ខ្មែរក្រហមហាមមិនឲ្យប្រជាជននិយាយស្តី
(ស្វាយរៀង) ៖ ទៀង ប៉ាន់ មានអាយុ៧៤ឆ្នាំ រស់នៅភូមិកោះក្បានខាងជើង ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
ក្នុងរបបខ្មែរក្រហម ប៉ាន់ និងគ្រួសារត្រូវបានជម្លៀសចេញពីភូមិកោះក្បានខាងជើង ឲ្យទៅរស់នៅសហករណ៍ក្រោលគោ ស្ថិតក្នុងខេត្តស្វាយរៀង។ នៅទីនេះប៉ាន់ ត្រូវធ្វើស្រែ លើកភ្លឺស្រែ ធ្វើជីធម្មជាតិ ច្រូតស្រូវ បុកស្រូវ ហាលស្រូវ និងប្រមូលស្រូវទុកក្នុងឃ្លាំងរួមរបស់សហករណ៍ដើម្បីហូបរួម។ ប៉ាន់ បន្តថា ប្រជាជនត្រូវធ្វើការទៅតាមការកំណត់ ប្រសិនបើធ្វើមិនគ្រប់ផែនការ នោះមិនទទួលបានរបបអាហារទេ។ ប្រសិនបើមានសមាជិកក្នុងក្រុមណាឈឺមិនបានមកធ្វើការ នោះប៉ាន់ ត្រូវខំប្រឹងធ្វើការទេ្វដង។
ប៉ាន់ បន្តទៀតថា ខ្មែរក្រហមបានហាមមិនឲ្យប្រជាជននិយាយគ្នា។ ទោះបីជាបងប្អូនឬអ្នកធ្លាប់ស្គាល់គ្នាក៏គេមិនឲ្យនិយាយគ្នាបានដែរ។ ឈ្លបខ្មែរក្រហមតាមដានប្រជាជនភាគច្រើនជាក្មេងប្រុសអាយុប្រហែល១៦ទៅ១៨ឆ្នាំ។ ប្រជាជនមានជំងឺដេកទៅធ្វើការមិនរួច ទើបបានឲ្យសម្រាកព្យាបាល ដែលមានតែថ្នាំដូចអាចម៍ទន្សាយ។ ក្មួយៗរបស់គាត់មានជំងឺរាគ និងក្តៅខ្លួនបានស្លាប់អស់ពីរនាក់នៅក្នុងរបបខ្មែរក្រហម។ នៅកន្លែង គាត់ធ្វើការមានអ្នកជំងឺមិនអាចធ្វើការបាន ត្រូវនាំយកមនុស្សទៅសម្លាប់។
ប៉ាន់ ធ្លាប់ឃើញខ្មែរក្រហមបណ្តើរប្រជាជនម្តងៗរាប់រយនាក់ដោយចងខ្សែ បិទមុខដោយកំណាត់ខ្មៅនិងមានឈ្លបក្មេងៗប្រំាពីរទៅប្រាំបីនាក់ ស្ពាយកាំភ្លើងមុខ ក្រោយ នាំយកទៅសម្លាប់ចោល។ គ្មានប្រជាជនណាម្នាក់ហ៊ានតវ៉ា និងសួរនាំឡើយ។ នៅក្នុងសហករណ៍ពេលគាត់ទៅធ្វើការធ្លាប់ប្រទះឃើញរណ្តៅសាកសពថ្មីៗ ដែលគេកប់មិនជិត និងមានក្លិនស្អុយ។
នៅសម័យនោះ ប៉ាន់ក៏បានឃើញការរៀបការចំនួន១០០គូ ដែលបានរៀបចំក្នុងសហករណ៍គាត់រស់នៅ។ ប្អូនប្រុសប៉ាន់ក៏បានរៀបការនៅពេលនោះដែរ។ ពិធីរៀបចំដោយប្រធានសហករណ៍គ្មានអ្នកណាហ៊ានប្រកែកតវ៉ាទេ។ រៀបការរួចប្តីប្រពន្ធត្រូវទៅធ្វើការតាមកន្លែងផ្សេងៗរៀងៗខ្លួន។
ក្រោយមក ប៉ាន់ ត្រូវជម្លៀសបន្តពីសហករណ៍ក្រោលគោ ខេត្តស្វាយរៀង ឲ្យទៅរស់នៅអ្នកលឿង ខេត្តព្រៃវែង។ ប៉ាន់ឲ្យដឹងថា ពេលនោះគេបំរុងឲ្យគាត់ និងគ្រួសារឆ្លងកប៉ាល់បន្តទៅខេត្តភាគពាយ័ព្យទៀត សំណាងល្អរបបខ្មែរក្រហមបានដួលរលំមុនទើបគាត់អាចធ្វើដំណើរដោយថ្មើរជើងត្រឡប់មករស់នៅស្រុកកំណើតវិញ។ ពេលមកដល់ស្រុកគាត់ដឹងថាអ្នកដែលជម្លៀសទៅខេត្តពោធិ៍សាត់ និងបាត់ដំបងភាគច្រើនបានស្លាប់នៅតាមផ្លូវ និងខ្លះទៀតត្រូវបានខ្មែរក្រហមនាំយកទៅសម្លាប់ពេលធ្វើដំណើរ ដោយសារជាប្រជាជនជម្លៀសមកពីខេត្តព្រៃវែង និងស្វាយរៀង។
អ្វីដែលប៉ាន់ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហមគឺការដែលខ្មែរក្រហមនាំបងប្រុស និងក្មួយគាត់ត្រូវបាននាំយកទៅសម្លាប់ដោយគ្មានកំហុស ចំណែកខ្លួនគាត់ផ្ទាល់ត្រូវធ្វើការងារធ្ងន់គ្មានពេលសម្រាក និងទទួលបានរបបអាហារមិនគ្រប់គ្រាន់។
ប៉ាន់បានស្នើឲ្យអ្នកដឹកនាំជំនាន់ក្រោយទប់ស្កាត់របបខ្មែរក្រហមកុំឲ្យកើតមានឡើងម្តងទៀត ព្រោះរបបនេះបានកាប់សម្លាប់ប្រជាជនខ្លួនឯងដោយគ្មានកំហុស ការព្រាត់ប្រាស់សមាជិកគ្រួសារ និងបានបំផ្លាញសាលារៀន វត្តអារាមជាដើម។ បច្ចុប្បន្ន ប៉ាន់ ឧស្សាហ៍វិល និងងងឹតមុខ ឈឺក្បាល ចុករោយ និងមានអាការៈខ្សោយកម្លាំង។
សម្ភាសន៍ដោយៈ យ៉ាត់ ធារ៉ា ថ្ងៃទី ៤ សីហា ២០២១
អត្ថបទដោយៈ អេង សុខម៉េង