ខ្មែរក្រហមបានសម្លាប់បងប្អូន ទាំង១០នាក់របស់ខ្ញុំ
(ស្វាយរៀង) ៖ ទិត សាលី អាយុ៦៩ឆ្នាំ ជាកសិករ រស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាលី មានបងប្អូនចំនួន១០នាក់ បានស្លាប់ក្នុងសម័យខ្មែរក្រហមទាំងអស់។
ក្នុងរបបខ្មែរក្រហម សាលី បានព្រាត់ពីគ្រួសារ ដោយត្រូវទៅរស់នៅក្នុងកងចល័ត។ ម្តាយរបស់គាត់រស់នៅក្នុងរោងបាយសហករណ៍។ ចំណែកឯកូនៗនៅជាមួយចាស់ៗក្នុងកងកុមារ។ ខ្មែរក្រហមបានបំបែកប្រជាជនឲ្យរស់នៅផ្សេងគ្នាតាមអាយុ និងកម្លាំង។ នៅក្នុងរបបខ្មែរក្រហម សាលី មិនបានដឹងពីសុខទុក្ខច្រើនពីសាច់ញាតិរបស់គាត់ទេ។ ទើបតែនៅក្រោយរបបខ្មែរក្រហម ទើបគាត់ដឹងថាបងប្អូនទាំង១០នាក់របស់គាត់បានស្លាប់។ សាលី និង គ្រួសារត្រូវបានជម្លៀសចេញពីភូមិកំណើតទៅខេត្តបាត់ដំបង។ គ្រួសាររបស់គាត់ព្រមទាំងប្រជាជនដទៃទៀត តំរូវឲ្យស្នាក់នៅខេត្តព្រៃវែង តំបន់អ្នកលឿងចំនួន៥ថ្ងៃ ដើម្បីរងចាំឆ្លងទៅត្រើយម្ខាងទន្លេ។ នៅអំឡុងពេលឆ្លងទៅត្រើយម្ខាង កប៉ាល់ស្ទើរតែលេច ដោយសារតែមនុស្សជិះច្រើនពេក តែជាសំណាងល្អដែលគាត់អាចឆ្លងដោយសុវត្ថិភាព។ ក្រោយមក សាលី ក៏បន្តធ្វើដំណើរដោយឆ្លងកាត់ក្រុងភ្នំពេញ និងខេត្តដទៃទៀតរហូតដល់ខេត្តបាត់ដំបង។ សាលី និយាយថាការធ្វើដំណើរគឺដោយបង្ខំពីកន្លែងមួយទៅកន្លែងមួយ។ ការជម្លៀសមានការលំបាកខ្លាំង ព្រោះគ្មានមធ្យោបាយធ្វើដំណើរត្រូវដើរដោយថ្មើរជើង គ្មានជម្រកស្នាក់នៅគ្មានអាហារគ្រប់គ្រាន់ និងគ្មានថ្នាំព្យាបាលជំងឺពេលឈឺ។
ពេលទៅដល់ខេត្តបាត់ដំបង អង្គការបានចាប់ផ្តើមបែងចែកការងារតាមវ័យ និងកម្លាំងរបស់ប្រជាជន។ សាលី នៅពេលថ្ងៃត្រូវធ្វើការច្រូតស្រូវ និងប្រមូលស្លឹកឈើផ្សេងៗពីក្នុងព្រៃយកមកធ្វើជីដាក់ដំណំា និងនៅពេលយប់ត្រូវប្រមូលចំបើងសម្រាប់ចំណីសត្វពាហនៈ។
រឿងរ៉ាវដែល សាលី ចងចាំមិនភ្លេចនោះគឺព្រឹត្តិការណ៍ដែលខ្មែរក្រហមចាប់ឪពុកគាត់យកទៅសម្លាប់នៅចំពោះមុខ។ គាត់ពិតជាសោកស្តាយដែលមិនអាចជួយជីវិតឪពុកបាន គឺបានត្រឹមឈរមើល និងយំពីចម្ងាយ។ សាលី មិនដឹងពីកំហុសដែលនាំឲ្យខ្មែរក្រហមសម្លាប់ឪពុកខ្លួនទេ ព្រោះគ្មានអ្នកណាហ៊ាននិយាយប្រាប់គាត់ ខ្លាចខ្មែរក្រហមសម្លាប់ដែរ។
«នៅសម័យខ្មែរក្រហមបើចង់រស់ត្រូវខំធ្វើការ និងមិនត្រូវចង់ដឹងចង់ឮរឿងច្រើនទេ។ រឿងអ្នកណាគឺរបស់អ្នកនោះ អ្នកផ្សេងមិនត្រូវចង់ដឹងទេ យើងត្រូវតែធ្វើមិនដឹងមិនឮទើបមានជីវិតរស់។»
នៅខេត្តបាត់ដំបង សាលី ទទួលបានរបបអាហារមិនខុសពីប្រជាជនដទៃដែរ គឺបាយឬបបរមួយវែកក្នុងមួយពេល ពីរដងក្នុងមួយថ្ងៃ ព្រឹក និងល្ងាច។ រីឯការងារប្រចាំថ្ងៃវិញគឺត្រូវធ្វើ មិនដឹងថ្ងៃឬយប់ទេ ព្រោះខ្លាចគេយកទៅសម្លាប់។ ក្រោយដួលរលំរបបខ្មែរក្រហម សាលី មានផ្ទៃពោះ បានធ្វើដំណើរមករស់នៅឯស្រុកកំណើតឯខេត្តស្វាយរៀងវិញជាមួយប្តី និងម្តាយ។ នៅពេលក្រោយមក ម្តាយ និងប្តីរបស់គាត់បានស្លាប់ជាបន្តបន្ទាប់ទៀត។
បច្ចុប្បន្ន សាលី មានជំងឺប្រចំាកាយដូចជាជំងឺលើសឈាម ឈឺសន្លាក់ដៃ ជើង និងជំងឺក្រពះ។ សាលី បានផ្តាំផ្ញើឲ្យយុវជនជំនាន់ក្រោយត្រូវរៀនសូត្រពីប្រវត្តិសាស្រ្តខ្មែរក្រហម ដើម្បីចូលរួមបង្ការ និងទប់ស្កាត់កុំឲ្យរបបឃោរឃៅនេះកើតឡើងម្តងទៀត។
សម្ភាសន៍ដោយ ឃួន រស្មី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ អេង សុខម៉េង