កងចល័តនៅភូមិដើមឫស

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ទិត អ៊ីម[1] ភេទស្រី មានអាយុ ៥០ឆ្នាំ (២០១១) ជាកងចល័តនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ អ៊ីម មានស្រុកកំណើតនៅភូមិថ្លុកដូនសុខ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងសព្វថ្ងៃរស់នៅភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ អ៊ីម មានឪពុកឈ្មោះ ប៉ាត់ (ស្លាប់) នៅឆ្នាំ១៩៨៣ ដោយសារខ្យល់ និងម្ដាយឈ្មោះ វ៉ែន។ អ៊ីម ជាកូនពៅក្នុងចំណោម បងប្អូនបង្កើត ៣នាក់, ស្រី ២នាក់។ អ៊ីម មានគ្រួសារឈ្មោះ សុខ សំណាង និងមានកូន ៣នាក់, ស្រី ២នាក់។ អ៊ីម ប្រកបរបរជាកសិករ​ធ្វើស្រែចម្ការ និងគ្រួសារជាអ្នករត់តាក់ស៊ី នៅខេត្តបាត់ដំបង។

នៅឆ្នាំ១៩៧០ ដោយសារការប្រយុទ្ធរវាងយោធាខ្មែរក្រហម និងទាហាន លន់ នល់ អ៊ីម និងគ្រួសារបានរត់គេចពីគ្រាប់ប្លោង និងយន្តហោះទម្លាក់គ្រាប់បែក ដែលធ្វើឲ្យប្រជាជនរងគ្រោះ និងស្លាប់បាត់បង់ជីវិត និងធ្វើឲ្យ អ៊ីម មិនបានសិក្សារៀនសូត្រ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមជ្រើសរើស អ៊ីម ឲ្យធ្វើជាកងចល័ត នៅភូមិដើមឫស ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ជាមួយសមាជិកកងចល័តជាច្រើនពាន់នាក់។ កាលនោះ អ៊ីម មានអាយុ ១៥ឆ្នាំ។ ជារៀងរាល់ថ្ងៃ អ៊ីម ត្រូវរែកដី, ច្រូតស្រូវ, លើកទំនប់, ជីកព្រែកនៅតាមភូមិ និងសហករណ៍ផ្សេងៗ រហូតដល់បាក់កម្លាំង និងមានជំងឺស្គមស្គាំង។ ចំណែក ឪពុករបស់ អ៊ីម ត្រូវធ្វើបង្គី និងចិញ្ចឹមនៅក្នុងសហករណ៍ និងម្ដាយ ត្រូវដកស្ទូង។

អ៊ីម ត្រូវរស់នៅឃ្លាតឆ្ងាយ និងតែងតែនឹកនាឪពុកម្ដាយ។ នៅពេលសម្រាក ម៉ោង ១១ថ្ងៃត្រង់ អ៊ីម បានឆ្លៀតរត់ទៅរកម្ដាយ និងមើលមុខម្ដាយបានតែបន្តិចក៏អស់ចិត្ត។ អ៊ីម ក៏បានប្រញាប់ប្រញាល់ត្រលប់មកកន្លែងធ្វើការដ្ឋានវិញ។ អ៊ីម បាននិយាយថា ឲ្យតែត្រលប់មកដល់ការដ្ឋានវិញទាន់ពេល គឺខ្មែរក្រហមមិនស្តីបន្ទោស ឬដាក់ទណ្ឌកម្មអ្វីនោះទេ។

នៅចុងឆ្នាំ១៩៧៨ អ៊ីម ដែលមានអាយុ ១៩ឆ្នាំ ត្រូវខ្មែរក្រហមចាត់តាំងឲ្យធ្វើជាសេនាធិការភស្ដុភារ នៅកំពង់ស្ពឺ។ អ៊ីម បានធ្វើការបោសសម្អាតទីធ្លានៅមន្ទីរភស្ដុភារនោះអស់រយៈពេលជាងកន្លះខែ។ មិនយូរប៉ុន្មាន នៅដើមឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានបើកការវាយប្រយុទ្ធជាមួយយោធាខ្មែរក្រហម ទើប អ៊ីម រត់ចាកចេញពីខេត្តកំពង់ស្ពឺទៅព្រំដែនប្រទេសថៃ។ នៅពេលនោះ អ៊ីម មិនបានត្រលប់ទៅជួបឪពុកម្ដាយនោះទេ។ អ៊ីម ត្រូវខ្មែរក្រហមជម្លៀសចេញឆ្ពោះទៅខេត្តប៉ៃលិន តាមផ្លូវទៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

នៅតាមផ្លូវធ្វើដំណើរទៅស្រុកបាណន់ជាមួយខ្មែរក្រហម គឺខ្មែរក្រហមចែកបាយឲ្យហូប ប៉ុន្តែនៅពេលទៅដល់ព្រំដែន ភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ខ្មែរក្រហមចែកតែបបរមួយកំប៉ុង សម្រាប់មនុស្ស ៤នាក់ហូបក្នុងមួយពេល។ អ៊ីម បញ្ជាក់ថាមានតែទឹកបបរប៉ុណ្ណោះ។

នៅឆ្នាំ១៩៨៣ អ៊ីម ត្រូវបានខ្មែរក្រហមជម្លៀសទៅរស់នៅប្រទេសថៃ។ នៅពេលនោះ អ៊ីម ធ្វើជាកងដឹកជញ្ជូនគ្រាប់រំសេវ ឲ្យខាងសេនាធិការខ្មែរក្រហម នៃកងពល២៥០។ ក្រោយមក អ៊ីម បានផ្ដាច់ខ្លួនពីយោធាខ្មែរក្រហម និងត្រលប់មករស់នៅប្រទេសកម្ពុជាវិញ ដោយកាប់ឆ្ការព្រៃ និងធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិតរហូតមក៕

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ


[1] ឯកសារលេខ BBI០០៩៥. (២០១១). សម្ភាសជាមួយ ទិត អ៊ីម ដោយ ឡុង ដានី នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១១. មជ្ឈមណ្ឌលឯកសារកម្ពុជា.

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin