អ្នកជំងឺព្យាបាលតែពីថ្នាំរាងដូចអាចម៍ទន្សាយ
(ស្វាយរៀង) ៖ ទិត្យ សុផាន អាយុ៦៦ឆ្នាំ ជាកសិករ រស់នៅភូមិស្វាយរលំ ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។
ក្នុងរបបខ្មែរក្រហម សុផាន ត្រូវបានជម្លៀសពីភូមិស្វាយរលំ ទៅតំបន់ភ្នំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ នៅទីនេះ សុផាន ត្រូវបានខ្មែរក្រហមប្រើឲ្យបុកស្រូវ និងធ្វើការងារផ្សេងៗទៀតនៅរោងបាយ។ ដោយសារតែ សុផាន មានជំងឺបេះដូងគាត់តែងថាដួល និងសន្លប់ នៅកន្លែងដែលគាត់ធ្វើការជារឿយៗ ហើយត្រូវបញ្ជូនទៅសម្រាកនៅឯមន្ទីរពេទ្យជាញឹកញាប់។ សុផាន ឲ្យដឹងថា ពេទ្យនៅសម័យនោះព្យាបាលគាត់ និងអ្នកជំងឺដទៃទៀតតែថ្នាំតូចៗ មានរាងដូចអាចម៍ទន្សាយប៉ុណ្ណោះទោះឈឺអ្វីក៏ដោយ។
ប្តី របស់ សុផាន ត្រូវបានខ្មែរក្រហមនៅសហករណ៍ ស្រុកបាភ្នំ ខេត្តព្រៃវែង ប្រើឲ្យបររទេះគោដឹកស្បៀង រួមមាន៖ អង្ករ ម្ហូប ត្រី ទៅឲ្យប្រជាជននៅសហករណ៍ផ្សេងទៀតនៅជិតតំបន់គាត់រស់នៅ។ ចំណែកឯឪពុកដោយសារគាត់មានជំងឺប្រចំាកាយមិនអាចធ្វើការងារធ្ងន់ៗបាន គេប្រើឲ្យគាត់ធ្វើចុងភៅ នៅរោងបាយ។
សុផាន បានឃើញទាហានខ្មែរក្រហម បាញ់គំរាមប្រជាជនឲ្យចាក់ចេញពីភូមិស្វាយរលំ ដោយយកលេសថា វៀតណាមនឹងមកសម្លាប់ប្រជាជនបើមិនចាកចេញ។ ពេលនោះមានប្រជាជនមួយចំនួនដែលមិនព្រមចេញត្រូវបានខ្មែរក្រហមធ្វើបាប។ រីឯប្រជាជនដែលព្រមចេញពីស្រុកកំណើតគឺគេឲ្យធ្វើដំណើរឆ្ពោះទៅកាន់ខេត្តព្រៃវែង និងតំបន់ដទៃផ្សេងទៀត។ សុផាន បានឃើញទុក្ខវេទនារបស់ប្រជាជនដែលជម្លៀសចេញដោយសារតែមានជនចាស់ជរា និង ក្មេងៗ ត្រូវធ្វើដំណើរគ្មានពេលសម្រាក និងគ្មានអាហារហូបគ្រប់គ្រាន់។ សុផាន រៀបរាប់ថាអ្នកធ្វើដំណើរទាំងអស់យប់កន្លែងណាសម្រាកកន្លែងនោះ ហើយការសម្រាកគឺគ្មានកន្លែងត្រឹមត្រូវទេ ខ្លះជ្រកក្រោមតង់ និងខ្លះទៀតស្នាក់នៅក្រោមដើមឈើ។
សុផាន បានរៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា គាត់បានឃើញទាហានខ្មែរក្រហមដើរប្រមូលទ្រព្យសម្បត្តិរបស់ប្រជាជនរួមមាន៖ ស្រូវ អង្គរ និងរបស់របបប្រើប្រាស់ផ្សេងៗទៀត យកទៅទុកក្នុងសហករណ៍។ សុផាន ក៏បានឃើញសកម្មភាពសម្លាប់មនុស្សដូចជា៖ ការបណ្ដើរប្រជាជនយកទៅសម្លាប់ជាក្រុមៗដោយចងដៃជាខ្សែៗដោយបិទមុខជិត និងការដឹកកងចល័តនារីទាំងឡានៗយកទៅសម្លាប់ដោយទម្លាក់ចូលទឹកទន្លេនៅឯម្តុំអ្នកលឿង។ សុផាន ក៏បានឃើញសកម្មភាពដែលខ្មែរក្រហមបំផ្លាញ សាសនា ដូចជា ផ្សឹកព្រះសង្ឃ វាយចេតិយ បំផ្លាញព្រះពុទ្ធបដិមាករ និងយកទីធ្លាវត្តធ្វើជាកន្លែងបុកអង្ករ ចិញ្ចឹមសត្វជាដើម។
បច្ចុប្បន្ន សុផាន មានជំងឺប្រចំាកាយគឺជំងឺបេះដូងរីកដែលបណ្តាលឲ្យគាត់ឆាប់ហត់។ សុផានក៏មានជំងឺឈឺត្រចៀក ស្ពឹកដៃ ជើង ព្រមទាំងជំងឺឈឺចង្កេះមិនអាចអង្គុយយូរបាន៕
សំភាសន៍ដោយ ហម សាវឿន នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១
អត្ថបទ អេង សុខម៉េង