ប្រទេសថៃ ត្រូវតែបញ្ឈប់ការបង្វែរប្រធានបទទៅរកបញ្ហាបន្ទាប់បន្សំ
រាជរដ្ឋាភិបាលថៃបានបង្កើនការយកចិត្តទុកដាក់ទៅលើបញ្ហាគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតាមបណ្ដោយព្រំដែន នេះគឺមិនមែនជារឿងខុសឆ្គងអ្វីទេ។ បញ្ហាគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ គឺជាបញ្ហាដែលកើតមានជាច្រើនទសវត្សរ៍កន្លងមក ហើយខ្ញុំជឿជាក់ថាប្រជាជនកម្ពុជាយល់ស្របចំពោះគំនិតថាអាវុធដ៏ស្ងប់ស្ងាត់ទាំងនេះដែលបន្សល់ទុកពីសង្គ្រាម បានសម្លាប់ ឬបង្កជាពិការភាពលើប្រជាជនស្លូតត្រង់រាប់ពាន់នាក់នៃប្រទេសទាំងពីរ នៅសងតាមខាងព្រំដែន។ ទោះបីជាយ៉ាងណាក្តី ផ្អែកទៅលើស្ថានការណ៍នៅតាមបណ្ដោយព្រំដែននាពេលបច្ចុប្បន្ន បញ្ហាគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគឺមិនមែនជាបញ្ហាចម្បងបំផុត ដែលរារាំងដល់ដំណើរការសន្តិភាពនោះទេ។
ប្រទេសថៃត្រូវតែបញ្ឈប់ការបង្វែរប្រធានបទទៅរកបញ្ហាបន្ទាប់បន្សំ ហើយងាកមកផ្តោតទៅលើបញ្ហាចម្បងនៅចំពោះមុខវិញ គឺការប្តេជ្ញាចិត្តប្រកបដោយតម្លាភាព យ៉ាងស្មោះត្រង់ និងឥតលក្ខខណ្ឌ ដើម្បីសម្រេចបាននូវសន្តិភាពតាមបណ្តោយព្រំដែន។ គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រាន់តែជាសមាសធាតុផ្សំមួយផ្នែកនៃបញ្ហាជាយុទ្ធសាស្ត្រនេះតែប៉ុណ្ណោះ ដែលប្រទេសទាំងពីរត្រូវធ្វើការរួមគ្នាក្នុងការដោះស្រាយ ហើយដំណោះស្រាយអាចដាក់ចេញបានលុះត្រាតែមានភាពស្មោះត្រង់ តម្លាភាព និងការប្តេជ្ញាចិត្តដោយសុច្ចរិត រវាងរាជរដ្ឋាភិបាល និងយោធានៃប្រទេសទាំងពីរ។ យោងតាមការសង្កេតការនៅមូលដ្ឋាននាពេលកន្លងមក យោធាថៃពុំបានធ្វើការរួមគ្នាជាធ្លុងមួយ ជាមួយនឹងរដ្ឋាភិបាលថៃនោះទេ។
— ឆាំង យុ
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥
រូបថត៖ ឆាំង យុ ធ្វើទស្សនកិច្ចទៅកាន់ច្រកព្រំដែនអន្តរជាតិជាំ-សាង៉ាំ និងមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។