ថ្លាង ហេវ៖ កងចល័តពិសេសលេខ១

ថ្លាង ហេវ រស់នៅភូមិបឹងម្កាក់​ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ

ខ្ញុំឈ្មោះ ថ្លាង ហេវ[1] ភេទស្រី អាយុ៨០ឆ្នាំ រស់នៅភូមិបឹងម្កាក់​ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ តា​ឡូយ និងម្ដាយឈ្មោះ យាយអូន (ស្លាប់ទាំងពីរ)។ ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់ ប្រុសចំនួន២នាក់ និងស្រី​ចំនួន៥នាក់។ បច្ចុប្បន្ន នៅមានជីវិតចំនួន៤នាក់រួមទាំងខ្ញុំ។ ខ្ញុំមានប្ដី ឈ្មោះ សុត សឹង ​​មាន​កូនចំនួន៨នាក់ ប្រុសចំនួន៣នាក់ និងស្រីចំនួន៥នាក់ (ស្លាប់កូនប្រុស១នាក់)។ ​

​នៅឆ្នាំ១៩៧០ ដល់១៩៧៥ ក្នុងរបប លន់​ លន់ នៅក្នុងភូមិនេះពុំមានការទម្លាក់គ្រាប់បែកនោះ ទេ។ ប៉ុន្តែខ្ញុំបែរឮថាសូរថាមានការទម្លាក់គ្រាប់នៅ​ភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។  ពេលនោះ​ គ្រួសារខ្ញុំបាននាំគ្នាជីកត្រង់សេ ដើម្បីត្រៀមការពារខ្លួន ពីការទម្លាក់គ្រាប់បែកនេះដែរ។

នៅ​​ឆ្នាំ១៩៧៦ ​ដល់១៩៧៨ កម្មាភិបាលខ្មែរក្រហម​ បានដាក់ខ្ញុំជា​ប្រជាជន​ត្រៀម។ ​ ​នៅរដូវវស្សា កម្មាភិបាលខ្មែរក្រហម បាន​បញ្ជូនខ្ញុំទៅដាក់ក្នុងកងចល័តលេខ១ ប្រើឲ្យទៅធ្វើស្រែ និងដកស្ទូងជាដើម។  ​កំណត់មួយក្រុមមានចំនួន១៥នាក់។ ក្នុងចំនោម១៥នាក់នេះ ក៏​មានមនុស្សប្រុសចំនួន៣នាក់សម្រាប់ភ្ជួរស្រែផងដែរ។ កម្មាភិបាលខ្មែរក្រហមកំណត់ឲ្យស្ទូងដី​១ហិកតា និងដកសំណាបឲ្យបាន ២ផ្លូនសម្រាប់មនុស្ស១នាក់ ត្រឹម​រយៈពេលមួយព្រឹក។ មួយក្រុមខ្ញុំនេះ ស្ទូងលឿនស្រុះដៃគ្នាល្អណាស់ ​ ហើយបានឈប់សម្រាកត្រឹមម៉ោង៤ល្ងាច ។ ​ ពេលនោះកម្លាំងខ្ញុំ​ចុះខ្សោយណាស់ ស្ទូងរហូតដល់បាក់ក្រចកដៃសឹងតែគ្រប់ម្រាមទាំងអស់។ បន្ទាប់មក ចូលដល់រដូវប្រាំង កម្មាភិបាលខ្មែរក្រហម ក៏បញ្ជូនខ្ញុំឲ្យទៅច្រូតស្រូវ​​ និងលើកប្រព័ន្ធភ្លឺស្រែ ដោយកំណត់១ថ្ងៃឲ្យបាន​ចំនួន​៥ម៉ែត្រ។ នៅក្នុងកងចល័តនេះ ខ្ញុំធ្វើការចាប់ពីវត្តកោះក្អែក ​នៅកង១០៦។ ​ អំឡុងពេលធ្វើការ ប្រធានកង​​ បានប្រកាសដាក់មេក្រូ នៅតាមក្រោយជានិច្ច។ ​នៅតាមកង ​មានគ្រូពេទ្យ​ និងមានថ្នាំ​ដាក់តាម​រហូត។ ថ្នាំពេទ្យ ឃើញមានជាបន្ទះៗ ដូចថ្នាំប៉ារ៉ាយើងបច្ចុប្បន្នដែរ។ អ្នកចែកថ្នាំ កាលនោះ ឈ្មោះ តាង៉ុន ប្រធានភូមិ និងតាយ៉េង អនុប្រធានភូមិ។

បន្តមកទៀត កម្មាភិបាលខ្មែរក្រហម ក៏បញ្ជូនខ្ញុំឲ្យទៅនៅភូមិ​ ត្រពាំងខ្លូត ​ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ កម្មាភិបាលខ្មែរក្រហម មិនដែលវាយធ្វើបាបខ្ញុំទេ ដោយសារ​តែ ខ្ញុំធ្វើការងារបានល្អ និង​ធ្វើគ្រប់តាមផែនការណ៍កំណត់​។ ការ​ធ្វើការមិនសូវមាន​ពេលវេលាឈប់សម្រាកទេ ដល់ម៉ោងវាយជួង ទើបបានឈប់សម្រាក​ហូបបាយ​។ ខ្ញុំ និងប្ដីរបស់ខ្ញុំ មិនបានរស់នៅជួបជុំគ្នានោះទេ ព្រោះគាត់ត្រូវបានកម្មាភិបាលខ្មែរក្រហម បញ្ជូនឲ្យទៅធ្វើការនៅតាមកង ឡើងត្នោត នៅ​ភូមិអង្គរនាប ឃុំត្រាំកក់ដែរ គ្រាន់តែខុសភូមិគ្នា។ រយៈពេលកន្លះខែ ឬ១ខែទើបគាត់អាចសុំប្រធានកងមក​លេងផ្ទះម្ដង។ ប្ដីរបស់ខ្ញុំ​ មកលេងផ្ទះបាន​ត្រឹមរយៈពេល១ម៉ោង ក៏ត្រឡប់ទៅ​កន្លែងវិញហើយ​។ ​ កម្មាភិបាលខ្មែរក្រហម បានបង្កើតសហករណ៍មួយកន្លែង នៅភូមិត្រពាំងខ្លូតនេះ គឺប្រជាជនទាំងអស់ រស់នៅជុំគ្នា ហូបចុករួមគ្នា និងចែករំលែកការសម្សាន្ដរួមគ្នា។[2] របបអាហារដែលទទួលបាន ​គឺបាយចំនួន១វែក ​សម្រាប់មនុស្ស១នាក់ ហូបជាមួយសម្លត្រកួន និងព្រលិតជាដើម។ ​ នៅរោងសហករណ៍ មានតុបាយ​១​ និងឆ្នាំងសម្ល១ដាក់ចំពាក់កណ្ដាលតុបាយនោះ។ បន្តមកទៀត រៀបចំឲ្យហូបរួមគ្នា១ក្រុមមានចំនួន៤នាក់។ សំណាងល្អ ប្រធានកង​ស្លូត គាត់បានរៀបចំអាហារ ដែលមានជាតិសាច់ និង​បង្អែម​ រយៈ១សប្ដាហ៍​១ដង។ កាលនោះ កូន​របស់ខ្ញុំចំនួន២នាក់ ត្រូវបានកម្មាភិបាលខ្មែរក្រហម បញ្ជូន​ទៅដាក់តាមកងកុមារ ប្រើឲ្យដើររើសអាចម៏គោ និងកាប់ដើមទន្ទ្រានខេត្តនៅតាមភូមិជាដើម។

នៅក្នុងរបបខ្មែរក្រហម  គ្មាន​សាលារៀន វត្តអារាម ប្រពៃណីទំនៀមទម្លាប់អ្វី​ទាំងអស់។ កម្មាភិបាលខ្មែរក្រហមផ្ដោតសំខាន់លើការធ្វើស្រែតែមួយមុខប៉ុណ្ណោះ។ ​កាលនោះ ​ការធ្វើស្រែទទួលបានផលច្រើនណាស់។ ​កម្មាភិបាលខ្មែរក្រហមកំណត់ ឲ្យប្រជាជនធ្វើស្រែឲ្យបានចំនួន៣តោនក្នុង១ហិកតា។ ប្រជាជនទាំងអស់​ ត្រូវបានកម្មាភិបាលខ្មែរក្រហម ដកហូតទ្រព្យសម្បត្តិឯកជន និងរស់នៅគ្មានសិទ្ធិសេរីភាព​ឡើយ។ សូម្បីតែព្រះសង្ឃក៏ផ្សឹក​ ឬសឹកដោយខ្លួនឯងទៅធ្វើការ និងធ្វើស្រែដូចប្រជាជនទូទៅ​ដែរ។ បើការរៀបការក្នុងរបបខ្មែរក្រហម ធ្វើឡើងតាមរយៈ ​ការប្ដេជ្ញា មានចាប់ពី៨គូ ទៅដល់១០គូ។ តាមខ្ញុំដឹង​ការប្ដេជ្ញា ធ្វើឡើង​​ក្នុងភូមិបឹងម្កាក់ នៅផ្ទះយាយ វន។  ​ក្នុងរបបខ្មែរក្រហមខ្ញុំបានបាត់បង់​ប្អូនប្រុសម្នាក់ ឈ្មោះ មី។ ​ប្អូនរបស់ខ្ញុំ​ ត្រូវបានកម្មាភិបាលខ្មែរក្រហមបញ្ជូនឲ្យទៅធ្វើការក្នុងកងយុវជន នៅកំពង់ឈូក​​​ ហើយបានបាត់ខ្លួនរហូតមិនឃើញត្រឡប់មកផ្ទះវិញឡើយ។ ​ ខ្ញុំធ្លាប់ឃើញកម្មាភិបាលខ្មែរក្រហម បញ្ជូនបុរសចំនួន២​នាក់មកសម្លាប់នៅភូមិបឹងម្កាក់នេះ គាត់ឈ្មោះ តាអ៊ួក និងតាញឿន។ អ្នកទាំងពីរនេះ រស់នៅភូមិត្រពាំងខ្លូត។ ខ្ញុំមិនដឹងថាគាត់ទាំងពីរធ្វើអី្វខុសនោះទេ​។

នៅឆ្នាំ១៩៧៩ ​អំឡុងពេលបែករបបខ្មែរក្រហម ខ្ញុំ និងក្រុមគ្រួសារ​ បានរត់ទៅដល់ខ្លាជល់ ហើយត្រឡប់ទៅរស់នៅភូមិថ្មកែវ។  ​បន្ទាប់មក ក៏បន្តទៅរស់នៅ​ភូមិស្រែជា បានមួយរយៈខ្លី  ​ក៏​​ជួបជាមួយវៀតណាម។​ ថែមទាំងចង្អុល ឲ្យខ្ញុំ និងគ្រួសារត្រឡប់មកតាកែវវិញ​។  ​ក្រោយពេល បែករបបខ្មែរក្រហមភ្លាមៗ ខ្ញុំ មិនទាន់ហ៊ានត្រឡប់មកស្រុកវិញទេ រហូតដល់រយៈពេលកន្លះខែ ឃើញសភាពការណ៍ស្ងប់ស្ងាត់ ទើបខ្ញុំត្រឡប់ចូលមករស់នៅក្នុងភូមិនេះ ហើយបានជួបជុំជាមួយក្រុមគ្រួសារវិញ។

បច្ចុប្បន្ននេះ ខ្ញុំមានជំងឺឈឺភ្នែក, ជំងឺខ្សោយបេះដូង និងឈឺក្បាលជង្គង់។ ជំងឺទាំងអស់នេះ កើតមានឡើងរយៈ១០ឆ្នាំមកហើយ។ កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំធ្លាប់បានទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ សូវៀត។ មកដល់ឥឡូវនេះ ខ្ញុំមិនដែលទៅពេទ្យឆ្ងាយៗនោះទេ គឺទៅ​តែពេទ្យភ្នែក​ និងហៅគ្រូពេទ្យមក​ព្យាបាលជំងឺដល់ផ្ទះតែម្ដង៕ ​ ​

អត្ថបទដោយ៖ ជឹម សុខគា


[1] ​បទសម្ភាសជាមួយ   ថ្លាង ហេវ[1] ភេទស្រី អាយុ៨០ឆ្នាំ រស់នៅភូមិបឹងម្កាក់​ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ, ចំណងជើងអត្ថបទ​«ថ្លាង ហេវ៖ កងចល័តពិសេសលេខ១»។ សម្ភាសន៍ដោយ ជីម សុខគា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥។

[2] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធផ្សេងទៀត, ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា,២០២០),៣៩-៤០។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin