របបខ្មែរក្រហមបានបង្ខំមនុស្សរែកដីលើកទំនប់រហូតដល់ធ្លាក់បាក់កស្លាប់

(កំពង់ឆ្នាំង) ៖ ធួន សឿន អាយុ៧២ឆ្នាំ រស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ ខ្មែរក្រហមបានបង្ខំឲ្យធួន សឿន ធ្វើការហួសកម្លាំងគ្មានពេលសម្រាក បរិភោគអាហារមិនគ្រប់គ្រាន់ ពេលឈឺគ្មានថ្នាំព្យាបាល។ ធួន សឿន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលបានឃើញការបង្ខំប្រជាជនឲ្យ រែកដី លើកទំនប់ គ្មានពេលសម្រាក និងហួសកម្លាំងរហូតដល់ធ្លាក់បាក់កស្លាប់នៅនឹងកន្លែងការងារ។ ចំណែក ធួន សឿន និងឪពុកម្តាយក្មេកត្រូវបានខ្មែរក្រហមប្រើប្រាស់អាវុធផ្ចង់ឲ្យជម្លៀសចេញពីភូមិកំណើត ខណៈពេលដែល ធួន សឿន ទើបសម្រាលកូនបាន១ថ្ងៃ។

ជីវិតពេលជម្លៀសចេញពីភូមិកំណើត

ឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលដល់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង និងបានប្រើប្រាស់អាវុធគំរាមឲ្យប្រជាជនទាំងអស់ចាកចេញពីផ្ទះសំបែង។ ប្រជាជនដែលរឹងទទឹងជំទាស់នឹងបញ្ជានឹងត្រូវសម្លាប់ចោល។ ធួន សឿន ទើបសម្រាលកូនបាន១ថ្ងៃក៏បានយល់ព្រមចាកចេញពីភូមិកំណើតជាមួយឪពុកម្តាយក្មេកទាំងមិនបានប្រាប់ប្តីដែលទៅធ្វើការនៅឆ្ងាយពីផ្ទះ។ ធួន សឿន បានពណ៌នាការជម្លៀសនាពេលនោះថា មានទាហានខ្មែរក្រហមបានផ្ចង់ឲ្យប្រជាជនចេញពីភូមិ ទាំងទាហានខ្មែរក្រហមនោះមិនបានប្រាប់ទិសដៅដែលត្រូវទៅ គ្រាន់តែឲ្យចេញឲ្យអស់ពីភូមិ។ ធួន សឿន បានឃើញសាកសពដែលទើបត្រូវបានបាញ់សម្លាប់ថ្មីៗ ស្រ្តីមានផ្ទៃពោះបាន និងកំពុងសម្រាលកូនតាមផ្លូវ និងស្រី្តខ្លះទៀតសម្រាលកូនរួចត្រូវខ្មែរក្រហមបង្ខំឲ្យធ្វើដំណើរបន្តទាំងសសៃខ្ចី ធួន សឿន មិនឃើញគ្រូពេទ្យនៅជួយស្រ្តីទាំងនោះទេ។ ធួន សឿន បានធ្វើដំណើរដល់ភ្នំមួយ ទាហានខ្មែរក្រហមបានយកកាំភ្លើងបាញ់ប្រជាជនដែលតវ៉ាប្រឆាំង ចំណែក ធួន សឿន ឪពុកម្តាយក្មេក និងប្រជាជនផ្សេងទៀត បានរស់នៅលើភ្នំនោះតាមការប្រាប់របស់ទាហានខ្មែរក្រហម។ «ខ្ញុំបានឃើញស្រ្តីៗមានផ្ទៃពោះសម្រាលកូននៅតាមផ្លូវ ខ្លះទៀតធ្វើដំណើរទៅមុខទាំងមានធ្លាក់ឈាមតាមផ្លូវ ចំណែកខ្ញុំមិនសង្ឈឹមថាមានជីវិតរស់នៅដល់សព្វថ្ងៃនេះទេអំឡុងពេលពេលជម្លៀសចេញពីភូមិកំណើត»។

ជីវិតរស់នៅលើភ្នំ

ដោយសារ ធួន សឿន មានកូនតូច ខ្មែរក្រហមបានឲ្យធ្វើការនៅរោងបាយធ្វើជាចុងភៅ ដំាបាយ ធ្វើម្ហូប ចញ្រ្ចាំទន្ទ្រានខេត្តយកទៅធ្វើជី និងមើលថែទាំក្មេងៗក្នុងសហករណ៍។ បានប្រហែល២ខែ ធួន សឿន ត្រូវបានប្រើឲ្យរែកដី លើកទំនប់ដូចប្រជាជនឯទៀតៗដែរ។ ភាពភ័យខ្លាចខ្មែរក្រហមយកទៅសម្លាប់ចោល ធួន សឿន ខិតខំធ្វើការដោយមិនគិតពីការនឿយហត់ លំបាក និងបាក់កម្លាំង។ ការងារជីកប្រឡាយលើកទំនប់ជាការងារធ្ងន់ណាស់សម្រាប់ ធួន សឿន ដែលសសៃខ្ចីគួបផ្សំការហូបមិនគ្រប់គ្រាន់ដែលមានតែបបររាវៗលាយជាមួយសណ្តែក១វែកក្រចកសេះ ជួនកាលលាយជាមួយដើមល្ហុង ធាងត្រាវ ឬព្រលិត គ្មានជាតិអ្វីទាំងអស់ ប្រៃមិនប្រៃ ផ្អែមក៏មិនផ្អែម។ ប្រជាជនដែលរែកដីដោយសារភាពអស់កម្លំាងតែងតែរអិលធ្លាក់ពីខ្នងទំនប់ ដែលមានកម្ពស់ប្រហែលដំបូលព្រះវិហារបាក់កស្លាប់។ ស្រី្តម្នាក់បានបាត់ខ្លួនពេលដែលទៅសុំច្បាប់មេកងដោយសារមិនស្រួលខ្លួនមិនអាចទៅរែកដីធ្វើទំនប់បាន។ «…ហ៊ានតែត្អូញ តែត្អែរថាហត់ បាយហូបមិនឆ្អែត…ពេលយប់ដឹងតែមានគេមកអូសយកទៅហើយរួចប្រាប់ថាទៅប្រជុំ ហើយខ្ញុំមិនដែលឃើញមកពីប្រជុំនោះវិញទេ…សាហាវព្រៃផ្សៃណាស់របបខ្មែរក្រហមនេះ…»។

ធួន សឿន រៀបរាប់បន្តថា នៅការដ្ឋានជីកប្រឡាយលើកទំបន់នោះបានមួយរយៈខ្មែរក្រហមក៏ប្រាប់ឲ្យ ធួន សឿន ជម្លៀសទៅកន្លែងផ្សេងទៀត (អត់ចាំឈ្មោះភូមិឃុំតែស្ថិតក្នុងខេត្តកំពង់ឆ្នាំង)។ ពេលទៅដល់កន្លែងថី្ម ធួន សឿន បានរស់នៅជាមួយឪពុកម្តាយក្មេក។ ឪពុកក្មេកបានទៅយកបន្ទះឈើមកបាំងធ្វើផ្ទះឲ្យគាត់ស្នាក់នៅដោយសារតែគាត់មានកូនតូចតែជាអកុសលក៏ប៉ះចំបន្ទះឈើដែលជារោងរបស់អ្នកតា ១ថ្ងៃក្រោយមកឪពុកក្មេកត្រូវបានអ្នកតាកាច់រហូតដល់ស្លាប់។ ដោយ​សារ​មិន​អាចទ្រាំនឹងការលំបាក ហូបចុកមិនគ្រប់គ្រាន់ និងលក្ខខណ្ឌលំបាកផ្សេងៗទៀត ក្នុងរបបខ្មែរក្រហមឪពុកម្តាយក្មេក និងឪពុកម្តាយបង្កើតរបស់ ធួន សឿន បានស្លាប់។

ជាចុងក្រោយ ធួន សឿន បានផ្តាំផ្ញើដល់ក្មេងជំនាន់ក្រោយកុំឲ្យយកគំរូតាមរបបខ្មែរក្រហម ត្រូវខិតខំរៀនសូត្រឲ្យមានចំណេះដឹង ត្រូវមានចិត្តមេត្តាសណ្តោះប្រណីមានចិត្តល្អនឹងគ្នាទៅវិញទៅមក គាត់ក៏បានណែនាំឲ្យយុវជនបន្តវេនជំនាន់ក្រោយត្រូវចូលរួមទប់ស្កាត់កុំឲ្យរបបខ្មែរក្រហមត្រឡប់មកកាន់ទឹកដីកម្ពុជាម្តងទៀត។

សំភាសន៍ដោយ បឿន ស្រីនិច នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin