ប្រទេសកម្ពុជា ប្រទេសថៃ និងការប្រកួតប្រជែងលើដែនអធិបតេយ្យភាព និងប្រវត្តិសាស្ត្រ៖ ឆ្ងាយតាំងពីវិបត្តិទ្វេភាគី ការប៉ះទង្គិចព្រំដែន គឺមានផលប៉ះពាល់ដល់តំបន់ និងពិភពលោក


អត្ថបទដោយ ឆាំង យុ
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥

មានការយល់ច្រឡំជាច្រើនអំពីជម្លោះនាពេលថ្មីៗនេះរវាងប្រទេសថៃ និងប្រទេសកម្ពុជាដែលបានបង្កផលប៉ះពាល់ដល់ប្រទេសទាំងពីរ តំបន់ និងពិភពលោក។ ជម្លោះនេះគឺមិនមែនជារឿងថ្មី មិនសំខាន់ ឬជាបញ្ហាក្នុងតំបន់នោះឡើយ។ ប្រសិនបើជម្លោះនេះមិនត្រូវបានដោះស្រាយឱ្យបានសមស្រប និងឆាប់រហ័សទេនោះ ផលប៉ះពាល់នៃជម្លោះនឹងមានសក្តានុពលរីករាលដាលពេញតំបន់ និងពិភពលោក។

ក្នុងទិដ្ឋភាពជាច្រើន ជម្លោះនេះតំណាងឱ្យដំណាក់កាលបន្តបន្ទាប់នៃមនោសញ្ចេតនាជាតិនិយមរបស់ប្រជាជនថៃ ដែលមានមកតាំងពីរាប់សតវត្សរ៍មកហើយ ដើម្បីទាមទារយកដែនអធិបតេយ្យភាពដែលបានបាត់បង់ទៅលើប្រទេសកម្ពុជា និងដោយសារការគាបសង្កត់របស់អាណានិគមនិយមរបស់លោកខាងលិចដោយអយុត្តិធម៌។មនោសញ្ចេតនាជាតិនិយមរបស់ប្រជាជនថៃនេះមានឫសគល់នៅក្នុងប្រវត្តិសាស្ត្រដែលបានផ្លាស់ប្តូរព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ។

អស់រយៈពេលជាច្រើនសតវត្សរ៍ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តស្វាយស៊ីសុផុន ត្រូវបានគ្រប់គ្រងដោយប្រទេសកម្ពុជា។ នៅឆ្នាំ១៧៩៥ ខេត្តទាំងនេះបានធ្លាក់ក្រោមការគ្រប់គ្រងរបស់ប្រទេសសៀម (ប្រទេសថៃបច្ចុប្បន្ន) ដោយសារតែការបែកបាក់ផ្ទៃក្នុងនៃមេដឹកនាំកម្ពុជា។ ជាលទ្ធផលនៃភាពទន់ខ្សោយរបស់ប្រទេសកម្ពុជា និងជាថ្នូរនឹងការលើកព្រះអង្គម្ចាស់ខ្មែរមួយព្រះអង្គឱ្យឡើងសោយរាជ្យ ប្រទេសសៀមបានលេបយកខេត្តទាំងនេះរបស់ប្រទេសកម្ពុជា។

ក្រោមសម្ពាធពីប្រទេសបារាំងដែលបានដាក់អាណានិគមការពាររបស់ខ្លួនមកលើប្រទេសកម្ពុជានៅក្នុងសតវត្សរ៍ទី១៩ ខេត្តទាំងនេះត្រូវបានប្រគល់មកឱ្យប្រទេសកម្ពុជាវិញនៅឆ្នាំ១៩០៧ ហើយចន្លោះពីឆ្នាំ១៩០៧ ដល់ឆ្នាំ១៩៤១ ប្រទេសបារាំងបានគ្រប់គ្រងខេត្តទាំងនេះជាផ្នែកនៃទឹកដីរបស់ប្រទេសកម្ពុជានៃសហភាពឥណ្ឌូចិនរបស់ប្រទេស បារាំង។ នេះគឺមិនមែនជាការចៃដន្យទេ ហើយនៅឆ្នាំដដែលនោះប្រទេសកម្ពុជា បានទាមទារយកខេត្តភាគខាងជើង និងខាងលិច មកពីប្រទេសសៀមវិញ កម្ពុជាបានរងនូវការវាយប្រហារដែលត្រូវបានរាយការណ៍ថាជាអំពើចោរកម្មទទួលបានការឧបត្ថម្ភដោយប្រទេសថៃ នៅក្នុងខេត្តបាត់ដំបង និងតំបន់អន្លង់វែង។ ការវាយប្រហារទាំងនេះ ដែលអាចត្រូវបានគេចាត់ទុកថាជា «សង្គ្រាមតំបន់ពណ៌ប្រផេះ»។ សកម្មភាពនាពេលបច្ចុប្បន្ននេះ បានបង្ហាញឱ្យឃើញពីការតស៊ូដ៏យូរអង្វែងរបស់ប្រទេសសៀម ឬប្រទេស ថៃបច្ចុប្បន្ន ដើម្បីទាមទារយកមកវិញនូវទឹកដីដែលថៃអះអាងថា ជារបស់ខ្លួនដែលជាទឹកដីសម្បូរទៅដោយប្រាសាទសាសនាបុរាណ និងទីតាំងវប្បធម៌ជាច្រើនដែលមានតាំងពីសម័យអាណាចក្រខ្មែរមកម្ល៉េះ។

នៅឆ្នាំ១៩៤១ បន្ទាប់ពីប្រទេសបារាំងចាញ់សង្រ្គាមជាមួយប្រទេសអាល្លឺម៉ង់ណាហ្ស៊ី ប្រទេសកម្ពុជាបានបាត់បង់ការការពារពីប្រទេសបារាំង ហើយប្រទេសសៀមបានកាន់កាប់ខេត្តបាត់ដំបង ខេត្តស្វាយស៊ីសុផុន ខេត្តសៀមរាប ខេត្តស្ទឹងត្រែង និងខេត្តកំពង់ធំ (រួមទាំងប្រាសាទព្រះវិហារ និងតំបន់ជុំវិញ)។ ទោះជាយ៉ាងណាក៏ដោយ ការត្រួតត្រារបស់ប្រទេសសៀមមកលើខេត្តទាំងនេះមានរយៈពេលខ្លីតែប៉ុណ្ណោះ។ ជាមួយនឹងជ័យជម្នះរបស់សម្ព័ន្ធមិត្តនៅក្នុងសង្គ្រាមលោកលើកទី២ នៅក្នុងឆ្នាំ១៩៤៦​ សហរដ្ឋអាមេរិកបានបង្ខំឱ្យប្រទេសសៀមប្រគល់ឱ្យនូវខេត្តដែលបានបាត់បង់ទាំងនោះ កាលពីឆ្នាំ១៩៤១ មកឱ្យប្រទេសបារាំង និងប្រទេសកម្ពុជាវិញ។ សន្ធិសញ្ញាស្ដីពីការប្រគល់ខេត្តទាំងនេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៤៦ នាទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

នៅពេលដែលប្រទេសកម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំងនៅក្នុងឆ្នាំ១៩៥៣ ប្រទេសថៃនៅតែបន្តជំទាស់ទៅនឹងព្រំដែនរបស់ខ្លួនជាមួយនឹងប្រទេសកម្ពុជា ដោយលើកហេតុផលថា ព្រំដែននោះត្រូវបានកំណត់ដោយអយុត្តិធម៌ក្រោមរបបអាណានិគមនិយម ជាពិសេសតំបន់នៅជុំវិញប្រាសាទព្រះវិហារ។ នៅក្នុងឆ្នាំ១៩៥៤ កងទ័ពរបស់ថៃ បានចូលមកកាន់កាប់ប្រាសាទព្រះវិហារ ដែលបានជំរុញឱ្យប្រទេសកម្ពុជាដាក់បណ្តឹងស្តីពីសំណុំរឿងនេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ។ នៅឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិបានសម្រេចសេចក្តីថា ករណីប្រាសាទព្រះវិហារនេះគឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពប្រទេសកម្ពុជា ហើយនៅឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្តរជាតិ បានបញ្ជាក់សាជាថ្មីពីអធិបតេយ្យភាពរបស់កម្ពុជាលើប្រាសាទព្រះវិហារ។

ចាប់តាំងពីឆ្នាំ២០១៣មក មានការប៉ះទង្គិចគ្នាម្តងម្កាល បានកើតមានឡើងនៅតាមបណ្តោយព្រំដែន រហូតដល់ឆ្នាំ២០២៥ ទើបមានការប៉ះទង្គិចទ្រង់ទ្រាយធំបានផ្ទុះឡើង ដែលបណ្តាលឱ្យមានមនុស្សស្លាប់និងរបួស ការជម្លៀសជនស៊ីវិលយ៉ាងច្រើនសន្ធឹកសន្ធាប់ និងការគំរាមកំហែងសង្គ្រាមរវាងប្រទេសទាំងពីរ។

ចន្លោះពីខែឧសភា រហូតដល់ខែកក្កដា ឆ្នាំ២០២៥ មានការប្រយុទ្ធគ្នាដ៏ធ្ងន់ធ្ងរបានផ្ទុះឡើងនៅតាមបណ្តោយព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ។ អំពើហិង្សានេះ បានបង្ខំឱ្យប្រជាជនជាង៣សែននាក់ផ្លាស់ទីលំនៅ ហើយមានការវាយប្រហារតាមផ្លូវអាកាស ការបាញ់ផ្លោងកាំភ្លើងធំ និងការចោទប្រកាន់គ្នាទៅវិញទៅមកអំពីការរំលោភបំពានដោយភាគីទាំងពីរ។ តាមគំនិតផ្តួចផ្តើមរបស់ លោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក សម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់មួយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលត្រូវបានសម្របសម្រួលដោយប្រទេសម៉ាឡេស៊ី និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សំខាន់ជាងនេះទៅទៀតសាធារណរដ្ឋប្រជាមានិតចិន បានចូលរួមគាំទ្របទឈប់បាញ់នេះដែរ។

ជម្លោះនេះនៅតែបន្តយ៉ាងក្តៅគគុក បើទោះបីជាមានបទឈប់បាញ់យ៉ាងណាក៏ដោយ គឺមិនមែនជាជម្លោះដែលអាចបញ្ចប់បានដោយរដ្ឋាភិបាល និងកងទ័ពនៃប្រទេសទាំងពីរនោះទេ ប៉ុន្តែជម្លោះនេះកើតឡើងដោយសារតែភាគីទាំងពីរមានទស្សនៈស៊ីជម្រៅលើប្រវត្តិសាស្ត្រដែលផ្ទុយគ្នាខ្លាំង។

ទស្សនៈពីប្រវត្តិសាស្ត្រ និងពេលបច្ចុប្បន្នរបស់ប្រទេសថៃក្នុងការត្រួតត្រាតំបន់ព្រំដែនកម្ពុជា អាចត្រូវបានពណ៌នាថា គឺជា«ការវាតទីនិយមដែលកែប្រែប្រវត្តិសាស្ត្រ»។ ពាក្យនេះគឺឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសថៃ ក្នុងការបកស្រាយព្រំដែនប្រវត្តិសាស្ត្រឡើងវិញ និងការពង្រីកការគ្រប់គ្រងដែនអធិបតេយ្យភាព ដោយផ្អែកលើការបកស្រាយបែបជាតិនិយម និងកែប្រែប្រវត្តិសាស្ត្រ ទៅលើផែនទី និងសន្ធិសញ្ញានានាកាលពីសម័យអាណានិគម។ «ការវាតទីនិយមដែលកែប្រែប្រវត្តិសាស្ត្រ» របស់ប្រទេសថៃនេះ គឺផ្នែកខ្លះត្រូវបានជំរុញដោយទស្សនៈដែលថា អាណានិគមនិយមលោកខាងលិចបានជ្រៀតជ្រែកទៅលើការពង្រីកជាតិដែល«ស្របច្បាប់»របស់ប្រទេសថៃ។ ទោះជាយ៉ាងណា ការវាតទីនិយមដែលកែប្រែប្រវត្តិសាស្ត្រ វាក៏ត្រូវបានកំណត់ពីកង្វល់សន្តិសុខជាតិដែរ។

រដ្ឋាភិបាលថៃមើលឃើញរដ្ឋាភិបាលកម្ពុជាថា គឺជាការគំរាមកំហែងដែលអាចកើតចំពោះព្រំដែន និងសន្តិសុខផ្ទៃក្នុងរបស់ខ្លួន។ ថៃ លើកឡើងដោយបានចោទប្រកាន់មកលើកម្ពុជាក្នុងការសម្របសម្រួលបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន អំពើឆបោក និងការធ្វើចំណាកស្រុកខុសច្បាប់ ជាលេសដើម្បីរឹតបន្តឹងការត្រួតពិនិត្យព្រំដែននៅទូទាំងខេត្តជាប់ព្រំដែនជាមួយកម្ពុជា និងបង្កើនការត្រួតពិនិត្យយោធាលើច្រកឆ្លងកាត់នានា។ ការចោទប្រកាន់ថ្មីៗ របស់សហរដ្ឋអាមេរិកទៅលើ លោក ចេន ហ្ស៊ី ជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនពាណិជ្ជកម្មពហុជាតិមានមូលដ្ឋាននៅកម្ពុជា លើបទចោទប្រកាន់ជាច្រើនរួមទាំងប្រតិបត្តិការបង្ខាំង បង្ខំឱ្យធ្វើទាសករ នៅប្រទេសកម្ពុជា។ ករណីនេះជាករណីមួយ ដែលប្រទេសកម្ពុជាកំពុងតែខិតខំប្រយុទ្ធប្រឆាំងនឹងក្រុមឧក្រិដ្ឋជនដែលប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែ កង្វល់សន្តិសុខជាតិរបស់អាជ្ញាធរថៃ គ្រាន់តែជាបញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើនទៀត (អាចចាត់ទុកថាជាលេស) ដែលជាផ្នែកមួយបន្ថែមជួយដល់ការវាតទីទឹកដី និងវិសាលភាពឥទ្ធិពលរបស់ខ្លួន។

យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុន អ៊ិប សូស កាលពីខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថាប្រជាជនថៃចំនួន៨៦% បានសម្តែងការព្រួយបារម្ភអំពីភាពតានតឹងនៅតាមព្រំដែន ហើយជម្លោះប្រដាប់អាវុធបានក្លាយជាកង្វល់ចម្បងរបស់ជាតិ ដែលបានវ៉ាដាច់បញ្ហាអំពើពុករលួយ និងភាពក្រីក្រ។ ជម្លោះជាមួយប្រទេសកម្ពុជានេះ អាចបង្កឡើងជាកង្វល់សន្តិសុខជាតិដែលស្របច្បាប់ ប៉ុន្តែជម្លោះហាក់ដូចបន្តធ្វើឡើងជាមធ្យោបាយបង្វែរចំណាប់អារម្មណ៍សាធារណជនចេញពីបញ្ហាផ្ទៃក្នុងផ្សេងទៀត និងបានបង្វែរការយកចិត្តទុកដាក់ទៅលើទស្សនៈជាតិនិយម និងសូម្បីតែទស្សនៈយោធានិយមអំពីទិសដៅរបស់ប្រទេសជាតិ។ នៅចំពោះមុខការគំរាមកំហែងពីបរទេស ប្រជាជនតែងតែមានទំនោរពីធម្មជាតិដោយងាករករដ្ឋាភិបាល និងយោធារបស់ខ្លួនដើម្បីការពារ ប៉ុន្តែប្រជាជនក៏ងាយនឹងត្រូវបានរដ្ឋាភិបាលបោកបញ្ឆោតឱ្យទទួលយករបៀបវារៈណាមួយដែលសមស្របនឹងទស្សនៈមួយថា «យើងតទល់នឹងពួកគេ»។ ដូចដែលលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកធ្លាប់មានប្រសាសន៍ថា៖ «អ្នកណាក៏អាចបង្កសង្គ្រាមបានដែរ ប៉ុន្តែមានតែអ្នកក្លាហានបំផុតប៉ុណ្ណោះ ទើបអាចបង្កើតសន្តិភាពបាន»។

ទោះបីជាយ៉ាងណា ការនាំមកនូវសន្តិភាពប្រហែលមិនមែនជាផលប្រយោជន៍ពិតប្រាកដរបស់យោធាថៃនោះទេ។ តាមប្រវត្តិសាស្ត្រ ប្រទេសថៃតែងជួបការលំបាកក្នុងការធានាការគ្រប់គ្រងលើយោធារបស់ខ្លួន។ យោងតាមប្រភពជាច្រើនបានឱ្យដឹងថាប្រទេសថៃមានរដ្ឋប្រហារយោធាដោយជោគជ័យយ៉ាងតិចចំនួន១៣លេីក និងការប៉ុនប៉ងធ្វើរដ្ឋប្រហារចំនួន២២លេីក ចាប់តាំងពីការបញ្ចប់របបរាជាធិបតេយ្យផ្តាច់ការរបស់ខ្លួននៅឆ្នាំ១៩៣២។ អ្នកជំនាញមួយចំនួនជឿថា ប្រទេសថៃបានធ្វើឱ្យការប្រើប្រាស់យោធាដើម្បីធ្វើរដ្ឋប្រហារក្លាយជារឿងធម្មតាដើម្បីកំណត់ឡើងវិញ ឬស្តារសណ្តាប់ធ្នាប់នយោបាយ ហើយនេះគឺជាបញ្ហាធំមួយសម្រាប់ជម្លោះព្រំដែនជាមួយប្រទេសកម្ពុជា ប្រហែលជាឧបករណ៍សំខាន់សម្រាប់យោធា ជាជាងជម្លោះដែលប្រទេសថៃស្វែងរកដំណោះស្រាយដោយសន្តិវិធី និងដោយស្មោះត្រង់។

ប៉ុន្តែ សន្តិភាព គឺជាជម្រើសតែមួយគត់សម្រាប់ប្រទេសទាំងពីរ និងសម្រាប់តំបន់ទាំងមូល ពីព្រោះរាល់ភាពតានតឹងនៃកម្លាំងយោធា ប្រាកដជានឹងបង្កើតឱ្យមានតែអ្នកចាញ់នៅគ្រប់សមរភូមិ។ ដើម្បីឈានដល់គោលដៅនៃការធានាសន្តិភាពនេះ មានការយល់ខុសអំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរសម្រាប់តំបន់ និងពិភពលោក ប្រសិនបើជម្លោះនេះកាន់តែកើនឡើង ឬបន្តស្ថិតក្នុងទម្រង់បច្ចុប្បន្ន។ ជម្លោះនេះមានផលប៉ះពាល់ធំៗចំនួនបីសម្រាប់តំបន់៖ ទីមួយគឺភាពតានតឹង ឬការបន្តនៃជម្លោះនេះ ប្រាកដជានឹងបង្កឱ្យមានការបាត់បង់សាមគ្គីភាពរបស់អាស៊ាន។ ផ្ទះមួយដែលបានបំផ្លិចបំផ្លាញ គឺមិនយេីងអាចរស់នៅបានទេ ហើយជម្លោះនេះចៀសមិនផុតនឹងនាំឱ្យបន្ថយ ឬរារាំងយ៉ាងសំខាន់ទៅលើសេដ្ឋកិច្ច, ការអភិវឌ្ឍ និងនយោបាយរបស់អាស៊ាន។ ទីពីរគឺជម្លោះនេះបានបង្កឱ្យមានការរំខានដល់សេដ្ឋកិច្ចឆ្លងព្រំដែនយ៉ាងច្រើនរួចទៅហើយ ហើយនៅពេលដែលជម្លោះនេះបន្ត វានឹងមានផលប៉ះពាល់ដែលមិនអាចវាស់ស្ទង់បានទៅលើការអភិវឌ្ឍ សេដ្ឋកិច្ចរយៈពេលវែង រវាងប្រទេសទាំងពីរ និងតំបន់។ ទីបីគឺជម្លោះនេះបានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើប្រជាជនដែលបានផ្លាស់ទីលំនៅ។ ពេលដែលជម្លោះនៅតែបន្ត ការរឹតបន្តឹងលើការធ្វើចំណាកស្រុកក៏នឹងបន្តដែរ ដែលអាចបង្កឱ្យមានផលប៉ះពាល់ជាបន្តបន្ទាប់ ទៅលើអន្តរទំនាក់ទំនងសង្គមសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធដែលទាក់ទងគ្នាជាច្រើននៅក្នុងប្រទេសណាមួយឬប្រទេសទាំងពីរ។ ខណៈដែលបញ្ហាទាំងអស់នេះមានសារសំខាន់បំផុតសម្រាប់តំបន់ ខ្ញុំចង់ផ្តោតលើផលប៉ះពាល់សម្រាប់កិច្ចការពិភពលោក។ ជម្លោះនេះមានផលប៉ះពាល់ធំៗចំនួនពីរសម្រាប់ពិភពលោក៖ ទីមួយគឺការកើនឡើងនៃភាពប្រទាញប្រទង់គ្នារវាងសហរដ្ឋអាមេរិកនិងប្រទេសចិន និង ទីពីរគឺការធ្លាក់ចុះកាន់តែខ្លាំងនៃច្បាប់អន្តរជាតិ។

បច្ចុប្បន្នប្រទេសកម្ពុជា មានការប្រុងប្រយ័ត្នក្នុងទំនាក់ទំនងរវាងចំណងមិត្តភាពដែលមានភាពរឹងមាំផ្នែកសេដ្ឋកិច្ចជាមួយសាធារណរដ្ឋប្រជាមានិតចិន និងទំនាក់ទំនងកាន់តែមានភាពស្និទ្ធស្នាលជាមួយសហរដ្ឋអាមេរិក។ ម្យ៉ាងវិញទៀត ប្រទេសថៃកំពុងបន្តទំនាក់ទំនងជាប្រវត្តិសាស្រ្តរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក នៅក្នុងបរិបទជាតិនិយមដែលកំពុងកើនឡើង ដែលទាមទារឱ្យមានសកម្មភាពយោធាដិតដល់ជាងមុន។ ទោះបីជានយោបាយការបរទេស និងទំនាក់ទំនងកន្លងមកមិនមែនជាការធានានូវយុទ្ធសាស្ត្រ និងភាពជាដៃគូនាពេលអនាគតក៏ដោយ នយោបាយការបរទេស និងទំនាក់ទំនងគឺមិនពិបាកអង្កេតនោះទេ ថាតើការបន្តជម្លោះនេះបង្កើនហានិភ័យនៃការពង្រីកការប្រកួតប្រជែងយុទ្ធសាស្ត្រដែលកំពុងបន្តរវាងសហរដ្ឋអាមេរិក និងប្រទេសចិនដោយរបៀបណា។

លើសពីនេះទៅទៀត រាល់ការមិនគោរពចំពោះសាលដីការបស់តុលាការអន្តរជាតិណាមួយដូចជា តុលាការយុត្តិធម៌អន្តរជាតិ គឺធ្វើអោយឥទិ្ធពលច្បាប់អន្តរជាតិចុះខ្សោយ។ យន្តការទ្វេភាគីសម្រាប់ការប្រាស្រ័យទាក់ទង និងការដោះស្រាយវិវាទមានសារសំខាន់ ប៉ុន្តែយន្តការទ្វេភាគី មិនគួរប្តូរមកជំនួសទាំងស្រុងនូវសាលក្រមរបស់ស្ថាប័នអន្តរជាតិ ដូចជាតុលាការយុត្តិធម៌អន្តរជាតិនោះឡើយ។

នៅខែមករា ឆ្នាំ២០២៥ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកបានថ្លែងថា កេរដំណែលដែលលោកមានមោទកភាពបំផុតគឺក្លាយជា «អ្នកបង្កើតសន្តិភាព និងអ្នកបង្រួបបង្រួម»។ យោងទៅលើតួនាទីជាប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិកក្នុងការធានាសន្តិភាពនៅតំបន់អាស៊ីអាគ្នេយ៍ និងទូទាំងពិភពលោក ក្រោយសង្គ្រាមលោកលើកទី២ គឺដល់ពេលវេលាហើយ​ សម្រាប់សន្តិភាពរវាងប្រទេសអាស៊ានទាំងពីរនេះ។

—–
លោក ឆាំង យុ គឺជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលមជ្ឈមណ្ឌលនេះបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧ ជាអង្គការក្រៅរដ្ឋាភិបាលឯករាជ្យ ធ្វើការងារពាក់ព័ន្ធនឹងយុត្តិធម៌ និងការចងចាំ។ លោក ឆាំង យុ ត្រូវបានទទួលស្គាល់ជាអ្នកដឹកនាំក្នុងវិស័យអប់រំ ការបង្កានិងការស្រាវជ្រាវពីអំពើប្រល័យពូជសាសន៍។ នៅឆ្នាំ២០១៨ លោក ឆាំង យុ បានទទួលពានរង្វាន់ រ៉ាម៉ុន ម៉ាកសាយសាយ ដែលត្រូវបានគេស្គាល់ថាគឺជា «ពានរង្វាន់ណូបែលរបស់ទ្វីបអាស៊ី» សម្រាប់ការងាររបស់លោកក្នុងការថែរក្សាការចងចាំអំពី
អំពើប្រល័យពូជសាសន៍ និងស្វែងរកយុត្តិធម៌សម្រាប់ប្រជាជនកម្ពុជា និងពិភពលោក។ ក្នុងឆ្នាំ២០០៧ លោកត្រូវបានតែងតាំងជាបុគ្គលដ៏មានឥទ្ធិពលបំផុតទាំង ១០០នាក់ របស់ទស្សនាវដ្ដី ថាមស៍។ លោក ឆាំង យុ បានធ្វើការជាមួយមន្រ្តីអង្គការសង្គមស៊ីវិល និងអ្នកដឹកនាំជុំវិញពិភពលោករួមមាន៖ នៅប្រទេសអ៊ីរ៉ាក់ ប្រទេសអាហ្វហ្គានីស្ថាន ប្រទេសស៊ីរី ប្រទេសមីយ៉ាន់ម៉ា និងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតដែលទើបរួចផុតពីជម្លោះ។ បច្ចុប្បន្ននេះ លោកកំពុងបន្តពង្រីកការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីបង្កើតទៅជាវិទ្យាស្ថានស្លឹករឹត ដែលជាមជ្ឈមណ្ឌលអចិន្ត្រៃយ៍ សម្រាប់ការសិក្សាពីអំពើប្រល័យពូជសាសន៍នៅតំបន់អាស៊ី ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ។ ដើម្បីសម្រេចគោលដៅនេះ ក្នុងឆ្នាំ២០២០ មជ្ឈមណ្ឌលឯកសារកម្ពុជា បានបង្កើតព្រះរាជបណ្ណាល័យហ្លួងម៉ែ ដែលបានដាក់ព្រះនាមតាម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ។ ព្រះរាជបណ្ណាល័យហ្លួងម៉ែ (សារមន្ទីរ-វិទ្យាស្ថាន) នេះរក្សាទុកនូវបណ្ណសារកម្រ និងធំបំផុតក្នុងពិភពលោក នៃវត្ថុបុរាណប្រវត្តិសាស្ត្រ និងឯកសាររបបខ្មែរក្រហម ដែលឯកសារជាច្រើនត្រូវបានប្រើប្រាស់ដើម្បីគាំទ្រការងាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin