យុទ្ធសាស្ត្ររបស់ប្រទេសថៃក្នុងការដណ្ដើមយកដែនអធិបតេយ្យភាពដែលបានបាត់បង់ក្រោមមហាអំណាចអាណានិគម៖ យន្តការទ្វេភាគីដ៏អន់បំផុត

ប្រទេសថៃផ្តល់អាទិភាពនិងថែមទាំងទាមទារ​ឱ្យមានយន្តការចរចាទ្វេភាគី ជាជាងបង្កើតឱ្យមានយន្តការឬកិច្ចព្រមព្រៀងពហុភាគី ពីព្រោះតាមរយៈយន្តការចរចាទ្វេភាគី ប្រទេសថៃគឺមានអំណាចខ្លាំងក្លាក្នុងការ គាបសង្កត់ សម្លុត បង្ខិតបង្ខំ និងប្រើល្បិចកលយុទ្ធសាស្ត្រគ្របដណ្ដប់លើដៃគូដែលខ្សោយជាងខ្លួន តាមទំនើងចិត្ត ហើយមិនប្រឈមនឹងការរិះគន់ឬការធ្វើឱ្យរាំងស្ទះមកពីមជ្ឈដ្ឋានខាងក្រៅ។ ប្រទេសកម្ពុជាមិនទាន់មានឧត្តមភាពផ្នែកសព្វាវុធ និងកម្លាំងទ័ពលើសប្រទេសថៃ ប៉ុន្តែក្នុងជម្លោះតាមបណ្តោយព្រំដែន ប្រទេសកម្ពុជាមានប្រៀបលើទស្សនអន្តរជាតិបូករួមទាំងសេចក្តីសម្រេចពីតុលាការយុត្តិធម៌អន្តរជាតិដែលឯករាជ្យ និងអព្យាក្រឹត។ ហេតុដូច្នេះ ប្រទេសថៃអាចសម្រេចបាននូវឧត្តមភាពលើដែនអធិបតេយ្យភាពរបស់កម្ពុជានៅតំបន់ព្រំដែនបាន លុះត្រាណាតែតាមរយៈយន្តការចរចាទ្វេភាគីដោយបិទទ្វារ គាបសង្កត់ សម្លុត បង្ខិតបង្ខំ ដែលជាការរំលោភបំពានរបស់ប្រទេសថៃ ហើយមិនត្រូវបានមើលឃើញដោយសហគមន៍អន្តរជាតិ (ឬយ៉ាងហោចណាស់ យន្តការចរចាទ្វេ​ភាគី​នេះហាក់មានលក្ខណៈ​ជាកិច្ចព្រមព្រៀងដែលអាចទទួលយកបានពីគ្រប់ភាគី បើទោះបីជាមានវិសមភាពក៏ដោយ​)។

ប្រទេសថៃបរាជ័យដោយមិនអាចឈានទៅបង្កើតយន្តការចរចាទ្វេភាគី ហេតុដូច្នេះហើយទើបប្រទេសថៃបានទទួលយកយន្តការចរចាពហុភាគី និងយល់ព្រមតាមកិច្ចព្រមព្រៀងដែលត្រូវបានរៀបចំឡើងជាយន្តការពហុភាគី ដូចជាកិច្ចព្រមព្រៀងបទឈប់បាញ់ចុងក្រោយបង្អស់នៅទីក្រុងកូឡាឡំពួរ។ ទោះបីជាយ៉ាងណាក៏ដោយ បទឈប់បាញ់មិនបាននាំប្រទេសថៃខិតទៅរកគោលដៅចុងក្រោយរបស់ខ្លួនក្នុងការគ្រប់​គ្រង​​ទឹកដីដែលខ្លួនបានជឿថាគឺជាកម្មសិទ្ធិស្របច្បាប់របស់ខ្លួន។ ជាក់ស្តែងតំបន់ទាំងនោះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសកម្ពុជាអស់ជាច្រើនសតវត្សរ៍មកហើយ ហើយតំបន់ទាំងនោះនៅតែបន្តស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសកម្ពុជាមកដល់សព្វថ្ងៃនេះ។ ទោះបីជាយ៉ាងនេះក្តី ប្រទេសថៃបានគ្រប់​គ្រង​លើតំបន់ទាំងនោះដោយខុសច្បាប់ក្នុងរយៈពេលខ្លីតែប៉ុណ្ណោះពីអតីតកាល ហើយប្រទេសថៃត្រូវបានបង្ខំដោយរដ្ឋាភិបាលលោកខាងលិចឱ្យប្រគល់ទឹកដីទាំងនោះមកឱ្យប្រទេសកម្ពុជាចំនួនពីរលើកគឺ (លើកទីមួយនៅឆ្នាំ១៩០៧ ប្រទេសបារាំងបានបង្ខំប្រទេសថៃឱ្យប្រគល់ទឹកដីប្រទេសកម្ពុជាដែលខ្លួនទន្ទ្រានយកមកឱ្យកម្ពុជាវិញ និងលើកទីពីរនៅឆ្នាំ១៩៤៦ សហរដ្ឋអាមេរិកបង្ខំប្រទេសថៃឱ្យប្រគល់ទឹកដីរបស់ប្រទេសកម្ពុជាដែលខ្លួនកាត់យកដោយខុសច្បាប់នៅឆ្នាំ១៩៤១ មកឱ្យកម្ពុជាវិញ)។ ប្រទេសថៃនៅតែបន្តចាត់ទុកការបង្ខិតបង្ខំរបស់រដ្ឋាភិបាលលោកខាងលិចគឺជាឧទាហរណ៍​នៃការដាក់គំនាបដោយមិនសមស្របរបស់អាណានិគមដែលប្រទេសថៃបដិសេធមិនទទួលយកជាដាច់ខាត។

បញ្ហាទឹកដីទាំងនោះបានបន្សល់ទុកឱ្យយើងនូវស្ថានភាពដូចបច្ចុប្បន្ន ដែលយន្តការចរចាទ្វេភាគីហាក់បីដូចជាមិនទទួលបានផ្លែផ្កា ហើយយន្តការចរចាពហុភាគីក៏មិនអាចជួយឱ្យប្រទេសថៃសម្រេចបាននូវគោលដៅចុងក្រោយរបស់ខ្លួន ដូច្នេះប្រតិបត្តិការយោធាគឺជាមធ្យោបាយតែមួយគត់របស់ប្រទេសថៃ ក្នុងការសម្រេចបាននូវគោលបំណងយុទ្ធសាស្ត្រឈ្លានពានរបស់ខ្លួន។ បញ្ហានេះមិនមែនស្ថិតនៅលើការបំពេញតាមលក្ខខណ្ឌសន្តិភាពរបស់ប្រទេសថៃទៀតទេ ប៉ុន្តែវាគឺជាការចោទសួរថាតើប្រទេសកម្ពុជានិងសហគមន៍អន្តរជាតិមានឆន្ទៈក្នុងការធ្វើសម្បទានដែនអធិបតេយ្យភាពដើម្បីដោះដូរយកសន្តិភាពដែរឬយ៉ាងណា ហើយប្រសិនបើកម្ពុជាយល់ព្រមធ្វើសម្បទាន (ឬត្រូវបានបង្ខំឱ្យទទួលយកការបាត់បង់បូរណភាពទឹកដីនៅតាមបណ្តោយព្រំដែន) តើអ្វីទៅជារបៀបវារៈបន្តបន្ទាប់ទៀតដែលប្រទេសថៃនឹងទាមទារដើម្បីជា​ថ្នូរនឹងសន្តិភាព?

ប្រទេសកម្ពុជា និងសហគមន៍អន្តរជាតិ មិនគួរចាត់ទុកជម្លោះនេះត្រឹមតែជាបញ្ហាសន្តិសុខព្រំដែនទៀតនោះទេប៉ុន្តែជម្លោះនេះគឺជាវិវាទដែលកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេចក្តីសុខសាន្តរបស់ប្រទេសកម្ពុជា ។

អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin