ទិត្យ មន៖ ខ្ញុំទទួលបន្ទុកភស្តុភារវរសេនាធំខ្មែរក្រហម

បឹងអន្លង់វែងគឺជាប្រភពទឹកសម្រាប់ប្រជាជនអន្លង់វែង

ទិត្យ មន[1] ភេទប្រុស អាយុ៧៩ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិអូរ ឃុំសង្វើយ ស្រុកជីក្រែង ខេត្ត​សៀមរាប។ បច្ចុប្បន្ន មន រស់នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ។​

មន បាននិយាយថា៖ «ខ្ញុំមានបងប្អូនបង្កើត​ចំនួន៣នាក់ ហើយខ្ញុំគឺ​ជាកូនប្រុស​ច្បងនៅក្នុងគ្រួសារ។ កាល​ពី​កុមារភាព ខ្ញុំរៀនបានថ្នាក់ទី២ពីសង្គមចាស់​ (បច្ចុប្បន្ននេះ ថ្នាក់ទី១១)។ កាល​ពីដើម ខ្ញុំ​មិន​ដែល​ចាញ់​អ្នក​​ណា​ទេ ទាក់ទងនឹង​ការ​សរសេរនិងអានអក្សរខ្មែរ។ ដោយសារតែសង្គ្រាម ខ្ញុំ​​បាន​ឈប់​រៀន​នៅ​សាលា​រដ្ឋ។ ខ្ញុំក៏ប្ដូរទៅបួសរៀននៅក្នុងវត្តវិញ។ ខ្ញុំបន្តរៀននៅក្នុងទីអារាមអស់រយៈពេល៣វស្សាទៀត។ បន្ទាប់មក ខ្ញុំ​​បាន​លា​ចាកសិក្ខាបទ មក​ជួយធ្វើការងារស្រែ​ចម្ការ​ឪពុកម្ដាយ។ នៅក្នុង​ឆ្នាំ១៩៧០ ​ព្រឹត្តិ​ការណ៍​រដ្ឋប្រហាររបស់ លន់ នល់ បាន​កើត​ឡើង។ ការ​ធ្វើបាតុកម្មប្រឆាំងនឹង​ លន់ នល់ ​ក៏​ចាប់​ផ្តើម​ផ្ទុះ​ឡើង។ អំឡុង​ពេល​នោះ​ ប្រជាជន​រស់​នៅ​ទូ​ទាំង​ស្រុក​ជីក្រែង​កើត​មាន​ភាព​វឹក​វរ និង​ចលា​ចល​ជា​ខ្លាំង​។​

ភូមិស្ថាន​នា​នាចាប់​ផ្ដើមជួបប្រទះនឹង​ការទម្លាក់គ្រាប់បែកយ៉ាង​សន្ធឹកសន្ធាប់។ ​ប្រជាជន​កើត​មាន​​ទុក្ខ​លំបាកជាពន់ពេក និង​ខឹងសម្បារ​ជា​​ខ្លាំង។ ​ ការ​ប្រកប​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ​ក៏​លែង​បាន​ធ្វើ​ស្រួលបួល​ដូច​មុនទៀត។​ កសិករ​ទាំង​អស់​ត្រូវ​ចេញ​ទៅ​ធ្វើ​ស្រែ​នៅ​ពេល​យប់​ពី​ព្រោះ​ខ្លាច​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​។

រហូត​ដល់ឆ្នាំ១៩៧៣ ខ្ញុំបានចូលបម្រើក្នុង​ជួរបដិវត្តន៍ខ្មែរក្រហម បន្ទាប់ពីមានការឃោសនា ពី​សំណាក់​ សម្ដេចព្រះ​ នរោត្តម សីហនុ។ ព្រះអង្គ​បាន​អំពាវនាវឲ្យ​កូនចៅចូលព្រៃម៉ាគីតស៊ូ ដើម្បី​ទាមទារ​ទឹកដី និងអំណាចមកវិញ។ ខ្ញុំចូលបម្រើ​ក្នុង​កងទ័ពដំបូង  ដោយ​ទទួលបាន​ការ​ហ្វឹកហាត់ និង​រៀនក្បួន​យុទ្ធសាស្រ្ត​​សង្គ្រាម ហ្វឹកហាត់យោធា ហាត់លូនក្រោម​បន្លា​ខ្សែលួស និងបាញ់កាំភ្លើងជាដើម។ កាល​នោះ ខ្ញុំហាត់បណ្ដើរ ​ត្រូវ​បញ្ជូនទៅវាយប្រយុទ្ធ​បណ្ដើរ។ ជំនាន់​នោះ​ ខ្ញុំ​គិត​ថា ​ខ្ញុំ​ខិត​ខំ​តស៊ូ​ដើម្បី​ការ​ពារ​ជាតិ​ ការ​ពារ​ទឹក​ដី​ និង​ប្រជាជន​តែ​ប៉ុណ្ណោះ​​។

ខ្ញុំបានចេញទៅវាយនៅទីក្រុងភ្នំពេញបានមួយរយៈ ក៏ត្រូវ​ដកមកខាងក្រោយវិញ។ នៅពេល​នោះ​ ខ្ញុំ​គ្មាន​ខ្លាចរអា​នឹង​​ការ​ស្លាប់ជាយថាហេតុ​នោះ​ទេ។​ ខ្ញុំ​គិត​ត្រឹម​តែការ​លះ​បង់ ​ដើម្បី​ការ​រស់រានរបស់​​ក្រុម​គ្រួសារ​ និង​ប្រទេស​ជាតិ​។ បើតាម​ស្ថាន​ភាពជាក់ស្ដែងនៅសមរភូមិ កងទ័ព លន់ នល់ មាន​ប្រៀប​ឈ្នះ​​ខ្លាំង​ជាងខ្មែរក្រហម។ ខ្មែរក្រហម​មិនងាយវាយរបើកទេ ដោយសារ កងទ័ព លន់ នល់ សម្បូរ​ទៅ​ដោយ​គ្រឿងសព្វាវុធ រថគ្រោះ អាវុធតូចធំគ្រប់ប្រភេទ។

ដោយសារតែខ្ញុំ​ចេះសរសេរ ចេះអាន និងចេះគុណគូរលេខ ខ្ញុំ​​ត្រូវ​បាន​ថ្នាក់​លើ​ដក​មក​ខាង​ក្រោយ​វិញ ដើម្បីទទួលបន្ទុក​ផ្នែកភស្តុភារបស់​កងវរសេនាធំ ទទួលបន្ទុកឃ្លាំងស្បៀងសម្ភារៈ និង​ធ្វើ​បញ្ជី​បើក​ស្បៀង​សម្រាប់​ផ្គត់ផ្គង់កងទ័ព។ អង្គភាពរបស់​ខ្ញុំនៅម្តុំ​ត្មាតពង ក្រុងភ្នំពេញ នាពេលបច្ចុប្បន្ន។ ខ្ញុំ​​នៅ​ជាប់​ជា​មួយ​ប្រជាជន​ ដើម្បី​ងាយ​ស្រួល​មើល​ការ​ខុស​ត្រូវ​ស្បៀង​អាហារ​។​

ស្បៀង​ដែល​ខ្ញុំ​កាន់​កាប់ បាន​មក​ពី​​​ភស្តុភារ​កង​ពល​ធំ​ មកកាន់​កង​វរសេនា​សេនាធំ​។​ ខ្ញុំត្រូវ​​បើក​បន្ត​​មក​​​​ដល់​ប្រជាជន​។​ ​ការហូបចុកនា​ពេល​នោះ​​​បានឆ្អែតសមល្មម ​ប៉ុន្តែ​ចំពោះ​ម្ហូប​មិន​សូវ​ជា​មាន​ហូប​គ្រប់​គ្រាន់​នោះ​ទេ។ ជួនកាល យើង​ត្រូវ​ដាំបាយហូបលាយជាមួយពោត។ ពោតត្រូវ​ស្ងោរ​ឲ្យ​ឆ្អិន​រួច​បាន​យក​មកលាយជាមួយអង្ករដាក់ចម្អិនម្ដងទៀត។ ជំនាន់នោះ ​ខ្ញុំឈរជើងនៅតំបន់​ដែល​ខ្សត់​ត្រីហូបណាស់។ ខ្ញុំ​ដើរ​តែជីកក្ដាមមកបុក និង​ដាំ​បាយ​ពូត​ជា​ដុំៗ​ទុក​សម្រាប់​បញ្ចូន​ឲ្យ​ពួក​មិត្ត​នៅខ្សែត្រៀមខាងមុខ។

ខ្ញុំ​កាន់ផ្នែកភស្តុភារដល់ចុងឆ្នាំ១៩៧៤។ ខ្ញុំក៏ត្រូវបានបញ្ចូនឲ្យទៅរកត្រី និង​ម្ហូប នៅ​មួយ​ជួរ​ព្រែក​ក្ដាម។ នៅ​ពេល​នោះ ការ​ខ្វះខាត​​ម្ហូប​ខ្លាំង​ទើប​តម្រូវ​ឲ្យ​តាមអង្គភាពនីមួយៗ ដកកម្លាំងចំនួន​២​នាក់​គ្រប់​អង្គភាព​ទាំង​អស់ ដើម្បីស្វែង​រកម្ហូបអាហារផ្គត់ផ្គង់កងទ័ពនៅ​សមរភូមិមុខ។

នៅ​ឆ្នាំ១៩៧៥ កងកម្លាំងខ្មែរក្រហមបានវាយចូលទីក្រុងភ្នំពេញ និង​ទទួលបានជ័យជំនះ​នៅ​ថ្ងៃ​ទី​១៧ ខែ​មេ​សា ឆ្នាំ​១៩៧៥​។ កាលនោះ ខ្ញុំមានអារម្មណ៍ធម្មតាទេ ដោយសារខ្ញុំ​គិតថា ខ្ញុំ​ប្រហែលជា​មិន​បាន​ទៅ​នៅជាមួយឪពុកម្ដាយវិញឡើយ ពីព្រោះខ្ញុំបានចូលក្នុងជួរកងទ័ព។ បន្ទាប់​ពី​ខ្មែរក្រហម​ទទួល​បាន​ជ័យ​ជំនះ​ យើង​បានទទួលការអនុញ្ញាតឲ្យឈប់សម្រាកទៅលេងផ្ទះចំនួន១៥ថ្ងៃ ហើយ​ចែក​កង់​ម្នាក់​មួយ​សម្រាប់ជិះទៅស្រុកកំណើត។

កាលណោះខ្ញុំរួមទាំងមិត្តដែលមានស្រុកកំណើតនៅក្នុង​ខេត្ត​សៀមរាប​​ បាន​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​​២​យប់២ថ្ងៃទើបដល់ផ្ទះ។ ពេលខ្ញុំទៅដល់ផ្ទះឪពុកម្ដាយ និងបងប្អូនរបស់ខ្ញុំមាន​ការ​សប្បាយចិត្តជា​ខ្លាំង។ ខ្ញុំបានយកពេលវេលានៅលេងឪពុកម្ដាយ និងបង​ប្អូន​អស់​រយៈ​ពេលជិត១០ថ្ងៃទើបខ្ញុំត្រឡប់ទៅភ្នំពេញវិញ។

បន្ទាប់​ពី​ខ្ញុំ​បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​មក​ដល់​ភ្នំ​ពេញ​វិញ​ ខ្ញុំ​ត្រូវ​អង្គភាពបញ្ជូនទៅភូមិភាគឦសាន។ ការ​​ដែល​​​បញ្ជូន​ខ្ញុំ​ឲ្យ​ទៅ​ភូមិ​ភាគឦសាន គឺ​ដើម្បីសាង​សង់​ផ្ទះសម្បែងឲ្យកងទ័ពដែលមានគ្រួសារសម្រាប់​រស់​នៅ។ ខ្ញុំបាន​បន្ត​ធ្វើកិច្ចការនេះរហូតដល់ឆ្នាំ១៩៧៦។ ខ្ញុំក៏បានរៀបការ នៅក្នុងឆ្នាំនោះដែរ។ បន្ទាប់​ពី​ខ្ញុំ​មាន​គ្រួសារ ខ្ញុំបន្តសាង​សង់​ផ្ទះឲ្យកងទ័ពដូច​មុន​។​

នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមវាយ​ចូលមករំដោះ​ប្រជាជន​ចេញ​ពី​របប​កម្ពុជា​ប្រជា​ធិប​តេយ្យ​ ខ្ញុំបានរត់បែកចេញ​ពីប្រពន្ធកូន។ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ជា​មួយ​កង​ទ័ព​ផ្សេង​ទៀត​តាមបណ្ដោយ​​ព្រំ​ដែន​​កម្ពុជា-ឡាវនៃ​ខេត្ត​ស្ទឹង​ត្រែង​។ កាល​នោះ​គ្នា​ខ្ញុំ​មាន​ចំនួន​​៥​នាក់​ ដែលមានតួនាទី​​ត្រួត​ពិនិត្យ​មើល​ផ្លូវ​ឆ្ពោះ​ទៅ​​ភ្នំ​​ដង​រែក (​តំបន់​១០០១)​ ​ជាប់​​ព្រំ​ដែន​ កម្ពុជា​-ថៃ​។ នៅពេលដែល​ក្រុម​ខ្ញុំ​ធ្វើ​ដំណើរ​មក​ដល់​លើ​ភ្នំ ខ្ញុំ​​ក៏​បាន​​ជួប​​ជា​មួយ​កម្លាំង​ខ្មែរក្រហម ដែល​បាន​ទៅ​ឈរ​ជើង​មុន​នៅ​លើ​ភ្នំ​។ ខ្ញុំ​ក៏​នៅ​តែ​បន្ត​ចុះ​ទៅ​វាយ​នៅ​​សមរភូមិ​មុខ​ដដែល​។

នៅ​ឆ្នាំ​១៩៨៤ ខ្ញុំ​​បាន​គ្រួសារ​មួយ​ទៀត​។ ប្រពន្ធ​ខ្ញុំ​គាត់​ជា​កង​នារី​ដឹក​ជញ្ជូន​ ក្រោយ​ពី​រៀប​ការ​​រួច​​ខ្ញុំ​ឈប់​ទៅ​សមរ​ភូមិ​ទៀត​ហើយ។​ ខ្ញុំ​រស់​នៅ​ដាំ​ដំណាំ​ផ្គត់​ផ្គង់​គ្រួសារ​នៅ​សមរភូមិ​ក្រោយ​ រហូត​​ខ្ញុំ​បាន​ចុះ​​មក​​រស់​នៅ​ក្នុង​ភូមិ​ជើង​ភ្នំ​ដល់​បច្ចុប្បន្ន​នេះ​»៕

អត្ថបទដោយ មេក វិន


[1] មេក វិន សម្ភាសន៍ជាមួយ ទិត្យ មន នៅក្នុង​ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ​ ឆ្នាំ​២០២៤។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin