ជនជាតិព័រត្រូវបាត់បង់ប្រពៃណីទំនៀមទម្លាប់ តាំងពីសម័យខ្មែរក្រហម

ជនជាតិដើមភាគតិចពរតាំងតែសម័យសង្គមមកតែងតែគោរពតាមប្រពៃណីរបស់ដូនតាខ្លួនដែលបានបន្សល់ទុកឲ្យយ៉ាងខ្ជាប់ខ្ជួន បន្ទាប់ពីខ្មែរក្រហមចូលកាន់កាប់ប្រទេស ប្រពៃណីទនៀមទម្លាប់ទាំងប៉ុន្មានក៏ត្រូវបាត់បង់ជារើយៗជាបន្តបន្ទាប់នៅសល់តែបន្តិចបន្តួចប៉ុណ្ណោះបន្តមកដល់បច្ចុប្បន្នយើងនេះ។

តឹក ហ៊ឹម ភេទស្រី អាយុ៦៨ឆ្នាំ ប្រកបរបរធ្វើចម្ការ សព្វថ្ងៃរស់នៅភូមិទួលគ្រួស ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ហ៊ឹម មានស្រុកកំណើតនៅភូមិទួលគ្រួស ឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ហ៊ឹម មានឪពុកឈ្មោះ តឹក  (ស្លាប់)ម្ដាយឈ្មោះ សូរ ហ៊ួយ (ស្លាប់)។ ហ៊ឹម មានបងប្អូនចំនួន៦នាក់នៅក្នុងនោះមានស្រីចំនួន៣នាក់និងប្រុសចំនួន៣នាក់ ហ៊ឹម ជាកូនពៅគេនៅក្នុងគ្រួសារ។ ប្ដីរបស់ ហ៊ឹម ឈ្មោះ ហាត់ ហឿន (ស្លាប់)ដោយសារជំងឺបេះដូងចំហរ។ ហ៊ឹម មានកូនចំនួន១០នាក់ ស្លាប់អស់៤នាក់ នៅសល់៦នាក់ នៅក្នុងនោះមានស្រី២នាក់និងប្រុសចំនួន៤នាក់ កូនៗរបស់ ហ៊ឹម បានរៀបការរួចរាល់អស់ហើយ។ បច្ចុប្បន្ននេះ ហ៊ឹម រស់នៅជាមួយកូនស្រីច្បងនៅក្នុងភូមិទួលគ្រួស ។

កាលពីវ័យកុមារ នៅសម័យសង្គមរាស្រ្ដនិយមក្នុងឆ្នាំ១៩៥៥-១៩៧០ ដឹកនាំដោយសម្ដេច​ព្រះបាទ នរោត្ដម សីហនុ។ ហ៊ឹម រស់នៅជាមួយឪពុកម្ដាយនៅក្នុងភូមិទួលគ្រួស ប្រកបរបរធ្វើចម្ការ គ្រួសារមានជីវភាពមធ្យមមិនដែលខ្វះខាតស្រូវអង្ករឡើយ ។នៅពេលរដូវប្រាំងគ្រួសារ ហ៊ឹម បានដាំពោត ល្ង ស្រូវជាដើម សម័យនោះគ្មានការលក់ដូរអ្វីទេគឺធ្វើគ្រាន់តែទុកហូបប៉ុណ្ណោះ។ ជារៀងរាល់ថ្ងៃម្ដាយឪពុក ហ៊ឹម តែងតែទៅមើលចម្ការបោចស្មៅ បោចវល្លិ៍និងមើលថែរដាំណាំជាប្រចាំ។ ហ៊ឹម នៅក្មេង មានអាយុប្រហែល១០ឆ្នាំ ដូច្នេះមិនអាចជួយកិច្ចការងារគ្រួសារបានច្រើនទេ រាល់ពេលឪពុកម្ដាយទៅធ្វើចម្ការម្ដងៗ ហ៊ឹម នៅផ្ទះជាមួយបងស្រីដាំបាយនិងធ្វើម្ហូបតៀមទុកឲ្យឪពុកម្ដាយពេលត្រឡប់មកពីធ្វើចម្ការវិញ។ រាល់ពេលទំនេរ ហ៊ឹម តែងតែស្កាត់ទៅលេងជាមួយកុមារដែលនៅក្នុងភូមិជាមួយគ្នាជាប្រចាំ។ នាពេលរដូវវស្សាឈានមកដល់គ្រួសារ ហ៊ឹម ចាប់ផ្ដើមធ្វើស្រែវិញម្ដង​​​ ដក ស្ទូង ឬក៏បុកដាំ​  ក្រៅពីការងារធ្វើស្រែចម្ការ ឪពុក ហ៊ឹម តែងតែឆ្លៀតពេលទៅស្វែងរកជ័រឈើតាមព្រៃភ្នំ ដូចជាជ័រឈើទាល ជ័រទឹក​ ដើម្បីលក់អោយឈ្មួញដែលជាជនជាតិចិនម្នាក់ដែលចូលមកទិញនៅក្នុងភូមិ គ្រាន់បានចំណូលសម្រាប់ដោះដូរទិញសម្ភារៈដែលសំខាន់ៗទុកប្រើប្រាស់ និងគ្រឿងទេសសម្រាប់បរិភោគ។ ជ័រ១គីឡូមានតម្លៃ៥រៀល រាល់ពេលធ្វើដំណើរចូលព្រៃរកម្ដងៗរកបានជ័រប្រហែល៣ ទៅ៤ គីឡូ។ ចំណែកមាន់ឈ្មួញទិញក្នុងតម្លៃ ១០ រៀល សម្រាប់មាន់មួយក្បាល មិនថាមាន់តូចឬក៏ធំតម្លៃស្មើរគ្នាទាំងអស់។ ជ័រឈើ ជាអាជីវកម្មមួយយ៉ាងសំខាន់សម្រាប់ ប្រជាជនជនជាតិព័រដែលរស់នៅក្នុងភូមិទួលគ្រួស ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃនៅក្នុងគ្រួសារ។ សម្រាប់ម្ហូបអាហារពីសម័យសង្គមរាស្រ្ដនិយមមិនសូវខ្វះខាតទេពីព្រោះឪពុករបស់ ហ៊ឹម តែងតែចេញទៅបរបាញ់សត្វ ឬបេះផ្លែឈើជាប្រចាំ ប្រជាជននៅក្នុងភូមិទាំងអស់តែងតែចែករំលែកនូវចំណីអាហារដែលរកបានទៅកាន់គ្នាទៅវិញទៅមក។ រីឯម្ដាយ ហ៊ឹម និងជីដូន ក្រៅពីទំនេរពីការងារស្រែចម្ការតែងតែស្វែងរកវល្លិ៍ផ្ដៅដែលដុះនៅតាមព្រៃ យកមកត្បាញធ្វើជាសម្ភារៈប្រើប្រាស់ដូចជា កន្តេល កន្ត្រក និងធ្វើជាសម្ភារៈប្រើប្រាស់ផ្សេងៗទៀតជាច្រើនមុខ។ ក្រោយពេលត្បាញបានច្រើនត្រូវបររទេះយកទៅលក់នៅផ្សារស្រុកភ្នំក្រវាញ ប្រើរយៈ១យប់១ថ្ងៃទើបដល់កន្លែងលក់។  លុះពេលគ្រួសារ ហ៊ឹម លក់ដូរអស់ទើបបានលុយទិញជាគ្រឿងទេសទុកសម្រាប់ហូបដូចជា ស្ករ អំបិល ប៊ីចេង ប្រហុក យកត្រឡប់មកផ្ទះវិញ។ សម្រាប់ប្រពៃណីចូលស្ដីដណ្ដឹងរបស់ជនជាតិពរ កូនប្រុសត្រូវទៅបម្រើផ្ទះខាងកូនស្រីរយៈពេល៣ឆ្នាំសិនទើ​បម្ដាយឪពុកខាងស្រីសម្រេចចិត្តថាត្រូវឲ្យឬមិនឲ្យ។ សម្ភារៈដែលខាងប្រុសត្រូវចូលដណ្ដឹងខាងកូនស្រីមានដូចជា សាច់ជ្រូក១ហាប់(៥០គីឡូទៅ៦០គីឡូ) នំអន្សម១ផ្លូន៣ដំបរ នំភ្លយ សេះ១ក្បាល និងអង្ករ ។ ពិធីរៀបការប្រព្រឹត្តិទៅរយៈពេល២យប់២ថ្ងៃ ទើបចប់។ ជារៀងរាល់ឆ្នាំនៅ ខែផល្គុន ថ្ងៃអង្គារ ឬថ្ងៃសៅរ៍​ ប្រជាជនជនជាតិពរទាំងអស់តែងតែរៀបចំពិធីសែនព្រេនអារក្សដើម្បីរំឭកដល់អ្នកតាឬសុំសេចក្ដីសុខរាល់ឆ្នាំមិនដែលខកខានឡើយ ហើយពិធីមួយនេះក៏បានបន្តធ្វើមកដល់បច្ចុប្បន្ននេះផងដែរ។

នៅក្នុងឆ្នាំ​ ១៩៧០-១៩៧៥ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេច នរោត្ដម សីហនុ ស្ថានភាពរស់នៅប្រជាជនជនជាតិពរមានការប្រែប្រួល ដោយសារមានការទម្លាក់គ្រាប់បែកនៅភូមិក្រសាំងព្នៅនិងបណ្ដារភូមិផ្សេងៗដែលនៅក្បែរភូមិទួសគ្រួស ទើបធ្វើឲ្យប្រជាជននៅក្នុងភូមិទួលគ្រួសមានភាពភ័យខ្លាចនាំគ្នារត់ចេញពីភូមិទៅរស់នៅតាមព្រៃ ខ្លះរស់នៅតាមវាលស្រែ ចំណែកគ្រួសាររបស់​ ហ៊ឹម គេចខ្លួនទៅរស់នៅតាមមាត់អូរពងមាន់នឹងជីកជាត្រង់សេដើម្បីលាក់ខ្លួន រាល់ពេលស្ងាត់ពីការទម្លាក់គ្រាប់បែក ទើបឪពុកម្ដាយរបស់ ហ៊ឹម ហ៊ានត្រឡប់ចូលមកស្រុកភូមិដើម្បីយកស្រូវអង្ករឬម្ហូបមកហូបនៅក្នុងព្រៃវិញ។ ហើយពេលខ្លះទៀតឆ្លៀតទៅច្រូតស្រូវដើម្បីយកមកទុកនៅផ្ទះ។ លុះមានយន្ដហោះរបស់ទាហានអាមេរិកមកទម្លាក់គ្រាប់ទៀតទើបរត់ទៅពួននៅតាមព្រៃ។ ទាំងសត្វចិញ្ចឹមគោក្របីក៏យកចូលក្នុងព្រៃជាមួយដែរ មិនហ៊ានទុកនៅក្នុងភូមិទេ។

នៅថ្ងៃទី១៧ ខែមេសា១៩៧៥ ខ្មែរក្រហមបានវាយរំដោះទីក្រុងភ្នំពេញ បានដោយជោគជ័យ  ហ៊ឹម និងគ្រួសារ បានត្រឡប់ចូលមករស់នៅក្នុងភូមិទួលគ្រួសវិញ។ ប៉ុន្តែការត្រឡប់ចូលមកលើកនេះមិនដូចពីមុនឡើយ រស់នៅក្រោមការគ្រប់គ្រងរបស់របស់ខ្មែរក្រហម ខ្មែរក្រហមបានលុបបំបាត់ការប្រើប្រាស់រូបិយប័ណ្ណ ផ្សឹកលោកសង្ឈសំណាក់ព្រះពុទ្ធសាសនាឲ្យត្រឡប់មកធ្វើស្រែចម្ការទាំងអស់។ ចាប់តាំងពីពេលនោះមកប្រពៃណីរបស់ជនជាតិព័រក៏លែងបានប្រារព្ធធ្វើដូចមុនទាំងពិធីរៀបការនឹងពិធីផ្សេងទៀតជាច្រើនទៀត។ ខ្មែរក្រហមចូលគ្រប់គ្រងភូមិទួលគ្រួសដំបូង ឲ្យប្រជាជនទាំងអស់ធ្វើស្រែរួមគ្នា។ ក្រោយមកក៏ចាប់ផ្ដើមរស់នៅតាមសហករណ៍រួមគ្នា ហូបបាយរួមគ្នា ក្នុងឆ្នាំដំបូងមិនទាន់ជាខ្វះខាតចំណីអាហារទេ ។ ឈានចូលដល់ឆ្នាំ១៩៧៦ ខ្មែរក្រហមបានរឹតបណ្តឹងគ្រប់ផ្នែកទាំងអស់ ទាំងការធ្វើការងារ និងរបបអាហារដល់ប្រជាជន។ ហ៊ឹម ត្រូវបានខ្មែរក្រហមជម្លៀសខ្លួនឲ្យទៅជីកប្រឡាយនៅអូរកំពង់ខ្លោង ក្នុងមួយថ្ងៃខ្មែរក្រហមកំណត់ឲ្យក្នុងម្នាក់ជីកឲ្យបាន១ម៉ែត្រគូប ព្រមទាំងសែងដីដោយខ្លួនឯង យកចាក់នៅលើខ្នងប្រឡាយ កំណត់ម៉ោងឲ្យធ្វើការងារចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង១១ថ្ងៃត្រង់បានសម្រាកហូបបបរចំនួន១វែក ម៉ោង១ចូលធ្វើការងារបន្តទៀត ដល់ម៉ោង៥ល្ងា​​ចទើបបានឈប់សម្រាកទៅតាមកន្លែងរៀងៗខ្លួន។ នៅក្នុងមួយថ្ងៃ ហ៊ឹម ទទួលបានរបបអាហារតែ២ពេលប៉ុណ្ណោះមានតែបបររាវៗសាប គ្មានត្រីងៀតឬអ្វីផ្សេងហូបជាមួយឡើយ។ ក្រោយមកខ្មែរក្រហមជម្លៀស ហ៊ឹម ឲ្យទៅធ្វើស្រែនៅភូមិតាំងយ៉ ដក ស្ទូង ច្រូត ចប់មួយកន្លែងទើបខ្មែរក្រហមជម្លៀសយើងទៅមួយកន្លែងទៀត។ ខ្មែរក្រហមកំណត់ឲ្យពាក់អាវពណ៌ខ្មៅ និងស្លៀកខោពណ៌ខ្មៅក្នុងមួយឆ្នាំបើកបាន២កំប្លេតែប៉ុណ្ណោះ។ សម្លៀកបំពាក់មិនមានគ្រប់គ្រាន់ទេត្រូវស្លៀកមួយ បោកសម្អាតមួយ។

នៅក្នុងឆ្នាំ១៩៧៧ ខ្មែរក្រហមបានជម្លៀសប្រជាជនដែលរស់នៅក្នុងភូមិទួលគ្រួសទាំងអស់ឲ្យទៅរស់នៅស្រុកភ្នំក្រវ៉ាញ ដោយសារនៅក្នុងភូមិនេះជាទីតាំងរបស់ទាហានខ្មែរក្រហម គ្មាននរណាម្នាក់ហ៊ានជំទាស់ឡើយ មុនពេលចេញដំណើរខ្មែរក្រហមបានចែកអង្ករដល់ប្រជាជនក្នុងមួយគ្រួសារទទួលបានអង្ករ៦០កំប៉ុងសម្រាប់ហូបចុកពេលធ្វើដំណើរតាមផ្លូវ។ ហ៊ឹម នឹងម្ដាយបានធ្វើដំណើរដើយថ្មើរជើងប្រើពេលអស់២ថ្ងៃបានដល់ស្រុកភ្នំក្រវ៉ាញ។ ហ៊ឹម បានស្នាក់នៅក្នុងភូមិវល្លិ៍ប្រេង តែប្រជាជនខ្លះទៀតបានទៅស្នាក់នៅ ភូមិព្រែក១ ភូមិតាដេះនិងភូមិផ្សេងៗទៀត។ ប្រជាជនដែលមករស់នៅក្នុងភូមិទួលគ្រួសមានប្រហែលជា៣០គ្រួសារ ខ្មែរក្រហមប្រើឲ្យធ្វើចម្ការរួមគ្នារហូតដល់កងទ័ពវៀតណាមចូលមករំដោះ។

នៅក្នុងឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានចូលមករំដោះប្រទេសកម្ពុជា ហ៊ឹម បានធ្វើដំណើរចាកចេញពីភូមិវល្លិ៍ប្រេងមករស់នៅ ភូមិតាប៉ុល រស់នៅទីនោះប្រហែលរយៈពេលបីខែ ក្នុងភូមិមានសភាពស្ងប់ស្ងាត់ខ្លាំងក៏ផ្លាស់មករស់នៅភូមិព្រែក១វិញ មានប្រជាជនរស់នៅច្រើននិងមានបងប្អូនរស់នៅទីនោះផងដែរ។ នៅពេលកងទ័ពរបស់វៀតណាមចូលមករំដោះប្រទេសមានសភាពស្ងប់ស្ងាត់  ហ៊ឹម ត្រូវបានម្ដាយផ្សំផ្គុំឲ្យមានគ្រួសារ។ សម្រាប់ពិធីរៀបការមិនបានរៀបដូចពីមុនឡើយពីព្រោះស្រុកទេសទើបរួចចេញពីរបប ប៉ុល ពត ដូច្នេះត្រូវអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ដោយគ្រានតែសែនព្រេនឲ្យដូនតាដឹងឮតែប៉ុណ្ណោះ។ ក្រោយពេលរៀបការរួចហ៊ឹមជាមួយប្ដីបាននាំគ្នាប្រកបរបរធ្វើស្រែនៅក្នុងភូមិព្រែក១ លុះដល់ឆ្នាំ២០០០ ទើប ហ៊ឹម ជាមួយប្ដីបាននាំគ្នាត្រឡប់មករស់នៅក្នុងភូមិទួលគ្រួសនេះវិញ។ ពេលមករស់នៅដំបូងប្រកបរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត។ ហ៊ឹម រស់នៅក្នុងភូមិទួលគ្រួសតាំងពីទទួលបានសមាហរណកម្មរហូតមកដល់បច្ចុប្បន្ននេះ។ រឿងរ៉ាវដែល ហ៊ឹម នៅចាំមិនភ្លេចពីរបបខ្មែរក្រហម គឺ ខ្មែរក្រហមបានប្រើឲ្យ ហ៊ឹម និងប្រជាជនផ្សេងៗទៀតធ្វើការងារលើសកម្លាំង ហូបចុកមិនគ្រប់គ្រាន់ និងគ្មានសម្លៀកបំពាក់ប្រើប្រាស់គ្រប់គ្រាន់។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin