប់។ ថៃ សយ បានរៀបរាប់ពីការបណ្តើរប្រជាជនទៅសម្លាប់នោះថា គាត់បានឃើញដោយចៃដន្យទេ ប្រសិនបើខ្មែរក្រហមដឹងគឺមុខជាដាក់ទោសគាត់មិនខាន។ ថៃ សយ រៀបរាប់បន្តថា ទាហានខ្មែរក្រហមបានយកក្រណាត់មកបិទភ្នែកប្រជាជនដែលត្រូវយកទៅសម្លាប់នោះ រួចបណ្តើរដោយមានចងដៃទៅក្រោយ។ ថៃ សយ រៀបរាប់បន្តទៀតថាពេលបណ្តើរដល់កន្លែងសម្លាប់គេក៏វាយជនរងគ្រោះនឹងត្បូងចបរួចកប់សាកសពនោះ គ្មានប្រជាជនណាមួយហ៊ានតវ៉ានោះទេ។ ថៃ សយ រៀបរាប់បន្ថែមថាការបណ្តើរប្រជាជនទៅសម្លាប់នោះម្តងៗមានគ្នាចាប់ពី៤ ទៅដល់១០នាក់។
ថៃ សយ បានឲ្យដឹងថាក្នុងរបបខ្មែរក្រហមមានទីតាំងសម្លាប់មនុស្សជាច្រើន។ ថៃ សយ បានលើកយកមន្ទីរឃុំឃាំង ចំនួនពីរកន្លែង ដែលមានទីតាំងស្ថិតនៅភូមិទួលច្រេស និងភូមិស្វាយរលំ ស្រុករំដួល ខេត្តស្វាយរៀង។ ថៃ សយ ឲ្យដឹងបន្តថាក្នុងសម័យនោះ ខ្មែរក្រហមក៏បានបំផ្លាញសាសនា ដោយយកទីធ្លាវត្ត ធ្វើជាកន្លែងចិញ្ចឹមសត្វរួមមាន៖ គោ ក្របី ជ្រូក មាន់ និងទា ជាដើម។ ថៃ សយ បានឃើញខ្មែរក្រហមចាប់ផ្សឹកព្រះសង្ឃ ព្រមទាំងបានកម្ទេចវត្ត និងព្រះបដិមាករ ឬវាយទម្លាក់ចូលក្នុងស្រះទឹកធំៗស្ថិតនៅក្នុងវត្ត ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មុំ ផាន់ណា អាយុ ៦១ឆ្នាំ ជាមន្រ្តីប៉ូលីសចូលនិវត្តន៍ រស់នៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ខេត្តស្វាយរៀង។ មុំ ផាន់ណា រៀបរាប់ថារបបខ្មែរក្រហមជារបបឃោរឃៅ និងសម្លាប់មនុស្សស្លូតត្រង់ដោយគ្មានកំហុស ព្រមទាំងបានប្រើប្រជាជនឲ្យធ្វើការធ្ងន់ៗហួសកម្លាំង គ្មានពេលសម្រាក ពុំមានរបបអាហារគ្រប់គ្រាន់ ហួសកម្លាំង និងនិងលំបាករកអ្វីមកប្រៀបពុំបាន ប៉ុន្តែដូរជាមួយរបបអាហារមិនគ្រប់គ្រាន់។
ជារឿយៗ ថៃ សយ តែងតែនិយាយរឿងរ៉ាវដែលគាត់បានជួបប្រទះក្នុងរបបខ្មែរក្រហមប្រាប់ដល់ក្មេងៗជំនាន់ក្រោយ។ ថៃ សយ ក៏បានសំណូមពរឲ្យអ្នកជំនាន់ក្រោយចូលរួមទប់ស្កាត់របបកាប់សម្លាប់ប្រជាជនខ្លួនឯង កុំឲ្យកើតឡើងម្តងទៀតក្នុងប្រទេសកម្ពុជា។
ថៃ សយ រាល់ថ្ងៃមានជំងឺក្រពេះពោះវៀន លើសឈាម និងឡើងជាតិស្ករ ដែលតែងតែបណ្តាលឲ្យគាត់វិលមុខ និងឈឺក្បាលជាញឹកញាប់៕
សម្ភាសន៍ដោយ ហម សាវឿន នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ អេង សុខម៉េង