ធៀន ញាំ៖ អាយុ៦៨ រស់នៅភូមិបាកើនឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត

ខ្ញុំឈ្មោះ ធៀន ញាំ ភេទស្រី អាយុ៦៨ឆ្នាំ កើតក្នុងឆ្នាំ១៩៥៧។ ទីកន្លែងកំណើតស្ថិតនៅភូមិទុល ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត ។ ឪពុកឈ្មោះ ធៀន គុណ(ស្លាប់) ម្តាយឈ្មោះចាន់ ញ៉ន(ស្លាប់)។ បច្ចុប្បន្នរស់នៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត។ ខ្ញុំមានបងប្អូនបង្កើតចំនួន០៦នាក់ កូនទី១ឈ្មោះធៀន ញាំ កូនទី២ឈ្មោះ ធៀន ញឿន កូនទី៣ឈ្មោះ ធៀន ម៉ាប់ កូនទី៤ឈ្មោះកូនទី៥ ធៀន តូច កូនទី៥ឈ្មោះ ធៀន ញឿន និងកូនទី៦ឈ្មោះ ធឿន ម៉ៅ សព្វថ្ងៃខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ និងលក់ដូរ។
កាលពីកុមារភាពខ្ញុំបានចូលរៀននៅឆ្នាំ១៩៧៣ ខ្ញុំរៀននៅសាលាតាមវត្ត១៩៧៤ បន្ទាប់ពីនាងខ្ញុំបានឈប់រៀនហើយ ខ្ញុំបានបន្តធ្វើការងារជាមួយឪពុកម្តាយ។ កាលនៅសង្គមរាស្រ្តនិយម ដែលមានការគ្រងដោយសម្ដេចព្រះនរោត្តម សីហនុ ពេលនោះស្ថានភាពនៅក្នុងភូមិពិតជាមានភាពសម្បូរសប្បាយ ហូបចុកគ្រប់គ្រាន់ គ្មានការធ្វើទារុណកម្មប្រជាជនថែមទៀតផង ប៉ុន្តែដោយសារតែ លន់ នល់ បានទម្លាក់សម្ដេចរួចក៏ធ្វើសង្រ្គាមជាមួយខ្មែរក្រហមនៅឆ្នាំ ១៩៧០-១៩៧៥ ពេលនោះស្ថានភាពនៅក្នុងភូមិពិតជាមានភាពច្របូកច្របល់ខ្លាំងណាស់ដោយសារមានការទម្លាក់គ្រាប់បែកស្ទើរពេញផ្ទៃប្រទេស។
នៅ ឆ្នាំ១៩៧៥ កើតមាននៅរបបថ្មីមួយទៀតគឺ របបកម្ពុជាប្រជាធិតេយ្យ ដែលប្រជាជនខ្មែរហៅថារបបខ្មែរក្រហម។ ខ្មែរក្រហមបានចាត់តាំងក្រុមគ្រួសាររបស់ខ្ញុំទៅជាប្រជាជនចាស់ ឬហៅថាប្រជាជននៅមូលដ្ឋាន។ ខ្មែរក្រហមបានប្រើឲ្យខ្ញុំធ្វើស្រែ និងរែកដីដំបូក ដើម្បីយកមកធ្វើជាជីដាក់ស្រែ។ ខ្មែរក្រហមក៏បានបញ្ជូនខ្ញុំទៅធ្វើការនៅតាមកងចល័តដូចជា ជីកនិងរែកដីនៅទំនប់អូឃ្លៃ ដែលមានទីតាំងស្ថិតនៅ ភូមិព្រៃស្បូវ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ ទំនប់ត្រពាំងបឹង ដែលមានទីតាំងស្ថិតនៅភូមិ ត្រពាំងបឹង ឃុំឈូក ស្រុកឈូក ខេត្តកំពត ខ្មែរក្រហមបានបញ្ជូនឱ្យទៅជីកទំនប់ម្លេច ដែលមានទីតាំងស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ រហូតដល់ ឆ្នាំ១៩៧៩ ខ្ញុំបានចេញពីកន្លែងធ្វើការសំដៅទៅភ្នំពេញ រហូតឆ្នាំ១៩៨០ទើបខ្ញុំបានវិលត្រឡប់មករកភូមិស្រុកកំណើតវិញ។
សព្វថ្ងៃនេះ ខ្ញុំមានជំងឺប្រចាំកាយដូចជា ជំងឺសន្លាក់ដៃសន្លាក់ជើង និងជំងឺក្រពះពោះវៀន។ កត្តាដែលធ្វើឱ្យខ្ញុំកើតមានជំងឺខាងលើនេះគឺបណ្តាលមកពីមូលហេតុដូចជា កាលខ្ញុំនៅពីកុមារភាពប្រទេសកើតសង្គ្រាមឥតឈប់ឈរធ្វើឱ្យ ខ្ញុំហូបចុកមិនគ្រប់គ្រាន់ និងកង្វះអាហារូបត្ថម្ភ មួយវិញ រហូតមកដល់ពេលបច្ចុប្បន្ននេះខ្ញុំមានអាយុកាន់តែច្រើន។ ចំពោះការព្យាបាលជំងឺរបស់ខ្ញុំវិញ កន្លងមកក្នុងឆ្នាំ២០២៣ ក្រុមការងារះរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាបាន អញ្ជើញក្រុមគ្រូពេទ្យជំនាញចុះមកពិនិត្យសុខភាពជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងភូមិបាក់នឹម ពេលនោះ ខ្ញុំក៏បានចូលរួមក្នុងកម្មវិធីពិនិត្យសុខភាពដែលរៀបចំ ដោយក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ថែមទាំងមានការចែកជូនកូនសៀវភៅ សុខភាព ដែលមានរៀបរាប់អំពីជំងឺទាំង១០ប្រភេទ ក្នុងសៀវនោះផ្តល់សារៈប្រយោជន៍ចំណេះដឹងអំពីសុខភាពជាច្រើនដល់រូបខ្ញុំ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងភូមិ។ ក្នុងចំណោមជំងឺទាំង១០ប្រភេទនេះ ខ្ញុំបានកើតជំងឺ២ប្រភេទប្រចាំរាងកាយរបស់ខ្ញុំ។ សព្វថ្ងៃនេះ ខ្ញុំមិនបានទៅព្យាបាលជំងឺឆ្ងាយនោះទេ ខ្ញុំព្យាបាលនៅក្នុងភូមិស្រុកដែលខ្ញុំរស់នៅ។ គ្រូពេទ្យនៅតាមភូមិបានចាក់ថ្នាំ និងផ្សំថ្នាំលេបដល់ខ្ញុំ។
ជាចុងក្រោយខ្ញុំសូមថ្លែងអំណអរគុណយ៉ាងខ្លាំង ចំពោះការចុះមកសួរសុខភាពនិងសុខទុក្ខរបស់នាងខ្ញុំនិងសូមជូនពរឲ្យក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាជួបប្រទះតែពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណះ សុខះ និងពលះ កុំបីឃ្លៀងឃ្លាតឡើយ។[1]
អត្ថបទដោយ ផាត ពន្លក
[1] ធៀន ញាំ ៖ សម្ភាសន៍ផ្ទាល់មាត់,«សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងអំពីស្ថានភាពជំងឺបច្ចុប្បន្ន» សម្ភាសន៍ដោយ ៖ ផាត ពន្លក នៅឆ្នាំ២០២៥,មជ្ឈមណ្ឌលសះស្បើយបាក់នឹម មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពត