ថ្លាង ចែន ស្រែកគំរាមកម្មាភិបាលសួរចម្លើយខ្មែរក្រហមនៅគុក២០៤

ខ្ញុំឈ្មោះ ថ្លាង ចែន[1] អាយុ៨៧ឆ្នាំ។ ខ្ញុំមានស្រុកកំណើតរស់នៅភូមិបឹងម្កាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិគ្រាំងគរ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះឡូយ (ស្លាប់) និងម្ដាយឈ្មោះ អូន (ស្លាប់)។ ខ្ញុំគឺជាកូនច្បងនៅក្នុងគ្រួសារ។ ខ្ញុំមានបងប្អូនបង្កើត៧នាក់ ប្រុស២នាក់ ស្រី ៥នាក់។ បច្ចុប្បន្ន បងប្អូនខ្ញុំនៅរស់៤នាក់។ ខ្ញុំមានប្ដីឈ្មោះ ចែម (ស្លាប់)។ យើងមានកូនប្រុសស្រី១២នាក់ ប្រុស៧នាក់ ស្រី៥នាក់ (ស្លាប់៦នាក់)។ កូនខ្ញុំ៣នាក់បានស្លាប់ដោយជំងឺក្នុងរបបខ្មែរក្រហម។ សព្វថ្ងៃនេះ កូនខ្ញុំនៅរស់៦នាក់ ប្រុស២នាក់ និងស្រី៤នាក់។ កាលពីកុមារភាពខ្ញុំមិនដែលបានចូលរៀនទេ ព្រោះកាលពីជំនាន់ឪពុកម្ដាយខ្ញុំ គាត់ប្រកាន់យកច្បាប់ថាកូនស្រីគឺត្រូវរៀនធ្វើជាស្រ្តីមេផ្ទះ ហើយកូនប្រុសទើបអាចរៀនសូត្របាន ព្រោះចាត់ទុកជាបង្គោលគ្រួសារ។
ពីឆ្នាំ១៩៧១ ដល់១៩៧២ ខ្ញុំឮសូរថាមានការទម្លាក់គ្រាប់នៅតាមជួរភ្នំដំរីរមៀលនេះ។ ពេលនោះការប្រយុទ្ធកើតមានឡើងរវាងកងទ័ព លន់ នល់ ជាមួយកងទ័ពខ្មែរក្រហម។ ខ្ញុំបានដឹងថាមានទម្លាក់គ្រាប់បែកនៅវត្តភ្នំស្រមោច ស្ថិតនៅជាប់ព្រំប្រទល់ខេត្តកំពត និងខេត្តតាកែវ។ នៅពេលយប់ឡើង ខ្ញុំតែងតែឮសំឡេងបាញ់កាំភ្លើងល្វើយៗពីចម្ងាយ និងឮសំឡេងយន្ដហោះមកទម្លាក់គ្រាប់កក្រើកមេឃកក្រើកដី។ ខ្ញុំភ័យណាស់ ក៏ជីកត្រង់សេដើម្បីការពារខ្លួន។
ពីឆ្នាំ១៩៧៥ ដល់១៩៧៦ ខ្មែរក្រហមបានបញ្ជូនខ្ញុំឱ្យទៅធ្វើការតាមកង។ ដោយសារខ្ញុំ ជាប្រជាជនមូលដ្ឋាន ខ្មែរក្រហមបានចាត់តាំងខ្ញុំឱ្យទៅធ្វើស្រែចម្ការ, ដកស្ទូង និងច្រូតស្រូវ។ ខ្ញុំរស់នៅបែកបាក់ឪពុកម្ដាយបងប្អូន និងមិនដែលបានជួបជុំគ្នាឡើយ។ ក្នុងរបបខ្មែរក្រហម ខ្ញុំរស់នៅជាមួយកូន៣នាក់។ ប្ដីខ្ញុំគាត់ទៅធ្វើការនៅតាមកងផ្សេងមិនដែលបានមកញឹកញាប់ឡើយ។ រយៈពេល មួយខែទើបអាចមកលេងផ្ទះបានម្ដង។ ក្រោយមក ខ្ញុំបានសម្រាលកូនទី៤ម្នាក់ទៀត។ ពេលដែលខ្ញុំកំពុងមានសរសៃខ្ចី ខ្មែរក្រហមបានបញ្ជូនខ្ញុំឱ្យទៅដាំកប្បាស និងរវៃកប្បាសដើម្បីត្បាញធ្វើជាកន្សែង។ ការងារនេះ គឺស្រាលបំផុតហើយសម្រាប់ខ្មែរក្រហម។ ការហូបចុកវិញ គឺមិនសូវខ្វះខាតទេ។ ខ្ញុំបានហូបបាយជាប្រចាំ។ ប្រធានភូមិខ្ញុំជាអ្នកមើលការខុសត្រូវការងារទាំងអស់។ គាត់កាចណាស់ ថែមទាំងបានស្រែកសំឡុត និងបង្ខំឱ្យប្រជាជនធ្វើការលើសកម្លាំងរហូត។
នៅឆ្នាំ១៩៧៧ ប្ដីខ្ញុំត្រូវខ្មែរក្រហមចាប់ខ្លួនទៅដាក់ឃុំឃាំងនៅមន្ទីរ ២០៤។ គាត់គ្មានកំហុសអ្វីទេ។ ខ្ញុំត្រូវនៅចិញ្ចឹមបីបាច់កូនតូចៗតែម្នាក់ឯង។ មិនយូរប៉ុន្មាន ប្រហែលជាកន្លះខែបន្ទាប់មក ខ្ញុំក៏ត្រូវខ្មែរក្រហមចាប់បញ្ជូនទៅដាក់ឃុំឃាំងនៅមន្ទីរ២០៤ដូចគ្នាដែរ។ ពេលទៅជាមួយខ្មែរក្រហម ខ្ញុំបានយកកូនតូចម្នាក់ទៅជាមួយដែរ ដោយសារវានៅតូចពេក។ ទោះបីជាខ្ញុំ និងប្ដីជាប់ឃុំឃំាងនៅមន្ទីរឃុំឃាំងជាមួយគ្នាក៏ពិតមែន ប៉ុន្តែយើងមិនដែលបានជួបមុខគ្នាឡើយ។ ទៅដល់មន្ទីរឃុំឃាំងរយៈពេលមួយថ្ងៃ ខ្មែរក្រហម បានបញ្ជូនខ្ញុំទៅសួរចម្លើយ។ នៅក្នុងបន្ទប់សួរចម្លើយ ខ្ញុំឃើញមានអ្នកសួរចម្លើយមានគ្នា៣នាក់ គឺមានតែប្រុសៗទាំងអស់។ ក្នុងនោះ កម្មាភិបាល២នាក់មានកាន់កាំភ្លើងគ្រប់ដៃ បានមកឈរអមសងខាងខ្ញុំ ហើយម្នាក់ទៀតជាអ្នកសួរចម្លើយ។ ទីតាំងសួរចម្លើយ នៅក្នុងបន្ទប់មួយដែលស្ងាត់ ហើយមានតុបួនជ្រុងមួយ និងមានថូផ្កាដាក់នៅចំកណ្ដាលតុ។ កម្មាភិបាលសួចម្លើយបានសួរខ្ញុំថា៖«មីងធ្លាប់ធ្វើការងារអ្វី?» ខ្ញុំបានរៀបរាប់ការងារទាំងអស់ដែលខ្ញុំបានធ្វើទៅកម្មាភិបាលនោះ។ បន្ទាប់មក កម្មាភិបាលខ្មែរក្រហមបន្តសួរទៀតថា៖ «មីងធ្វើអ្វីខុស ត្រូវនឹកឱ្យឃើញ»។ ខ្ញុំក៏សួរទៅកាន់កម្មាភិបាលវិញថា៖ «ខ្ញុំមានទោសអី្វ បានជានាំខ្ញុំមកដាក់នៅទីនេះ? ខ្ញុំមានកូនតូចៗនៅផ្ទះជាច្រើននាក់ទៀតដែលត្រូវការម្ដាយមើលថែ»។ ពេលនោះ កម្មាភិបាលខ្មែរក្រហមបានទះតុមួយទំហឹង។ ពេលនោះ ខ្ញុំក៏ភ្ញាក់ ហើយបានទះតុតបទៅវិញ។ កម្មាភិបាលនោះក៏សើច ហើយឈប់សួរខ្ញុំទៀត។ ការសួរចម្លើយ គឺធ្វើឡើងរយៈពេលមួយថ្ងៃម្ដង។ អ្នកទោសទាំងអស់ ត្រូវបានខ្មែរក្រហមបញ្ជូនទៅសួរចម្លើយម្នាក់ម្ដងៗទាល់តែគ្រប់គ្នា។ ខ្ញុំបានជាប់ឃុំឃាំងនៅមន្ទីរ ២០៤ ចំនួន១០ថ្ងៃ។ អ្នកទោសទាំងប្រុសទាំងស្រី ត្រូវជាប់ឃុំក្នុងបន្ទប់ដាច់ដោយឡែកពីគ្នា។ ការសួរចម្លើយនៅតែបន្តសួររហូតជារៀងរាល់ថ្ងៃ។ នៅក្នុងគុក ខ្ញុំបានហូបបាយ ប៉ុន្តែកម្មាភិបាលគុកជាអ្នកកំណត់របបបាយឲ្យអ្នកទោស។ ខ្ញុំ គឺជាអ្នកទោសកម្រិតស្រាល។ ដូច្នេះ កម្មាភិបាលខ្មែរក្រហមមិនដែលវាយធ្វើបាបខ្ញុំទេ គ្រាន់តែស្រែកសំឡុតដាក់។ លុះដល់រយៈពេល១០ថ្ងៃ កម្មាភិបាលខ្មែរក្រហមបានប្រាប់ឱ្យខ្ញុំ ត្រឡប់មកផ្ទះវិញ។ ខ្ញុំឆ្លើយថា៖ «ខ្ញុំមិនទៅទេ ទាល់តែខ្ញុំទៅជាមួយប្ដីបានទៅ»។ ភ្លាមៗនោះ កម្មាភិបាលបានស្រែកសំឡុតដាក់ខ្ញុំថា «ទៅមុន និងទៅក្រោយ អត់ឮទេ!»។ ខ្ញុំក៏បានចេញពីមន្ទីរឃុំឃាំង ២០៤ វិលត្រឡប់មកស្រុកកំណើតវិញ។ ចំណែកប្ដីរបស់ខ្ញុំ ត្រូវខ្មែរក្រហមបញ្ជូនបន្តឱ្យទៅធ្វើកងទ័ពនៅបន្ទាយ លង្វែកស្ថិតនៅខេត្តកំពង់ឆ្នាំង។ រយៈពេល២ខែកន្លងទៅ ខ្ញុំនិងកូនៗ ត្រូវខ្មែរក្រហមបញ្ជូនតាមរថយន្ដឱ្យទៅរស់នៅលង្វែកដែរ។ ខ្ញុំមិនបានជួបជាមួយប្ដីខ្ញុំទេ។ ខ្ញុំត្រូវទៅធ្វើការតាមកង គឺទៅធ្វើស្រែ ដកសំណាប ដាំដំណាំ និងធ្វើកន្ទេល។ ចូលដល់រដូវប្រាំង ខ្ញុំបានទៅច្រូតកាត់ទៀតផង។ នៅក្នុងកងមានមនុស្សច្រើនណាស់ ខ្ញុំចាំមិនអស់ទេ។ ខ្ញុំបានហូបបាយ ប៉ុន្តែកំណត់វាល់វែកដដែល។ ខ្ញុំហូបបាយបានពីរពេលក្នុងមួយថ្ងៃ គឺពេលព្រឹក និងល្ងាច។ ខ្ញុំត្រូវរស់នៅជុំគ្នាជាមួយប្រជាជនឯទៀត។ នៅថ្ងៃមួយ ខ្ញុំបានទៅលួចមើលការប្ដេជ្ញារបស់គូស្រករថ្មីដែលខ្មែរក្រហមចាត់តាំង។ កម្មាភិបាលខ្មែរក្រហម បានហៅបុរស និងស្រ្តីចំនួន២០គូរ ឱ្យធ្វើការប្ដេជ្ញារួមរស់ជាប្ដីប្រពន្ធអស់មួយជីវិត។ អ្នកនោះ ភាគច្រើនសុទ្ធតែត្រូវខ្មែរក្រហមបង្ខំឱ្យរៀបការ។
អំឡុងពេលបែកឆ្នាំ១៩៧៩ ខ្ញុំមិនបានត្រឡប់មកវិញជាមួយប្ដីខ្ញុំទេ។ ខ្ញុំ និងកូនតូចៗបានត្រឡប់មកផ្ទះសម្បែងវិញមុន ដោយធ្វើដំណើរឆ្លងកាត់តាមជើងភ្នំមួយទៅជើងភ្នំមួយ។ ខ្ញុំក៏ជួបជាមួយកងទ័ព វៀតណាម ហើយកងទ័ពនោះបានជួយចម្លងខ្ញុំនិងកូនតាមទូកមកដល់ខេត្តកោះកុង។ ខ្ញុំ និងកូនៗ បានរស់នៅទីនោះរយៈពេលមួយខែ។ បន្ទាប់មកទៀត ខ្ញុំបានបន្ដធ្វើដំណើរតាមទូកមួយទៀតមកដល់កំពង់សោម ហើយរស់នៅរយៈពេលមួយខែទៀត។ ក្រោយមក កងទ័ពវៀតណាមបានជូនខ្ញុំមកដល់ខេត្តកំពត។ ខ្ញុំក៏ឈប់សម្រាកនៅទីនោះមួយយប់។ លុះស្អែកឡើង ខ្ញុំ និងកូនៗក៏បន្តដំណើរដោយថ្មើរជើងឆ្លងកាត់តាមជើងភ្នំមួយចូលភ្នំមួយ ។ ការធ្វើដំណើរគឺវេទនាណាស់។ ខ្ញុំត្រូវនាំកូនៗសម្រាកនៅតាមជើងភ្នំ។ កងទ័ពវៀតណាមមិនបានធ្វើបាបខ្ញុំទេ ថែមទាំងបានរៀបចំបាយទឹកនំចំណីឱ្យហូបយ៉ាងបរិបូណ៌ និងចែកអង្ករឱ្យខ្ញុំ និងប្រជាជនឯទៀតសម្រាប់ហូបក្នុងពេលធ្វើដំណើរទៀតផង។ ក្រោយបែករបបខ្មែរក្រហម ខ្ញុំមានអារម្មណ៍ត្រេកអរណាស់ ជីវិតដូចបានរស់ឡើងវិញម្ដងទៀត។
អត្ថបទដោយ ជីម សុខគា
[1] បទសម្ភាសជាមួយ ថ្លាង ចែន ភេទស្រី អាយុ៨៧ឆ្នាំ រស់នៅភូមិគ្រាំងគរ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ, ចំណងជើងអត្ថបទ«ថ្លាង ចែន ស្រែកគំរាមកម្មាភិបាលសួរចម្លើយខ្មែរក្រហមនៅគុក២០៤»។ សម្ភាសន៍ដោយ ជីម សុខគា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥។