ប្រជាជនជួយលាក់ប្រវត្តិរូបពីយោធាភូមិភាគនិរតី

នៅពេលយោធាភូមិភាគនិរតីកំពុងស្រាវជ្រាវ និងតាមចាប់ប្តីរបស់ពៅ ដែលធ្វើការក្នុងកងសេដ្ឋកិច្ច នៅស្រុកថ្មគោល, ពៅ និងប្តីរបស់គាត់ បានរស់រានមានជីវិត ដោយសារប្រជាជនជួយលាក់ប្រវត្តិរូប។ ធុយ ពៅ[1] ភេទស្រី មានអាយុ ៥៥ឆ្នាំ (២០១១) និងមានទីលំនៅបច្ចុប្បន្នក្នុងភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ពៅ មានប្តីឈ្មោះ អែម ឡាយ និងកូនប្រាំពីរនាក់ ក្នុងនោះស្រីបួននាក់។ ពៅ មានស្រុកកំណើតនៅភូមិអង្គ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ ពៅ មានឪពុកឈ្មោះ សក់ ឆែម (ស្លាប់) និងម្ដាយឈ្មោះ ធុយ សៀ (ស្លាប់)។ ពៅ មានបងប្អូនប្រាំនាក់ ក្នុងនោះស្រីពីរនាក់ ដោយបងប្រុសទី១ ឈ្មោះ សក់ ឆោម, បងស្រីទី២ ឈ្មោះ សក់ ឈឿន, ទី៣ ឈ្មោះ ធុយ ពៅ, ប្អូនប្រុសទី៤ ឈ្មោះ សក់ ប៊ុន និងប្អូនប្រុសទី៥ ឈ្មោះ សក់ ឈន។
នៅទសវត្សរ៍១៩៦០ គ្រួសាររបស់ ពៅ បានចាកចេញពីភូមិកំណើត ទៅរស់នៅភូមិថ្មី ឃុំឫស្សីត្រែង(ឃុំគោកឃ្មុំ) ស្រុកបាត់ដំបង។ នៅឆ្នាំ១៩៦៧ ពៅ មានអាយុ ៩ឆ្នាំ បានចូលរៀននៅសាលាវត្តភូមិថ្មី អស់រយៈពេលបីឆ្នាំ។ នៅឆ្នាំ១៩៧០ ពៅ បានឈប់រៀន និងទៅជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅក្នុងភូមិដែល ពៅ រស់នៅ គឺមានការទម្លាក់គ្រាប់បែក ក្រោយពីរដ្ឋប្រហារដោយ លន់ នល់ នៅទីក្រុងភ្នំពេញ។
នៅឆ្នាំ១៩៧៣ ខ្មែរក្រហមបានចាប់ផ្តើមកៀរគរប្រជាជននៅក្នុងភូមិថ្មី ឲ្យទៅរស់នៅក្នុងព្រៃធំ នៅកំពីងពួយ។ ប្រជាជនក្នុងភូមិ ត្រូវបរទេះគោតាមគ្រួសាររៀងៗខ្លួន ទៅតាមចលនាយោធាខ្មែរក្រហម ដោយត្រូវធ្វើដំណើរអស់រយៈពេលមួយថ្ងៃមួយយប់។ ដើម្បីកសាងកម្លាំងមូលដ្ឋានរបស់ខ្លួន ខ្មែរក្រហម បានប្រមូលប្រជាជនទៅរស់នៅកំពីងពួយ និងប្រកាសជ្រើសរើសអ្នកស្ម័គ្រចិត្ត ដោយបុរសជាច្រើនបានចូលធ្វើជាកងទ័ពខ្មែរក្រហម ចំណែកស្ត្រីចូលធ្វើជាកងនារី។ ពៅ បានចូលធ្វើជាកងនារី នៃកងវរសេនាធំ ដឹកនាំដោយឈ្មោះ ភោគ សារី និងមាន តាយ៉ៃ ជាគណៈស្រុក។ មុនទៅប្រយុទ្ធជាមួយទាហាន លន់ នល់ នៅបាត់ដំបង ពៅ បានហាត់កាន់កាំភ្លើង អស់រយៈពេលត្រឹមតែពីរសប្ដាហ៍ប៉ុណ្ណោះ។ នៅកំពីងពួយ គឺមានតែមនុស្សចាស់ធ្វើស្រែចម្ការ ចំណែក យុវជន-យុវនារី ត្រូវទៅសមរភូមិ ដែលបណ្ដាលឲ្យការបង្កបង្កើនផលស្រូវមានការធ្លាក់ចុះ និងធ្វើឲ្យការហូបចុករបស់ប្រជាជនចាប់ផ្តើមមានការខ្វះខាតតាំងពីពេលនោះមក។
នៅឆ្នាំ១៩៧៥ ក្រោយពីខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ ពៅ បានត្រលប់ទៅស្រុកថ្មគោលវិញ ដោយរស់នៅជាមួយកងទ័ព។ នៅថ្មគោល ពៅ ធ្វើការនៅកន្លែងមន្ទីរកសិកម្ម និងកន្លែងជាងជួសជុលរថយន្ត និងត្រាក់ទ័រ។ នៅឆ្នាំ១៩៧៦ ប្រធានវរសេនាធំ ឈ្មោះ ឃឿន បានរៀបចំ និងផ្គូផ្គងឲ្យ ពៅ រៀបការ ដោយលើកហេតុផលថា ពៅ មានអាយុច្រើន។ ពៅ គ្មានសិទ្ធិប្រកែកនោះទេ ដូច្នេះ ពៅ ត្រូវរៀបការក្នុងពេលតែមួយ ដោយមានប្តីប្រពន្ធទាំងអស់ចំនួនប្រាំមួយគូ ដែលមួយចំនួនជាអ្នកជួលជុលរថយន្ត និងអ្នកបើកឡាន។ ប្តីរបស់ពៅ អែម ឡាយ គឺជាអ្នកស្រុកឯភ្នំ ដែលធ្វើការក្នុងកងសេដ្ឋកិច្ច។ ពៅ មិនធ្លាប់ស្គាល់ប្តីពីមុនមកនោះទេ។ នៅពេលរៀបការ គឺមានការចូលរួមពីកម្មាភិបាលខ្មែរក្រហម និងមានម្ហូបហូបរួមគ្នា។ កម្មាភិបាលខ្មែរក្រហមទាំងនោះ មានដូចជា តាយ៉ួម ជាប្រធានមន្ទីរកសិកម្ម, តាតុំ ជាគណៈតំបន់, តាវ៉ាត ជាកងសេដ្ឋកិច្ចភូមិភាគ, បងឃឿន ជាប្រធានវរសេនាធំ និងក្រៅពីនេះ មានប្រធានកងមួយចំនួនទៀត។
បន្ទាប់ពីរៀបការរួច ពៅ បានធ្វើជាប្រធានកងតូចខាងពេទ្យ ឬពេទ្យឆ្មប នៅមន្ទីរពេទ្យ ដែលនៅក្នុងមន្ទីរកសិកម្ម។ ចំណែក ប្តីរបស់ពៅ ធ្វើការនៅក្នុងកងសេដ្ឋកិច្ច ស្រុកថ្មគោល។ នៅមន្ទីរពេទ្យ គឺមានសមាជិក១០នាក់ រួមទាំងខាងសង្គមកិច្ច ៥នាក់ ដោយមានប្រធានពេទ្យឈ្មោះ រី, អនុប្រធានឈ្មោះ រ៉ាន និងខាងសង្គមកិច្ច ឬប្រធានផលិតថ្នាំខ្មែរ ឈ្មោះ តាយឿម។
ចន្លោះឆ្នាំ១៩៧៦ និងឆ្នាំ១៩៧៧ នៅមន្ទីរពេទ្យ គឺមានអ្នកជំងឺជាច្រើន ប៉ុន្តែខ្មែរក្រហមគ្មានថ្នាំគ្រប់គ្រាន់សម្រាប់ព្យាបាលប្រជាជននោះទេ។ សម្រាប់អ្នកដែលមានជំងឺគ្រុនក្តៅ ឬជំងឺស្រាល គឺខ្មែរក្រហមឲ្យប្រើប្រាស់ថ្នាំរាងដូចអាចម៍ទន្សាយ ដែលច្រកទុកក្នុងកំប៉ុងដបពណ៌ទឹកក្រូច និងពណ៌ស ដែល ពៅ លើកឡើងថា ថ្នាំប្រភេទនេះ គឺគ្មានប្រសិទ្ធភាពនោះទេ។ សម្រាប់ យោធាដែលមានរបួសធ្ងន់ធ្ងរ ឬក្នុងករណីចាំបាច់សម្រាប់ព្យាបាល ទើបខ្មែរក្រហមអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំ ដែលមានប្រសិទ្ធភាព។ ពៅ បន្តថា ថ្នាំដែលមានប្រសិទ្ធភាព គឺមានចំនួនតិចតួចណាស់។
នៅឯកន្លែងកងសេដ្ឋកិច្ច ដែល ប្តីរបស់ពៅ ជាអ្នកទទួលខុសត្រូវ និងធ្វើការនៅទីនោះ ប្តីរបស់ពៅ បានកុហកថ្នាក់លើពីចំនួនប្រជាជននៅក្នុងសហករណ៍។ ដោយ ប្តីរបស់ពៅ កុហកថាមាន ៣០០គ្រួសារ នៅពេលដែលចំនួនប្រជាជនជាក់ស្ដែងមានតែជាង ២០០គ្រួសារប៉ុណ្ណោះ។ ប្តីរបស់ពៅ កុហកដូច្នេះ គឺដើម្បីបើកអង្ករយកមកចែកប្រជាជនហូប លើសចំនួនដែលខ្មែរក្រហមកំណត់។ របបអាហារដែលខ្មែរក្រហមកំណត់ គឺម្នាក់ទទួលបានអង្ករកន្លះកំប៉ុងក្នុងមួយថ្ងៃ។ ក្រៅពីរឿងអង្ករ ប្តីរបស់ពៅ ក៏ស្គាល់ខាងមិត្តជិតសិ្នតនៅខាងភស្តុភារ ដូច្នេះយូរៗម្តង ប្តីរបស់ពៅ ក៏បានទៅទាក់ទងស្នើសុំត្រីងៀត និងពងទាមួយចំនួនយកមកចែកប្រជាជនហូប។ ប្រជាជននៅទីនោះ គោរព និងចូលចិត្តប្តីរបស់ពៅ ដោយសារតែទង្វើខាងលើ។ នៅពេលប្រជុំ ប្តីរបស់ពៅ បានស្នើឲ្យប្រជាជនឆ្លើយតាមគាត់ក្នុងករណីមានថ្នាក់លើចុះមកសាកសួរ ដោយត្រូវឆ្លើយថា មាន៣០០គ្រួសារ ជាជាងនិយាយចំនួនជាក់ស្តែង ដើម្បីបានហូបឆ្អែតទាំងអស់គ្នា។
នៅខែកក្កដា ឆ្នាំ១៩៧៧ ខ្មែរក្រហមដែលមកពីភូមិភាគនិរតី ឈ្មោះ រ៉ង (ស្រី) ជាប្រធានគណៈស្រុកមកពីស្រុកស្រែអំបិល និងឈ្មោះ អាយ៉ន (ប្រុស) បានចូលមកគ្រប់គ្រងនៅមន្ទីរកសិកម្ម និងថ្មគោល ក្នុងភូមិភាគពាយ័ព្យ។ អ្នកទាំងពីរនេះ បានតាមដាន និងរកចាប់ខ្លួនប្តីរបស់ពៅ តែមិនបានសម្រេច។ នៅមន្ទីរកសិកម្ម យោធានិរតី បានចាប់ចង និងផ្លាស់ប្តូរប្រធានដែលជាអ្នកភូមិភាគពាយ័ព្យ ដោយយកទៅសម្លាប់ រួមទាំង តាតុំ។ បន្ទាប់ពីការចាប់ខ្លួន តាតុំ នីរសាររបស់តាតុំ ឈ្មោះ អាយ៉ន បានប្រញាប់ប្រញាល់មកប្រាប់ដំណឹងនេះឲ្យប្តីរបស់ពៅ ទើបប្តីរបស់ពៅ រត់គេចខ្លួន និងរស់នៅលាក់ខ្លួនជាមួយប្រជាជន អស់រយៈពេលជាងមួយឆ្នាំ។ ចំណែក ពៅ បានឈប់ធ្វើជាពេទ្យ និងរស់នៅលាក់ប្រវតិ្តរូប ជាមួយកូនស្រីម្នាក់។ ប្រជាជននៅទីនោះ ក៏បានជួយលាក់ពីប្រវត្តិរូបរបស់ពៅ ពីយោធានិរតី។
នៅពេលយោធានិរតីកំពុងស្រាវជ្រាវ និងតាមដានប្តីរបស់ពៅ នៅមុនពេលចាកចេញពីពៅ ប្ដីរបស់ពៅ បានយកកូនសោឃ្លាំងមួយចង្កោមឲ្យពៅ ជាអ្នកទុក។ នៅពេលយោធានិរតីមកដល់ សួរនាំប្រជាជន និងរកពៅ ដែលជាប្រពន្ធនោះ ពៅ បានឆ្លើយថា អ្នកទាំងពីរបានរស់នៅបែកគ្នា និងគ្មានដំណឹងរបស់ប្តីនោះទេ។ នៅពេលនោះ ប្រជាជននៅទីនោះ ក៏ជួយនិយាយថា៖ “កុំចាប់គាត់អី ព្រោះមនុស្សគាត់ល្អណាស់”។ ពៅ ក៏បានប្រគល់កូនសោឃ្លាំងឲ្យទៅយោធានិរតី ទើបយោធានិរតីមិនធ្វើបាបមកលើរូបគាត់។ ក្រោយមក នៅឆ្នាំ១៩៧៨ ប្អូនប្រុសពៅរបស់ ពៅ ឈ្មោះ សក់ ឈន ត្រូវបានយោធានិរតីយកទៅវាយសម្លាប់ ដោយមិនដឹងមូលហេតុ។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីកងទ័ពវៀតណាម បានធ្វើការវាយប្រហារមកដល់ស្រុកថ្មគោល។ កងទ័ពវៀតណាម បានចាប់ប្តីរបស់ពៅ ដែលត្រលប់មករក ពៅ នៅក្នុងភូមិ ដោយសារមានអ្នកប្តឹងថា ប្តីរបស់គាត់ជាអតីតបុគ្គលម្នាក់ដែលមានតំណែង និងតួនាទីធំនៅថ្មគោល ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ កងទ័ពវៀតណាម បានឃុំខ្លួនប្តីរបស់ពៅ អស់រយៈពេលប្រាំថ្ងៃ ទើបដោះលែង ដោយសារប្រជាជនក្នុងភូមិនាំគ្នាផ្ដិតមេដៃតវ៉ា និងថាប្តីរបស់ពៅ ជាមនុស្សស្លូតត្រង់។ បន្ទាប់ពីកងទ័ពវៀតណាមដោះលែងប្ដីរបស់ពៅ គ្រួសាររបស់ពៅ ក៏ចាប់ផ្តើមធ្វើស្រែចម្ការ ដើម្បីចិញ្ចឹមជីវិតនៅក្នុងភូមិ។
មូលហេតុដែលប្រជាជនជួយលាក់ប្រវត្តិរូបគ្រួសាររបស់គាត់ ពៅ បានបញ្ជាក់ថា គឺដោយសារទង្វើល្អរបស់ប្តីរបស់គាត់កន្លងមក នៅពេលនោះប្រជាជនជួយជីវិត និងបន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ ប្រជាជនមិនបានគុំកួនមកលើគ្រួសាររបស់គាត់នោះទេ។ ចំណែកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត និងរាយការណ៍ ឬចោទកំហុសប្រជាជនផ្ដេសផ្ដាសនៅរបបខ្មែរក្រហម ដូចជាឈ្មោះ តាញ៉ែម ត្រូវបានចាប់ខ្លួនដោយកងទ័ពវៀតណាម និងម្នាក់ទៀតឈ្មោះ ប៉ែន ដែលធ្វើការនៅកងសេដ្ឋកិច្ចជាមួយប្តីរបស់ពៅ ត្រូវបានប្រជាជនស្អប់ខ្ពើម និងវាយដំ នៅអនុវិទ្យាល័យទល់មុខមន្ទីរកសិកម្មដែលមានក្នុងរបបខ្មែរក្រហម បច្ចុប្បន្នស្ថិតនៅក្នុងភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
នៅឆ្នាំ១៩៩០ ដោយសារអ្នកភូមិ និងគ្រួសាររបស់ពៅ មានការខ្វះខាតខ្លាំង ពៅ បានសម្រេចចិត្ត នាំកូនស្រីច្បងធ្វើដំណើរទៅជំរំសាយអេក តាមរយៈមេខ្យល់ ដោយបង់ប្រាក់ ៧០០រៀល។ ពៅ បានធ្វើដំណើរឆ្លងកាត់តាមល្វាសឿ ជាមួយយោធាខ្មែរក្រហម។ ចំណែក ប្តី និងកូនបីនាក់ទៀតបន្តរស់នៅស្រុកកំណើត។ នៅឆ្នាំ១៩៩៣ ពៅ និងកូនស្រីច្បង ត្រូវបានអង្គការអន្តរជាតិ បញ្ជូនត្រលប់មករស់នៅភូមិអូររំដួល ដោយប្រកបរបរធ្វើស្រែចម្ការរហូតមកដល់បច្ចុប្បន្ន៕
អត្ថបទដោយ ស៊្រាង លីហួរ
[1] ឯកសារលេខ BBI០០៨៨. (២០១១). សម្ភាសជាមួយ ធុយ ពៅ ដោយ ស សេងគា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១១. មជ្ឈមណ្ឌលឯកសារកម្ពុជា.