ទីន គាស រំឭកអំពីបទពិសោធន៍ស្ដីពីការជម្លៀសដោយបង្ខំទៅកាន់ភូមិភាគពាយ័ព្យ ក្នុងរបបខ្មែរក្រហម

កម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម និងគណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន នៅលើផ្លូវរថភ្លើងក្នុងអំឡុងចុង ឆ្នាំ១៩៧៥។ ពីឆ្វេងទៅស្តាំ៖ វន វ៉េត ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីពាណិជ្ជកម្ម, ម៉ី ប្រាង (ចង្អុលមកមុខ) ប្រធានគណៈកម្មាធិការទំនាក់ទំនង, អៀង សារី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស, ឧត្ដមសេនីយ៍ តឹង ឃុនសាន (ពាក់អាវព័ណ៍សខាងក្រោយ អៀង សារី) ប្រធានអ្នកជំនាញការចិនប្រចាំកម្ពុជាប្រជាធិបតេយ្យ និងសមមិត្ត ស៊ូ (ពាក់វ៉ែនតាឈរខាងក្រោយឧត្ដមសេនីយ៍ តឹង ឃុនសាន) អ្នកបកប្រែភាសាចិន។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។
កម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម និងគណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន នៅលើផ្លូវរថភ្លើងក្នុងអំឡុងចុង ឆ្នាំ១៩៧៥។ ពីឆ្វេងទៅស្តាំ៖ វន វ៉េត ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីពាណិជ្ជកម្ម, ម៉ី ប្រាង (ចង្អុលមកមុខ) ប្រធានគណៈកម្មាធិការទំនាក់ទំនង, អៀង សារី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស, ឧត្ដមសេនីយ៍ តឹង ឃុនសាន (ពាក់អាវព័ណ៍សខាងក្រោយ អៀង សារី) ប្រធានអ្នកជំនាញការចិនប្រចាំកម្ពុជាប្រជាធិបតេយ្យ និងសមមិត្ត ស៊ូ (ពាក់វ៉ែនតាឈរខាងក្រោយឧត្ដមសេនីយ៍ តឹង ឃុនសាន) អ្នកបកប្រែភាសាចិន។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

ខ្ញុំឈ្មោះ ទីន គាស[1] អាយុ៦១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំប្រកបរបរធ្វើស្រែចម្ការ និងជាប្រជានេសាទ។ ខ្ញុំរៀបការប្ដីឈ្មោះ ញ៉ និងមានប្រុសស្រីចំនួន២នាក់។ ឪពុកខ្ញុំមានឈ្មោះ ទីន និងម្ដាយមានឈ្មោះ ម៉ាស ហើយខ្ញុំជាកូនទី៥ចំណោមបងប្អូនប្រុសស្រីចំនួន៦នាក់។ ខ្ញុំកើតនៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន នេះតែម្ដង។ ខ្ញុំបានចូលរៀនត្រឹមបឋមនៅកោះសូទិន។ បន្ទាប់ពីចូលរៀនមិនបានប៉ុន្មានផង មានរដ្ឋប្រហារ លន់ នល់ កើតឡើង​ នៅខែមីនា ឆ្នាំ១៩៧០។ មិនយូរប៉ុន្មានបន្ទាប់ពីរដ្ឋប្រហារ អ្នកភូមិបានចូលរួមបាតុកម្ម និងដង្ហែ ក្បួន ទៅកាន់ទីរួមខេត្ត។

នៅឆ្នាំ១៩៧១ និងឆ្នាំ១៩៧២ ខ្ញុំបន្តរស់នៅក្នុងភូមិជាមួយគ្រួសារ ប៉ុន្តែបានឈប់រៀន ពីព្រោះនៅពេលនោះមានការប្រយុទ្ធរវាងទាហានលន់ នល់ និងកងទ័ពខ្មែរក្រហម។ សង្រ្គាម បានផ្ទុះឡើងកាន់តែខ្លាំងឡើងៗ។ នៅថ្ងៃមួយ កងទ័ពខ្មែរក្រហមបានបើកការប្រយុទ្ធជាទ្រង់ទ្រាយធំ នៅលើទឹកដីកោះសូទិន ដែលអស់បន្លាយរយៈពេល៧ថ្ងៃ៧យប់។ ខ្ញុំ និងគ្រួសាររត់ភៀសខ្លួនទៅរកកន្លែងសុវត្តិភាពគឺ ជីហែរដែលជាតំបន់រំដោះខ្មែរក្រហម។ នៅចុងឆ្នាំ១៩៧៤ កងទ័ពខ្មែរក្រហមបានរំដោះភូមិសាស្រ្តជាច្រើន និងដាក់កម្លាំងហ៊ុំព័ទ្ធទីរួមខេត្តកំពង់ចាម។ គ្រួសារខ្ញុំ​បានវិលត្រឡប់មកភូមិវិញ​ដែលនៅពេលនោះមានសភាពស្ងប់ស្ងាត់ដូចធម្មតា។ អ្នកភូមិទាំងអស់ រួមទាំងគ្រួសាររបស់ខ្ញុំ ត្រូវបានដាក់ចូលធ្វើការនៅក្នុងកងប្រវាស់ដៃ ដើម្បីធ្វើស្រែចម្ការ និងប្រមូលផលស្រូវដើម្បីចែកគ្នាហូប។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយកាន់កាប់ទីក្រុងភ្នំពេញ និងជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងទៅកាន់ទីជនបទនានា។ ប្រហែល៣-៤ខែក្រោយមក គ្រួសាររបស់ខ្ញុំ និងអ្នកភូមិជាច្រើនគ្រួសារផ្សេងទៀត ត្រូវបានខ្មែរក្រហមជម្លៀសទៅភូមិភាគពាយ័ព្យ គឺខេត្តបាត់ដំបង។ ខ្ញុំឮខ្មែរក្រហមនិយាយភូតកុហកថា  ការចេញទៅនេះ គឺទៅរស់នៅបរទេស (ប្រទេសស្រីលង្កា)។ ទោះបីជាដឹងថានេះគឺជាការនិយាយភូតកុហកក៏ដោយ យើងគ្មានជម្រើសអ្វីនោះឡើយ។ ខ្មែរក្រហមជម្លៀសគ្រួសាររបស់ខ្ញុំ និងអ្នកភូមិ ដោយការដឹកតាមរទេះគោទៅមាត់ទន្លេដើម្បីបន្តជិះកាណូត។ ការធ្វើដំណើរនៅគ្រានោះ គឺពិបាកណាស់។ ម្ដាយរបស់ខ្ញុំដែលទើបតែសម្រាលកូន បានធ្លាក់ខ្លួនឈឺទាស់តាមផ្លូវ។ នៅពេលដែលទៅដល់ខេត្តបាត់ដំបង ខ្មែរក្រហមបានរៀបចំឲ្យប្រជាជនចាមចំនួន២០គ្រួសារ ក្នុងភូមិនីមួយៗ។

នៅពេលនោះ ខ្ញុំបានបែក ពីឪពុកម្ដាយ និងបងប្អូន។ បងប្រុសបងស្រីរបស់ខ្ញុំចំនួន២ដែលបានចូលបដិវត្តន៍នៅឆ្នាំ១៩៧១ ត្រូវបានចាប់ខ្លួន និងសម្លាប់ចោល។ ចំណែកឯលោកតារបស់ខ្ញុំបានស្លាប់ដោយសារតែអត់ឃ្លាន។ លោកតារបស់ខ្ញុំធ្លាក់ខ្លួន និងស្រែករកអាហារហូប។ ខ្ញុំត្រូវបានដាក់ឲ្យធ្វើការងារនៅកងកុមារ ដូចជា ដើរដកស្មៅ ដើររើសអាចម៍គោ និងកាត់ទន្រ្ទាន​ខែត្រ​ធ្វើជីធម្មជាតិសម្រាប់ដាក់ស្រែ។ ខ្ញុំ មិនមានអាហារហូបគ្រប់គ្រាន់ផងដែរ គឺមានតែបបររាវ៣ពេលក្នុងមួយថ្ងៃ។ ដោយសារតែសេចក្ដីស្រែកឃ្លាន ខ្ញុំបានលួចបះពោត, រើសខ្យង-ខ្ចៅ ដើម្បីហូប។ ខ្ញុំធ្លាប់ត្រូវបានរាយការណ៍ និងចាប់ខ្លួនយកទៅធ្វើទារុណកម្ម។ ខ្មែរក្រហមបានវាយខ្ញុំជាមួយដងកាំភ្លើង និងចាប់ក្បាលខ្ញុំ ជ្រមុចចូលក្នុងទឹកភ្លឺស្រែ។ ជាកុសលផលបុណ្យមិនអស់អាយុ ខ្ញុំរួចផុតពីការសម្លាប់នៅពេលនោះ។ បើទោះបីជាខ្ញុំមិនស្លាប់ ខ្ញុំនៅតែភិតភ័យ ពីព្រោះខ្ញុំតែងតែឃើញខ្មែរក្រហមយកប្រជាជនទៅសម្លាប់ចោល។

នៅពេលដែលឃើញខ្មែរក្រហមបន្តសម្លាប់ប្រជាជនកាន់តែច្រើនឡើង ខ្ញុំសម្រេចចិត្តរត់មកស្វែងរកឪពុកម្ដាយ ដោយបានហែលឆ្លងស្ទឹង។ ខ្មែរក្រហមក៏បានចេញតាមរកចាប់ខ្លួនខ្ញុំ ប៉ុន្តែនៅពេលនោះ កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានចូលមកដល់ដើម្បីរំដោះប្រជាជនចេញពីការកាប់សម្លាប់របស់ខ្មែរក្រហម។ ខ្ញុំបានជួបជុំជាមួយឪពុកម្ដាយ និងវិលត្រឡប់មករស់នៅភូមិកំណើតវិញ។ អ្វីដែលខ្ញុំចងចាំមិនភ្លេចនោះគឺ ខ្មែរក្រហមបានសម្លាប់បងស្រីរបស់ខ្ញុំដែលកំពុងតែមានផ្ទៃពោះ។ ខ្ញុំពិតជាស្រណោះបងស្រីខ្ញុំណាស់។ បច្ចុប្បន្ននេះ ខ្ញុំមានបញ្ហាសុខភាពខ្លះៗដែរ។

អត្ថបទដោយ ស៊ាង ចិន្តា


[1] បទសម្ភាសន៍ជាមួយ ទីន គាស រស់នៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម នៅឆ្នាំ២០២៣, បណ្ណសារមជ្ឈមណ្ឌល​ឯកសារកម្ពុជា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin