បាត់បង់ឪពុកក្នុងរបបខ្មែរក្រហម

(ស្វាយរៀង) ៖ ថោង សង្ហា អាយុ៥៩ឆ្នាំ ជាអនុប្រធានភូមិ មានស្រុកកំណើត និងរស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់មានកូនប្រាំនាក់ បីនាក់មានគ្រួសារទៅរស់នៅឆ្ងាយ។

ក្នុងរបប លន់ នល់ សង្ហា រស់នៅជាមួយឪពុកម្តាយ​នៅស្រុកកំណើត។ គាត់បានចូលរៀនថ្នាក់ទី៨ ប៉ុន្តែការរៀនសូត្រមិនបានជាប់លាប់ដូច​បច្ចុប្បន្ននេះទេ ព្រោះពេលនោះប្រទេសមានការទម្លាក់គ្រាប់បែក និងមានសង្រ្គាម​។ សង្ហា រៀបរាប់ថា​ ទ្រព្យសម្បត្តិប្រជាជន មន្ទីរពេទ្យ សាលារៀន វត្តអារាម និងស្ពានថ្នល់ជាដើម ត្រូវបានបំផ្លាញជារឿយៗ។

នៅក្នុងរបបខ្មែរក្រហម សង្ហា មានអាយុ១៣ឆ្នាំ ត្រូវ​បានបង្ខំចិត្តឈប់រៀន ព្រោះខ្មែរក្រហម​បានប្រកាសថាប្រជាជនទាំងអស់ទាំងចាស់ទាំងក្មេងត្រូវធ្វើការដូចជាជីក​ទំនប់ លើកប្រឡាយ និងធ្វើស្រែចម្ការដើម្បីអនុវត្តតាមផែន​ការដែលអង្គការកំណត់។

រស់នៅស្រុកកំណើតបានមួយរយៈ សង្ហា និងឪពុក ម្តាយ ត្រូវបានគេជម្លៀសឲ្យទៅរស់នៅ ឯស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ពេលទៅដល់ សង្ហា ត្រូវបានបំបែកឲ្យទៅធ្វើការក្នុងកងចល័តយុវជនធ្វើដំណើរឆ្ងាយៗ ទៅជីក​ទំនប់ និងលើកប្រឡាយ តាមតែខ្មែរក្រហមកំណត់មួយថ្ងៃបីម៉ែត្រគីប។ សង្ហា បន្តថា គាត់ត្រូវងើបពីម៉ោងបួនព្រឹក ដើម្បីធ្វើការរហូតដល់ថ្ងៃត្រង់ និងបន្តធ្វើដល់​ម៉ោងប្រាំល្ងាច ទើបបានសម្រាក។ ក្នុងវ័យយុវជនគាត់ទទួលបានរបបអាហារមិនគ្រប់គ្រាន់ ដោយហូបបាយឬបបរលាយជាមួយបន្លែ ឬគល់ចេក​ស្ទើរតែគ្មានកម្លាំងធ្វើការ។

ដោយសារមានការនឹករឭកឪពុកម្តាយពេក សង្ហា បានលួចលាក់ពីអង្គការដើម្បីមកលេងគាត់។ ពេលអង្គការដឹងក៏បានដាក់ទណ្ឌកម្មបង្អត់អាហារ។ ក្រៅពី​ការងារជីក ទំនប់ លើកប្រឡាយ គាត់ត្រូវធ្វើ​ការផ្សេងទៀតគឺរានដីព្រៃ និងគាស់គល់​ឈើឲ្យបាន២០ទៅ៣០គល់ ក្នុងមួយថ្ងៃ។

ក្នុងរបបខ្មែរក្រហម សង្ហា បានបាត់បង់ឪពុកដោ​យសារគេនាំយកទៅសម្លាប់ដោយចោទប្រកាន់ថាជាខ្លាំងប្រឆាំងនឹងអង្គការ។

រឿងរ៉ាវដែល សង្ហា ចងចាំមិនអាចបំភ្លេចបានពីរបបខ្មែរក្រហមគឺការដែលគាត់មិនបានរស់នៅជួបជុំគ្រួសារ ឪពុកត្រូវ​បានគេនាំយកទៅសម្លាប់ ចំណែកខ្លួនគាត់ផ្ទាល់ត្រូវធ្វើការងារ​ធ្ងន់គ្មានពេលសម្រាក ហូបមិនគ្រប់គ្រាន់ និង​មិនបានរៀនសូត្រក្នុងវ័យជាយុវជន។

បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ សង្ហា បានធ្វើដំណើរ​ដោយរថយន្ត និងថ្មើរជើងត្រឡប់មករស់នៅស្រុកកំណើតវិញ។ ពេលមកដល់ស្រុកកំណើត​ ផ្ទះរបស់គាត់ត្រូវបានបំផ្លាញអស់គ្មានសល់។ គាត់ និងម្តាយដែលជាស្រ្តីមេម៉ាយបានខិតខំប្រកបរបបទាក់​កណ្តុរ និងធ្វើស្រែដើម្បីមានលុយធ្វើផ្ទះថ្មីស្នាក់នៅ និង​ចិញ្ចឹមជីវិត។

សង្ហា ធ្លាប់តាមដានដំណើរកាត់ក្តីលើមេដឹកនាំខ្មែរក្រហម​។ គាត់យល់ថា ដំណើរ​ការកាត់ក្តីនេះមានភាពត្រឹមត្រូវ និងយុត្តិធម៌សម្រាប់គាត់ជាជនរងគ្រោះ ក៏ដូចជាប្រជាជនដទៃទៀត។ គាត់ក៏បានផ្តាំផ្ញើដល់យុវជនជំនាន់ក្រោយឲ្យចេះសិក្សាពីប្រវត្តិសាស្រ្ត និងជៀសវាងកុំឲ្យរបបពីអតីតកាលត្រឡប់មកវិញម្តងទៀត។ បច្ចុប្បន្ន សង្ហា មានជំងឺប្រចាំកាយគឺជំងឺលើស​ឈាម​។

សម្ភាសន៍ដោយ វ៉ាន់ រស្មី ថ្ងៃទី០២ ខែសីហា ២០២១

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin