កុំឲ្យមានសម្លេងយំរំខាន

ខ្ញុំឈ្មោះ ធាម បូវិន[1] អាយុ៦១ឆ្នាំ រស់នៅក្នុងភូមិអណ្ដូងក្រាំង ឃុំស្រមរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ខ្ញុំគឺជាគ្រូបង្រៀនចូលនិវត្តន៍។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ហុង ហ្គេចឈីវ និងមានកូនប្រុសស្រីចំនួន៤នាក់។ ខ្ញុំកើតនៅភូមិស្ដៅ ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម។ នៅពីក្មេង ខ្ញុំរៀនសូត្រនៅសាលាបឋមសិក្សាស្ដៅ។ ក្រោយពីរដ្ឋប្រហារសម្ដេចសីហនុ នៅឆ្នាំ១៩៧០ ប្រទេសមានសង្គ្រាម ខ្ញុំនិងគ្រួសាររត់ភៀសខ្លួនមកនៅខាងកងមាស។
នៅឆ្នាំ១៩៧១ កងទ័ពរំដោះខ្មែរក្រហមចូលដល់ក្នុងភូមិ និងសុំផ្ទះអ្នកភូមិដើម្បីស្នាក់អាស្រ័យ។ ការប្រយុទ្ធគ្នារវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម ផ្ទុះកាន់តែខ្លាំងឡើងទាំងផ្លូវគោក និងផ្លូវទឹក។ នៅឆ្នាំ១៩៧៣ ខ្ញុំបានទៅរស់នៅជាមួយបងនៅទីក្រុងភ្នំពេញ។
នៅឆ្នាំ១៩៧៥ ខ្ញុំ និងបងត្រូវបានខ្មែរក្រហមជម្លៀសមករស់នៅជាមួយឪពុកម្ដាយភូមិទី៧ ឃុំកងតាណឹង ស្រុកកងមាសវិញ។ ខ្ញុំត្រូវបានខ្មែរក្រហមចាត់ចូលក្នុងកងចល័តកុមារ និងក្រោយមកចូលកងចល័តយុវជន។ នៅកងចល័តកុមារ ខ្មែរក្រហមបែងចែកទៅជា២ គឺកងកុមារមូលដ្ឋានចាស់ និងកងកុមារថ្មី។ នៅកងកុមារ ខ្ញុំត្រូវដើររើសអាចម៍គោធ្វើជី ចំណែកឯនៅកងចល័តយុវជន ខ្ញុំត្រូវបានបញ្ជូនទៅលើកភ្លឺស្រែ និងរកបន្លែដាក់រោងបាយសហករណ៍ហូបរួម។ ខ្ញុំត្រូវធ្វើការពីម៉ោង៦រហូតម៉ោង១១ថ្ងៃ និងធ្វើការបន្តពីម៉ោង១ដល់ម៉ោង៥ល្ងាច។ ប្រសិនបើមិនគ្រប់តាមផែនការ ខ្ញុំត្រូវធ្វើការងារបន្តឲ្យរួចទើបបានឈប់។ ការហូបចុកមិនគ្រប់គ្រាន់នោះទេ គឺហូបបបររាវ។ ខ្ញុំរស់នៅជួបការលំបាកខ្លាំងនៅខែវស្សាដែលមានទឹកលិចចូលក្នុងភូមិ នៅសល់តែដីទួលបន្តិចបន្តួច។ តែយ៉ាងណាក៏ដោយ នៅខែវស្សា មានកណ្ដុរស្រែច្រើនឡើងមកលើដីទួល ហើយខ្ញុំបានវាយកណ្ដុរនិងលួចលាក់យកកណ្ដុរទៅដុតហូប។
អ្វីដែលខ្ញុំចងចាំមិនភ្លេចនោះគឺ នៅចុងឆ្នាំ១៩៧៨ ខ្មែរក្រហមចាប់មនុស្សយកសម្លាប់ រួមមានទាំងប្រជាជនថ្មី និងប្រជាជនមូលដ្ឋាន។ នៅយប់មួយ បងខ្ញុំ និងខ្ញុំត្រូវបានខ្មែរក្រហមយកទៅចម្ការត្រសក់។ បងខ្ញុំត្រូវបានខ្មែរក្រហមយកចូលទៅសម្លាប់នៅចម្ការ។ ចំណែកខ្ញុំត្រូវខ្មែរក្រហមដោះលែងឲ្យវិលត្រឡប់មកវិញ។
ប្រជាជននៅភូមិខ្ញុំរស់នៅត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់និងបាត់ខ្លួនជាបន្តបន្ទាប់។ ខ្ញុំធ្លាប់ឈរមើលខ្មែរក្រហមបណ្ដើរប្រជាជន តែម្ដាយខ្ញុំទាញដៃចូលផ្ទះ ពីព្រោះគាត់ភ័យខ្លាចនិងតក់ស្លុតជាខ្លាំង។ ខ្មែរក្រហមចាប់ប្រជាជនក្នុងភូមិនិងចងបណ្ដើរនៅតាមផ្លូវ។ ខ្មែរក្រហមសម្លាប់ទាំងម្ដាយនិងកូនក្មេងជាមួយគ្នាដើម្បីកុំឲ្យមានសម្លេងយំរំខាន។ ប្រជាជនថ្មីនៅកងចល័តត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់ចោល។ រូបខ្ញុំមានសំណាងរួចផុតពីការចាប់យកទៅសម្លាប់ ពីព្រោះប្រធានកងមានចិត្តអាណិតស្រឡាញ់ និងបានប្រើឲ្យខ្ញុំទៅយាមចម្ការត្រសក់ ទើបខ្ញុំអាចរួចផុតពីការចាប់សម្លាប់ ទើបកងទ័ពរណសិរ្សចូលមករំដោះប្រជាជននៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩៕
ដោយ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម
[1] ធាម បូវិន, «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម», សម្ភាសន៍ដោយ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម នៅឆ្នាំ២០២៤, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា