ធីរ៉ាន់ ង៉ុវហេង ប្រាប់ថា៖ «ព្រំដែនកម្ពុជា-ថៃកំពុងផ្ទុះអាវុធខ្លាំង ដោយភាគីថៃប្រើកាំភ្លើងធំ និងយន្តហោះចម្បាំងF-16»

នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ព្រឹន្ទបាលឯក សួន រ៉ោន ត្រូវកងកម្លាំងថៃបាញ់សម្លាប់ បន្ទាប់ពីទទួលបានដំណឹងនេះ មួយសប្តាហ៍ក្រោយមក កងវរសេនាតូចថ្មើរជើងលេខ២១២ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដឹកនាំកម្លាំង១០០នាក់ ធ្វើដំណើរទៅកាន់ទិសប្រាសាទតាក្របី។ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ធីរ៉ាន ដានី និងម្តាយបានហៅទូរសព្ទទៅប្អូនប្រុស ព្រឹន្ទបាលឯក ធីរ៉ាន់ ង៉ុវហេង ដែលកំពុងឈរជើងប្រចាំនៅទិសប្រាសាទតាក្របី។ ង៉ុវហេង ប្រាប់ថា តាមព្រំដែនកំពុងតែផ្ទុះអាវុធខ្លាំង ភាគីថៃបានប្រើកាំភ្លើងធំផ្លោងចូលមកលេណដ្ឋានកងទ័ពខ្មែរ រួមទាំងប្រើប្រាស់យន្តហោះចម្បាំងF-16។ នៅពេលនោះ ដានី ថា ង៉ុវហេង បានដាក់ទូរសព្ទចុះ ទាំងនិយាយគ្នាមិនទាន់បានចប់ស្រួលបួលផង។
បងស្រីឈ្មោះ ធីរ៉ាន់ ដានី[1] ភេទស្រី អាយុ ៣២ឆ្នាំ ជាគ្រូបង្រៀននៅសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះថ្ម មានស្រុកកំណើតនៅភូមិក្តុលផ្សារ ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម និងបច្ចុប្បន្នរស់នៅភូមិក្តុលផ្សារ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឪពុកឈ្មោះ ប៊ុន ធីរ៉ាន់ ម្តាយឈ្មោះ, សៅ ស្រមុំ។ ដានី មានបងប្អូនចំនួន៥នាក់ (ស្រី៤នាក់) ក្នុងនោះរួមមាន ព្រឹន្ទបាលឯក ធីរ៉ាន់ ង៉ុវហេង អាយុ ២៦ឆ្នាំ ដែលជាប្អូនប្រុស។ ង៉ុវហេង ប្រចាំការនៅកងវរសេនាតូចថ្មើរជើងលេខ២១២(បន្ទាយទាហានលេខ៧៥)។
ង៉ុវហេង ចូលបម្រើកងទ័ពតាំងពីអាយុ១៩ឆ្នាំ។ ង៉ុវហេង ជាកូនតែម្នាក់នៅក្នុងគ្រួសារ ដែលចូលចិត្តផ្នែកយោធា និងបានសម្រេចចិត្តឈប់រៀនចូលបម្រើកងទ័ព នៅកងវរសេនាតូចថ្មើរជើងលេខ២១២(បន្ទាយទាហាន៧៥)។ ដោយសារការស្រលាញ់ បន្ទាប់ពីចូលធ្វើជាយោធា ង៉ុវហេង ស្នាក់នៅក្នុងបន្ទាយ រួមទាំងហ្វឹកហ្វឺនពីយុទ្ធសាស្ត្រសង្គ្រាម ដូចជារត់, លូន, ក្រាប និងការប្រើប្រាស់កាំភ្លើង។ ឪពុកម្តាយរបស់ង៉ុវហេងតែងតែបារម្ភពីកូន អាចនឹងមានជំងឺ និងគ្មានអ្នកមើលថែ។ ទោះបីជាង៉ុវហេង មានជំងឺគ្រុនឈឺ ឬមានការនឹករឭកក្រុមគ្រួសារ ប៉ុន្តែ ង៉ុវហេង មិនដែលធ្វើឲ្យឪពុកម្តាយ និងបងមានការព្រួយបារម្ភឡើយ។ ទោះបីជាយ៉ាងក្តី ដានី នៅតែព្រួយបារម្ភពីប្អូន។ នៅពេលនឹករឮក ដានី បានហៅទូរសព្ទទៅប្អូនសួរថា៖ «អាអូន! ឯងមាននឹកផ្ទះអត់? សុំមេឈប់សម្រាកមកលេងផ្ទះខ្លះផង បង និងឪពុក ម្តាយនឹកឯង!»។ អំឡុងរយៈពេលពេលមួយខែក្រុម គ្រួសារង៉ុវហេង តែងតែហៅទូរស័ព្ទសួរពីសុខទុក្ខ និងចង់ដឹងពីការរស់នៅរបស់ ង៉ុវហេង ដែលនៅឆ្ងាយពីផ្ទះសំបែង។
ចាប់តាំងពេលមានបញ្ហាតាមព្រំដែនកម្ពុជា និងថៃ ដូចជាការប៉ះពាល់ពាក្យសម្តី ប្រើកាយវិការមិនសមរម្យ ដែលភាគីថៃ តែងតែបង្កបញ្ហាមកលើកងកម្លាំងកម្ពុជា រួមទាំងការបាញ់ប្រហារពីសំណាក់កងទ័ពថៃ ទៅលើកព្រឹន្ទបាលឯក សួន រ៉ោន កំពុងប្រចាំការនៅតំបន់មុំបី បណ្តាលឲ្យស្លាប់ភ្លាមៗ នៅថ្ងៃទី២៨ ខែឧសាភា ឆ្នាំ២០២៥។
បន្ទាប់ពីមានព្រឹត្តិការណ៍កងទ័ពថៃបាញ់សម្លាប់យោធិនខ្មែរម្នាក់ កងកម្លាំងនៅតាមមូលដ្ឋានបានត្រៀមខ្លួនរួចស្រេចក្នុងការការពារបូរណភាពទឹកដី ដោយមិនឲ្យសត្រូវឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជាបានឡើយ។ កងវរសេនាតូចថ្មើរជើងលេខ២១២ (បន្ទាយទាហាន៧៥ ឃុំទន្លូង ស្រុកមេមត់) ចាត់កងកម្លាំងប្រហែល១០០នាក់ ចាកចេញពីបន្ទាយឆ្ពោះទៅកាន់ទិសប្រាសាទតាក្របី ដើម្បីឈរជើងការពារដែនអធិបតេយ្យភាព។
ដានី ឧស្សាហ៍ទាក់ទងតាមទូរសព្ទទៅប្អូនប្រុស ង៉ុវហេង ដោយក្នុងមួយថ្ងៃពីរទៅបីដង ដើម្បីសួរពីសុខទុក្ខ និងចង់ដឹងពីស្ថានភាពព្រំដែនដែលកំពុងវិវត្ត។ ង៉ុវហេង បានឆ្លើយតបថា៖ «ខ្ញុំនៅទីនេះមានសុវត្ថិភាពទេ មិនសូវជាមានបញ្ហាប្រឈមខ្លាំង គ្រាន់តែពិបាករកកន្លែងដេក ដោយសារមេឃភ្លៀង ណាមួយទៅដល់ដំបូងមិនទាន់ត្រៀមគ្រប់គ្រាន់។ ម្យ៉ាងទៀងខ្ញុំនៅខ្សែត្រៀមទីបី បើសិនមានការផ្ទុះអាវុធមិនប៉ះពាល់ដល់ខ្ញុំឡើយ។ បើទោះបីការផ្ទុះអាវុធជាមួយថៃ ខ្ញុំមិនខ្លាច គឺត្រូវតតាំង ព្រោះមកដល់កន្លែងប្រយុទ្ធ ខ្ញុំមិនអាចត្រឡប់ទៅក្រោយបានទេ»។ ក្រោយពេល ដានី សន្ទនាតាមទូរសព្ទជាមួយប្អូនប្រុសរួច អារម្មណ៍មិនសប្បាយចិត្ត ចេះតែភ័យ ព្រួយ បារម្ភចំពោះប្អូន។
ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ធីរ៉ាន ដានី និងម្តាយបានហៅទូរស័ព្ទទៅប្អូនកំពុងឈរប្រចាំនៅទិសប្រាសាទតាក្របី។ ង៉ុវហេង ប្រាប់ថា៖ «តាមព្រំដែនកំពុងតែផ្ទុះអាវុធខ្លាំង ភាគីថៃបានប្រើកាំភ្លើងធំផ្លោងចូលមកលេណដ្ឋានខ្មែរ រួមទាំងយន្តហោះចម្បាំងF-16 និយាយគ្នាមិនទាន់បានចប់ស្រួលបួលដាក់ទូរស័ព្ទចុះ»។ ចាប់ពីថ្ងៃទី២៦-២៨ ខែកក្កដា ឆ្នាំ២០២៥ ធីរ៉ាន់ ដានី បានព្យាយាមទាក់ទងទៅកាន់ប្អូនប្រុសពេលកំពុងជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ប៉ុន្តែមិនអាចទាក់ទងបាន ដោយសារទូរស័ព្ទអត់មានសេវា និងអង្គភាពរបស់ ង៉ុវហេង បានដកទូរស័ព្ទមិនឲ្យប្រើប្រាស់ខ្លាចសត្រូវស៊ើបការណ៍ស្គាល់ទីតាំងកំពុងឈរជើង។ ដានី និងគ្រួសារមានការព្រួយបារម្ភចំពោះ ង៉ុវហេង ព្រោះឃើញការផ្សាយតាមព័ត៌មានគ្រាប់ផ្លោងទម្លាក់លើប្រជាជន ទីវត្តអារាម សាលារៀន ធ្វើឲ្យខូចខាត ហើយប្រជាជនដែនរស់នៅជាប់ព្រំដែនខ្មែរ-ថៃ ត្រូវជម្លៀសចេញពីភូមិដើម្បីរកទីទួលសុវត្ថិភាព។ ម្តាយនៅផ្ទះរងចាំស្តាប់ដំណឹងកូន ដោយការព្រួយបារម្ភ មិនដឹងរកវិធីអ្វី មានតែបន់ស្រន់វត្ថុស័ក្តិសិទ្ធិជួយឃុំគ្រងកូនចៀសផុតពីគ្រាប់រំសេវសត្រូវ ហើយត្រឡប់មកផ្ទះដោយសុវត្តិភាព។
ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ទើប ង៉ុវហេង ទាក់ទងមកបងស្រី ធីរ៉ាន់ ដានី ហើយប្រាប់ពីមូលហេតុអំពីទាក់ទងគ្នាអត់បាន ព្រោះអត់មានសេវាទាល់ចេញក្រៅឆ្ងាយពីលេណដ្ឋានទើបមានសេវា។ ពេលកំពុងបាញ់គ្នាខ្លាំងអង្គភាពបានដកទូរសព្ទ ដើម្បីរក្សាសុវត្តិភាពខ្លួនឯងរួមទាំងក្រុម។ ម្យ៉ាងទៀតអង្គភាពរបស់ ង៉ុវហេង ចងចាំទទួលបានព័ត៌មានពីថ្នាក់តែប៉ុណ្ណោះ។ បន្ទាប់ពីបានដំណឹងពីប្អូនថាមានសុវត្ថិភាពទាំងអស់គ្នា ធីរ៉ាន់ ដានី សប្បាយចិត្ត ហើយសូមឲ្យប្រទេសកម្ពុជាទទួលបានសុខសន្តិភាពឆាប់ៗ៕
អត្ថបទដោយ ឈុំ រ៉ា
[1] មជ្ឈមណ្ឌលឯកសារកោះថ្ម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា, ឈុំ រ៉ា សម្ភាសជាមួយ ធីរ៉ាន់ ដានី ភេទស្រី អាយុ ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិក្តុលផ្សារ ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិក្តុលផ្សារ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥។