បាត់បង់បងប្អូនបីនាក់ក្នុងរបបខ្មែរក្រហម

(ខេត្តព្រៃវែង) ទិត្យ សាន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានអាយុ៧៧ ឆ្នាំ។ សាន ជាកសិករ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅ ភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ សាន មានបងប្អូនចំនួនបួននាក់។ ក្នុងរបបខ្មែរក្រហម បងប្អូនរបស់សានបីនាក់ ត្រូវបានខ្មែរក្រហមនាំទៅសម្លាប់ជាបន្តបន្ទាប់ដោយចោទប្រកាន់ថាជាខ្មាំង។
នៅរបប លន់ នល់ ពេលនោះ សាន រស់នៅភូមិឆ្អឹងពស់ បានឃើញពីព្រឹត្តិការណ៍ទម្លាក់គ្រាប់បែក និងសង្រ្គាមប្រយុទ្ធគ្នារវាងកងកម្លាំងចលនាតស៊ូខ្មែរក្រហម និងទាហាន លន់ នល់។ ក្រោយមក ភូមិដែលសានរស់នៅ ត្រូវបានគ្រប់គ្រងដោយយោធាខ្មែរក្រហម ប៉ុន្តែប្រជាជនអាចរស់នៅតាមក្រុមគ្រួសាររៀងៗខ្លួន។ ទោះបីជាយ៉ាងណាក្តី ចលនាខ្មែរក្រហម និងទាហាន លន់ នល់ តែងតែប្រយុទ្ធគ្នា ដើម្បីដណ្តើមការកាន់កាប់ក្នុងភូមិ ធ្វើឲ្យការរស់នៅរបស់សាន និងប្រជាជនផ្សេងទៀតបានជួបប្រទះការលំបាក ដោយសារមិនអាចចេញទៅធ្វើស្រែចម្ការ និងប្រកបរបរចិញ្ចឹមជីវិតបាន។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាចទាំងស្រុងនៅទូទាំងប្រទេស។ នៅពេលនោះ ក្នុងភូមិឆ្អឹងពស់ កងឈ្លបខ្មែរក្រហមបានតម្រូវឲ្យប្រជាជនធ្វើការងាររួម, ហូបរួម និងស្នាក់នៅរួមគ្នា។ សាន ក្នុងនាមជាប្រជាជនមូលដ្ឋាន ត្រូវខ្មែរក្រហមចាត់ឲ្យលើកប្រព័ន្ធភ្លឺស្រែ, រែកដី, ជីកប្រឡាយ និងធ្វើប្រព័ន្ធទឹកសម្រាប់ស្រោចស្រពផលដំណាំកសិកម្ម និងត្រូវរស់នៅក្នុងកងចល័តនារីឃុំ។ សាន ត្រូវធ្វើការស្ទើរគ្មានពេលសម្រាក និងទោះបីជានៅពេលមានជំងឺ ដោយចល័តពីមួយកន្លែងទៅមួយកន្លែង, ពីភូមិឆ្អឹងពស់ ឃុំពានរោង ទៅភូមិគ្រើល ឃុំទន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ នៅតំបន់របស់សានរស់នៅ កងឈ្លបខ្មែរក្រហមបានបំផ្លិចបំផ្លាញវត្តអារាម, ព្រះវិហារ និងបានផ្សឹកព្រះសង្ឃ។ កងឈ្លបខ្មែរក្រហមបានប្រកាសថា ប្រជាជនទាំងអស់ត្រូវទៅបង្កបង្កើនផលស្រូវគ្មានអ្នកទំនេរយកចង្ហាន់ទៅវត្តទេ។ ដូច្នេះ ព្រះសង្ឃត្រូវតែសឹក និងទៅជួយធ្វើស្រែចម្ការឲ្យអង្គការដូចប្រជាជនធម្មតាដែរ។ សាន ក៏ធ្លាប់ឃើញខ្មែរក្រហមរៀបការឲ្យយុវជន-យុវនារីក្នុងសហករណ៍ដែរ។ ការរៀបការនៅពេលនោះ ធ្វើឡើងនៅពេលល្ងាច ពេលយុវជន-យុវនារី សម្រាកពីការងារ ហើយពិធីរៀបការធ្វើឡើងដោយគ្មានសាច់ញាតិ និងឪពុកម្តាយចូលរួមនោះទេ ដោយខ្មែរក្រហមប្រកាសថាអង្គការ ជាម៉ែ ជាឪ របស់ប្រជាជន។ ពិធីរៀបការម្តងៗ ធ្វើឡើងចំនួនច្រើនៗគូរួមគ្នា ដែលពេលខ្លះមានរហូតដល់៣០គូ និងធ្វើឡើងតែរយៈពេលខ្លីប៉ុណ្ណោះ។
ក្រោយរបបខ្មែរក្រហមដួលរលំ សាន បានត្រលប់មករស់នៅស្រុកកំណើតរហូតដល់សព្វថ្ងៃ។ បច្ចុប្បន្ននេះ សាន មានជំងឺស្រវាំងភ្នែកមើលអ្វីៗមិនច្បាស់៕
សម្ភាសន៍ដោយ តឿ ទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង